ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ៊ូ វីរៈ៖ កម្ពុជា​ដើរ​ថយ​ក្រោយ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ

  • ម៉ែន គឹមសេង

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «អ្វី​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ជា​ជំហាន​មួយ​ដើរ​ថយ​ក្រោយ​ដ៏​ធំ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ»។

វ៉ាស៊ីនតោន/ភ្នំពេញ៖ ប្រទេស​កម្ពុជា​បាន​បើក​ទំព័រ​ថ្មី​ក្នុងឆ្នាំ​២០១៤​ដោយ​ភាពខ្មៅ​ងងឹត​មួយ​សម្រាប់​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ដោយ​សារ​តែ​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ឃោរឃៅ​មក​លើ​កម្មករ​រោងចក្រ​ដែល​បាន​ទាមទារ​ឱ្យ​មាន​ការ​ដំឡើង​បា្រក់​ខែ​និង​ការ​បណ្តេញបាតុករ​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សកម្មជន​សិទ្ធិ​មនុស្ស។​

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «អ្វី​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ជា​ជំហាន​មួយ​ដើរ​ថយ​ក្រោយ​ដ៏​ធំ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ការ​វិវត្តន៍​នេះ​គឺ​ជា​ការ​វិវត្តន៍​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ»។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្រ្កាប​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ច​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣​ខែ​មករា​និង​បង្ក​ឱ្យ​មនុស្ស​ជិត​៤០​នាក់រងរបួស​ដោយសារ​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើប្រាស់​អាវុធ​ធុន​ស្វ័យប្រវត្តិ​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ។​

ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​និង​ក្រុម​កម្មករ​ដែល​ចង់​បាន​ប្រាក់​បៀវត្សរ៍​១៦០​ដុល្លារ​បាន​ពុះ​កញ្ជ្រោល​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​យក​លទ្ធផល​ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ដែល​ផ្តល់​ជ័យ​ជម្នះ​យ៉ាង​ប្រផិត​ប្រផើយ​ទៅ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

លោក ​អ៊ូ វីរៈ​ បាន​បន្ថែម​ថា​ ច្រក​នៃ​ការ​ចរចា​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ៖ «ដរាប​ណា​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​បាន​ គឺ​យើង​ទុក​ឱកាស​ឱ្យ​មាន​អំពើ​ហិង្សា​នេះ​កាន់តែ​ច្រើន​ឡើង​ហើយ​ អញ្ចឹង​ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា ​ជា​ប្រទេស​មួយ​ដែល​អាច​ប្រេះឆា​បាន​គឺ​ជា​ការ​ព្រួយ​បារម្ភ​ដែល​ខ្ញុំ​តែងតែ​បាន​ព្យាយាម​ក្នុង​ការ​ជំរុញ​ដើម្បី​បញ្ចៀស​ហើយ​ខ្ញុំ​នៅ​តែ​យល់​ថា​គណបក្ស​ទាំង​ពីរ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​តុ​ចរចា​ឱ្យ​បាន​លឿន​ដោយ​គ្មាន​លក្ខខណ្ឌ​ហើយ​គួរ​បន្ត​ជជែក​គ្នា​ជា​ជាង​ជជែក​បាន​បន្តិច​ហើយ​ឈប់​ពីរ​បី​ខែ​បែប​នេះ»។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​បណ្តេញ​បាតុករ​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​សៅរ៍ ​គណបក្ស​កាន់​អំណាច​បាន​ប្រកាស​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​គ្នា​ឡើង​វិញ។​

លោក​ឈាង វ៉ុន សមាជិក​សភា​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​បញ្ជាក់​បន្ថែម​ពី​ជំហរ​របស់​គណបក្ស​លោក​និង​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា​កន្លង​មក​លើគណបក្ស​ប្រឆាំង។​

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មាន​ការ​សោកស្តាយ​ចំពោះ​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​បងប្អូន​ខ្មែរ​យើង។ គណបក្ស​សង្គ្រោះ​ជាតិ​ជាពិសេស​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​រូប​គឺ​ឯកឧត្តម​សម រង្ស៊ី និង​ ឯកឧត្តម​កឹម សុខា​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​ហ្នឹង​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​គិត​ថា​យើង​គ្មាន​ដំណោះស្រាយ​អ្វី​ក្រៅ​ពី​ការ​ចរចា​គ្នា​ទេ។​ ខ្ញុំ​បញ្ជាក់​ឡើង​វិញ​ថា​ មាន​តែ​ការ​ចរចា​គ្នា​អង្គុយ​មក​ជជែក​គ្នា​ធ្វើ​ការ​ជាមួយ​គ្នា​រក​ដំណោះស្រាយ​ជាមួយ​គ្នា»។

លោក​ ឈាង វ៉ុន ​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិនបើ​គណបក្ស​សង្គ្រោះជាតិ​នៅ តែ​ពង្រឹង​កម្លាំង​យក​អំណាច​ពលរដ្ឋ​យក​មក​ចង់​គាប​សង្កត់​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ញុំ​ឃើញ​ថា​ទៅ មិន​រួច​ទេ»។​

យ៉ាង​ណា​ក៏​ដោយ​លោ​កអ៊ូ វីរៈ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ហើយ​ទើ​បហៅ​ឱ្យមាន​ការចរចាគ្នា។​

លោក​ពន្យល់​ថា៖ «បេះដូង​កំពុង​តែ​ហ៊ាន​វា​អាច​នឹង​បាត់​ទៅវិញ​ហើយ​នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ»។

លោក​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​យក​ក​ងកម្លាំង​យោធាជាពិសេស​កងទ័ព​ពិសេស​៩១១​មក​បង្រ្កាប​លើ​ក្រុម​កម្មករ​ដែល​តវ៉ា​ដោយ​សារ​វា​មិន​ត្រូវ​ភារកិច្ច​ក្នុង​ការ​ដោះស្រាយ​កិច្ច​ការ​ជន​ស៊ីវិល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG