លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនទទួលយកការសុំទោសពីលោក ជា ប៉ូច អតីតតំណាងរាស្រ្តគណបក្សជំទាស់នោះឡើយ ក្រោមហេតុផលថា អ្នកនយោបាយជំទាស់រូបនោះជា មនុស្ស «ក្រឡិចក្រឡុចបំផុត» និងមានបំណងទម្លាក់លោកពីមុខតំណែង។ នេះបើតាមសារនៅក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ជា ប៉ូច គឺជា អតីតសមាជិកគណបក្សជាតិខ្មែរ និងបានចូលធ្វើនយោបាយជាបន្តបន្ទាប់ជាមួយ គណបក្សសម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នលោកជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន ដែលកំពុងមានបញ្ហាចម្រូងចម្រាសជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការចុះបញ្ជីគណបក្ស និងបេក្ខជនដើម្បីឈរឈ្មោះបោះឆ្នោតជាតិឆ្នាំ ២០២៣។
កាលពីថ្ងៃអង្គារ លោក ជា ប៉ូច បានចេញលិខិតសុំទោសទៅលោក ហ៊ុន សែន ជាសាធារណៈដោយទទួលកំហុសដែលគាត់បាននិយាយថា «គោលដៅខ្ញុំគឺទម្លាក់លោក ហ៊ុន សែន ឱ្យបាន»។
បើតាមលិខិតសុំទោស ចុះថ្ងៃទី ២៣ ខែឧសភានោះ លោកជា ប៉ូច បានពន្យល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការថ្លែងរបស់លោកកាលពីអំឡុងខែមីនា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំពង្រឹងសកម្មជននៅទីស្នាក់ការគណបក្សភ្លើងទៀន រាជធានីភ្នំពេញនោះ គឺខ្វះការពិចារណា និយាយមិនបានគិតវែងឆ្ងាយ។
ក្នុងលិខិតដដែល លោក ជា ប៉ូច បញ្ជាក់ទៀតថា៖ «ថ្ងៃនេះខ្ញុំបាទ សូមសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្ញុំបាទ ដែលបានប្រព្រឹត្តិមិនគប្បីចំពោះសម្តេចតេជោនាពេលកន្លងទៅ»។
ក្រោយពីទទួលបានលិខិតរបស់លោក ជា ប៉ូច នោះ លោក ហ៊ុន សែន បានច្រានចោលភ្លាមៗ មិនទទួលការសុំទោសពីអ្នកនយោបាយជំទាស់រូបនោះឡើយ ដោយផ្តល់ហេតុផលថាលោក ជា ប៉ូច ជាមនុស្សមិនសូវមានភាពស្មោះត្រង់ ហើយនៅតែមានទំនាក់ទំនងជាមួយជនក្បត់ជាតិបីជំនាន់។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីអំពីជនក្បត់ជាតិបីជំនាន់នេះ ទំនងជាសំដៅដល់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី ដែលត្រូវតុលាការកម្ពុជាកាត់ទោសពីបទព្រហ្មទណ្ឌធ្ងន់ធ្ងរជាច្រើនករណីកន្លងមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ការអត្ថាធិប្បាយ ក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកថា៖ «សម្រាប់ការសុំទោសត្រឹមតែប៉ុណ្ណឹងរបស់ ជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះ ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជា ប៉ូច បាននៅឡើយទេនៅថ្ងៃពុធនេះ ដោយកូនរបស់លោកថា លោកកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា គណបក្សភ្លើងទៀនគឺជាគណបក្សប្រជាធិបតេយ្យ ហើយករណីលោក ជា ប៉ូច មិនមានអ្វីជាប់ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀននោះទេ ព្រោះនេះគឺជារឿងរបស់បុគ្គលតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «គ្រប់ថ្នាក់ដឹកនាំអតីតថ្នាក់ដឹកនាំ គេចង់ទៅចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សណា វាជាសិទ្ធិរបស់គេ។ យើងមិនអាចឃាត់ឃាំងទេ មានតែការអរគុណ ជូនពរ ឱ្យមានសេចក្តីសុខ និងសម្រេចជោគជ័យនូវតួនាទីភារកិច្ចថ្មី។ឧបមាថា ខ្ញុំក៏ដោយ នរណាក៏ដោយមានបញ្ហាត្រូវសុំទោស អាហ្នឹងគឺជារឿងផ្ទាល់ខ្លួនរបស់គេ យើងអត់អាចឃុំឃាំងទេ ព្រោះជួនកាលគេយល់ថា គេបានធ្វើខុស គេសុំទោសអាហ្នឹងគឺជារឿងល្អ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការចេញលិខិតសុំទោសជាសាធារណៈរបស់អ្នកនយោបាយទៅកាន់មេដឹកនាំប្រទេសបច្ចុប្បន្ន គឺជាក្រឹត្យក្រមមួយ។ ប៉ុន្តែលោកថា បើសិនជាភាគីពាក់ព័ន្ធមិនទទួលយកនោះ ក៏មាននីតិវិធីតាមផ្លូវច្បាប់ ក៏ដូចជាផ្លូវតុលាការជាបន្តបន្ទាប់ទៀត ហើយអ្នកនយោបាយគួរតែប្រើភាសាប្រកបដោយក្រមសីលធម៌ និងគោរពគ្នាទៅវិញទៅមក ទើបជាការប្រសើរ។
លោកបញ្ជាក់ថា៖ «ជាទូទៅ ឥឡូវបរិបទនៃអ្នកនយោបាយក្រៅរដ្ឋាភិបាល គណបក្សក្រៅរដ្ឋាភិបាល មានការភ័យ[បាក់ស្បាត]មិនហ៊ានប្រឈមនឹងគណបក្សដែលដឹកនាំប្រទេសទេ។ នៅពេលដែល លោកនាយករដ្ឋមន្រ្តីមានប្រតិកម្ម ឬក៏មានមតិណាមួយពាក់ព័ន្ធនឹងការចេញសាររិះគន់ ធ្វើឱ្យប៉ះពាល់ហ្នឹង ម្នាក់ៗខ្លាច ដកខ្លួន»។
ករណីសុំការយោគយល់ពីលោក ហ៊ុន សែន របស់លោក ជា ប៉ូច ដែលធ្លាប់ជាប់បម្រាមធ្វើនយោបាយ ៥ ឆ្នាំ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៧ ត្រូវគេសង្កេតឃើញថា មានភាពប្លែកពីសំណើសុំទោសរបស់អតីតអ្នកនយោបាយផ្សេងទៀត ដែលបានធ្វើការសុំទោសលោកនាយករដ្ឋមន្ត្រីហើយ រួចក៏បានចូលកាន់តំណែងជាន់ខ្ពស់ក្នុងរដ្ឋាភិបាល។ ហើយគេក៏មិនទាន់ដឹងថា លោក ជា ប៉ូច បានប្រព្រឹត្តមិនឆ្គាំឆ្គងអ្វីខ្លះចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបធ្វើឱ្យលោក ហ៊ុន សែន បាត់ការជឿទុកចិត្តនោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកលែងទោសឱ្យមន្រ្តីបក្សប្រឆាំងច្រើនរូបមកហើយក៏ដោយ ក៏ប៉ុន្តែចំពោះករណីលោក ជា ប៉ូច ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីគឺជារឿងត្រឹមត្រូវ ដែលមិនគួរលើកទោសឱ្យឡើយ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែខ្ញុំយល់ថា ចំពោះករណីលោកជា ប៉ូច ខ្ញុំក៏ដឹងមួយចំនួនដែរ មានកូនស្រីប្រឡងជាប់បាក់ឌុបរហូតសម្តេចផ្ដល់រង្វាន់លើកទឹកចិត្តឱ្យទៀតហើយឱ្យទៅរៀននៅអូស្ត្រាលីទៀត។ ដូច្នេះ បញ្ហានេះវាសម្តែងនូវទឹកចិត្តដ៏សប្បុរសធម៌របស់សម្តេចចំពោះលោក ជា ប៉ូច ក៏ប៉ុន្តែដល់មានបញ្ហាជាពាក្យសម្តីច្បាស់ៗដែល ជា ប៉ូច ដើរតាមនយោបាយរបស់មេឧទ្ទាមទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ ដែលប៉នប៉ងផ្តួលរំលំសម្តេចនេះ ខ្ញុំយល់ថា នេះគឺជារឿងនយោបាយជាន់ខ្ពស់មួយមិនអាចអត់ឱនឱ្យបានបាទ»។
លោកបន្ថែមថា បើលោក ជា ប៉ូច នៅតែឱបក្រសោបទណ្ឌិតឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនោះ គឺមិនអាចឱ្យលោកនាយករដ្ឋមន្ត្រីលើកលែងបានទេ ទោះបីមានលិខិតសុំទោសជាសាធារណៈក៏ដោយ៕