ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ NDI ប្ដេជ្ញា​វិល​ត្រឡប់ បើ​កម្ពុជា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ


រូបឯកសារ៖ មន្រ្តីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) បង្ហាញ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវ​បាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​បោះឆ្នោត​ឲ្យ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ មន្រ្តីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) បង្ហាញ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវ​បាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​បោះឆ្នោត​ឲ្យ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ថ្នាក់​ដឹកនាំ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (National Democratic Institute) ​ឬ​ហៅ​កាត់​ថា​ NDI បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​នេះ នឹង​វិលត្រឡប់​ទៅ​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​វិញ ដើម្បី​ជួយ​អភិវឌ្ឍផ្នែក​ប្រជាធិបតេយ្យ បើ​កម្ពុជា​ពិត​ជា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​មែន​នោះ។

លោក Derek Mitchell​ ប្រធាន​អង្គការ​ NDI​ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វីអូអេ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា ​ឆ្នាំ​២០២០​ ក្រោយ​ពី​លោក​បានថ្លែង​ក្នុង​វេទិកា​ពិភាក្សា​សាធារណៈ​មួយ​ ដែល​រៀបចំឡើង​នៅ​ឯ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

«‍យើង​វិល​ត្រឡប់​ទៅ​វិញ តែ​ប្រសិន​បើ​មាន​លំហ​ដែល​យើង​អាច​ធ្វើ​ការងារ​របស់​យើង​បាន។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​ជាមួយ​ភាគី​នានា​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ស្មើ​ភាព​គ្នា ពោល​គឺ​នរណា​ក៏​ដោយ​ ដែល​ប្ដេជ្ញា​ចិត្ត​ចំពោះការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ។ យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ដូច្នេះ»។

វិទ្យាស្ថាន​ NDI ​ប្រចាំ​ប្រទេស​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​លែង​ឱ្យ​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថែម​ទាំង​បណ្ដេញ​បុគ្គលិក​បរទេស​នៃ​អង្គការ​នេះ ចេញ​ពី​ប្រទេស​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៧ ក្រោម​បទ​ចោទប្រកាន់​ថា ​អង្គការ​នេះ បាន​ជួយ​រៀបចំ​គម្រោង​ការ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដួល​រំលំ​រដ្ឋាភិបាល។

អង្គការ ​NDIបាន​ដំណើរការនៅ​កម្ពុជា​អស់​រយៈពេល​២៥​ឆ្នាំ​ ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក​ ដើម្បី​លើកកម្ពស់​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ ដូចជា​លើក​ទឹកចិត្ត​ឱ្យ​មាន​តម្លាភាព​ និង​ការ​ចូលរួម​នយោបាយ​ពី​គ្រប់​ភាគី​ និង​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ជាដើម។

លោក Derek Mitchell នាយក​វិទ្យាស្ថាន​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ NDI ចូលរួម​ថ្លែងការណ៍​ក្នុង​ពិធី​ប្រារព្ធ​ខួបលើក​ទី២៨ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​វិមាន​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)
លោក Derek Mitchell នាយក​វិទ្យាស្ថាន​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ NDI ចូលរួម​ថ្លែងការណ៍​ក្នុង​ពិធី​ប្រារព្ធ​ខួបលើក​ទី២៨ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​វិមាន​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

លោក Mitchell ​មាន​ប្រសាសន៍​ថា​ អង្គការ​របស់​លោក ធ្វើ​ការ​ងារ​ប្រកប​ដោយ​តម្លាភាព​ជាមួយ​គ្រប់​គណបក្ស​នយោបាយ មិន​មែន​តែ​គណបក្ស​ប្រឆាំង​មួយ​នោះ​ទេ ពោល​គឺ​រួម​ទាំង​គណបក្ស​កាន់​អំណាច​និង​សង្គម​ស៊ីវិល​ផង​ដែរ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ការងារ​ដែល​អង្គការ ​NDI បាន​ធ្វើ​កន្លង​មក​ គឺ​ជា​ការ​ចែករំលែក​បទពិសោធន៍ សាមគ្គីភាព​ និង​ការ​គាំទ្រ ដោយ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ក្នុង​ភាព​ជា​ដៃគូ តាមរយៈ​ការ​រៀបចំ​សិក្ខាសាលា​ផ្សេងៗ​ជាដើម។

«‍វា​ស្រេច​តែ​លើ​ពលរដ្ឋ​កម្ពុជា ជា​អ្នក​សម្រេច​ប៉ុណ្ណោះ ប៉ុន្តែ​សាមគ្គីភាព​និង​ការ​គាំទ្រ​របស់​យើង​នៅ​តែ​បន្ត ​មិន​ថា​យើង​នៅ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ឬ​អត់​នោះ​ទេ។ ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​កម្ពុជា​ គឺ​នៅ​តែ​ខ្លាំង​ដដែល។ ក្នុង​នាម​ជា​ប្រធាន​ NDI​ ខ្ញុំ​អាច​និយាយ​បាន​ថា​ យើង​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ខ្លាំងក្លា ចំពោះ​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា»។

​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់អ្នក​ខ្លះ​ថែម​ទាំង​ចាត់​ទុក​ថា​ វា​ថែម​ទាំង​បាន​ស្លាប់​បាត់​ទៅ​ហើយទៀត​ផង ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក បន្ទាប់​ពី​មាន​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ​និង​អន្តរជាតិ ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រួម​ទាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​គឺ​លោក កឹម សុខា ​ដាក់​ពន្ធនាគារ មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​ NDI លោក Derek Mitchell មាន​ប្រសាសន៍​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​បើក​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

«‍យើង​ចាំបាច់​ត្រូវ​តែ​ព្យាយាម​បើក​ច្រក​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល។ យើង​មាន​ឯកអគ្គរដ្ឋទូត​ដ៏​ពេញ​សមត្ថភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក Patrick Murphy ​ដែល​អាច​ជួយ​កសាង​ទំនុក​ចិត្ត​ និង​បង្ហាញ​ទៅ​រដ្ឋាភិបាល​និង​ភាគី​ដទៃទៀត​ថា​ យើង​មិន​បាន​ស្វះស្វែង​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ តែ​យើង​ស្វះស្វែង​ជួយ​ប្រទេស​នេះ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​ និង​ធានា​ថា​ប្រជាពលរដ្ឋ​មាន​សំឡេង»។

ប៉ុន្តែ លោក Mitchell ទទួល​ស្គាល់ថា​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ គឺ​ប្រាកដ​ជា​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

«‍យើង​នឹង​ត្រឡប់​ទៅ​វិញ តែ​តាម​ការ​អញ្ជើញ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។ បើ​រដ្ឋាភិបាល​និយាយ​ថា​ «ខ្ញុំ​មិន​ស្វាគមន៍​អ្នក​ទេ» នោះ​វា​ពិបាក​ឱ្យ​ពួក​យើង​ទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ណាស់»។

វីអូអេ មិន​ទាន់​ទាន់​អាច​ទាក់ទង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២០ ខែ​មករា ​ឆ្នាំ​២០២០ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច​ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​រដ្ឋាភិបាល​អាច​នឹង​អនុញ្ញាត​ឱ្យ​អង្គការ​បរទេស​ណា​មួយ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស អាច​វិល​ត្រឡប់​មក​បំពេញ​ការងារ​ក្នុង​ប្រទេស​ឡើងវិញ​បាន​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​អាច​នឹង​ពិនិត្យ​មើល​លទ្ធភាព​នេះ ​តែ​នៅ​ពេល​ក្រោយ​ពី​សវនាការ​ជំនុំជម្រះក្ដី​លោក កឹម សុខា បាន​ចប់​សព្វគ្រប់​សិន។

«ខ្ញុំ​យល់​ថា​ ទោះ​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ក៏​ត្រូវ​រង់​ចាំ​ការ​សម្រេច​របស់​តុលាការ​ដែរ។ ​ដំណើរ​ការ​ក្តី​របស់​កឹម សុខា​ ហ្នឹង វា​នៅតែ​មាន​បន្តបន្ទាប់​ទៀត​រហូត​ដល់​ចប់​ចុង​ចប់​ដើម អា​ហ្នឹង​បាន​យើង​អាច​សន្និដ្ឋាន​បាន។ យើង​មិន​អាច​និយាយ​មុន​ការ​ដំណើរ​ការ​រឿង​ក្តី​របស់​តុលាការ​បាន​ទេ‍»។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ កំពុង​ត្រូវ​បាន​ជំនុំជម្រះ​ទោស​ពី​បទ​«‍សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ក្រោយ​ពី​បាន​ជាប់​ឃុំ​ជាង​២​ឆ្នាំ។

ទោះជា​យ៉ាង​នេះ​ក្តី លោក Derek Mitchell​ មាន​ប្រសាសន៍​ថា ​ទោះបី​ជា​រដ្ឋាភិបាល​សម្រេច​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​គិត​ថា​ ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួកគេ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG