ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យលើកលែងទោស អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ ក្រោយពួកគេបានសរសេរលិខិតសុំអភ័យទោស និងស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមព្រះរាជក្រឹត្យមួយច្បាប់ ចុះថ្ងៃទី ២៣ ខែឧសភា ព្រះមហាក្សត្រកម្ពុជាគឺព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានប្រោសព្រះរាជទានការលើកលែងទោសទណ្ឌិតចំនួន ១៤ រូប ដែលរួមមានលោក គង់ សំអាន លោក ថៃ សុគន្ធា លោក ឡុង ផារី លោក ឃឹម ភាណា លោក សុខ ចាន់ថា លោក ពៀត ម៉ាប់ លោក កែវ ថៃ លោក ជុំ ចាន់ លោក ស៊ុន ធន់ លោក ងិន ឃាន លោក យឹម សារ៉េត លោក ញ៉ែម វ៉ាន លោក ឃុត ច្រិក និងលោក វឿន វាសនា។
អ្នកទាំង ១៤ នាក់នោះ គឺជាអតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិនៅថ្នាក់ខេត្ត និងរាជធានីភ្នំពេញ ហើយការលើកលែងទោសរបស់ពួកគេធ្វើឡើងទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មុនពេលទទួលបានការលើកលែងទោសនោះ អតីតសមាជិកគណបក្សសង្គ្រោះជាតិខាងលើនេះ បានសរសេរលិខិតម្នាក់មួយច្បាប់ដោយសុំទោស និងសុំកិច្ចអន្តរាគមន៍លើកលែងទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងចំណោមអតីតសកម្មជននយោបាយជំទាស់ជាង ១០ នាក់នោះមានលោក កែវ ថៃ អតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង និងជាសមាជិកក្រុមប្រឹក្សាខេត្ត បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យជួយអន្តរាគមន៍លើកលែងទោស។
លោក កែវ ថៃ បានសរសេរក្នុងលិខិតមួយចុះថ្ងៃទី ១៨ ខែឧសភាថា៖ «ខ្ញុំបាទមានកិត្តិយសស្នើសុំអភ័យទោសពីសម្តេចនាយករដ្ឋមន្ត្រីដល់រូបខ្ញុំបាន ពីព្រោះរយៈពេលកន្លងមក ខ្ញុំបាទបានចូលរួមជាមួយគណបក្សប្រឆាំង ហើយបានសន្ទនាគ្នាតាមទូរសព្ទ ជាហេតុនាំឱ្យមានកំហុសឆ្គងព្រមទាំងធ្វើឱ្យប៉ះពាល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ពលរដ្ឋគ្រប់រូបរស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលសន្តិភាព»។
លោកបានបន្ថែមថា៖ «ខ្ញុំបាទសូមគោរពស្នើសុំសម្តេចមេត្តាជួយធ្វើអន្តរាគមន៍ លើកលែងទោសឱ្យរូបខ្ញុំ ដោយក្តីអនុគ្រោះ ដើម្បីបានទៅរស់នៅជាពលរដ្ឋសាមញ្ញជាមួយគ្រួសារ។ សូមសម្តេចទទួលយកនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ»។
អតីតសកម្មជនគណបក្សជំទាស់ផ្សេងទៀត ដែលទើបត្រូវបានប្រោសព្រះរាជទានលើកលែងទោសដោយព្រះមហាក្សត្រ និងត្រូវបានដោះលែងពីពន្ធនាគារដំណាលគ្នានឹងលោក កែវ ថៃ នៅរសៀលថ្ងៃពុធនេះ បានសរសរលិខិតស្រដៀងគ្នានេះ ដើម្បីស្នើសុំការមេត្តាប្រណីពីលោក ហ៊ុន សែន។
ការដោះលែងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិនេះ កើតមានឡើង បន្ទាប់ពីក្រុមគ្រួសាររបស់ពួកគេ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាពទ្រុឌទ្រោមនិងបានស្នើសុំអាជ្ញាធរពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីពួកគេបានទទួលការព្យាបាលជំងឺនៅក្រៅពន្ធនាគារ។
លោក កែវ ថៃ អាយុ ៥៣ ឆ្នាំ ដែលទើបចេញពីមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ដោយសារតែជំងឺប្រចាំកាយ បូករួមវ័យចំណាស់ ទើបធ្វើឱ្យរូបលោកនិងអតីតសកម្មជនគណបក្សប្រឆាំងផ្សេងទៀត សម្រេចចិត្តសរសេរលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានរួចពីការដាក់ទោស។
លោកថ្លែងថា៖ «មកដល់ពេលនេះ យើងត្រូវតែសម្រេចចិត្តដាក់ពាក្យ[សុំកិច្ចអន្តរាគមន៍] ដោយសារតែមានជំងឺប្រចាំកាយ។ យើងនៅពន្ធនាគារ យើងមិនមានថ្នាំចាក់ណាទៅព្យាបាលទាន់បានទេ»។
ចំណែកលោក ជុំ បញ្ញា កូនប្រុសរបស់លោក ជុំ ចាន់ លើកឡើងថា ការដោះលែងឪពុកលោកនេះគឺជារឿងល្អ ដែលអាចធ្វើឱ្យគ្រួសារបានជួបជុំគ្នាឡើងវិញ។
លោកប្រាប់វីអូអេថា៖ «គ្រួសារ កាលណាពេលបែកបាក់ គឺចង់តែជួបជុំវិញវិញទេ វាមិនចង់មានការបែកបាក់គ្រួសារ អ៊ីចឹង។ ហើយណាមួយ បារម្ភពីសុខភាពគាត់ខ្លាំងមែនទែន ព្រោះមួយរយៈចុងក្រោយហ្នឹង សង្កេតឃើញគាត់ មើលទៅពិបាកណាស់ ព្រោះអ៊ីវ៉ាន់ ១០ គីឡូ ក៏គាត់យួរលែងរួចដែរ។ អ៊ីចឹង បន់ឱ្យតែគាត់បានមកផ្ទះ»។
លោក ជុំ ចាន់ ជាប់ពន្ធនាគារនៅខែមេសា ឆ្នាំ ២០២០ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង ៣ ឆ្នាំ។ នេះបើតាមលោក ជុំ បញ្ញា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក នុត សវនា អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ តាមទូរសព្ទបាននៅឡើយទេនៅថ្ងៃពុធនេះ។
អ្នកវិភាគនយោបាយលោក មាស នី ថ្លែងថា ការទទួលបានសេរីភាពរបស់អតីតសកម្មជនគណបក្សប្រឆាំងពេលនេះ គឺជាភ័ព្វសំណាងមួយរបស់ពួកគេ និងជាកាយវិការសប្បុរសធម៌មួយរបស់រដ្ឋាភិបាលកម្ពុជា បើទោះបីជាសំណុំរឿងរបស់ពួកគេត្រូវគេដឹងថា មានដើមចមចេញពីការធ្វើនយោបាយជំទាស់។
លោកថ្លែងថា៖ «ការដោះលែងឱ្យពួកគាត់មានសេរីភាពឡើងវិញនេះ អាហ្នឹងវាជាសំណាងមួយធំណាស់សម្រាប់ពួកគាត់ ហើយជាកាយវិការមនុស្សធម៌មួយចុះ ទោះបីជាយើងដឹងថា វាមានទិដ្ឋភាពនយោបាយបង្កប់នៅពីក្រោយ [ព្រោះ]អានេះវាជារឿងមួយផ្សេងទៀត»។
គួរបញ្ជាក់ថា អតីតសកម្មជនជាង ១០ នាក់នេះ ត្រូវបានឃុំខ្លួនក្នុងអំឡុងឆ្នាំ ២០២០។ ពួកគេត្រូវបានតុលាការចោទពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការចូលរួមក្នុងចលនាសង្គ្រោះជាតិ និងពាក់ព័ន្ធនឹងការគាំទ្រផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់ លោក សម រង្ស៊ី។ ពួកគេត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ តែត្រូវជាប់ទោសតែ ៣ ឆ្នាំនិង ៨ ខែ ហើយទោសសល់ពីនោះត្រូវព្យួរ៕