ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រារព្ធ​ទិវា​៧​មករា​ធំ​ជាង​ឆ្នាំ​មុនៗ


រថយន្ត​នគរបាល​ជិះ​តាម​ផ្លូវ​នៅ​កោះពេជ្រ កាត់​ផ្ទាំងអបអរ​សាទរ​ទិវា ៧មករា ដែល​មាន​រូប​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រថយន្ត​នគរបាល​ជិះ​តាម​ផ្លូវ​នៅ​កោះពេជ្រ កាត់​ផ្ទាំងអបអរ​សាទរ​ទិវា ៧មករា ដែល​មាន​រូប​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក ​សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សៅរ៍​ថា​ ​កំណើន​អ្នក​ចូលរួម​សម្រាប់​ឆ្នាំ​នេះ ​គឺ​ដោយ​សារ​មាន​ការ​សំណូមពរ​ពី​​ប្រជា​ពលរដ្ឋ​ដែល​ចង់​ចូលរួម។​

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ចំនួន​អ្នក​ចូលរួម​ទិវា​៧​មករា ​ខួប​លើក​ទី​៣៩​នៃ​ការ​ដួល​រលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នឹង​មាន​ទៅ​ដល់​ជិត​៥​ម៉ឺន​នាក់ ​ដែល​ច្រើន​ជាង​ឆ្នាំ​មុនៗ៥​ដង។​

រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ទិវា​នេះ​ នៅ​ទីធ្លា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ដោយ​មាន​ការ​រៀបចំ​កៅអី​ជ័រ​អង្គុយ​សម្រាប់​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

​លោក ​សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​សៅរ៍​ថា​ ដោយសារ​មាន​កំណើន​អ្នក​ចូលរួម​ច្រើន​ ​ការ​រៀបចំ​ទិវា​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​កោះពេជ្រ​ ដែល​ខុស​ពី​ឆ្នាំ​រាល់​ដង ​គឺ​រៀបចំ​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ ​នៅ​ខណ្ឌ​ចំការ​មន​ ដែល​អាច​ដាក់​មនុស្ស​បាន​តែ​ប្រមាណ​១ម៉ឺន​នាក់​ប៉ុណ្ណោះ។​

លោក​ សុខ ឥសាន ​បាន​បញ្ជាក់​ថា ​កំណើន​អ្នក​ចូលរួម​សម្រាប់​ឆ្នាំ​នេះ ​គឺ​ដោយ​សារ​មាន​ការ​សំណូមពរ​ពីប្រជា​ពលរដ្ឋ​ដែល​ចង់​ចូលរួម។​ លោក​មាន​ប្រសាសន៍​ថា៖​

«មាន​សំណូម​ពរ​ពី​ប្រជាជន​លោក​ចង់​ចូលរួម​ច្រើន ​ដល់​អីចឹង​ទៅ​បរិវេណ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ហ្នឹង​ដាក់​មិន​អស់ ​អីចឹង​ទេ ​វា​ត្រូវ​តែ​ធ្វើ​នៅ​កោះ​ពេជ្រ​ហ្នឹង»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ថ្ងៃ​៧​មករា​មិនត្រឹម​តែ​ជាថ្ងៃ​បញ្ជាក់​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ​វា​គឺជា​បុណ្យ​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​មូល។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​យល់​ថា ​កម្មវិធី​ដែល​ធ្វើ​បុណ្យ​ខួប​រំឭក​ថ្ងៃ​៧​មករា​នេះ​ធ្វើ​ជា​ប្រចាំ​ឆ្នាំ ​ទៀង​ទាត់ មិន​ថា​ ឆ្នាំ​ណា​បោះឆ្នោត ​មិន​ថា ​ឆ្នាំ​ណា​មិន​បោះឆ្នោត​ទេ។ ​យើង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។​ ដូច្នេះ​មិន​អាច​ចោទ​ថា ​គណបក្ស​ប្រជាជន ​ឬ ​រាជរដ្ឋាភិបាល​អី​ឆ្លៀត​ឱកាស​ដើម្បី​ធ្វើ​ពិធី​នេះ​ ដើម្បី​ទាក់ទាញ​សណ្តាន​ចិត្ត​ពី​ប្រជា​ពលរដ្ឋ ​ដើម្បី​ឲ្យ​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ទេ។​ ក៏​ប៉ុន្តែ​ ចង់​មិន​ចង់ ​វា​ទៅ​ជា​អី​ចឹង​ហើយ​ ​ព្រោះ​ថ្ងៃ​៧​មករា​ វា​ជា​ស្នាដៃ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន»។​

នៅ​តាម​មហាវិថី​ធំៗ​ក្បែរ​វិមាន​ឯករាជ្យ ​និង​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​និង​កន្លែង​ប្រារព្ធ​ពិធី​ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ ​បដារ​ពាក្យ​ស្លោក ​និង​ផ្លាក​ធំៗ​ដែល​មាន​រូបលោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​ក៏​ត្រូវ​បាន​តាំង​បង្ហាញ​ជា​ហូរហែផង​ដែរ។ ​នៅ​ក្នុង​នោះ​ មាន​បដារ​មួយ​ដែល​លើក​ឡើង​អំពី​ការ​គាំទ្រ​បេក្ខ​ភាព​នាយក​រដ្ឋមន្រ្តី ​លោក ​ហ៊ុន សែន ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ​និង​អាណត្តិ​ក្រោយៗ​ទៀត។​

លោក ​សុខ ឥសាន ​មាន​ប្រសាសន៍​ថា ​ការ​លើក​បដារ​នេះ​ជា​រឿង​ធម្មតា​នោះ​ទេ។ ​

លោក​បញ្ជាក់​ថា៖​

«អាហ្នឹង​យើង​ដឹង​ហើយ​ថា ​ប្រជា​ពលរដ្ឋ​យើង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុ​ងសិទ្ធិ​នយោបាយ ​ក្នុង​ការ​គាំទ្រ​គណបក្ស​ណាមួយ។​ ​អីចឹង​ទេ ​ការ​ដាក់​ពាក្យ​ស្លោក​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​របស់​សម្តេច​តេជោ ហ៊ុន សែន ​គាំទ្រ​គណបក្ស​ប្រជាជន​ ជា​រឿង​ធម្មតា ​មិន​មាន​បញ្ហា​អី​ចម្លែក​ទេ»។​

មុន​ដល់​ថ្ងៃ​ប្រារព្ធទិវា៧ ​មករា​ រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ភាពយន្ត​មួយ​ដែល​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​កន្លះ ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​តស៊ូ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ក្នុង​ការ​ពឹងពាក់​ប្រទេស​វៀតណាម ​ឲ្យ​ជួយ​រំដោះ​កម្ពុជា​ចេញ​ពី​របប​កាប់​សម្លាប់​ប៉ុល ពត។ ​ភាព​យន្ត​នោះ​មាន​ចំណង​ជើង​ថា «ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ជាតិ»។​

នៅ​ក្នុង​ភាព​យន្ត​នោះ ​លោក ហ៊ុន សែន​ បាន​លើក​ឡើង​ថា ​លោក​បាន​យក​ជីវិត​របស់​លោក​ប្តូរ​នឹង​ការ​សង្រ្គោះ​កម្ពុជា។ ​លោក​ក៏​បាន​រៀបរាប់​ពី​ការ​ឈឺ​ចាប់​របស់​លោក ​ដែល​ត្រូវ​បែក​ប្រពន្ធ​ និង​ការ​តស៊ូ​ដ៏​លំបាក​របស់​លោក ។

លោក ​ហ៊ុន សែន ​បាន​បញ្ជាក់​នៅ​ក្នុង​ភាពយន្ត​ថា៖​

«នៅ​លើ​ពិភពលោក​នេះ ​គ្មាន​មេដឹកនាំ​ណាមួយ​ដែល​មាន​ការ​ឈឺ​ចាប់ ​និង​ជូរជត់​ដូច​ខ្ញុំ​នេះ​ទេ»។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​លោក សុខ ឥសាន​មាន​ប្រសាសន៍​ថា​ ភាព​យន្ត​នេះ​ចង់​បញ្ជាក់អត្ថន័យ​ដ៏​ធំធេង​នៃ​ថ្ងៃ​៧​មករា​ថែម​ទៀត។​ លោក​បន្ត​ថា​ ភាពយន្ត​នេះ​ គឺ​ជា​សច្ចធម៌​ប្រវត្តិ​សាស្រ្ត​មួយ។​

លោក​មាន​ប្រសាសន៍​ថា ​ការ​ផលិត​ភាពយន្ត​នេះ​ទាមទារ​ការ​ប្រមូល​ឯកសារ​ចង​ក្រង​ច្រើន​ ដូច្នេះ​ត្រូវ​ការ​ពេល​វេលា ​ហើយ​ទើប​វាបញ្ចប់​ ​ចេញ​ផ្សាយ​នា​ពេល​នេះ។​

លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ គឺ​លោក ​សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា​ថា ​ថ្ងៃ​៧​មករា​១៩៧៩​ គឺ​ជា​«ឆាកល្ខោន»​នៃ​ការ​រៀបចំ​របស់​វៀតណាម។​ លោក​មាន​ប្រសាសន៍​ថា៖

«មួយ​ផ្នែក​ធំ​នៃ​រឿង​រ៉ាវ​ទាំង​អស់​ក្នុង​រយៈ​ពេល​ជិត​៥០​ឆ្នាំ​កន្លង​មក​នេះ​គឺ​មាន​ការ​រៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​កម្មុយ​នីស្ដ ​ដើម្បី​លេប​ត្របាក់​ទឹក​ដី​យើង ​និង​បំភាន់ភ្នែក​ប្រជារាស្ត្រ​ខ្មែរ»៕

XS
SM
MD
LG