អ្នកការពារសិទ្ធិមនុស្សមានមតិផ្សេងៗគ្នាទាក់ទងការផ្លាស់ប្តូរទីតាំងថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយអ្នកខ្លះថា វាអាចចំណាយពេលវេលា និងថវិកាច្រើនជាងមុនសម្រាប់ការធ្វើដំណើរ រីឯខ្លះទៀតថា ទីតាំងថ្មីត្រូវតែធានានូវការធ្វើឱ្យប្រសើរជាងមុនចំពោះដំណើរការនៃការជំនុំជម្រះក្តី។
បច្ចុប្បន្នសាលាដំបូងរាជធានីភ្នំពេញស្ថិតនៅទីតាំងដែលសម្បូរដោយមជ្ឈមណ្ឌល
ពាណិជ្ជកម្ម ហើយចរាចរណ៍មានភាពមមាញឹក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ សាលាដំបូងនឹងផ្លាស់ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀបសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមសេចក្តីជូនដំណឹងដដែល ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការប្តូរទីតាំងថ្មីរបស់តុលាការក្រុងភ្នំពេញ អាចមានភាពទូលាយជាងមុន ដោយហេតុថា ទីតាំងសព្វថ្ងៃមានលក្ខណៈតូចចង្អៀត។ ប៉ុន្តែលោកក៏មានការព្រួយបារម្ភពាក់ព័ន្ធជាមួយការចំណាយពេល និងថវិកាច្រើនជាងមុនរបស់សាធារណជនទូទៅ បើពួកគេត្រូវទៅឃ្លាំមើលដំណើរការជំនុំជម្រះក្តី ឬក៏ទទួលសេវាផ្លូវច្បាប់។
លោកបញ្ជាក់ថា៖«ដូចខ្ញុំជម្រាបអ៊ីចឹងថា អ្វីដែលយើងមានកង្វល់គឺថានៅពេលដោះដូរទៅគឺប្រជាពលរដ្ឋដែលទៅរកសេវា វាអាចមានការចំណាយពេលវេលា និងថវិកាច្រើនជាងសាលាដំបូងបច្ចុប្បន្ន។ ហើយទី២ទៀត ការដឹកអ្នកជាប់ឃុំទៅសវនាការអីហ្នឹងក៏វាមានលក្ខណៈឆ្ងាយដែរ ព្រោះពីព្រៃសទៅដល់ព្រែកលៀប»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា អ្នកស្រីមិនមានការព្រួយបារម្ភអ្វីទេ ទាក់ទិនការចំណាយពេលវេលា និងថវិកា។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទីតាំងថ្មីត្រូវតែប្រាកដថាអាចជួយសម្រួលដល់ដំណើរកាត់ក្តីឱ្យមានភាពប្រសើរជាងមុន។
អ្នកស្រីថ្លែងថា៖«ប៉ុន្តែសំខាន់បំផុតពាក់ព័ន្ធនឹងដំណើរការនីតិវិធីថា តើទីតាំងថ្មីហ្នឹងវាពិតជាបានជួយសម្រួលដល់សាធារណជនក្នុងការចូលរួមសង្កេតការណ៍ អាចចូលរួមសវនាការជាសាធារណៈហ្នឹង បានច្រើនជាងមុនទេ? ហើយមានភាពងាយស្រួលសម្រាប់សាធារណជនក្នុងការទទួលបានយុត្តិធម៌ជាងមុនទេ? អាហ្នឹងជាចំណោទសំខាន់»។
បើតាមនាយិការូបនេះ ការទទួលបានការជំនុំជម្រះក្តីជាសាធារណៈជារឿងសំខាន់ ដែលវាតម្រូវឱ្យមានទីតាំងអំណោយផល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការផ្លាស់ប្តូរទីតាំងថ្មីនេះជាផ្នែកមួយនៃការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់សាលាយុត្តិធម៌។ លោកបន្ថែមថា កន្លែងថ្មីមានភាពទូលាយ និងងាយស្រួលជាងមុនសម្រាប់មន្ត្រី និងអ្នកមកទទួលសេវាកម្ម។
លោកបញ្ជាក់ថា៖ «ដូចមិនទាក់ទងរឿងចំណាយពេលវេលា ព្រោះអីតំបន់នោះជាតំបន់ទីប្រជុំជនដែរហើយ។ ហើយវាកាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់គាត់វិញទេ ព្រោះវានៅក្នុងទីតាំងតែមួយដែលវាមានយុត្តិធម៌ ជាមួយនឹងឧទ្ធរណ៍ភ្នំពេញ ហើយទិសដៅនៃការកែទម្រង់នេះគឺថា ឧទ្ធរណ៍តំបន់និងសាលាដំបូងគឺនៅជាមួយគ្នាទៅថ្ងៃអនាគត ដើម្បីបង្កលក្ខណៈងាយស្រួល»។
បើតាមអ្នកនាំពាក្យរូបនេះ ទីតាំងថ្មីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការបំពេញការងាររដ្ឋបាលប្រកបដោយប្រសិទ្ធភាព ហើយជាពិសេសនោះគឺទីតាំងថ្មីធំទូលាយជាងមុន និងមានសុវត្ថិភាពជាងមុន។
សាលាដំបូងរាជធានីភ្នំពេញនៅទីតាំងបច្ចុប្បន្នជារឿយៗមានការតវ៉ារបស់សកម្មជនសង្គម និងនយោបាយ ដែលមកឃ្លាំមើលសវនាការជម្រះសំណុំរឿង ដែលជាប់ហេតុផលនយោបាយ។ ការបង្ក្រាបរបស់កងសន្តិសុខទៅលើក្រុមអ្នកតវ៉ាក៏បានកើតឡើងជាញឹកញយផងដែរ នៅទីតាំងរបស់សាលាដំបូងរាជធានីសព្វថ្ងៃនេះ៕