ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ក្រុង​សេអ៊ូល


កម្មករ​ខ្មែរ​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូង​​ស្វាគមន៍​លោក កឹម សុខា នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៣ ដើម្បី​គៀងគង​ការ​គាំទ្រ​នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា។ (រូបថត៖ ទូច វិបុល)
កម្មករ​ខ្មែរ​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូង​​ស្វាគមន៍​លោក កឹម សុខា នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៣ ដើម្បី​គៀងគង​ការ​គាំទ្រ​នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា។ (រូបថត៖ ទូច វិបុល)
ក្រុម​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ប្រឆាំង​នឹង​ការ​បង្រ្កាប​ផ្តាច់ផ្តិល​ជីវិត​លើ​កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​ក្រុម​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា។​ ក្រុម​ពលករ​ទាំង​នោះ​នឹង​ដាក់​ញតិ្ត​ទៅ​កាន់​រដ្ឋាភិបាល​និង​អង្គការ​អន្តរជាតិ​នានា​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នោះ​ផង​ដែរ។​

ពលករ​ខ្មែរ​ប្រមាណ​១.០០០​នាក់​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​សេអ៊ូល​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បង្ក្រាប​កម្មករ​រោងចក្រ​ក្នុងប្រទេស​កម្ពុជា​ ដោយ​ថែម​ទាំង​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ និង​ស៊ើប អង្កេត​ចំពោះ​អំពើ​ហិង្សា​នោះ​ផង​ដែរ។​ នេះជា​ការ​អះអាង​របស់​លោក​យឹម ស៊ីណន​ អ្នក​រៀបចំ​បាតុកម្ម​ម្នាក់ ​និង​ជា​តំណាង​កម្មករ​ម្នាក់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ ត្បូង​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

«សម្រាប់ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ ​ក្នុង​ក្រុង​សេអ៊ូលនៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​នេះ​គឺ​គោល​បំណង​របស់​កម្មករ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទាំងអស់​គឺ​គាត់​មាន​បំណង​ចង់​ធ្វើ​បាតុកម្ម​អហិង្សា​មួយ​ដើម្បី​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើការ​ស៊ើប​អង្កេត​និង​ទទួល​ខុស​ត្រូវ​ទៅ​លើ​បញ្ហា​ដែល​បាន​កើត​ឡើង​នូវ​ការ​បាញ់​បង្ក្រាប​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទៅ​លើ​កម្មករ​ដែល​គ្រាន់តែ​ទាមទារ​ប្រាក់​ខែ​១៦០​ដុល្លារ​នោះ»។​

ក្រៅ​ពី​ដាក់ញត្តិ​ជូនដល់​រដ្ឋាភិបាល​ ក្រុម​ពលករ​នឹង​ដាក់​ញតិ្ត​ទៅ​អង្គការ​ពលកម្ម​ អន្តរជាតិ​ដើម្បី​ឲ្យ​ដឹង​ថា​ មាន​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ និង​ដាក់​ញតិ្ត​ឲ្យ​មាន​ការស៊ើប​អង្កេត​លើ​អំពើ​ពុករលួយ​ក្នុង​ស្ថានទូត​ខ្មែរ​ក្នុង​ ប្រទេស​កូរ៉េ​ខាង​ត្បូង។​

គ្មាន​ការ​ចាប់​ខ្លួន​អ្នក​បាញ់​សម្លាប់​កម្មករ​ទាំង​នោះ​ទេ​ តែក្រុម​មេដឹកនាំ​គណបក្ស​ ជំទាស់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដោយ​សង្ស័យ​ថា ​ជា​អ្នក​ញុះញង់​ឲ្យ​មាន​អំពើ​ ហិង្សា។​ គណបក្ស​ជំទាស់​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ ហើយ​ប្តេជា្ញ​ថា ​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៤​មករា។​

កម្មករ​រោង​ចក្រ​យ៉ាងតិច​ប្រាំនាក់​ត្រូវ​ក្រុម​អាជ្ញាធរ​បាញ់​សម្លាប់ ៤០​នាក់​រងរបួស​ និង​យ៉ាង​តិច​១៦​នាក់​ត្រូវ​ចាប់​ឃុំខ្លួន ​ក្នុង​ពេល​ដែល​កង​យោធា​ និង​អាជ្ញាធរ​កម្ពុជា​បាន​បង្រ្កាប​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ នៅ​ពេល​ពួកគេ​កំពុង​ទាមទារ​ដោយ​អហិង្សា​សុំ​ឲ្យ​មាន​ការ​ដំឡើងប្រាក់​ខែ​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ស.រ.អា.។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ ដែល​វីអូអេ​ទទួល​បាន​ បានបញ្ជាក់​ថា​ ពួក​គេ​មិន​អាច​បិទ​ភ្នែក​មើល​ការ​រំលោភ​សិទ្ធិ​កម្មករ​និង​សិទ្ធិ​មនុស្ស​បាន​ទេ។​ សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ចូល​រួម​បាតុកម្ម​ឲ្យ​បាន​ច្រើន។​ ក្រុមអ្នក​រៀបចំ​បាតុកម្ម​បាន​និយាយ​ថា ​បាតុកម្ម​របស់​ពលករ​ខ្មែរ​នេះ​ក៏​នឹង​ត្រូវ​ចូល​រួម​ដោយ​សហព័ន្ធ​សហជីព​កូរ៉េ​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កម្ពុជា​លើ​កម្មករ​ខ្មែរ​ផង​ដែរ។​

ក្រុម​ពលរដ្ឋ​ខ្មែរ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​ស៊ៀអាថល​ រដ្ឋ​វ៉ាស៊ីនតោន​ ក៏​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ ដើម្បី​ប្រឆាំង​នឹង​ការ​បង្ក្រាប​ដោយ​ ហិង្សា​លើ​កម្មករ​ខ្មែរ​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG