ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកនឹង​រំឭកខួប៧០ឆ្នាំនៃទំនាក់ទំនងការ​ទូតជាមួយកម្ពុជា


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ​​W​.​ ​Patrick​ ​Murphy​ ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​កម្ពុជាលោក ហ៊ុន សែន​ កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩។(Courtesy Photos)
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ​​W​.​ ​Patrick​ ​Murphy​ ជួប​ជាមួយ​នាយករដ្ឋ​មន្ត្រី​កម្ពុជាលោក ហ៊ុន សែន​ កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩។(Courtesy Photos)

គិត​ត្រឹម​ឆ្នាំ២០២០នេះ​ ​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​ ​មាន​អាយុកាល៧០ឆ្នាំ​មក​ហើយ​។​ ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ពិធី​មួយ​អបអរ​ខួប​អនុស្សាវរីយ៍​នេះ​ ​នៅ​ចំ​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​ព្យាយាម​ដោះស្រាយ​ទំនាក់ទំនង​ដែល​ប្រេះស្រាំ​នា​ពេល​កន្លងមក​។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​នឹង​រៀបចំ​ពិធី​អបអរ​ខួប៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ ​នៅ​ថ្ងៃពុធ​ ​ទី៨​ ​ខែមករា​ ​នៅ​ចំ​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​អន្តរកាល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វះស្វែង​រក​ទំនាក់ទំនង​ល្អ​ប្រសើរ​។

​កម្ពុជា​និង​អាមេរិក​ ​បាន​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ទូត​ជា​ផ្លូវការ​ ​កាលពី​ពាក់កណ្ដាល​ឆ្នាំ១៩៥០​ ​តាំងតែពី​ពេល​ដែល​កម្ពុជា​មិនទាន់​បាន​ឯករាជ្យ​នៅឡើយ​ ​ហើយ​កំពុង​ស្ថិតនៅ​ក្នុង​អតីត​សហភាព​ឥណ្ឌូចិន​ ​គ្រប់គ្រង​ដោយ​អាណានិគម​បារាំង​។

​ពិធី​ផ្លូវការ​មួយ​គ្រោង​នឹង​ត្រូវ​បាន​រៀបចំឡើង​ដោយស្ថាន​ទូត​ ​នា​ថ្ងៃពុធ​ ​ទី៨​ ​ខែមករា​ ​នេះ​ ​ក្នុង​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ហើយ​ការ​ប្រារព្ធ​ខួប​អបអរ​ឆ្នាំទី៧០នៃ​ទំនាក់ទំនង​ទូត​នេះ​ ​គ្រោង​នឹង​ត្រូវ​រៀបចំ​ជាហូរហែ​នៅក្នុង​ឆ្នាំនេះ​។​ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

​«​ស្ថាន​បេសកកម្ម​សហរដ្ឋអាមេរិក​ ​ដោយ​សហការ​ជាមួយ​មិត្ត​កម្ពុជា​របស់​យើង​ ​នឹង​ធ្វើការ​រៀបចំ​ខួប​លើក​ទី៧០ឆ្នាំ​ ​ក្នុងរយៈពេល​មួយឆ្នាំ​ ​ដោយ​ផ្ដោត​លើ​ការចូលរួម​ចំណែក​របស់​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​អភិវឌ្ឍ​[​.​.​.​]​ប្រទេស​កម្ពុជា​ ​និង​ភាពជា​ដៃគូ​ដ៏​សំខាន់​ជាច្រើន​ទៀត​ ​រវាង​ប្រទេស​យើង​ទាំងពីរ​»​។

​លោក​ប្រធានាធិបតី​ ​Donald​ ​J​.​ ​Trump​ ​និង​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ដោះដូរ​លិខិត​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ដោយមាន​ខ្លឹមសារ​ចង់​ផ្សះផ្សា​ ​កែកុន​ភាព​ខុសគ្នា​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​កន្លងមក​បាន​ចង្អុរ​មុខ​គ្នា​ចំៗ​លើ​បញ្ហា​ប្រជាធិបតេយ្យ​ ​សិទ្ធិមនុស្ស​ ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ ​និង​ការចោទប្រកាន់​អាមេរិក​នៅ​ក្រោយ​គណបក្ស​ប្រឆាំង​ក្នុង​គម្រោង​មួយ​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ហៅថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​។

​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី៤១ឆ្នាំ​នៃ​ការ​ផ្ដួលរំលំ​របប​ខ្មែរក្រហម​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ស្ថិត​ក្នុង​អំណាច៣៥ឆ្នាំ​មក​ហើយ​ ​បាន​ថ្លែង​សារ​ជា​ប្រយោល​ ​ស្នើ​ឱ្យ​ប្រទេស​ខ្លះ​ ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ ​ឱ្យ​គោរព​កម្ពុជា​។

​«​ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ខ្លះ​ ​ដែល​ធ្លាប់​មាន​ទស្សនៈ​មិន​គ្រប់ជ្រុងជ្រោយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ ​នឹង​ត្រូវ​បាន​ថែរក្សា​ពូន​ជ្រុំ​លើកស្ទួយ​ឱ្យ​ល្អ​ប្រសើរ​ឡើង​ ​ដែល​នឹង​មិន​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ខ្លះ​ប្រវត្តិសាស្ត្រ​ឡើយ​»​។

​ខ្លឹមសារ​ស្រដៀងគ្នា​នេះ​ ​គេ​ធ្លាប់​បានឃើញ​ក្នុង​លិខិត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​សរសេរ​ឆ្លើយតប​ទៅ​លោក​ ​Donald​ ​J​.​ ​Trump​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​។​

​លោក​ ​ហ៊ុន​ ​សែន​ ​ផ្ទាល់ខ្លួន​លោក​ផ្ទាល់​ ​ធ្លាប់​ជា​អតីត​នាយទាហាន​ខ្មែរក្រហម​ ​ដែល​ដឹកនាំ​ការ​ប្រយុទ្ធ​ជាមួយ​កងទ័ព​សហរដ្ឋអាមេរិក​អំឡុង​សង្គ្រាម​ពីឆ្នាំ១៩៧០​ ​ដល់​ឆ្នាំ១៩៧៥​។

របាយការណ៍​ផ្លូវការ​របស់​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​កងទាហាន​របស់​ប្រទេស​មួយ​នេះ​ទម្លាក់​គ្រាប់បែក​រង្វង់៥០ម៉ឺន​តោន​មក​លើ​ប្រទេស​កម្ពុជា​ ​ក្នុង​ប្រតិបត្តិ​ការ​បណ្ដេញ​ទា​ហា​នកុម្មុយ​នី​ស្ដ​វៀតណាម​ដែល​តាំងទី​នៅ​កម្ពុជា​ ​អំឡុង​ឆ្នាំ១៩៦៥ដល់​ឆ្នាំ១៩៧៥​។​ ​តែ​ប្រភព​ខ្លះ​បាន​បញ្ជាក់​ថា​តួលេខ​នៃ​គ្រាប់បែក​ដែល​បាន​ទម្លាក់​អាច​មាន​លើស​ពីនេះ​។

​នៅពេល​ដែល​របប​ដឹកនាំ​នៃ​គណបក្សប្រជាជន​កម្ពុជា​ ​ចូល​មកកាន់​អំណាច​ដំបូង​នៅ​ឆ្នាំ១៩៧៩​ ​សហរដ្ឋអាមេរិក​ស្ថិតនៅ​ក្នុងចំណោម​បណ្ដា​ប្រទេស​បស្ចិម​លោក​ដែល​បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​នៃ​របប​ថ្មី​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋ​ ​ហេង​ ​សំ​រិន​ ​ដោយហេតុថា​ទីក្រុង​ភ្នំពេញ​ទទួល​បានការ​គាំទ្រ​ពីអ​តី​ត​សហភាពសូវៀត​ ​និង​វៀតណាម​។

​អាមេរិក​បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​រិះគន់​និង​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​នឹង​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ ​អំឡុង​ការបោះឆ្នោត២០១៨​ ​ដែល​គណបក្សប្រជាជន​កម្ពុជា​ឈ្នះ​អាស​នៈ​ទាំងអស់​នៅ​សភា​ទាំងពីរ​ ​ហើយ​បក្សជំទាស់​ត្រូវ​បាន​រំលាយ​ចោល​ ​ដោយ​តុលាការ​កំពូល​ ​តាម​សំណើ​របស់​រដ្ឋាភិបាល​។​

​យ៉ាងណាក្ដី​ ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ ​W​.​ ​Patrick​ ​Murphy​ ​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​សហរដ្ឋអាមេរិក​បាន​វិនិយោគ​ជា​ជំនួយ​ទឹកប្រាក់​រង្វង់២ពាន់​លាន​ដុល្លារ​មក​ឱ្យ​ប្រទេស​កម្ពុជា​ ​នា​រយៈពេល​ជិត​បី​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​អភិវឌ្ឍ​លើ​វិ​ស័យ​ផ្សេង​ៗ​រួមមាន​ការអប់រំ​ ​បរិស្ថាន​ ​អភិបាលកិច្ច​ល្អ​ ​សិទ្ធិមនុស្ស​ ​សង្គម​ស៊ីវិល​ ​និង​ប្រជាធិបតេយ្យ​។

​ទោះបី​មានការ​ចោទប្រកាន់​ពីសំណាក់​ទីក្រុង​ភ្នំពេញ​ថា​អាមេរិក​គាំទ្រ​បក្សជំទាស់​ ​លោក​ប្រមុខ​ការទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​រូប​នេះ​ ​បាន​គូសបញ្ជាក់​ថា​អាមេរិក​មិន​កាន់ជើង​បក្សនយោបាយ​ណា​នោះ​ទេ​ ​តែ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​ដើរថយក្រោយ​នៃ​លំហ​សេរីភាព​នយោបាយ​ ​និង​សិទ្ធិ​ជា​មូលដ្ឋាន​។

​«​ការណ៍​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​ ​យើង​ពិតជា​មាន​ក្ដី​សង្ឃឹម​ចង់ឱ្យ​មានការ​រីកចម្រើន​លើ​ចំណុច​ទាំងនេះ​ ​ពីព្រោះ​ដើម្បីឲ្យ​យើង​អាច​កសាង​ទំនាក់ទំនង​ជា​រួម​របស់​យើង​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា​និង​សហរដ្ឋអាមេរិក​»​។

​ឆ្នាំ២០១៩កន្លងទៅ​ ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ក៏​រួតរឹត​ដោយ​សំណុំរឿង​ដែល​ផ្ដោត​លើ​លទ្ធភាព​ការ​ដាក់​វត្តមានយោធា​របស់​ចិន​នៅ​កម្ពុជា​ផង​ដែរ​ ​ក្នុង​អ្វី​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ថា​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​តំបន់​។​ ​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា​មិន​ពិត​ ​ហើយ​ជា​ប្រការ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ទៀតផង​។

​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​ក៏​ស្ថិត​ក្នុង​កម្រិត​បង្គួរ​ផង​ដែរ​។​ ​ភ្ញៀវ​ទេសចរ​អាមេរិក​ប្រមាណ២០ម៉ឺន​ ​នាក់​ ​បាន​មក​ទស្សនា​កម្ពុជា​ ​កាលពី​ឆ្នាំ២០១៩កន្លងទៅ​ ​ក្នុងចំណោម​អ្នកទេសចរ​បរទេស៦,៧លាន​នាក់​ ​ដែល​មក​កម្ពុជា​។​ ​សហរដ្ឋអាមេរិក​នៅ​ឈរ​ពីក្រោយ​ ​ចិន​ ​កូរ៉េ​ខាងត្បូង​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ជប៉ុន​ទៅទៀត​ ​ក្នុងចំណោម​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មកកាន់​កម្ពុជា​ឆ្នាំ២០១៩​ ​ដែល​មាន​ទំហំ៣,៥០០លាន​ដុល្លារ​។

​យ៉ាងណាក្ដី​សហរដ្ឋអាមេរិក​ជា​ប្រទេស​គោលដៅ​នាំចេញ​ទំនិញ​សំ​ខាន់​ៗ​ពី​កម្ពុជា​ទៅ​ ​រួមមាន​ ​ស្បែកជើង​ ​ផលិតផល​វាយនភណ្ឌ​ ​ផលិតផល​កម្មន្តសាល​ ​និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​ ​គិតជា​ទឹកប្រាក់​ប្រមាណ២ពាន់​លាន​ដុល្លារ​ ​កាលពី​ឆ្នាំ២០១៩កន្លងទៅ។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ធនាគារ​កណ្ដាល​របស់​កម្ពុជា​៕

XS
SM
MD
LG