ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឧទ្ធរណ៍​តម្កល់​ការ​កាត់​ទោស​របស់​សាលាដំបូង​លើ​​បុគ្គលិក​​និង​អតីត​បុគ្គលិក​​សមាគម​អាដហុក ​ពាក់ព័ន្ធ​អំពើ​សូកប៉ាន់​​


បុគ្គលិកសមាគមអាដហុកចំនួន ០៣ រូប រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងអតីតបុគ្គលិកអាដហុកចំនួន ០២ រូបទៀតគឺលោក ណៃ វង់ដា និងលោក នី ចរិយា នៅ​ក្នុង​សេចក្តី​ប្រកាសមួយ​តាម​ហ្វេសប៊ុករបស់​អង្គការ​នេះ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២។ (Facebook/ADHOC-Cambodia)
បុគ្គលិកសមាគមអាដហុកចំនួន ០៣ រូប រួមមានលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី និងអតីតបុគ្គលិកអាដហុកចំនួន ០២ រូបទៀតគឺលោក ណៃ វង់ដា និងលោក នី ចរិយា នៅ​ក្នុង​សេចក្តី​ប្រកាសមួយ​តាម​ហ្វេសប៊ុករបស់​អង្គការ​នេះ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២។ (Facebook/ADHOC-Cambodia)

សាលា​ឧទ្ធរណ៍​បាន​សម្រេច​នៅថ្ងៃ​ចន្ទនេះ​ ឱ្យ​បុគ្គលិក​ និង​អតីត​បុគ្គលិក​ចំនួន​៥​រូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុកមាន​ទោស​ដូច​ការ​ការ​ផ្តន្ទា​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី​ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។

នៅក្នុង​ពេល​ប្រកាស​សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍​ នៅថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០២២​នេះ​ មិន​មាន​វត្តមាន​បុគ្គលិក និង​អតីត​បុគ្គលិក​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នោះ​ទេ ដោយសារ​ពួកគេ​ជាប់​បេសកកម្ម​នៅតាម​ខេត្ត។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​អ្នក​ទាំងប្រាំគឺ​លោក សំ​ ទិត្យសីហា។

បើតាម​លោក សំ ទិត្យសីហា​ ថា​សាក្សី​សំខាន់​ពីរ​រូប​គឺនាង ​ខុម ចាន់តារ៉ាទី ​និង​អ្នកស្រី​ ទ្រី ឈួន ​ក៏​គ្មាន​វត្តមាន​ក្នុង​ថ្ងៃ​ប្រកាស​សាលដីកា​នេះ​ដែរ។ លោក​បន្ថែម​ថា​ អវត្តមាន​សាក្សីទាំង​ពីរនាក់​នោះ​ ចាប់​តាំង​ពីការ​ផ្តើម​នីតិវិធី​ជំនុំជម្រះ​ក្តីនៅ​សាលាដំបូង​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​យុត្តិធម៌​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់។

លោក​ប្រាប់​ក្រុម​អ្នកកាសែត​ នៅ​ក្រៅ​របង​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ហ្នឹង​ហើយ​ដែល​យើង​មាន​ការ​សោក​ស្តាយ​មែនទែន​ ដោយសារ​តែ​អវត្តមាន...បើ​សិន​ជា​មាន​វត្តមាន​របស់​ពួកគាត់​ យើងនឹង​សួរ​ថា ពួកគាត់​ក្លាយ​ជា​សាក្សី​ហ្នឹង​ចាប់​ពីពេល​ណា។ ... ហើយ​សូម្បី ​កូនក្តី​របស់​ខ្ញុំ​នៅ​តែ​បញ្ជាក់​អះអាង​ថា​ ខុម ចាន់តារ៉ាទី ​រហូត​មកដល់​ថ្ងៃនេះ​ គាត់​នៅតែ​ជា​មិនមែន​សាក្សី គាត់​នៅតែ​ជា​ជន​រងគ្រោះ​ដែល​មក​រក​សេវាកម្ម​ផ្លូវ​ច្បាប់​ពី​សមាគម​អាដហុក»។

អតីត និង​បុគ្គលិក​សមាគមអាដហុកទាំង​ប្រាំ​នោះ​ រួមមាន​លោក ​នី សុខា ​ លោក ​យី សុខសាន្ត​ និង​អ្នកស្រី​ លឹម មុន្នី​ និង​អតីត​បុគ្គលិក​សមាគម​នេះ​គឺ​លោក​ ណៃ វង់ដា​ និងលោក​ នី ចរិយា។ កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៨ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​មន្រ្តី​និង​អតីត​មន្រ្តី​ការពារ​សិទ្ធិមនុស្ស​៥​រូប​របស់​សមាគម​អាដហុក​ម្នាក់ៗ​ឱ្យជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ៕

XS
SM
MD
LG