ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ទណ្ឌកម្ម​«ហួសកម្រិត»​ផ្តើម​ចេញពី​សង្គ្រាម​នៅ​អ៊ុយក្រែន​នាំឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​សកល​និង​កម្ពុជា


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំរវាងសហភាពអឺរ៉ុបនិងសមាគមអាស៊ីអាគ្នេយ៍ នៅទីក្រុងព្រុចសែល ប្រទេសស្វីស កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំរវាងសហភាពអឺរ៉ុបនិងសមាគមអាស៊ីអាគ្នេយ៍ នៅទីក្រុងព្រុចសែល ប្រទេសស្វីស កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន ​នៅថ្ងៃ​អង្គារនេះ​ បានថ្លែង​អំពី​ផល​រំខានលើ​សេដ្ឋ​កិច្ច​ពិភពលោក​ ដែល​កើត​ចេញ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន និង​កា​រដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិលើ​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះ​មាន​ប្រទេស​កូរ៉េ​ខាង​ជើង​។

សង្គ្រាម​ដែល​បង្ក​ឡើង​ទាំង​ទទឹង​ទិស​ដោយ​រុស្ស៊ីនៅ​ប្រទេស​អ៊ុយក្រែន​ តាំងពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​មិន​ទាន់​បាន​បញ្ចប់​ ហើយ​ផល​ប៉ះពាល់​ផ្សេង​ៗ​ត្រូវ​គេ​សង្កេត​ឃើញ​ថា បាន​កើត​ឡើង​ រួម​មាន​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ និង​បញ្ហា​សេដ្ឋកិច្ច​សង្គម​ជា​ច្រើន​ទៀត​។ ចំណែក​ប្រទេស​កូរ៉េខាង​ជើង​ បាន​បន្ត​រស់​ក្រោម​សម្ពាធ​ទណ្ឌកម្ម​ជាច្រើន​របស់​អង្គការ​ប្រជាជាតិ​ ក្នុងនោះ​គឺ​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​នាំ​ចេញ​។

ថ្លែង​នៅ​ឯពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​មួយ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ (Calmette) ​ក្នុង​ទីក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន​ បាន​កត់​សម្គាល់​ថា​ ការឆ្លង​រាត​ត្បាត​នៃជំងឺ​កូវីដ​១៩​ បាន​បំផ្លាញ​សេដ្ឋកិច្ច​មួយ​ផ្នែក​របស់​ពិភពលោក​ តែសង្គ្រាម​នៅ​អ៊ុយ​ក្រែនបាន​បង្ក​ផល​ប៉ះ​ពាល់​កាន់​តែ​ធ្ងន់ធ្ងរថែម​ទៀត​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​ ដោយ​សារ​មាន​ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​។

បើតាម​លោក​ ហ៊ុន សែន​ ទាំង​ប្រទេស​ដែល​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​មួយ​ទៀត​ និង​ប្រទេស​ដែល​រងទណ្ឌកម្ម​ ហើយ​នឹង​ប្រទេស​ដែល​មិន​ទទួល​រង​ទណ្ឌកម្ម សុទ្ធ​តែ​ទទួល​រង​នូវ​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្មនោះ​។

លោក​ថ្លែង​ថា​៖ «កូវីដ​ បាន​បំផ្លាញ​សេដ្ឋកិច្ច​។ ប៉ុន្តែ​អ្វី​ដែល​បំផ្លាញ​ធំជាង​គេ​ គឺ​បញ្ហា​សង្គ្រាម​ ដែល​បាន​កើត​រុស្ស៊ី​ អ៊ុយក្រែន​ ជាមួយ​នឹង​ទណ្ឌ​កម្ម​ហួស​កម្រិត​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចុះ។ ទណ្ឌកម្ម​ វាបាន​បង្កើត​នូវ​បញ្ហា​ មិន​មែន​អ្នក​ស្លាប់ គឺ​ប្រទេស​ដែល​ជាប់​ទណ្ឌកម្ម​ឯណា! តែ​អ្នកស្លាប់​ គឺ​ប្រទេស​ដែល​ដាក់​ទណ្ឌកម្ម​ចំពោះ​គេ​ ក៏​វា​ស្លាប់​ ក៏វា​ប៉ះពាល់​ខ្លួន​ឯង​។ អា​យើង​អត់​ដឹង​អីនេះ​ ក៏​វាប៉ះពាល់​ដល់​ខ្លួន​ឯង​ដែរ​»។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​លើក​យក​ករណី​នៃការ​ដាក់ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​មក​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​បាន​បង្ខំឱ្យ​អាជីវកម្ម​ផ្សេង​ៗ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដាក់​ទណ្ឌ​កម្មលើ​កូរ៉េ​ខាង​ជើង​។ អ៊ីចឹង​ទេ យើង​ត្រូវ​តែ​អនុវត្ត​ជា​កាតព្វកិច្ច​របស់​យើង​ ដើម្បី​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​កូរ៉េខាង​ជើង​ គឺ​ក្រុមហ៊ុន​កូរ៉េខាង​ជើង​ទាំង​អស់​ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​ ចាក​ចេញ​ពីកម្ពុជា​ ទាំង​សារមន្ទី​ ទាំង​ restaurant [ភោជនីយដ្ឋាន​]​ និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ ពលរដ្ឋ​កូរ៉េខាង​ជើង​ទាំង​អស់​ត្រូវចាក​ចេញ​ពីកម្ពុជា​ ចាក​ចេញ​ពី​កម្ពុជា»។

ការ​អត្ថាធិប្បាយ​របស់​លោក ​ហ៊ុន សែន​ អំពីការ​ធ្លាក់ចុះ​នៃសេដ្ឋកិច្ច​សកល​លោក​នេះ​ ធ្វើ​ឡើង បន្ទាប់​ពីការ​ប្រកាស​របស់​ធនាគារ​ពិភពលោក​កាល​ពីពេល​ថ្មីៗ​នេះ​ដែល​ថា​ កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២៣​ នឹង​ស្ទុះ​ឡើង​ដល់​កម្រិត​៥,៥ភាគរយ​ គឺ​ខ្ពស់​ជាង​កំណើន​ក្នុងឆ្នាំ​២០២២​ដែល​កម្ពុជា​សម្រេច​បានក្នុង​កម្រិត​៥,២ភាគរយ។ ការ​ស្ទុះ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ​ គឺ​បាន​មកមួយ​ផ្នែក​ដោយ​សារ​តែ​ថ្លៃ​ទំនិញ​ក្នុង​ស្រុក​មាន​សភាព​ធូរស្រាល​បន្តិច​វិញ​ ទន្ទឹម​គ្នា​នឹ​ងការ​រក្សា​បាន​លំនឹង​ថ្លៃ​ប្រេង​ឥន្ធនៈ និង​ទំនិញ​នៅទូទាំង​ពិភពលោក​ផងដែរ។​

យ៉ាង​ណាក៏ដោយ ធនាគារ​ពិភពលោក​លើកឡើង​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា​ ការ​អូស​បន្លាយ​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​នៅ​បរទេស​នឹង​អាច​ធ្វើ​ឱ្យ​ផ្នែក​ផលិត​កម្ម​សម្រាប់​នាំ​ចេញ​ចុះខ្សោយ​ ហើយ​ការ​បន្ត​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​លើ​សកលលោ​ក​ អាច​បង្ក​ហានិភ័យ​មួយ​ដល់ផ្នែក​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ ដែល​មាន​ការ​ពឹង​អាស្រ័យ​ខ្លាំង​លើ​ទុន​មក​ពីក្រៅ​សម្រាប់​ការ​វិនិយោគ។

ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​អគារមជ្ឈមណ្ឌល​ពហុឯកទេស​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​កាលពីព្រឹក​ថ្ងៃអង្គារ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ទៀតថា​ ខណៈ​សេដ្ឋកិច្ច​ពិភពលោក​មិន​ទាន់​មានភាព​ល្អប្រសើរ​នៅឡើយ​ ​កម្ពុជា​ខ្លួនឯង​ត្រូវ​បន្ត​ពង្រឹង​កំណើន​សេដ្ឋកិច្ច​របស់ខ្លួនឱ្យ​រឹង​មាំ​ឡើង​ថែម​ទៀត​៕

XS
SM
MD
LG