ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បដិសេធ​សាលក្រម​កាត់​ទោស​អ្នក​ការពារ​បរិស្ថាន​ម្នាក់​នៅ​ខេត្ត​រតន​គិរី តែ​សកម្មជន​នោះ​នៅ​ជាប់​បណ្តឹង​មួយ​ករណី​ទៀត


រូបឯកសារ៖ សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
រូបឯកសារ៖ សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ពុធ បាន​បដិសេធ​សាលក្រម​មួយ​របស់​សាលា​ដំបូង​ខេត្ត​រតន​គិរី ដែល​បាន​ផ្តន្ទាទោស​លោក ឆន ផល្លា សកម្មជន​ព្រៃ​ឈើ​ម្នាក់​ក្នុង​ខេត្ត​រតនគិរី ដាក់​ពន្ធនាគារ​ចំនួន​ ៥ ​ឆ្នាំ ទាក់​ទង​នឹង​ការ​កាប់​គាស់​រុក​រាន​ឆ្ការ​ព្រៃ តាម​ច្បាប់​ព្រៃឈើ។

ដោយ​សារ​លោក ឆន ផល្លា នៅ​ជាប់​បណ្តឹង​មួយ​ទៀត ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៦ ​ឆ្នាំ កាល​ពី​សប្តាហ៍​មុន សកម្មជន​បរិស្ថាន​រូប​នោះ​ត្រូវ​បន្ត​ជាប់​ពន្ធនាគារ និង​រង់ចាំ​នីតិវិធី​ប្តឹង​ទាស់​បន្ត​ទៀត។

លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្តី​ឱ្យ​លោក ឆន ផល្លា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក ឆន ផល្លា មិន​មាន​ដី​ទៅ​ដល់ ៦០​ ហិកតា ដូច​ការ​ចោទ​ប្រកាន់ ហើយ​សាលា​ឧទ្ធរណ៍​រក​មិន​ឃើញ​ដី​ដែល​លោក ឆន ផល្លា មាន​ពិត​ប្រាកដ​នៅ​ទី​ណា​ឡើយ។

លោក​មេធាវី​បន្ថែម​ថា​ សាលា​ដំបូង​ខេត្ត​រតនគិរី​បាន​ហៅលោក ឆន ផល្លា ទៅ​ជំនុំ​ជម្រះ​ការ​ចោទ​ប្រកាន់​មួយ​ទៀត កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​កក្កដា ឆ្នាំ ​២០២២ ហើយ​តុលាការ​ប្រកាស​សាលក្រម​ភ្លាមៗ ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៦ ​ឆ្នាំ។ លោក​មេធាវី​អះអាង​ថា​ លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ក្នុង​ករណី​នេះ។ សំណុំ​រឿង​ដែល​លោក​ ឆន ផល្លា នៅ​ជាប់​បណ្តឹង​នៅ​តុលាការ​នៅ​ឡើយ គឺ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ «ផ្តើម​គំនិត» តាម​ក្រម​ព្រហ្មទណ្ឌ និង​កាប់​គាស់​រុក​រាន​ដុត​ឆ្ការ ហ៊ុំ​ព័ទ្ធ​ដី​ព្រៃ​ធ្វើ​កម្ម​សិទ្ធិ​នៃ​ច្បាប់​ការពារ​តំបន់​ធន​ធាន​ធម្មជាតិ។

លោក​មេធាវី​សង្ឃឹម​ថា ​សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​លោក ឆន ផល្លា ដែល​លោក​ថា​ជា​អ្នក​ការពារ​ព្រៃ​ឈើ ដោយ​ «លះ​បង់​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត» ដើម្បី​ការពារ​ព្រៃឈើ​សម្រាប់ជន​ជាតិ​ដើម​ភាគ​តិច។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ខ្ញុំ​ស្នើ​សុំ​ទៅ​សាលា​ឧទ្ធរណ៍​ផ្តល់​យុត្តិធម៌​ឱ្យ​គាត់ ហើយ​និង​ឱ្យ​គាត់​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ដូច​សំណុំ​រឿង​ទី​មួយ​នេះ​ដែរ»។

មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចាត់​ទុក​ថា ការ​ផ្តន្ទាទោស​លោក ​ឆន ផល្លា​ ជា​ចេតនា​បំបាក់​ស្មារតី​របស់​សកម្មជន​ការពារ​ព្រៃឈើ ​ដែល​ហ៊ាន​តតាំង​នឹង​បុគ្គល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ។

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​របស់​សមាគម​អាដហុក ថ្លែង​ថា ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​បង្ហាញ​ភាព​យុត្តិធម៌​សម្រាប់​លោក ឆន ផល្លា។ លោក​បន្ថែម​ថា​ គួរ​មាន​ការ​ស្រាវ​ជ្រាវ​អំពី​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​លោក ឆន ផល្លា តាំង​ពី​ដើម​មក ដើម្បី​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​បរិស្ថាន។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​ការ​ស្រាវ​ជ្រាវ​ហ្នឹង​គួរ​តែ​ធ្វើ​ឡើង​ ហើយ​បើ​សិន​ជា​រក​ឃើញ​ថា​វិធានការ​ទាំង​ឡាយ​ទៅ​លើ​លោក ឆន ផល្លា ដែល​ធ្វើ​ឱ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច ធ្វើ​ឱ្យ​គាត់​រង​ការ​ជាប់​ឃុំ ជាប់​ពន្ធនាគារ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេងៗ​ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ​ផ្សេង​ទៀត​នេះ គប្បី​មាន​ការ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​អស់​ហ្នឹង ដើម្បី​ឱ្យ​ពួកគេ​បញ្ឈប់​នូវ​សកម្មភាព​ទាំង​ឡាយ​ ដែល​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សកម្មជន​ព្រៃឈើ»។

ចំណែក​អ្នកស្រី ខាំ សាលុង ភរិយា​របស់​លោក ឆន ផល្លា បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ក៏​ដូច​ការ​ឃុំ​ខ្លួន​ស្វាមី​របស់​អ្នកស្រី​ថា ​មិន​ត្រឹម​ត្រូវ​ និង​អយុត្តិធម៌ ខណៈ​អំពាវ​នាវ​ឱ្យ​មាន​អន្តរា​គមន៍​ពី​ស្ថាប័​ន​ពាក់ព័ន្ធ ឱ្យ​ដោះ​លែង​លោក ឆន ផល្លា ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

មុន​នឹង​ការ​បដិសេធ​របស់​សាលា​ឧទ្ធរណ៍ ក្រុម​ប្រេសិត​របស់​អង្គការ​សហ​ប្រជា​ជាតិ​ (អ.ស.ប) ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​៥​រូប ក្នុង​នោះ​មាន​លោក ​វិទិត ម៉ុន​តារបន​(Vitit Muntarbhorn)​ អ្នក​រាយ​ការណ៍​ពិសេស ​អ.ស.ប ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​កាត់​ទោស​សកម្មជន​ការ​ពារ​បរិស្ថាន​ក្នុង​ខេត្ត​រតន​គិរី គឺ​លោក ឆន ផល្លា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២១។

អ្នក​រាយការណ៍​ពិសេស​ទាំង ​៥ ​រូប​ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបា​ល​កម្ពុជា​ផ្តល់​ព័ត៌មាន​ពេញ​លេញ​ទៅ​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់​ដែល​នាំ​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​លោក ឆន ផល្លា ពន្យល់​ពី​ហេតុ​ផល​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព និង​លក្ខខណ្ឌ​សន្តិសុខ​របស់​លោក ផល្លា ក្នុង​មណ្ឌល​ឃុំ​ឃាំង និង​ផ្តល់​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​វាយ​ប្រហារ​រូប​លោក កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០២០ ជា​ដើម។

ប៉ុន្តែ​ភាគី​រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយ​តប​ថា​ សកម្មភាព​របស់​លោក ឆន ផល្លា បាន​បំពាន​សណ្តាប់​ធ្នាប់​សាធារណៈ និង​ប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​កម្ពុជា ដែល​ត្រូវ​ផ្តន្ទាទោស។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ លោក ឆន ផល្លា មាន ​«ចេតនា​អាក្រក់​» ដែល​បាន​កាប់​ព្រៃឈើ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​សម្រាប់​ការ​កាន់​កាប់​ផ្ទាល់​ខ្លួន​ក្នុង​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។ ពួកគេ​បញ្ជាក់​ថា​ លោក ផល្លា បាន​ប្តឹង​ផ្តល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ដោយ​យក​ជា​លេស​ការពារ​បរិស្ថាន និង​ធម្មជាតិ ប៉ុន្តែ​តាម​ពិត​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។

បើ​តាម​ហ្វេសប៊ុក​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទោះ​បី​ជា​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា និង​ការ​រើស​អើង​ក៏ដោយ ក៏​លោក ឆន ផល្លា នៅ​តែ​បន្ត​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគ​តិច និង​ការ​ការ​ពារ​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​រតន​គិរី និង​ខេត្ត​មណ្ឌល​គិរី។

ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​ឱ្យ​ដឹង​ទៀត​ថា ​លោក​បាន​ចំណាយ​ពេល​ជាង ​១០​ ឆ្នាំ​ក្នុង​ការ​ចង​ក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​បរិស្ថាន និង​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អាជ្ញាធរ​ដែល​ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​ដី​ធ្លី ប៉ុន្តែ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​ មក លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ ​ឆ្នាំ ​ក្រោម​ច្បាប់​ស្តី​ពី​ព្រៃឈើ បន្ទាប់​ពី​លោក​បដិសេធ​ក្នុង​ការ​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​មន្ត្រី​ចំនួន​ ៧ ​រូប៕

XS
SM
MD
LG