ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន ម៉ាណែត​ថា​បក្ស​ប្រឆាំង​អាច​នៅ​ពី​ក្រោយ​​បាតុកម្ម​​ប្រឆាំង​លោក​នៅ​អូស្ត្រាលី​​ និង​នូវែលសេឡង់


លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​​​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃ​​របស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៦។
លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​​​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃ​​របស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៦។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩​ ខែ​តុលា​នេះ ​លោក ​ហ៊ុន​ ម៉ាណែត​ លើក​ឡើង​ថា​ លោក​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា ​បាតុកម្ម​នោះ​មាន​ការ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ឬ​យ៉ាង​ណា​ទេ។

លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ អះអាង​ថា​ បាតុកម្ម​ប្រឆាំង​រូប​លោក​ក្នុង​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏​ប៉ុន្តែ​ គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន​ ម៉ាណែត។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩​ ខែ​តុលា​នេះ ​លោក ​ហ៊ុន​ ម៉ាណែត​ លើក​ឡើង​ថា​ លោក​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា ​បាតុកម្ម​នោះ​មាន​ការ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ឬ​យ៉ាង​ណា​ទេ ដោយ​លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូចជា​គ្មាន​ឯកភាព​គ្នា​ទាក់​ទង​នឹង​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖

​«សញ្ញា​សួរ​ថា តើ​ករណី​នេះ​យ៉ាង​ម៉េច? ​ករណី​ដែល​ថា​គណបក្ស​នៅ​ភ្នំពេញ​គាត់​ប្រកាស​ជា​រូបភាព​ ហើយ​ខាង​ក្រោយ​គាត់​បញ្ជា​ឲ្យ​ធ្វើ​ ឬ​មួយ​ក៏​ថ្នាក់​ដឹកនាំ​នៅ​ភ្នំពេញ​ជំហរ​ថា​ មិន​ធ្វើ​ តែ​អ្នក​ដឹក​នាំ​នៅ​ Adelaide (អូស្ត្រាលី) ​មិន​ស្តាប់»។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ ហ៊ុន ម៉ាណែត ​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ ​មក​កាន់​ប្រទេស​កម្ពុជា ​ក្រោយ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១៣​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​នូវែសេឡង់។

បើ​ទោះ​ជា​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​ និង​ឪពុក​លោក​យ៉ាង​ណា​ក្តី នាយ​ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត ចាត់​ទុក​ថា​ ​ទស្សនកិច្ច​របស់​លោក​ទទួល​ជោគជ័យ​ដោយ​មាន​ការ​ជួប​ពិភាក្សា​ជា​មួយ​សមាជិក​សភា​ ​និង​ព្រឹទ្ធសភា​របស់​ប្រទេស​អូស្ត្រាលី​ ​និង​នូវែសេឡង់​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទាំង​ទេសចរណ៍​ ពាណិជ្ជកម្ម​ ការ​អប់រំ​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ និង​ការ​បង្កើន​ចំនួន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ជាដើម។

លោក ​ហ៊ុន ម៉ាណែត​ ថ្លែង​ថា​ ការ​បញ្ចេញ​មតិ​ជា​សិទ្ធិ​របស់​បុគ្គល។ ក៏​ប៉ុន្តែ​លោក​ថា​ បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ដោយ​គ្មាន​គោល​បំណង​ និង​សារ​ជាក់លាក់​នោះ​ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា​ឈ្លោះ​គ្នា​តែ​ប៉ុណ្ណោះ។ ហើយ​លោក​ថា អ្នក​នយោបាយ​គប្បី​ប្រកួតប្រជែង​គ្នា​ក្នុង​ទម្រង់​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រឹង​មាំ។

​លោក​ឧត្តមសេនីយ៍​ឯក ​ហ៊ុន ម៉ាណែត បញ្ជាក់​ថា៖

«សិទ្ធិ​ដឹកនាំ​ការ​បាតុកម្ម​ជា​សិទ្ធិ​របស់​គាត់។ ប៉ុន្តែ​សំណួរ​មួយ​សួរ​ថា​ ជម្រើស​បែប​ណា​ដែល​យើង​រក​យក​មក​ធ្វើ​ការ​បញ្ចេញ​មតិ​ ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​លើ​កត្តា​២​ គឺ​ទី​១​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់។ ទី២​ផល​ប្រយោជន៍​ យើង​ជជែក​គ្នា​ ធ្វើ​វេទិកា​ ធ្វើ​បាតុកម្ម​ប្រឆាំង​ តើ​មួយ​ណា​បាន​ប្រយោជន៍​ជាង»។

ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ៊ុន​ ម៉ាណែត​ ទៅ​ក្រៅ​ប្រទេស​ជា​រឿយៗ​ជួប​ការ​តវ៉ា​ប្រឆាំង​នឹង​រូប​លោក។ ក៏​ប៉ុន្តែ លោក​ថា​ គណបក្ស​កាន់​អំណាច​ គ្មាន​ផែនការ​រៀបចំ​បាតុកម្ម​សង​សឹក​វិញ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ​លោក​ អេង ឆៃអ៊ាង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បដិសេធ​ការ​លើក​ឡើង​ថា ​គណបក្ស​ជំទាស់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត​នោះ។

លោក​ អេង​ ឆៃអ៊ាង​ បញ្ជាក់​ប្រាប់​ VOA ​ថា ការ​តវ៉ា​របស់​បុគ្គល​ឯកជន​ណា​មួយ​នោះ​ ជា​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ មិន​ពាក់ព័ន្ធ​ ឬ​តំណាង​ឲ្យ​គណបក្ស​នោះ​ទេ៖

«គណបក្ស​សង្គ្រោះ​ជាតិ​ យើង​ត្រៀម​ខ្លួន​ធ្វើ​កិច្ចការ​ទាំង​ឡាយ​ណា​ដែល​ជា​តួនាទី​ កាតព្វកិច្ច​ ប៉ុន្តែ​មុន​នឹង​ធ្វើ​អ្វី​មួយ​ យើងនឹង​មើល​លើ​បរិយាកាស​នយោបាយ​ [...] តែ​យើង​រីករាយ​នឹង​ការ​ជួប​ជជែក​គ្នា​ ក្នុង​ក្រប​ខណ្ឌ​ក្នុង​សភា​ក្តី ក្រៅ​សភា​ក្តី​ ឲ្យ​មាន​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ។ វា​ទទួល​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា»។

លោក​ មាស​ នី​ អ្នក​វិភាគ​សង្គម​ និង​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា ​អ្នក​នយោបាយ​នៅ​កម្ពុជា​មាន​ទំនោរ​ទៅ​រក​ការ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​នៅ​ពេល​ដែល​ភាគី​ ឬ​បុគ្គល​ណា​មួយ​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា។លោក​ថា​ ការណ៍​នេះ​រំខាន​ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ពិតប្រាកដ ​ហើយ​ជន​រង​គ្រោះ​ទៀត​សោត​ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​កម្ពុជា​ទាំង​មូល។

លោក មាស​ នី បន្ត​ថា​ ការ​មិន​ជជែក​គ្នា​រវាង​អ្នក​នយោបាយ​ដូច​សព្វថ្ងៃ​នេះ​ ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​មាន​ភាព​យឺតយ៉ាវ​ជាង​ប្រទេស​ដទៃ​ក្នុង​តំបន់។

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖​

«សំខាន់​គឺ​ត្រូវ​កាត់​បន្ថយ​ការ​លាប​ពណ៌​ វា​មិន​មែន​ជា​រឿង​ស្រួល​តែ​អាច​ធ្វើ​បាន តាម​រយៈ​ការ​ទំនាក់ទំនង​គ្នា​ ការ​យោគយល់​គ្នា។​ កាល​ណា​អ្នក​នយោបាយ​នៅ​តែ​យក​ការ​លាប​ពណ៌​គ្នា​មក​ធ្វើ​ជា​ឧបករណ៍​សងសឹក ឬ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក នោះ​សង្គម​យើង​នៅ​តែ​មាន​ការ​បាក់​បែក​គ្នា​រហូត»។

​ក្នុង​ដំណើរ​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មេសា​កន្លង​ទៅ លោក​ ហ៊ុន ម៉ាណែត​ ក៏​បាន​រង​ការ​តវ៉ា​ប្រឆាំង​ពី​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ ហើយ​លោក​ក៏​រង​ការ​ចោទ​ថា​ អង្គរក្ស​របស់​លោក​បាន​ធ្វើ​ឲ្យអ្នក​ស៊ើប​អង្កេត​បរទេស​មួយ​រូប​របួស​ផង​ដែរ។​ រហូត​មក​ដល់​ពេល​នេះ​ រឿង​ក្តី​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ៕

XS
SM
MD
LG