ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​​ហ៊ុន សែន​ដាក់បទ​បញ្ជា​​អំពី​ការ​ប្រើ​ប្រាស់​សិទ្ធិ​ធ្វើបាតុកម្ម​ស្មើ​​ភាព​គ្នា​


អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ (២៦ កក្កដា ២០១៣)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជូន​សារ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ​ទៅ​ដល់​អាជ្ញាធរ​របស់​លោក​នៅ​ទូទាំង​ប្រទេស​ថា​ ត្រូវ​ផ្តល់​កន្លែង​ធ្វើ​បាតុកម្ម​រវាង​អ្នក​គាំទ្រ​ និង​អ្នក​ប្រឆាំង​ឲ្យ​បាន​ស្មើគ្នា​ដើម្បី​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​និង​ការ​ជួប​ប្រជុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ។​

«ឧបមា​ថា ​ត្រូវ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ បើ​សិន​ទាំងសង​ខាង​សុំ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ សាលា​ក្រុង​ភ្នំពេញ​ត្រូវ​ត្រៀម​ចែក​ជាពីរ​ឲ្យ​ហើយ​ទៅ។​ ម្ខាង​អ្នក​គាំទ្រនិង​ម្ខាង​អ្នក​ប្រឆាំង​ ត្រូវ​ត្រៀម​ចែក​ឲ្យ​ហើយទៅ។​ ច្បាស់​ណាស់​ខាង​មុខ​ នេះ​ បើ​មាន​ការ​ស្នើសុំ​ធ្វើ​បាតុកម្ម ​រឿងនេះ​វា​នឹង​កើត​ហើយ​ ព្រោះគេ​មិន​អាច​បណ្តោយ​ឲ្យអ្នក​ឯង​ធ្វើតាម​ចិត្ត​ម្នាក់​ឯង​ទៀត​ទេ»។​

លោក​ ហ៊ុន សែន​ ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​អគ្គិសនី​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ។​ លោក​បញ្ជាក់​ថា​ លោក​នឹង​ធានា​សិទ្ធិ​ជួបជុំ​ទាំងអស់​គ្នា​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ ដើម្បី​ឲ្យភាគី​ទាំង​សង​ខាង​មាន​សិទ្ធិ​ស្មើគ្នា​ មាន​ឆន្ទៈ​រាស្ត្រ​ដូចគ្នា​ដែរ។​ លោក​បាន​បន្ថែម​ថា ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ត្រូវ​ត្រៀម​ផ្តល់​ការ​អនុញ្ញាត​ដល់​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​និង​បាតុកម្ម​ប្រឆាំង។​

ក៏​ប៉ុន្តែ​លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ មក​ទល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ផ្តោត​អារម្មណ៍​លើ​ការ​ចរចា​ដោយ​សន្តិវិធី​ ជា​ជាង​បាតុកម្ម។​ តែ​លោក​បញ្ជាក់​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​ប្រជារាស្ត្រ​មិន​គួរ​ត្រូវ​មាន​ការ​រំខាន​ទេ។​

«ធ្វើ​បាតុកម្ម​គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។​ តែ​បាតុកម្ម​ទាំង​ឡាយ​ណា​ទៅ​រំខាន​គេ ​ទៅ​ប្រព្រឹត្ត​ហិង្សា​ទៅ​លើ​បាតុកម្ម​ម្ខាង​ទៀត ​អាហ្នឹង​គឺ​ជា​ទង្វើ​ខុស​ច្បាប់។​ បើ​សិន​ជា​គាត់​ពិត​ជា​មាន​ចេតនា​ល្អ​ក្នុង​ការ​ធ្វើ​បាតុកម្ម​សម្តែងមតិ​ក៏​ពិត​មែន​ គាត់​មិន​ ត្រូវ​បញ្ជូន​កម្លាំង​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ សមាជិក​គណបក្ស​ប្រជាជន ​ឬ​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។​ បើ​គេ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ អា​ហ្នឹង​ជា​ទង្វើ​ខុស​ច្បាប់»។​

ដោយ​ស្វាគមន៍ចំពោះ​ការ​ដកចេញ​បំរាម​ធ្វើ​បាតុកម្ម​របស់​រដ្ឋាភិបាល​នោះ​ លោក​អំ សំអាត ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​អះអាង​ថា ​បាតុកម្ម​ជា​សិទ្ធិ​គណបក្ស​នយោបាយ​ និង​អ្នកគាំទ្រ​ ដែល​ត្រូវ​ធ្វើ​ដោយ​សន្តិវិធី​ ហើយ​គ្មាន​ការ​រំខាន​គ្នា​ ហើយ​អាជ្ញាធរ​ត្រូវតែ​អព្យាក្រិត្យ​ ​ហើយ​ត្រូវតែ​ការពារ​សុវត្ថិភាព​សម្រាប់​បាតុករ​ទាំង​អស់​គ្នា។​

«បើសិន​ជា​មាន​ការ​ប្រមូល​ផ្តុំ​រវាង​គណបក្ស​ អ្នកគាំទ្រ​គណបក្ស​មែនគឺ​សុំ​ឲ្យ​ មាន​ការ​កើត​ឡើង​ដោយ​ឆន្ទៈ​ កុំ​ឲ្យ​កើតឡើង​ដោយ​សារ​ការ​ញុះញង់​ ការ​ប្រមូល​ផ្តុំ​ដោយ​ការ​ជួល ​ការ​ទិញ​ណាមួយ​កើតឡើង​ ហើយ​ការ​ជួបជុំ​និង​ការ​ប្រមូល​ផ្តុំ​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្តិវិធី ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់ ​ឬ​រំខាន​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ជាពិសេស​ត្រូវ​បញ្ជៀស​ឲ្យ​បាន​នូវ​អំពើ​ហិង្សា»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ មាន​ការ​រំខាន​បាតុកម្ម​គណបក្ស​ជំទាស់​យ៉ាង​ច្រើន​កន្លែង​កន្លង​មក ​នៅពេល​ពួក​គេ​ធ្វើការ​ជួប​ប្រជុំ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​និង​ តាម​បណ្តា​ខេត្ត​នានា​ដើម្បី​សម្តែងមតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ទាមទារ​សិទ្ធិ​និងបញ្ចេញ​មតិ។​ ការ​រំខាន​នេះ​ត្រូវគេ​ដឹង​ថា​ មាន​ការ​កើត​ឡើង​ស្រដៀង​គ្នា​ទៅ​នឹង​ បាតុកម្ម​របស់​កម្មករ​ សកម្មជន​ដីធ្លី ​ជន​រងគ្រោះ​ពីការ​រំលោភ​បំពាន​ដីធ្លី​និង ពលរដ្ឋ​ផ្សេងៗ​ទៀត​ជា​ដើម។​

គណបក្ស​នយោបាយ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​កំពុង​ធ្វើការ​ចរចា​គ្នា​ដើម្បី​បញ្ជៀស​ការ​ជាប់​គាំង​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។ ​គណបក្ស​ទាំង​ពីរ​មាន​ការ​សាក​កម្លាំង​គ្នា​តាមផ្លូវ​បាតុកម្ម ​ផ្លូវតុលាការ​ និងនយោបាយ ​ហើយ​បាន​ជាប់​គាំង​មួយ​រយៈពេល​ នៅពេល​លក្ខខណ្ឌ​ពួកគេ​ទាមទារ​មិនត្រូវ​រ៉ូវគ្នា។​ តែ​គណបក្ស​ទាំង​ពីរ​បាន​ចាប់ផ្តើម​ចរចា​គ្នា​ឡើងវិញ​ កាលពី​សប្តាហ៍​មុន​ ហើយ​នឹង​ដាក់​ការ​ចរចា​គ្នា​បន្ត​ទៀត​នៅដើម​ខែ​មិនា​ខាងមុខ​នេះ​លើ​លក្ខខណ្ឌ​នានា​របស់​គណបក្ស​ទាំងពីរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG