ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​កាត់​ទោស​សកម្ម​ជន​បរិស្ថាន​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ ១៨​ខែ ពី​បទ​ញុះញង់


លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ដែល​ជា​សកម្មជនការពារបរិស្ថានវ័យក្មេង ត្រូវបាន​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​យ៉ាងតិច ១៨ខែ ពីបទញុះញង់។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២០ ពួកគេបានធ្វើសកម្ម​ភាព​លើ​បណ្តាញ​សង្

ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​ ៥ ​នាក់ ដែល​ក្នុង​នោះ​មាន​សកម្មជន​បរិស្ថាន ​៤ ​នាក់ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ ១៨ ​ខែ ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​បរិស្ថាន​កាល​ពី​កន្លង​មក។

ក្នុង​ចំណោម​មនុស្ស​ ៥ ​នាក់​ដែល​ត្រូវ​បាន​ផ្តន្ទា​ទោស​នោះ មាន​សកម្មជន​បរិស្ថាន ​៣ ​នាក់​ដែល​កំពុង​ជាប់​ឃុំ រួម​មាន​លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ដែល​ជា​សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ។

ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វ​ផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហ​ដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ ដើម្បី​បង្ហាញ​ក្តី​កង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅតំបន់​បឹង​តាមោក។

ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ «ប​ទ​ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ដែល​នេះ​ជា​បទ​ចោទ​ប្រកាន់​មួយ ដែល​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ត្រូវបាន​ប្រើ​ប្រាស់ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​មនុស្ស​ ២ ​នាក់​ទៀត​ ដែលមិន​ជាប់​ឃុំ​នោះ​ទេ រួម​មាន​លោក​ ​អាឡិច ហ្គន់សាឡេស ដេវិតសុន​ ​(Alejandro Gonzalez Davidson)​ ស្ថាបនិក​នៃ​អង្គ​ការ​មាតា​ធម្មជាតិ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៥ និង​កញ្ញា ​ជា គន្ធីន ​វ័យ​ ១៨ ​ឆ្នាំ​ ជា​យុវតី​ម្នាក់​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ។

បើ​តាម​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​តាម​ដាន​ការ​កាត់​ទោស​នេះ ចៅក្រម​ជំនុំ​ជម្រះ លោក លិ សុខា ​នៅ​ព្រឹក​ថ្ងៃ​ពុធ បាន​សម្រេច​ផ្តន្ទា​ទោស​សកម្មជន កញ្ញា ឡុង គន្ធា អាយុ​ ២២ ​ឆ្នាំ ​និង​កញ្ញា ភួន កែវរស្មី អាយុ​ ១ ៩​ឆ្នាំ ឲ្យ​ជាប់​ពន្ធនា​គារ ​១៨ ​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤​លាន​រៀល។

ចំណែកសកម្មជន​ទី​៣គឺ​លោក ថុន រដ្ឋា​ អាយុ​ ២៩ ​ឆ្នាំ ដែល​បាន​បដិសេធ​ក្នុង​ពេល​សវនាការ​ថា​លោក​មិន​បាន​ធ្វើ​សកម្មភាព​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់ ត្រូវ​បាន​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ ២០​ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៤ ​លានរៀល​ក្រោម​បទ​ចោទ​ដូច​គ្នា។ ចំណែក​សកម្មជន​ ២ ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កាត់​ទោស​ដោយ​កំបាំង​មុខ​ក្រោម​បទ​ចោទ​ដូច​គ្នា​ ដោយ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ពួក​គេ។

លោក អាឡិច សញ្ជាតិ​អេ​ស្ប៉ាញ​និង​ជា​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ ២០ ​ខែ​ ខណៈ​កញ្ញា ​ជា គន្ធីន ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ ១៨ ​ខែ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ម្នាក់​ៗ​ចំនួន​ ៤ ​លាន​រៀល​ដូច​គ្នា។ នេះ​បើ​តាម​អង្គការ​លីកាដូ។

បើ​តាម​អង្គការ​លីកាដូ​សកម្មជន​ទាំង​នោះ​គ្រោង​រៀប​ចំ​ការ​ដើរ​ក្បួន​ពី​វត្តភ្នំ​ឆ្ពោះ​ទៅ​កាន់​គេហ​ដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដើម្បី​បង្ហាញ​ពី​កង្វល់​ពាក់ព័ន្ធ​នឹងការ​អភិវឌ្ឍ​និង​ការ​ចាក់​លុបយ៉ាង​ឆាប់​រហ័ស​នៃ​បឹង​តាមោក ​ដែល​ជា​បឹងធំ​ជាង​គេ​មួយ​នៅ​សេស​សល់​ក្នុង​រាជធានី​ភ្នំពេញ ។

អង្គការ​លីកាដូ​បញ្ជាក់​ថា ​ផ្នែក​ជា​ច្រើន​នៃ​បឹង​នេះ​ត្រូវ​បាន​កាត់​ចេញ​និង​ផ្ដល់​ទៅ​ឲ្យស្ថាប័ន​រដ្ឋ​និង​បុគ្គល​ ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​មាន​អំណាច​ នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

អង្គការ​លីកាដូ​បញ្ជាក់​ថា​ ការ​ជំនុំ​ជម្រះ​ក្ដី​នៃ​សកម្ម​ជនទាំង​នេះ​កាល​ពី​កន្លង​មក មាន​ការ​សួរ​ដេញ​ដោល​ជា​ច្រើន​ទាក់​ទិន​នឹង​គណនី​ហ្វេស​ប៊ុក​មាតា​ធម្មជាតិ​ ដែល​ជា​អ្នក​ផ្ដល់​ជំនួយ​ដល់​អ្នក​ការពារ​បរិស្ថាន​ទាំង​នេះ​ និងព័ត៌​មាន​ទាំង​ឡាយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញទំនាក់​ទំនង​សង្គម។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ អង្គការ​លីកាដូ​បញ្ជាក់​ថា៖ «ក្រុមសង្គម​ស៊ីវិលបាន​អំពាវ​នាវ​ឲ្យដោះ​លែងសកម្ម​ជន​ទាំង​នេះ​ឲ្យ​បាន​ឆាប់ ​ខណៈ​ដែល​គ្រួសារ​របស់​ពួកគេ​បាន​កត់​សម្គាល់​ថា ស្ថាន​ភាព​ចង្អៀត​នៅ​ក្នុង​ពន្ធនាគារ គឺ​ប៉ះ​ពាល់​សុខ​ភាព​និង​សុវត្ថិភាព​របស់​អ្នក​ការពារ​បរិស្ថាន​វ័យ​ក្មេង​ទាំង​នេះ​ខ្លាំង​ណាស់»។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ លោក ​អំ​ សំអាត​ មាន​ប្រសាសន៍​ថា​ ការ​ផ្តន្ទា​ទោស​នេះ «​ធ្ងន់​ធ្ងន់​» និង​ «អយុត្តិធម៌» សម្រាប់​ពួក​គេ។ លោក​បញ្ជាក់​ថា ​ការ​សាក​សួរ​អំពី​វីដេអូរបស់​សកម្ម​ជន​ទាំង​នោះ គឺ​ជា​សកម្ម​ភាព​ចូលរួម​របស់​ពួកគេ​ក្នុង​ការ​ការ​ពារ​បរិស្ថាន​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​យើង​មើល​ទៅ​ក្នុង​ដំណាក់​កាលនៃ​ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​អង្គ​សវនាការ ​វាហាក់​ដូច​ជា​មិន​មាន​ភស្តុតាង​ណា​មួយ​ ដែល​អាចនឹង​បញ្ជាក់​ថា ​អ្នក​ទាំង​អស់​ហ្នឹង​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​ហ្នឹង»។

លោក​បន្ថែម​ថា៖ «យើង​មើល​ទៅ​សាលក្រម​នេះ​វា​ជា​សារ​មួយ​ព្រមាន ឬ​ក៏​ជា​ការ​បំភិត​បំភ័យ​គំរាម​កំហែង​ដល់​អ្នក​ដែល​ធ្វើ​ការ​ការពារ​ធនធាន​ធម្ម​ជាតិ»។

លោក ភួន ពុទ្ធារិទ្ធ អាយុ​ ២៩ ​ឆ្នាំ​ ជា​បង​ប្រុស​របស់​សកម្មជន​ម្នាក់​ឈ្មោះ ភួន កែវ​រស្មី បាន​ចាត់​ទុក​ការ​កាត់​ទោស​នេះ អយុត្តិធម៌​សម្រាប់​ប្អូន​ស្រី​និង​សកម្មជន​ផ្សេង​ទៀត ដោយ​លើក​ឡើង​ថា ​តុលាការ​មិន​ឯក​រាជ្យ​នោះ​ទេ​។ លោក​បន្ថែម​ថា ​សកម្មភាព​របស់​ប្អូន​ស្រី​និង​សកម្មជន​ផ្សេង​ទៀត គឺ​មាន​បំណង​ការ​ពារ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធថា៖ «អាហ្នឹង​គ្រាន់​តែ​ជា​ឆាក​ល្ខោន​គេ​ចោទ​អញ្ចឹងទៅ​ហ្នឹង។ ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​តុលាការ។ ប្អូនស្រី​ខ្ញុំ​ ក៏​ដូច​ជា​អ្ន​ក​ទាំង​ ២ ​ផ្សេង​ទៀត​ហ្នឹង ​បាន​និយាយ​ហើយ​ថា​ សកម្មភាព​ទាំង​អស់​ហ្នឹង ​គឺ​គាត់​លះ​បង់​ដើម្បី​តែ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​ខ្មែរ​ទេ លះ​បង់​ដើម្បីប្រជាជាតិ​ខ្មែរ​ទាំង​អស់​គ្នា​ទេ»។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ចៅក្រម​ជំនុំ​ជម្រះ លោក លិ សុខា និង​អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក អាឡិច ដែល​ជា​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ ប្រាប់ ​VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ នេះ​ជា​ការ​កាត់​ក្តី ដោយ​អយុត្តិធម៌​លើ​សកម្មជន​បរិស្ថាន​ស្លូត​ត្រង់ ដើម្បី​បំបិទ​សំឡេង​របស់​ពួកគេ។

លោកបញ្ជាក់​ថា៖ «គោល​ដៅ គឺ​ដើម្បី​បំបែក​ស្មារតី​របស់​ក្រុម​មនុស្ស​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​និយាយ​ការ​ពិត​ និង​ការពារ​ផល​ប្រយោជន៍​រួម។ ការ​កាត់​ទោស​នេះ​ធ្វើ​ឲ្យ​មនុស្សលែងសកម្ម និង​រក្សាភាព​ស្ងៀមស្ងាត់ ដែល​វា​ពិត​ជា​អំណោយ​ផល​ដល់​របប​ផ្តាច់​ការ​របស់​លោក ហ៊ុន សែន»។

កញ្ញា​ ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​កំណត់​ឲ្យ​ដោះលែង​ពី​ពន្ធនាគារ​វិញ​នៅ​ខែ​មីនា​ឆ្នាំ​ ២០២២​ ខណៈ​លោក ថុន រដ្ឋា​នឹង​ត្រូវ​ដោះ​លែង​វិញ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ ២០២២។ នេះ​បើ​តាម​អង្គការ​លីកាដូ៕

XS
SM
MD
LG