ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ និង​ លោក Pompeo​ ពិភាក្សា​តាម​ទូរស័ព្ទ​ ​ពី​បញ្ហា​វីរុស​កូរ៉ូណា ​អធិបតេយ្យជាតិ ​និង​សេរីភាព​បញ្ចេញ​មតិ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក ​លោក ​Mike Pompeo​ បាន​ទូរស័ព្ទ​ពិភាក្សា​គ្នា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដោយ​ថ្លែង​អំណរគុណគ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ចូល​រួម​ជួយ​គ្នា​ក្នុងការ​ទប់​ស្កាត់ការ​រាត​ត្បាតវីរុស​កូរ៉ូណា​ ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គោរពអធិបតេយ្យ​ជាតិ ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។​

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​ លោក​ Pompeo ​បាន​អរគុណ​កម្ពុជា​ចំពោះ​ការ​ជួយ​សង្រ្គោះ​អ្នក​ធ្វើ​ដំណើរ​លើ​នាវា​កម្សាន្ត​ Westerdam ​ដែល​មានជនជាតិ​អាមេរិក​ដល់​ទៅ​ជាង​៦០០​នាក់​ ហើយ​លោក ហ៊ុន សែន​ ក៏​អរគុណ​អាមេរិកវិញ​ចំពោះជំនួយ​ និង​កិច្ចសហការ​ពី​សំណាក់​អ្នក​ជំនាញ​ការ​នៃ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​អាមេរិក ​ក៏​ដូច​ជា​ជំនួយ​ទឹក​ប្រាក់​២​លាន​ដុល្លារ​របស់​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​

ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា រដ្ឋមន្រ្តី​ការបរទេស​អាមេរិកបាន​ស្វាគមន៍​«សេចក្តីថ្លែង​ការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​អធិបតេយ្យ​ជាតិ» ​គាំទ្រ​គ្រប់​ទម្រង់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​របស់​ ASEAN ហើយ​បញ្ជាក់​ពី​«សារៈសំខាន់​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​ ទោះ​បី​មតិ​នោះ​ខុស​គ្នា​ក៏​ដោយ»។​

បើ​តាម​ក្រសួង​ការបរទេស ​ លោក​ ហ៊ុន សែន ​ក៏​បាន​ផ្តាំ​ផ្ញើ​«ការ​គាំទ្រ»​របស់​លោក​ចំពោះ​លោក​ប្រធានា​ធិបតី​ Donald Trump ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។ ​ លោក​ ហ៊ុន សែន​ ក៏​បាន​អញ្ជើញ​ លោក​ Pompeo​ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ក្នុង​ពេលវេលា​សមស្រប​ណាមួយ។​

លោកស្រី​ Emily Zeeberg ​ អ្នកនាំ​ពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ឆ្នាំ​នេះជា​ខួប​៧០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​កា​រទូត​រវាង​ប្រទេស​ទាំងពីរ ​ហើយ​ លោក​ Pompeo ​និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ទទួល​ស្គាល់​នូវ​ទំនាក់​ទំនង​ជាដៃ​គូ​ទ្វេភាគីយូរ​អង្វែង​នេះ។​ លោកស្រី​បញ្ជាក់​ថា​ ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​ អាមេរិក​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាង​២ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា។​

លោកស្រីមាន​ប្រសាសន៍​តាម​សារ​អេឡិច​ត្រូនិក​ ឬ​អ៊ីម៉ែល​ថា៖

«រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ លោក​ Pompeo​ បាន​សង្កត់ធ្ងន់​អំពី​ការ​ប្តេជ្ញា​របស់​អាមេរិក​ក្នុង​ការ​ជួយ​កម្ពុជា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។ ​ លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ ជំនួយ​ជាង​២លាន​ដុល្លារ​ ដែល​ជា​ជំនួយ​ថ្មី​បន្ថែម​ ដើម្បី​ដោះស្រាយ​ជំងឺ​រាតត្បាត​ក្នុង​ប្រទេស​កម្ពុជា​ បន្ថែម​លើការគាំទ្រ​យូរ​មក​ហើយ​ពី​មជ្ឈមណ្ឌល​បង្ការ ​និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​អាមេរិក​ និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​ និង ​USAID ​នឹង​ជួយ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​រាតត្បាត»។​

លោកស្រី​បន្ត​ថា​ ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ និង​លោក ​ហ៊ុន សែន​ «ក៏​បាន​ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​ ក៏ដូច​ជា​មធ្យោបាយ​ដើម្បី​ពង្រឹង​អភិបាល​កិច្ច​តាម​បែប​ប្រជា​ធិបតេយ្យ​ ដោយ​បញ្ចូល​ទាំង​សារៈ​សំខាន់​នៃ​សេរីភាព​ប​ញ្ចេញ​មតិ​ ជាពិសេស​អំឡុង​ពេល​នេះ​ នៅ​ពេល​ដែល​ត្រូវ​ការ​សំឡេង​ទាំង​អស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នេះ»។

កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​បាន​ថ្លែង​សរសើរ​ និង​គាំទ្រ​ប្រទេស​ចិន​ក្នុង​ការ​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​នេះ ​ ប៉ុន្តែ​លោកបាន​រិះគន់​ប្រទេស​ដែល​លោក​ថា​ ​មាន​អភិបាលកិច្ច​មិន​ល្អ ​តែ​ប្រទេស​នោះ«បណ្តែត​បណ្តោយ»​ឲ្យមាន​ប្រជាជន​ស្លាប់​ច្រើន​ដោយ​សារ​វីរុស​នេះ។​

កាល​ពី​ថ្ងៃ​អង្គារ ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ ​ លោក ហ៊ុន សែន ​បាន​ថ្លែង​ថា៖​

«ឥឡូវ​ខ្មែរ​យើង​ដែល​ស្លាប់​នៅ​ប្រទេស​ក្រៅ ​ ខ្ញុំ​សូម​សម្តែង​នូវ​មរណទុក្ខ​ជាមួយ​នឹង​បង​ប្អូន​កម្ពុជា​ ដែល​រស់​នៅ​សហ​រដ្ឋ​អាមេរិក ​រស់​នៅ​ប្រទេស​ក្រៅ ​ដែល​កំពុង​មាន​ការ​ភ័យ​ខ្លាច​ និង​ត្អូញ​ត្អែរ​អំពី​ប្រព័ន្ធការពារ​សុខភាព​នៅ​ទី​នោះ ​ ហើយ​ផ្ញើ​សារ​ជា​បន្ត​បន្ទាប់ ​ចូល​មក​ក្នុង​ប្រទេស​បង្ហាញ​ការ​ព្រួយ​បារម្ភ ​ ហើយ​មាន​អ្នក​ខ្លះ​ចង់​មក​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ ​ដោយ​ឃើញ​ថា​ ​ស្រុក​ខ្មែរ​មាន​អ្នក​ជំងឺ​តិច»។​

ត្រង់​ចំណុច​នេះ ​ លោកស្រី​ Emily Zeeberg​ អ្នក​នាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA​ នោះ​ទេ។​

ទំនាក់​ទំនង​កម្ពុជា ​និង​អាមេរិក​មានភាពមិនល្អ​ប្រសើរ​នោះ​ទេ​ ខណៈ​កម្ពុជា ​និង​ចិន​បាន​ខិត​ជិត​គ្នា​ថែម​ទៀត​រហូត​ដល់​ក្លាយ​ជា​«មិត្ត​ដែក​ថែប» ​និង​ការ​បន្ត​សមយុទ្ធ​យោធា​ជាមួយ​គ្នា ​ ទោះ​ក្នុង​ស្ថានភាព​នៃ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា​ក៏​ដោយ។ ​កង​ទ័ព​ជើង​គោក​កម្ពុជា ​និង​ចិន​បាន​ធ្វើលំហាត់​ហ្វឹកហ្វឺន«សមយុទ្ធ​នាគ​មាស​២០២០» ​ដែល​ប្រើ​ប្រាស់​កង​កម្លាំង​ទាំង​ពីរ​ប្រទេស​ប្រមាណ​៣​ពាន់​នាក់ ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​ ដល់​ចុង​ខែ​មីនា។

ចំណែក​ទំនាក់ទំនង​យោធា​ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​សហ​រដ្ឋអាមេរិក​ ​បាន​ជួប​ភាព​រកាំរកូស​ ​ខណៈ​លំហាត់​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​ផ្អាក​តាំង​ពី​ឆ្នាំ២០១៧។​ ​

កាល​ពី​ថ្ងៃ​អង្គារ ​លោក ហ៊ុន សែន ​បាន​ឆ្លើយ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ VOA​ ថា កម្ពុជា​ស្វាគមន៍​សមយុទ្ធ​ទាំង​អស់​ជាមួយ​អាមេរិក។​

លោក​បន្ត​ថា៖

«ឥឡូវ​សូម​អញ្ជើញ​មក! ​ចង់​ធ្វើ​សមយុទ្ធ​អី? ​ឲ្យ​អាមេរិក​លើក​សំណើ​មក។​ ពេល​មុន ​វា​គ្រាន់​តែ​ពេល​វេលា។​ វា​កៀក​នឹង​ការ​បោះ​ឆ្នោត។​ សមយុទ្ធ​មួយ​ណា​ក៏​មិន​ឲ្យ​ធ្វើ​ដែរ ​ តែ​ក្រោយ​មក​ ​វា​ទៅ​ជា​រឿង​ផ្សេង​ទៅ។​ ឥឡូវ​មក! ​មក! ខ្ញុំ​ស្វាគមន៍​រឿង​ធ្វើ​សមយុទ្ធ​ជាមួយ​ប្រទេស​ទាំង​អស់។ មក​ធ្វើ​ទៅ! ប៉ុន្តែ​ចេញ​លុយ​ខ្លួន​ឯង»។​

លោក​ ហ៊ុន សែន បន្ត​ថា ​ត្រូវ​មាន​ការ​កំណត់​ប្រធាន​បទ ​ដូច​ជា​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម ​និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ដើម។ លោក​មាន​ប្រសាសន៍​ថា៖

«ជា​សមយុទ្ធ​ដែល​កម្ពុជា​ចង់​ធ្វើ ​មិន​មែន​ជា​សមយុទ្ធ​សម្រាប់​ការ​វាយ​លុយ​ វាយ​ទម្លាយ​អា​នេះ​ វាយ​ទម្លុះ​អានោះ​ទេ​ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រោះ​មហន្តរាយ ​និង​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ»។​

លោក​បន្ថែម​ថា៖

«ឥឡូវ​ហ្នឹង ​ បើ​មក​ធ្វើ​សមយុទ្ធ​ទាក់ទង​ជាមួយនឹង​សង្រ្គោះ​កូវីដ ​ ដោះស្រាយ​កូវីដ​ ខ្ញុំ​ខ្លាច​កង​ទ័ព​អាមេរិក​នាំ​កូវីដ​ ចូល​ស្រុក​ខ្មែរ​វិញ​ទេ។​ ហើយ​កុំ​យក​លេស​ថា​ កម្ពុជា​ទាត់​ចោល​ជំនួយ​អាមេរិក ​លើ​វិស័យ​យោធា ​ឬ​ក៏​ឈប់​សហ​ប្រតិបត្តិការ​សម​យុទ្ធ។ ​កុំ​និយាយ​ត​ទៅ​ទៀត។ កម្ពុជា​ត្រៀម!​ មិន​មក​ធ្វើ កុំ​បន្ទោស​កម្ពុជា»។​

លោក ​មាស នី ​អ្នក​សិក្សា​ពីការ​វិវត្ត​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក ​ហ៊ុន សែន ​បាន​លើក​ពី​គោល​បំណង​ស្វាគមន៍​នៃ​ការ​ធ្វើ​សមយុទ្ធ ​ តែ​លោក​មិន​ទាន់​ដឹង​ថា​ គោល​បំណង​អ្វី​បាន​ជា​នាំ​ឲ្យ​មាន​ការ​សន្ទនា​នេះ​ទេ។ ​ប៉ុន្តែ​លោក​ថា ​នេះ​ជា​ការ​សន្ទនា​«បែប​ការទូត​ គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។​

លោក​ មាស នី ​មាន​ប្រសាសន៍​ថា​ ​ទំនាក់​ទំនាក់​កម្ពុជា​អាមេរិក​ស្ថិត​ក្នុង​ភាព​រកាំ​រកូស​ដដែល។​

លោក​បាន​ថ្លែង​ថា៖

«រឿង​មួយ​ដែល​យើង​ឃើញ​ថា​ ធ្វើ​ឲ្យ​ទំនាក់​ទំនង​អាមេរិក​ ហើយ​និង​កម្ពុជា ​នៅ​តែ​មាន​ភាព​មិន​ទាន់​បាន​ល្អូក​ល្អើន​ជាមួយ​គ្នា​ គឺ​ដោយសារ​តែ​ការ​បង្ហាញ​នូវ​ជំហរ​របស់​កម្ពុជា​ទៅ​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​ចិន​ហ្នឹង​ ហាក់​មាន​ភាព​ស៊ី​ជម្រៅ​ពេក​ បាទ»។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៩​ សហ​រដ្ឋអាមេរិក​បាន​ដាក់​ការ​សង្ស័យ​ថា ​ ​ប្រទេស​ចិន​បាន​សម្រេច​«កិច្ច​ព្រម​ព្រៀង​សម្ងាត់»​ដើម្បី​ឲ្យកងទ័ព​ជើងទឹក​របស់​ខ្លួនអាច​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​រាម​ ខេត្ត​ព្រះ​សីហនុ ​ក្នុង​ពេល​អនាគត។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​អាមេរិក​ The​ ​Wall​ ​Street​ ​Journal​ ​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ២០១៩។ ​ ការ​ចោទ​ប្រកាន់​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​កម្ពុជា​ជា​បន្ត​បន្ទាប់៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG