ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​និង​កម្ពុជា​បន្ត​សហការ​គ្នា​ដើម្បី​ជួយ​អ្នក​ដំណើរ​សេសសល់លើ​នាវា Westerdam


បុរសម្នាក់គ្រវីទង់ជាតិខ្មែរនៅមុខនាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America Line បន្ទាប់ពីនាវានេះបានចុះចតនៅកំពង់ផែព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
បុរសម្នាក់គ្រវីទង់ជាតិខ្មែរនៅមុខនាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America Line បន្ទាប់ពីនាវានេះបានចុះចតនៅកំពង់ផែព្រះសីហនុ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា ដើម្បី​បន្ត​ការ​ត្រួតពិនិត្យ​សុខភាព និង​ការ​សម្រួល​ដល់​អ្នក​ដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ដែល​ចុះចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ។ នេះ​បើ​យោង​តាម​បណ្តាញ​ Twitter របស់​លោក​ឯក​អគ្គរដ្ឋទូត​អាមេរិក។

លោក​ Patrick Murphy បាន​សរសេរ​ជា​ភាសា​អង់គ្លេស ដែល​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ជួយ​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ធ្វើ​ដំណើរ​តាម​នាវា Westerdam។ កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង​របស់​យើង​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ មាន​សារៈសំខាន់ ខណៈ​ដែល​យើង​ប្រឈម​នឹង​មេរោគ​កូរ៉ូណា​វីរុស COVID19 នៅ​ទូទាំង​សកលលោក‍»។

រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សម្រួល​ដល់​ការ​ចុះ​ចត​របស់​នាវា​ទេសចរណ៍ MS Westerdam របស់​ក្រុមហ៊ុនអាមេរិក Holland America Line នៅ​កំពង់ផែ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន បន្ទាប់​ពី​ក្រុម​ហ៊ុន​នាវា​នេះ​បាន​អះអាង​ថា អ្នក​ដំណើរ​លើ​នាវា​នេះ​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូរណា​វីរុស​ (COVID-19) ទេ។ កិច្ច​សហប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ជប៉ុន តៃវ៉ាន់ ថៃ និង​ហ្វីលីពីន បាន​បដិសេធ​មិន​ឲ្យ​នាវា​នេះ​ចុះ​ចត​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​នេះ។

ក៏ប៉ុន្តែ​ បញ្ហា​ប្រឈម​បាន​កើត​មាន​ឡើង បន្ទាប់​ពី​អ្នក​ដំណើរ​ជនជាតិ​អាមេរិកាំង​ម្នាក់​តាម​នាវា​នេះ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស បន្ទាប់​ពី​អ្នក​ដំណើរ​ជា​ស្ត្រី​វ័យ ៨៣ឆ្នាំ​រូប​នោះ បាន​ទៅ​ដល់​អាកាសយានដ្ឋាន​កូឡាឡាំពួរ នៅ​ថ្ងៃ​សុក្រ។ ស្ត្រី​រូប​នេះ និង​ស្វាមី រួមទាំង​អ្នក​ដំណើរ​ប្រមាណ​ ៤០០នាក់​ផ្សេង​ទៀត ដែល​មន្ត្រី​កម្ពុជា​អះអាង​ថា​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស បាន​ចាកចេញ​ពី​នាវាទេសចរណ៍ Westerdam កាល​ពី​ថ្ងៃ​សុក្រ។ អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ហើយ​អ្នក​ខ្លះ​ទៀត បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដែល​ជា​គោលដៅ​វិល​ត្រឡប់​របស់​ពួកគេ។

កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​កម្ពុជា ដោយ​មាន​ការ​សហការ​ពី​ស្ថានទូត​អាមេរិក បាន​បន្ត​ពិនិត្យ​សុខភាព​លើ​អ្នក​ដំណើរ​ជិត ១.០០០​នាក់​ទៀត​ដែល​បន្ត​ស្នាក់នៅ​លើ​នាវា Westerdam ហើយ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ទាំង​នេះ ចាក​ចេញ​ពី​នាវា​នេះ រហូត​ដល់​លទ្ធផល​នៃ​ការ​ពិនិត្យ​សុខភាព​អាច​ធានា​ថា ពួកគេ​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស។

នៅ​លើ​ទំព័រហ្វេសប៊ុក​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​អំពី​ជំនួប​រវាង​លោក​ Patrick Murphy និង​រូប​លោក​ផ្ទាល់​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​បង្ហាញ​គោល​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​សម្រួល​ដល់​អ្នក​ដំណើរ​លើ​នាវា​ទេសចរណ៍​នេះ​ជា​បន្តទៀត «ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អ្វីដែល​ហៅ​ថា វិបត្តិ​មនុស្ស​ធម៌‍»៕

XS
SM
MD
LG