ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្ម​ជន​សហជីព​ និង​សង្គម​ស៊ីវិល​ស្នើឱ្យ​រដ្ឋាភិបាល​ពង្រីក​បន្ថែម​លំហ​សេរីភាព​សហជីព


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក ​អ៊ិត សំហេង​ បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ ​អំពី​ការ​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ខណៈ​តំណាង​សហជីព​ឯករាជ្យ​មួយ​ចំនួន​ និង​សង្គម​ស៊ីវិល​និយាយ​ថា​ លំហ​សិទ្ធិ​សេរីភាព​សហជីព​ស្ថិត​នៅ​ក្រោម​ការ​រឹតត្បិត​និង​រើស​អើង​នៅ​ឡើយ​ ដូច​យ៉ាង​ករណី​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

បើ​តាម​សារ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ អ៊ិត សំហេង ​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ច្បាប់​ស្តីពី​សហជីព​របស់​កម្ពុជា​ គឺ​មាន​ការ​ផ្តល់​សិទ្ធិ​សេរីភាព​យ៉ាង​ពេញលេញ​ទៅ​កម្មករ​និយោជិត​ និង​និយោជក​ក្នុង​ការ​បង្កើត​ និង​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ដោយ​សេរី ​គ្មាន​ការ​បង្ខិត​បង្ខំ ​និង​គំរាម​កំហែង ​ដែល​អនុ​លោម​តាម​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ ៨៧។​

ការ​លើក​ឡើង​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​លោក​ អ៊ិត សំហេង​ ធ្វើ​ឡើង​អំឡុង​ពេល​ជំនួប​ជាមួយ​ប្រធាន​ប្រតិភូ​បេសក​កម្ម​ដោយ​ផ្ទាល់​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) គឺ​លោក​Takanobu Teramoto ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មីនា។​

លោក ​អ៊ិត សំហេង​ ផ្តល់​ការ​ពន្យល់​បន្ថែម​ថា​ កម្ពុជា​ ដែល​ផ្សារ​ភ្ជាប់​ការ​គោរព​លក្ខខណ្ឌ​ការងារ​ជាមួយ​ពាណិជ្ជ​កម្ម​អន្តរជាតិ ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ករណី​ដែល​កម្មករ​និយោជិត​ ឬ​ថ្នាក់​ដឹកនាំ​សហជីព​ត្រូវ​បាន​ចាប់ខ្លួន​ ឬ​ធ្វើ​ទុក្ខ​បុកម្នេញ​ ដោយសារ​សកម្មភាព​ស្របច្បាប់​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ឡើយ។​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​អ៊ិត សំហេង។​

ប៉ុន្តែ​មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កញ្ញា​ឈឹម ស៊ីថរ​ មាន​ប្រតិកម្ម​ថា​ សេរីភាព​សហជីព​កំពុងតែ​រួម​តូច​ខ្លាំង​ទៅៗ ​ជាមួយ​នឹង​ករណី​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដែល​ជា​ឧទាហរណ៍​មួយ​បង្ហាញ​ថា​ សេរីភាព​សហជីព​គឺ​សឹង​តែ​លែង​មាន​ទៅ​ហើយ។​

កញ្ញា​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា៖ ​«មុន​ពេល​ធ្វើ​កូដកម្ម​ហ្នឹង​គឺ​កម្មករ​បាន​ចំណាយ​ពេល​វេលា​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹងទៅ​តាម​នីតិវិធី​ដល់​ទៅ​ជិត​មួយ​ឆ្នាំ។​ ហើយ​ឥឡូវ​កូដកម្ម​រាប់​ខែ​ទៀត​នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។ យើង​អត់​ដែល​ឃើញ​ អត់​ដែល​ឮ ​អត់​ដែល​បាន​ឃើញ​ក្រសួង​ការងារ ​អំពី​ជំហរ​នៅ​ក្នុង​ការ​ការពារ​សេរីភាព​សហជីព​ទេ បើទោះ​បី​ជា​មាន​ចែង​នៅ​ក្នុង​ច្បាប់​ការងារ​ច្បាស់​ក្រឡែត​ក៏​ដោយ។​ ហើយ​អាហ្នឹង​យើង​មិន​ទាន់​និយាយ​ពី​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ផង»។​

មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ពី​បទ​ញុះញង់​ កាល​ពី​ពេល​កន្លង​ទៅ​នេះ​ បាន​បន្ថែម​ថា​ មន្រ្តី​រដ្ឋាភិបាល​តែង​មាន​ទម្លាប់ ​មិន​ដែល​ទទួល​ស្គាល់ ​ហើយ​បដិសេធ​ស្ថានភាព​ពិត​ទាក់​ទង​នឹង​ការ​លើក​ឡើង​ពី​ការ​ប្រឈម​ផ្សេងៗ​របស់​កម្មករ​និយោជិត​និង​សហជីព ​អំឡុង​ពេល​ធ្វើការ​ទាមទារ​ណា​មួយ។​

កូដករ​ណាហ្គាវើលដ៍​មួយ​រូប​កញ្ញា​ សៀក បញ្ញា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ការងារ​លោក​ អ៊ិត សំហេង​គឺ​ មិន​អាច​ទទួល​យក​បាន​ទេ​ ដោយសារ​តែ​ផ្ទុយ​ពី​ការណ៍​ពិត​ ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ជា​រឿយៗ​ ធ្វើ​ការ​បង្រ្កាប​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ដែល​ចេញ​តវ៉ា​នៅ​តាម​ទីសាធារណៈ។​

កញ្ញា​និយាយ​ថា៖​ «ទោះ​ថា គាត់​ចេញ​សារ​លិខិត​មក​ថា​ អត់​មាន​រំលោភ​សិទ្ធិ​សេរីភាព​សហជីព​ ឬ​កម្មករ​យ៉ាង​ម៉េច​ ចាប់​គេ​ដាក់​គុក។ ​ចាប់​តំណាង​សហជីព​ទ្រទ្រង់​ការងារ​របស់​ណាហ្គាវើលដ៍​ ចាប់​ដាក់​គុក​ទាំង​អយុត្តិធម៌។ ​ហើយ​អ្នក​មក​ចាប់​ហ្នឹង​មិន​មែន​ស្លៀក​ពាក់​ក្នុង​ឯក​សណ្ឋាន​ជា​អាជ្ញាធរ​ ឬ​ជា​មន្រ្តី​ទៀត ​សុទ្ធ​តែ​ជន​ស៊ីវិល​ទាំង​អស់ ​ចាប់​ដូច​ចោរ​ ហើយ​ថា ​អត់​មាន​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ណា​មួយ។​ ហើយ​ចុះ​ការ​ដែល​ចាប់​ថ្នាក់​ដឹកនាំ​សហជីព​សរុប​ទាំងអស់​ ទាំង​តំណាង ​ទាំង​សកម្ម​ជន​ ទាំង​១១​នាក់​ហ្នឹង​ អា​ហ្នឹង​ជា​អី​វិញ?»

ដំណាល​គ្នា​នេះ​ដែរ ​កញ្ញា​អំពាវនាវ​ឱ្យ​ក្រសួង​និង​អាជ្ញាធរ​ពាក់ព័ន្ធ​រក្សា​ភាព​អព្យាក្រឹត​ មិន​បំភ្លៃ​ការណ៍​ពិត ​បញ្ឈប់​ការ​រារាំង​ការ​ធ្វើ​កូដកម្ម​ ការ​ប្រើ​ពាក្យ​ថា ​«បាតុករ»​មក​លើ​ក្រុម​កូដករ​ ក៏​ដូច​ជា ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​កូដករ​ជា​ដើម។​

កូដកម្ម​ដែល​កំពុង​បន្ត​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​ ១.៣២៩​ នាក់​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​កាល​ពី​អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២១។​ នេះ​បើ​តាម​បុគ្គលិក​ និង​សកម្មជន​សហជីព​នៅ​ក្រុមហ៊ុន​នេះ។​

កូដករ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​បង្ហាញ​ចេតនា​រើស​អើង​សហជីព​ ពីព្រោះ​ក្នុង​ចំណោម​កម្មករ​និយោជិត​ដែល​ត្រូវ​បាន​បញ្ឈប់​នោះ​មាន​ថ្នាក់​ដឹកនាំ​ សកម្ម​ជន​ និង​សមាជិក​សហជីព​ផង​ដែរ។​

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ ​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​ថា​ ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ការងារ​គឺ​គ្រាន់​តែ​ជា ​«ភាសា​នយោបាយ» ​និង​ជា​ការ​ឆ្លើយតប​នឹង​តំណាង​អង្គការ​ការងារ​អន្តរជាតិ​ស្តីពី​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ផ្នែក​ការងារ​តែ​ប៉ុណ្ណោះ។​

លោក​បន្ត​ថា​ នៅ​ក្នុង​ស្ថានភាព​ពិត ​បទ​ចោទ​ប្រកាន់​ផ្សេងៗ​ប្រឆាំង​នឹង​តំណាង​សហជីព​កម្មករ​និយោជិត​នៅ​តែ​បន្ត​មាន។​

លោក​ថ្លែង​ថា៖​ «តែ​ជា​តថភាព​ជាក់ស្តែង​យើង​មើល​ឃើញ​ថា ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៃ​អង្គការ​វិជ្ជាជីវៈ​ សហជីព​ នៅ​តែ​ជា​បញ្ហា​ប្រឈម​ ជា​ពិសេស​គឺ​ទាក់ទង​ទៅ​នឹង​បទ​ព្រហ្ម​ទណ្ឌ ​ប្រឆាំង​នឹង​មេ​ដឹកនាំ​សហជីព​នៅ​ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព ​មាន​វិជ្ជាជីវៈ ​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម ​សិទ្ធិ​នៅ​ក្នុង​ការ​ចរចា​អី​ជា​ដើម»។​

បើ​តាម​លោក​ ឃុន ថារ៉ូ​ ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ពិតប្រាកដ​ រដ្ឋាភិបាល​គួរ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​មេ​ដឹកនាំ​សហជីព​ ដូចជា​ ករណី​តំណាង​សហជីព​ណាហ្គាវើលដ៍​ជា​ដើម ​និង​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិវាទ​រវាង​កម្មករ និង​និយោជក។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត ធន់​ សង្កេត​ឃើញ​មាន​ការ​ប្រើប្រាស់​បទ​ចោទ​ប្រកាន់​ក្រោម​ហេតុ​ផល​ផ្សេងៗ​មក​លើ​សហជីព ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រឹតត្បិត​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ។​

លោក​និយាយ​ថា៖ ​«ការ​ដែល​រដ្ឋមន្រ្តី​បង្ហាញ​ថា​ មិន​មាន​ ខ្ញុំ​គិត​ថា ​ដូចជា​មិន​ត្រូវ​ស្ថានភាព​ទេ។ ​គ្រាន់​តែ​ថា ​ភាគច្រើន​ដែល​គេ​ចោទ​ប្រកាន់​នោះ​ គេ​មិន​ដែល​ចោទ​ប្រកាន់​ថា ​គាត់​សហជីព​ទេ។​ ឧទាហរណ៍​ថា​ កូដកម្ម​ហ្នឹង​គាត់​ថា​ បដិវត្តន៍​ពណ៌​អី​អ៊ីចឹង ​ឬ​ក៏​ញុះញង់​ឱ្យ​ប្រពឹត្ត​បទ​ល្មើស​ជា​អាទិ៍​អី​អ៊ីចឹង​ទៅ។​ តាម​ពិត​ទៅ​ អាហ្នឹង​ហើយ​ជា​រឿង​សហជីព។​ នេះ​ហើយ​ជា​ការ​កាឡៃ​ ឬ​ការ​បង្កើត​បទល្មើស​ផ្សេងៗ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់»។​

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត ​លើក​ឡើង​ថា​ សិទ្ធិ​ការពារ​សម្រាប់​តំណាង​សហជីព​ ឬ​ការ​បង្កើត​សហជីព​នៅ​តាម​រោងចក្រ ​ឬ​ក្រុមហ៊ុន​ផ្សេងៗ ​មិន​ទាន់​ត្រូវ​បាន​គោរព​ពេញ​លេញ​ទៅ​តាម​ច្បាប់​ជាតិ​ និង​អនុ​សញ្ញា​របស់​អង្គការ​ការងារ​អន្តរជាតិ​នៅ​ឡើយ​នោះ​ទេ​ ដោយ​លោក​កត់​សម្គាល់​ថា ​តំណាង​សហជីព​មួយ​ចំនួន​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ ការ​ចាប់ឃុំ​ខ្លួន និង​ការ​ចាប់​ដាក់​ពន្ធនាគារ។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​គិត​ថា ​ក្រសួង​គួរ​តែ​ពិនិត្យ​មើល ​និង​ពង្រឹង​ ទាក់ទង​នឹង​សិទ្ធិ​ការពារ​ពិសេស​ចំពោះ​ថ្នាក់​ដឹកនាំ​សហជីព​ ឬ​ក៏​គួរ​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ILO ​បន្ថែម​ទៀត​ដែល​កម្ពុជា​មិន​ទាន់​បាន​ផ្តល់»។​

វីអេអូ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​គឺ​លោក​ ហេង សួរ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​កន្លង​ទៅ​នេះ​ អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ក៏​ធ្លាប់​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​លំហ​សេរីភាព​សហជីព​នៅ​កម្ពុជា​ ក្រោយ​ពី​មាន​ការ​បង្រ្កាប​ពី​សំណាក់​អាជ្ញាធរ​ក្រោម​រូបភាព​ផ្សេងៗ​មក​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ ដែល​បាន​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះ​ស្រាយ​អស់​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​នេះ៕

XS
SM
MD
LG