ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​សន្យា​ផ្តល់​​ថវិកា​ជំនួយ​ក្រៅ​ប្រទេស​បន្ថែម​ដល់​ប្រទេស​៦៤​ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​កូវីដ​១៩


មន្ត្រីសុខាភិបាលម្នាក់ស្ថិតក្នុងសម្លៀកបំពាក់តាមក្បួនវេជ្ជសាស្ត្រ ដើរបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងក្មេងលេងកម្សាន្ត ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្រកាស​ពី​ថវិកា​ជំនួយ​បន្ថែម​សម្រាប់​ប្រទេស​ចំនួន​ ៦៤ ដែល​ប្រឈម​នឹង​ហានិភ័យក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីឌ​១៩ ដោយ​សហរដ្ឋ​អាមេរិក​ក៏​ស្ថាគមន៍​នូវ​អ្វី​ដែល​ជា ​«ជំនួយ​ឥត​ចំណង»​ ពី​ប្រទេស​ផ្សេង​ទៀត ដោយ​សំឡឹង​មើល​ទៅ​ប្រទេស​ចិន។

លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រកាស​អំពី​ជំនួយ​សរុប​ ២៧៤​លាន​ដុល្លារ​នេះ​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ថវិកា​ចំនួន ២៧៤​លាន​ដុល្លារ ​ដែលត្រូវ​ប្រកាស​នេះ ជា​ជំនួយ​ក្រៅ​ប្រទេស​រួម​មាន​ថវិកា​ចំនួន ​១០០​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ និង​ជំនួយ​ថ្មី​ ១១០​លាន​ដុល្លារ ជា​ជំនួយ​គ្រា​មានគ្រោះ​មហន្តរាយ​អន្តរជាតិ និង​ជំនួយ​ ៦៤​លាន​ដុល្លារ ​ជា​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន UNHCR ដើម្បី​ជួយ​ស្ថាប័ន​នេះ​អាច​ចាត់​វិធានការ​ទប់​នឹង​មេរោគ​រាតត្បាត​ជា​សាកល​នេះ​ និង​ការពារ​ក្រុង​ជន​ដែល​ងាយ​រង​គ្រោះ​បំផុត។

ក្នុង​ចំណោម​ប្រទេស​ទាំង​៦៤​ ដែល​នឹង​ទទួល​បាន​ជំនួយ​នេះ​មាន​ប្រទេស​ដែល​អាច​រង​គ្រោះ​បំផុត ​ដូច​ជា អាហ្វហ្គានិស្ថាន អង់ហ្គោឡា អ៊ីរ៉ាក់ កាហ្សាក់ស្ថាន កេនយ៉ា ហ្សំប៊ី​ ហ្សីមបាវ៉េ ជា​ដើម ហើយ​នៅ​អាស៊ី​អាគ្នេយ៍​រូម​មាន​កម្ពុជា ឡាវ ឥណ្ឌូណេស៊ី​ ហ្វីលីពីន ភូមា ថៃ និង​វៀតណាម​ ជា​ដើម នេះ​បើ​តាមការ​ថ្លែង​របស់​អនុប្រធាន​ទីភ្នាក់ងារ​ជំនួយ​ក្រៅ​ប្រទេស​អាមេរិក លោកស្រី Bonnie Glick កាល​ពី​ថ្ងៃ​ព្រហ្បតិ៍។​

ការ​សន្យា​ផ្តល់​ជំនួយ​ថ្មី​របស់​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​នេះ កើត​មាន​ឡើង​ ក្រោយ​ពី​ប្រទេស​ចិន​បាន​បង្កើន​ជំនួយ​របស់​ខ្លួន រួម​ទាំង​ការ​បញ្ជូនសម្ភារៈ​សុខភាបាល គ្រូពេទ្យ​និង​អ្នក​ជំនាញ ​ទៅ​កាន់​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ រួម​ទាំង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ផង​ដែរ​ ដូច​ជា​អ៊ីតាលី​និង​អេស្ប៉ាញ​ ដែល​បាន​ស្វាគមន៍​ជំនួយ​របស់​ចិន​នេះ។​

កាល​ពី​ថ្ងៃពុធ ​ប្រធានាធិបតី​ចិន លោក Xi Jinping បាន​ថ្លែង​ប្រាប់​អធិការបតី​អាល្លឺម៉ង Angela Merkel តាម​ទូរស័ព្ទ​ថា ប្រទេស​ចិន​ត្រៀមខ្លួន​នឹង​ចែករំលែក​ «បទពិសោធន៍​អំពី​ការ​គ្រប់គ្រង​និង​ព្យាបាល​ជំងឺ​កូវីដ១៩ ហើយ​ចង់​សហការ​ជាមួយ​អាល្លឺម៉ង​ក្នុង​ការ​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង»។

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ផ្នែក​សុខាភិបាល ​និង​មនុស្ស​ធម៌​ក្នុង​ពិភពលោក ដោយរួម​ចំណែក​ថវិកា​ប្រមាណ ​៤០% នៃ​ជំនួយ​ខាង​សុខាភិបាល​ក្នុង​ពិភពលោក​ក្នុង​មួយ​ឆ្នាំៗ។

កាល​ពី​ថ្ងៃព្រហ្បតិ៍​ដែរ សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ប្រទេសមាន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ច្រើន​ជាង​គេ​ ដោយ​បាន​កើន​ចំនួន​លើស​ប្រទេស​ចិន​ និង​អ៊ីតាលី៕

XS
SM
MD
LG