ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ផ្អាក​បាតុកម្ម​តាម​ផ្លួវ ​តែ​បន្តនៅ​ទីលាន​ប្រជាធិបតេយ្យ


ប៉ូលិស​ដាក់លួសបន្លាបិទផ្លួវបាតុករ (រូបថតថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣)
ប៉ូលិស​ដាក់លួសបន្លាបិទផ្លួវបាតុករ (រូបថតថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣)
គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ផ្អាក​ការ​ដើរ​ហែក្បួន​នៅ​តាម​ផ្លូវ​សាធារណៈ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ ក៏ប៉ុន្តែ​បាន​អំពាវ​នាវ​ឲ្យប្រជាពលរដ្ឋ​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ជារៀង​រាល់​ថ្ងៃ​វិញ និង​បាន​ប្រកាស​ដើរ​ហែក្បួន​លក្ខណៈទ្រង់​ទ្រាយ​ធំ​ជារៀង​រាល់​ថ្ងៃ​អាទិត្យ​ខាង​មុខនេះ។​

មាន​ក្រុម​បាតុករ​ជាច្រើន​រាប់​ពាន់​នាក់​បាន​មក​ចូល​រួម​ស្តាប់​សេចក្តី​ថ្លែង​ការណ៍របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ និង​លោកសម រង្ស៊ី។ ​ក៏​ប៉ុន្តែ​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​មិន​មាន​វត្តមាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ។

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រកាស​ប្រាប់​ក្រុម​បាតុករ​ថា ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​សៅរ៍​ការជួប​ប្រជុំ​របស់​ក្រុម​បាតុករ​នឹង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល​ តែមិន​ដើរ​ហែក្បួន​ទេ។ លោកបាន​ប្រកាស​ថា ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ គណបក្ស​សង្គ្រោះជាតិ​នឹង​ដើរ​ហែក្បួន​ដោយ​សន្តិវិធី​លក្ខណៈទ្រង់​ទ្រាយ​ធំ​ជាងពេល​មុនៗ​ដើម្បី​ទាមទារ​ឲ្យបោះឆ្នោត​ឡើង​វិញ​ និង​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​បច្ចុប្បន្ន​ចេញ។

លោក​និយាយ​ថា៖​ «យើង​ រាល់​ថ្ងៃ​យើង​ជួប​ជុំគ្នា​ពី​ម៉ោង​បួន​កន្លះ​ទៅ​ដល់​ម៉ោង​៦​គឺ​ម៉ោង​ហ្នឹង​គឺ​ខ្មែរ​អ្នក​ស្នេហាជាតិ​ ខ្មែរ​ដែល​ចង់​សង្គ្រោះជាតិ​ទាំង​អស់​គ្នា​ដែល​តំណាង​ខ្មែរ​ទាំង​អស់​នោះ ​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយសន្តិវិធី​ និង​បាន​ដើរ​ហែក្បួន​តាម​ផ្លូវ​សាធារណៈ​នានា​រយៈ​ពេល​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។ ក្រោយ​មក​បាន​ប្រកាស​ផ្អាក​ដើរ​ហែ​ក្បួន​តាមផ្លូវ​ក្នុង​ទី​ក្រុង​ភ្នំពេញ​មក​ធ្វើ​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។​

ចំនួន​មនុស្ស​ដែល​បាន​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មកបាន​កើន​ឡើង​ជារៀង​រាល់​ថ្ងៃ​រហូត​ដល់​ជិត​មួយ​លាន​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកសម រង្ស៊ី។​

ក្រុម​បាតុករ​ខ្លះ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ខេត្ត​របស់​ខ្លួន​វិញ​ ក៏ប៉ុន្តែ​នៅ​មាន​បាតុករ​ជាច្រើន​បាន​បន្ត​ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ចូល​រួម​មហា​បាតុកម្ម​នៅ​នឹង​កន្លែង​របស់​គណបក្ស​សង្គ្រោះជាតិ។​

កំពុង​អង្គុយ​ជជែក​គ្នា​នៅ​ក្រោម​សំពត់តង់​កៅ​ស៊ូមួយកណ្តាល​ទីលាន​ប្រជាធិបតេយ្យ។​ ​កញ្ញាស្រី​ ស្រស់​ អាយុ​២៣​ឆ្នាំ​ ជាកម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ បាន​និយាយ​ថា កញ្ញាមិន​ចង់​ឲ្យគណបក្ស​សង្គ្រោះជាតិ​ផ្អាក​ដើរ​ហែក្បួន​ទេ។​ កញ្ញា​បាន​និយាយ​ថា​ យើងចង់​ឲ្យដើរ​ហែក្បួន​ជារៀង​រាល់​ថ្ងៃ​រហូត​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ចុះ​ចេញ​ពី​មុខ​តំណែង។​

កញ្ញា​រូប​នោះ​និយាយ​ថា៖​«ចង់​ឲ្យដើរ​ ឲ្យឃើញ​ថា ​កម្លាំងប្រជារាស្ត្រ​ ប្រទេស​ខ្មែរ​ចង់​ឲ្យហ៊ុន​ សែន​ចុះ​ចេញ»។​

ការ​ប្រកាស​ដើរ​ហែក្បួន​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​កើត​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​រៀប​ចំសន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​នេះ​ ដោយ​បង្ហាញ​ពី​ឆន្ទៈ​ចង់​ចូល​រួម​តុចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បញ្ជៀស​វិបត្តិ​មហា​បាតុកម្ម។

ក្រោយ​ពី​បញ្ចប់​ការ​ថ្លែង​សារ​របស់​លោក​ទៅ​ក្រុម​បាតុករ​ លោកសម រង្ស៊ី​បាន​ផ្តល់​បទ​សម្ភាសន៍ជាមួយ​ក្រុម​អ្នក​កាសែត​ថា ​គណបក្ស​របស់​លោក​នៅ​តែ​បើក​ចំហ​សម្រាប់​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ តែ​ត្រូវ​ឈរ​លើ​ការ​ទាមទារ​ឲ្យបោះ​ឆ្នោត​ឡើង​វិញ។​

លោកសម រង្ស៊ី​មិន​បាន​កំណត់​ថា ​តើ​ការចរចា​រវាង​គណបក្ស​គូជម្លោះ​ទាំង​ពីរ​ ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ។

លោក​និយាយ​ថា៖​«អាច​មើល​រឿង​សន្តិសុខ​ រឿង​ស្អី​ហ្នឹង​ យើង​សហ​ការណ៍គ្នា​ ជាមួយ​ឡុង រី​ ជាមួយ​ហូរ វ៉ាន់។ ​ដូច​ខ្ញុំ​និយាយ​អំបាញ់​មិញ​នៅ​លើ​ឆាក​គឺ​គ្រប់​កម្រិត​ យើង​រក្សា​ទំនាក់​ទំនង​គ្នា​ដើម្បី​ចៀស​វាង​អំពើ​ហិង្សា»។​

លោកឈាង វ៉ុន​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯមន្ទីរ​រដ្ឋសភា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បាន​ឲ្យមាន​ការ​ចរចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​ ហើយ​បើ​សិន​ជា​យើង​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ដោយ​ការ​ចរចា​គ្នា ​ហើយ​ដំណើរ​ការរលូន​ល្អ​ ​នេះ​គឺជា​ការ​ដូរ​ធំ​ណាស់​សម្រាប់​ប្រជា​ពលរដ្ឋ៕
XS
SM
MD
LG