ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ស្នើ​ពលរដ្ឋ​ឲ្យ​បើក​ចិត្ត​ទូលាយ​ចំពោះ​ការ​ចល័ត​ទ័ព​ចូល​រាជធានី


លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋានជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​អបអរ​ជ័យជម្នះ​៧​មករា និង​​​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​មហាជន និង​កង​ទ័ព។

លោក ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការ​ចម្រុះ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ អ្នក​វិភាគ​បើក​ចិត្ត​ឲ្យ​ទូលាយទទួល​យក​ការ​ចល័ត​ទ័ព និង​គ្រឿង​សព្វាវុធ​ចូល​ក្នុង​រាជធានី​ដើម្បី​ប្រារព្ធ​ពិធី​អបអរ​សាទរ​ថ្ងៃ​៧​មករា។

គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ នឹង​ចល័ត​រថ​ពាស​ដែក​ចំនួន​២គ្រឿង និង​រថយន្ត​យោធា​ចំនួន​១៥​គ្រឿង​ពី​កង​ពល​តូច​អន្តរាគមន៍​លេខ​៧០ ឆ្ពោះ​ទៅ​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ហើយ​ថ្ងៃទី៩ ខែ​មករា ទើប​រថ​ពាស​ដែក និង​រថយន្ត​យោធា​ដែល​បាន​ចល័ត​នោះ ត្រូវ​បញ្ជូន​ទៅ​រក្សា​ទុក​ក្នុង​បន្ទាយ​វិញ។ នេះ​បើ​តាម​លិខិត​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចេញ​កាលពី​ថ្ងៃ​ទី៤ ខែ​មករា។

ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៧ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ នា​ព្រឹក​ថ្ងៃទី៥ ខែ​មករា​នេះ លោក ហ៊ុន ម៉ាណែត ​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋានជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​អបអរ​ជ័យជម្នះ​៧​មករា និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​មហាជន និង​កង​ទ័ព។

កងទ័ព​ដែល​ត្រូវ​បាន​បញ្ជូន​មក​ត្រៀម​ចូល​រួមកម្មវិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
កងទ័ព​ដែល​ត្រូវ​បាន​បញ្ជូន​មក​ត្រៀម​ចូល​រួមកម្មវិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក​បន្ត​ថា រថពាសដែក​ដែលយក​មក​តាំង​ពិព័រណ៍​ក្នុង​ព្រឹត្តិការណ៍​នេះ​ នឹង​មិន​មាន​បំពាក់​អាវុធ ​ហើយ​ក៏​មិន​មាន​ការ​បាញ់​កាំភ្លើង និង​បន្ទុះ​គ្រាប់​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកវិភាគ​បើក​ចិត្ត​ឲ្យ​ទូលាយ យោគ​យល់ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ ដោយ​មិន​ត្រូវ​ចាត់​ទុក​ការ​ចល័ត​ទ័ព និង​គ្រឿង​សព្វាវុធ​នេះ ​ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​នោះ​ទេ។

«សូម​បង​ប្អូន​បើក​ទូលាយ​នៅ​ក្នុង​ការ​ពិនិត្យ​នេះ ខ្ញុំ​ថា​ មិន​គួរ​វិភាគ​អី​ជ្រៅ​ក្រៅ​ពី​អ្វី​ដែល​មាន​នៅ​ទីនេះ​ទេ ព្រោះ​ជា​ការងារ​ដែល​យើង​បាន​ធ្វើ​១០​ឆ្នាំ​មក​ហើយ គ្រាន់​តែ​លើក​មក​ដាក់​នៅ​កោះពេជ្យ ​ដើម្បី​ឲ្យ​មហាជន​បាន​ចូលរួម ឲ្យ​គាត់​ចូលរួម​សប្បាយ។​ រត់​ឧបសគ្គ កីឡា បង្ហាញ​កាយ​សម្បទា សាមគ្គី​ភាព​រវាង​ក្រុម​ និង​ក្រុម ទាហាន និង​មហាជន រំឭក​គុណ​ដល់​អតីត​យុទ្ធជន​ដែលផ្ដល់​នូវ​សុខ​សន្តិភាព ចូល​រួម​ការ​ផ្ដល់​ឲ្យ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​យើង​បាន​ទាំង​អស់​គ្នា មិន​ថា​បក្ស​ណា បក្ស​ណា ឬ​មួយ​អ្នក​ណា អ្នក​ណា​ទេ»។

បើ​តាម​លោក ហ៊ុន ម៉ាណែត ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរភូមិន្ទ​នេះ ​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​អង្គភាព​កងទ័ព​ជាង​១០​ឆ្នាំ​មក​ហើយ តែ​គោល​បំណង​នៃ​ការ​ប្រារព្ធ​ក្នុង​រាជធានី​ជា​លើកទី១​នេះ គឺ​ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​យល់​ដឹង​បន្ថែម​ទៀត​អំពី​តួនាទី និង​ភារកិច្ច​របស់​កងទ័ព​ក្នុង​ការ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ទោះបី​ជា​មាន​ការ​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ​ចាត់​ទុក​ការ​ចល័ត​ទ័ព និង​រថពាស​ដែក​នេះ ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ក្ដី អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​តែ​យល់​ថា សកម្មភាព​នេះ​គឺជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។

លោក គឹម សុខ អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម ប្រាប់ VOA ថា ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​កងទ័ព​ជាមួយ​និង​ប្រជាពលរដ្ឋ ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​បង្ហាញ​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម។

សកម្មភាព​របស់​កងទ័ព​កំពុង​ហ្វឹកហាត់​ត្រៀម​ចូល​រួម​កម្មវិធី​បើកការ​ប្រកួត​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)
សកម្មភាព​របស់​កងទ័ព​កំពុង​ហ្វឹកហាត់​ត្រៀម​ចូល​រួម​កម្មវិធី​បើកការ​ប្រកួត​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក​បន្ថែម​ថា ការ​ចល័ត​ទ័ព ការ​ចល័ត​រថ​ពាស​ដែក និង​អាវុធ​យុទ្ធភណ្ឌ​ផ្សេងៗ គឺ​ជា​ការ​គំរាម​ប្រជា​ពលរដ្ឋ​ មុន​ការ​បោះឆ្នោត ​ដើម្បី​រក្សា​អំណាច​របស់​មេដឹកនាំ។

«ទិដ្ឋភាព​ជាក់​ស្ដែង​ដែល​យើង​មើល កង​ទ័ព​ត្រូវ​គេ​ប្រើ​ជា​ឧបករណ៍​ការពារ​អំណាច​របស់​បុគ្គល ហើយ​វាយ ពេល​ខ្លះ​ឃើញ​សម្លាប់​ពលរដ្ឋ​ទៅ​ទៀត។ ឃើញ​ជាក់​ស្ដែង យើង​ឃើញ​គ្រប់​គ្នា មិនមែន​ជា​ការ​និយាយ​ប្រឌិត​អី​ទេ។ ដូច្នេះ​រឿង​នេះ​មិនមែន​ជា​របៀប​នៃ​ការ​ផ្សារ​ភ្ជាប់​ កងទ័ព​ទៅ​នឹង​ពលរដ្ឋ​ទេ។ វា​ជា​របៀប​នៃ​ការ​គំរាម​ពលរដ្ឋ​នៅ​ពេល​ដែល​ការ​បន្ត​អំណាច​របស់​គេ​ស្ថិត​ក្នុង​ហានិភ័យ បាន​ន័យ​ថា ក្នុង​ការ​សង្ស័យ​ថា​ពលរដ្ឋ​មិន​គាំទ្រ​គេ​តាមរយៈ​ការ​បោះ​ឆ្នោត»។

ក្នុង​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ​ក្នុង​ពេល​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​របស់​កម្មករ កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​កម្លាំង​កងទ័ព​ឆត្រយោង​៩១១​ គ្រង​ឯកសណ្ឋាន​ទាហាន និង​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ​ខែល​ ដំបង​ឆក់ ​និង​ដែក​បំពង់​ទីប​ បាន​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ក្រុម​កម្មករ​ដែល​ឈរ​តវ៉ា​ដោយ​ដៃ​កាន់​ទឹក​សុទ្ធ​ និង​បដា។

ការ​ប៉ះ​ទង្គិច​នោះ​បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់​បាន​ស្លាប់ ម្នាក់​បាត់​ខ្លួន​ និង​យ៉ាងតិច​មនុស្ស​២៤​នាក់​ផ្សេង​ទៀតរង​របួស និង​មនុស្ស​មួយ​ចំនួនត្រូវ​បាន​ចាប់​ខ្លួន៕

XS
SM
MD
LG