ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រតិកម្ម​ទៅ​នឹង​ទូត​បរទេស ក្នុង​ករណី​លោក កឹម សុខា


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស ដែល​លោក​ថា​ប្រើប្រាស់​ស្តង់ដារ​ពីរ និង​លូកដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ក្នុង​នោះ​មាន​ករណី​លោក កឹម សុខា មេដឹក​នាំ​គណបក្ស​ជំទាស់​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះនៅក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះ​សីហនុ។ ទោះ​ជាយ៉ាងណា​លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ចំៗ​នោះ​ទេ។ លោក​ថ្លែង​ថា​ប្រទេស​មួយ​នោះ មក​និយាយ​ជាមួយ​លោក​អំពី​បញ្ហា​ផ្ទៃ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ដែល​ទៅ​និយាយ​ជាមួយ​ប្រទេស​ថៃ ដើម្បី​ឱ្យ​អតីត​នាយក​រដ្ឋន្រ្តី​ថៃ លោក Thaksin Shinawatra និង​ប្អូនស្រី​របស់លោក គឺ​អ្នកស្រី Yingluck Shinawatra​ បាន​ចូល​ប្រទេស​ថៃ​វិញ​ឡើយ។

លោក​ថ្លែង​ថា៖ «ស្តង់ដារ​ពីរ មក​សង្កត់​តែ​កម្ពុជា​ឱ្យ​ធ្វើ​អញ្ចេះៗៗៗ ដល់​ទៅ​ជាមួយ​គេ​អ្នក​ខ្លះ អត់​ហ៊ាន​ដែរ។ បាន​ខ្ញុំ​ចង្អុល​មុខ​ពួក​អ្នក​ឯង​មក​និយាយ​តែ​ជាមួយ​ខ្ញុំ​ទេ ឱ្យ​អ្នក​នេះ​អីចេះ អ្នក​នោះ​អីចុះ»។

លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស​មួយ​ចំនួន ដែល​លោក​ថា​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា បើ​ទោះ​លោក​មិន​បញ្ចេញ​ឈ្មោះ​លោក កឹម សុខា ចំៗ​ក៏ដោយ។ លោក​ថ្លែង​ថា​ពួកគេ​បាន​ទៅ​ជួប​លោក កឹម សុខា ដល់​ផ្ទះ និង​នាំ​មក​ជួប​ក្នុង​ស្ថាន​ទូត​ ក្នុង​ពេល​ដែល​តុលាការ​កំពុង​ស៊ើប​អង្កេត​រឿង​ឃុប​ឃិត​ជាមួយ​បរទេស។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «បើ​សិន​ជា​សាល​ក្រម​ហ្នឹង បើ​ហ៊ុន សែន ចង់​ធ្វើ ហ៊ុន សែន អាច​ធ្វើ​បាន។ តែ​ហ៊ុន សែន មិន​ទុក​ចិត្ត​អ្នក​ឯង ព្រោះ​អ្នក​ឯង​លេង​ខូច ចាប់​ដៃ​ជាន់​ជើង​ខ្ញុំ។ អ្នក​ឯង​មក​ធ្វើ​ការ​ជាមួយ​ខ្ញុំ បន្ទាប់​ទៅ អ្នក​ឯង​ទៅ​ជួប​អ្នក​ផ្សេង»។

លោក ហ៊ុន សែន ក៏​ប្រតិកម្ម​ទៅ​នឹង​ប្រទេស​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​នោះ​ថា៖ «រដ្ឋមន្រ្តី​ការ​បរទេស​របស់​គេ​មក​ជួប​ជាមួយ​ខ្ញុំ ចេញ​ពី​ហ្នឹង​ទៅ ទៅ​ជួប​នៅ​ណោះ។ ហើយ​អ្នក​ឯង​ធ្វើ​អញ្ចឹង? ​ហើយ​ម៉េច​មិន​ប្រាប់​ក្រសួង​ការបរទេស​កម្ពុជា​ផង មួយ​ម៉ាត់ ហើយ​ចាំបាច់​ស្ងាត់? ស្ងាត់​ទៅណា​រួច ស្មាន​តែ​គេ​ហ្នឹង គេ​ភ្លើ? គេ​គ្រប់​គ្រង​ប្រទេស​គេ​មួយ​ដែរ»

លោក ហ៊ុន សែន បន្ថែម​ថា​រឿង​ផ្ទៃ​ក្នុង​របស់​កម្ពុជា ទុក​ឱ្យ​កម្ពុជា​ជា​អ្នក​ដោះ​ស្រាយ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ទំនង​សំដៅ​ទៅ​ទូតបរទេស​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​អាមេរិក និង​បារាំង ដែល​លោក កឹម សុខា ធ្លាប់​មាន​វត្តមាន​នៅ​ក្នុង​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ក្នុង​ពេល​លោក​កំពុង​ជាប់​ក្តី​ក្តាំ​នៅ​តុលាការ។

កញ្ញា​ Stephanie Arzate​ អ្នកនាំ​ពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​វីអូអេថា​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស គឺជា​ចំណុច​ស្នូល​នៃ​គោល​នយោបាយ​ការ​បរទេស​របស់អាមេរិក​នៅ​កម្ពុជា និង​ជុំវិញ​ពិភព​លោក។ អ្នកស្រី​បន្ដ​ថា​អាមេរិក​មិន​គាំទ្រ​បុគ្គល ស្ថាប័ន ឬគណបក្សនយោបាយ​ណា​មួយ​ឡើយ ហើយ​ការ​ជួប​ជាមួយ​បុគ្គល​នានា ជា​បែប​បទ និង​ការ​អនុវត្ត​នៃ​ការ​ទូត​របស់​អាមេរិក។

អ្នក​នាំពាក្យ​រូបនេះ​បញ្ជាក់​បន្ថែម​ថា​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​លោក កឹម សុខា រយៈពេល​២៧ឆ្នាំ គឺជា​កង្វល់​មួយ ហើយ​អយុត្តិធម៌​សម្រាប់​រូប​លោក។

កាលពី​ថ្ងៃទី១០ ខែ មករា ​ឆ្នាំ ២០២៣ ​លោក កឹម សុខា បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ សាធារណរដ្ឋ​បារាំង នៅ​ក្នុងស្ថាន​ទូតបារាំង​ប្រចាំ​កម្ពុជា។

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា៖ «​ស្ថាន​ទូតយល់​ឃើញថា​ ខ្លួន មិន​ពាក់ព័ន្ធ​ជាមួយ​ការថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ទេ។ យើងគ្មាន​ប្រតិកម្មអ្វី ផ្សេងឡើយ»។

លោក វណ្ណ ប៊ុនណា ប្រធាន The Thinker Cambodia (រូបថត៖ ផ្តល់ដោយ លោក វណ្ណ ប៊ុនណា)
លោក វណ្ណ ប៊ុនណា ប្រធាន The Thinker Cambodia (រូបថត៖ ផ្តល់ដោយ លោក វណ្ណ ប៊ុនណា)

​អ្នក​តាមដាន​នយោបាយ​អន្តរជាតិ លោកប្រាប់​វីអូអេ​ថា​ទំនាក់​ទំនង​កម្ពុជា​និងសហ​រដ្ឋអា​មេរិក មាន​សភាព​រកាំរកូស​ជា​មួយ​គ្នា​តាំងពី​យូរមក​ហើយ ជាពិ​សេស​ចាប់​តាំង​ពី​កម្ពុជា​មាន​បញ្ហា​នយោបាយ​ក្នុង​ស្រុក។ លោក​បន្ថែម​ថា​កត្តា​ចំនួន​ពីរ​ដែល​កំណត់​ជោគ​វាសនា​នៃ​ទំនាក់​ទំនង​រវាង​ប្រទេ​ស​ទាំងពីរ​នោះ គឺ​នយោបាយ​ក្នុង​ស្រុក​និង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា​៖«បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ វា​បាន​ជា​កត្តា​ដើម​ចម​មួយ​ដែល​ធ្វើ​ឱ្យមាន​ការ​ឆ្លើយ​តប​ពី​សហរដ្ឋ​អាមេរិក​ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​ប្រឆាំង​ដូចជា​សកម្មជន​មួយ​ចំនួន​ផង​ដែរ។ មួយ​ទៀត​ទាក់ទង​នឹង​កត្តា​ចិន ដោយសា​រវត្តមាន​ចិន​នៅ​កម្ពុជា​ ជាហេតុធ្វើ​ឱ្យ​សហរដ្ឋអា​មេរិក​មិន​សូវ​សប្បាយ​ចិត្ត​ទៅ​លើ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។ ដូច្នេះ​កត្តា​ពីរ​នេះ វា​ចង​ដែល​ធ្វើ​ឱ្យល្អក់​កករ​ក្នុង​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​»។

បើតាម​អ្នក​ជំនាញ​កិច្ច​ការអន្តរជាតិ​រូប​នេះ​ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ល្អ​ប្រសើរ កម្ពុជា​ត្រូវ​តែ​ស្តារ​នយោបាយ​ក្នុង​ស្រុក​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ និង​ត្រូវ​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​មហា​អំណាច។

លោក​ថ្លែង​ថា៖​«ដូច្នេះ​កត្តា​ទី១​គឺ​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។ ទី២​កម្ពុជា​ត្រូវ​តែ​បង្ហាញអំពី​ការធ្វើ​តម្លាភាព ឬក៏​តុល្យ​ភាព​នៅ​ក្នង​ទំនាក់​ទំនង​រវាង​បណ្តា​ប្រទេស​កម្ពុជា និងចិន​ ក៏ដូចជា​សហរដ្ឋ​អាមេរិក​ក៏ដូចជា​បណ្តា​ប្រទេស​មហា​អំណាច​ទៀត​ផង​។នេះ​គឺ​ជាអ្វី​ដែល​កម្ពុជា​អាច​ធ្វើបាន។ ក្រៅ​ពី​នេះ ក៏មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ស្វែងយល់​ពី​ចំណុច​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ទាំងផល​ប្រយោជន៍ សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​នយោ​បាយ​ផង​ដែរ»។

អ្នក​វិភាគ​នយោបាយ​ លោក​ សេង សារី ប្រាប់វី​អូ​អេ​ថា​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កំពុង​តែធ្វើ​នយោបាយ ​ដោយ​យក​សហរដ្ឋ​អាមេរិកធ្វើ​ជា​សត្រូវ​ ដែល​លោក​ចាត់​ទុក​ថានេះ​ជា​យុទ្ធសាស្ត្រ​របស់​លោក​ ហ៊ុន​ សែន ដើម្បី​ចំណេញ​ប្រយោជន៍​នយោបាយ។ បើតាម​អ្នកវិភាគ​រូបនេះ រដ្ឋាភិបាល​កម្ពុជា​តែងតែ​អះអាងថា​ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អព្យាក្រឹត្យ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​លម្អៀង​ទៅ​រក​ចិន។

លោក​ថ្លែង​ថា​៖ «នៅក្នុងវិ​ទ្យាសាស្ត្រ​នយោបាយគេថា​ចាប់​យក​សត្រូវ​នយោបាយ​ កំណត់​សត្រូវ​នយោបាយ​ហើយដើម្បី​ទាក់​ទាញ​ការចាប់​អារម្មណ៍​ទៅ​បង្ហាញ​ទៅ​ពលរដ្ឋ​ថា​សូម្បីតែ​អាមេរិក​ក៏ខ្លួន​ហ៊ាន​ឈ្លោះ​ជាមួយ​ដែរ​ សូម្បីតែ​អាមេរិកក៏ខ្លួន​ហ៊ាន​តតាំង​ជាមួយ​ដែរដើម្បី​ទាក់ទាញ​ការ​គាំទ្រ។ ចំណុច​នេះ​ខ្ញុំ​សង្កេត​ឃើញថា​វាហាក់​ដូចជា​ស្រដៀង​ទៅនឹង​ចុង​សម័យ​សង្គម​រាស្ត្រ​និយម​ហើយ​ប្រហែល​ជា​អាច​ឆ្លុះ​បញ្ចាំង​ថា​វាអាច​ជា​កាលៈទេសៈ​មួយ​នៃ​ចុង​សម័យ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន»។

លោក សេង សារី បន្ថែមថា៖ «អ៊ីចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​វាយ​តម្លៃ​ថា​ទំនាក់ទំនង​យើង​មើលក្នុង​កម្រិត​រវាង​ប្រទេស​និងប្រទេស​ ខ្ញុំថា​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ មិនមាន​ផល​បះ​ពាល់​ឬ​ក៏​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់​ទំនង​ការ​ទូត​ទេ។ ក៏ប៉ុន្តែ​បើ​យើង​មើល​ក្នុង​កម្រិត​សហរដ្ឋអាមេរិក​ជាមួយ​នឹង​រដ្ឋាភិ​បាល មាន​ន័យ​ថា​ជា​មួយ​លោក​នាយករដ្ឋ​មន្ត្រី​និយាយ​ដោយ​ចំទៅ​គឺមិន​សូវ​ជា​ប្រសើរ​ឡើង​ទេ។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ក៏មាន​ការ​បង្ហាញ​អំពី​ទំនាក់​ទំនង​ក្រៅ​ផ្លូវការ។ យើង​ឃើញថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ប្រវត្តិសាស្ត្រ​ក៏​ធ្លាប់​ទៅ​ធ្វើ​ទស្សន​កិច្ច​ក្នុង​ស្ថាន​ទូត​អាមេរិក​អំឡុង​ពេល​បុណ្យ​ណូអែល​ជាដើម​»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា​កម្ពុជា​រាប់​អាន​ប្រទេស​ទាំង​អស់​ស្មើ​គ្នា និង​មិន​យក​ប្រទេស​ណាមួយ​ជា​សត្រូវ​ឡើយ៕

កំណត់សម្គាល់៖ អត្ថបទ​នេះ​ត្រូវ​បាន​កែសម្រួល​ ដើម្បី​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​អត្ថាធិប្បាយ​របស់​ស្ថានទូត​បារាំង តាម​ការ​ស្នើសុំ​របស់​ស្ថានទូត​បារាំង​មក​វីអូអ​ខេមរភាសា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣។

XS
SM
MD
LG