ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​ក្រុមហ៊ុន​ Huawei ​ព្រងើយ​កន្តើយ​នឹង​ការ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​សហ​រដ្ឋ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតីចិន ស៊ី ជីនពីង ទស្សនា​ការិយាល័យ​ក្រុម​ហ៊ុន​ Huawei របស់​លោក Ren Zhengfei នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ឆ្នាំ​២០១៥។

លោក​ Ren Zhengfei​ និយាយ​ថា​ បទ​បញ្ជា​រដ្ឋ​បាល​របស់​រដ្ឋ​បាល​ប្រធា​នា​​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ ដែល​រារាំង​ការ​លក់​បច្ចេក​វិទ្យា​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ធំទី២ ​របស់​ពិភព​លោក​មាក់ងាយ​សមត្ថភាព​​របស់​ក្រុមហ៊ុន​លោក។

អ្នក​បង្កើត​មហា​ក្រុម​ហ៊ុន​ទូរគមនាគមន៍ ​Huawei ​របស់​ចិន​កំពុង​ច្រាន​ចោល​សេចក្តី​សម្រេច​ដោយ​សហរដ្ឋ​អាមេរិក ​ដែល​ដាក់​ក្រុម​ហ៊ុន​នោះ​ចូល​ក្នុង​បញ្ជី​ខ្មៅដោយ​សំអាង​ហេតុផល​ថា ​ក្រុម​ហ៊ុន​នេះ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​កិច្ច​សម្ភាសន៍​ជា​បន្ត​បន្ទាប់​ជាមួយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​កាល​ពី​ថ្ងៃ​អង្គារ ​លោក​ Ren Zhengfei ​បាន​និយាយថា ​ចំណាត់​ការ​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ ត្រាំ ​បាន​មាក់​ងាយ​សមត្ថភាព​ពិត​ប្រាកដ​របស់​ក្រុមហ៊ុន​លោក ​ក្នុង​ការបន្ត​កិច្ច​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ​5G។

បទ​បញ្ជា​កាល​ពី​សប្តាហ៍​មុន​នឹង​រាំង​ខ្ទប់​ការ​ផ្ទេរ​នៅ​ពេល​អនាគត​នូវ​ឧបករណ៍​ កម្មវិធី​ និង​សេវា​ផ្សេងៗ​ទៀត​របស់​ក្រុម​ហ៊ុន​ Huawei​ ដែល​អាច​កម្រិត​ការ​ពង្រីក​ទូទាំង​សាកល​លោក​របស់​ក្រុមហ៊ុន​ Huawei​ ហើយ​និង​ការ​ខំ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន​នោះ​ដើម្បី​តាម​ឲ្យ​ទាន់​ក្រុមហ៊ុន​ Samsung​ របស់កូរ៉េខាង​ត្បូង​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចល័ត​ធំ​បង្អស់​របស់​ពិភពលោក។

ក្រុម​ហ៊ុន​ Huawei ​ដែល​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ទី​២​របស់​ពិភព​លោក​នេះ ​មាន​បញ្ហា​ដ៏​ធំ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ពេល​ដែល​មហា​ក្រុមហ៊ុន​ Google​ ដែល​ប្រតិបត្តិ​ការ​ម៉ាស៊ីនស្រាវជ្រាវ​មួយ​របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​រឹត​ត្បិត​ក្រុមហ៊ុន​ Huawei មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​មាន​ប្រជាប្រិយភាព​គឺ​ Android​ ដើម្បី​អនុ​វត្ត​តាមបទ​បញ្ជា​នេះ។​

សេវាកម្ម​ Google​ បាន​ត្រូវ​គេ​ហាម​ឃាត់​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ចិន ​ដូច្នេះ​ពួក​អ្នក​វិភាគ​និយាយ​ថា ​ឥទ្ធិពល​នៃ​ការ​ទប់​ស្កាត់​ការ​លក់​បច្ចេក​វិទ្យា ​អាច​មាន​ប្រសិទ្ធិ ភាព​ច្រើន​លើ​ការ​លក់របស់​ក្រុមហ៊ុន​ Huawei​ នៅ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ​ដោយធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​នោះ​មាន​ការ​ទាក់​ទាញ​តិចតួច​ដល់​អតិថិជន បើ​ទូរស័ព្ទ​ទាំង​នេះ ​មិន​មានកម្មវិធី Google នោះ។ កាល​ពី​ឆ្នាំ​ទៅ ក្រុមហ៊ុន ​Huawei​ បាន​លក់​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​នៅ​ក្រៅ​ប្រទេស​ជិត​ពាក់​កណ្តាល​នៃ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​ចំនួន​ ២០៨ ​លាន​គ្រឿង​ ហើយ​នៅ​សល់​ពី​នោះ​លក់​ក្នុង​ប្រទេស​ចិន។

ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ចំនួន ៩០ ​ថ្ងៃ​ដល់​ក្រុមហ៊ុន​ Huawei ​ដើម្បី​បន្ត​ផ្តល់​បច្ចុប្បន្នភាព​កម្មវិធី​ដល់​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន ​Huawei​ ដែល​កំពុង​ដំណើរ​ការ​ហើយ​នឹង​រក្សា​បណ្តាញ​ដែល​មាន​ស្រាប់។

ក្រុមហ៊ុនចិន​បាន​ស្ថិត​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​បន្ត​មាន​ឡើង​រវាង​រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ សហរដ្ឋ​អាមេរិក​ពោល​អះ​អាង​ថា ​បច្ចេក​វិទ្យា​របស់​ក្រុមហ៊ុន ​Huawei​ អាច​ត្រូវ​គេ​ប្រើ​ដើម្បី​ស៊ើបយក​ការណ៍​លើ​ពលរដ្ឋ​អាមេរិកាំង។​ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ក្រុមហ៊ុន ​Huawei ​ច្រាន​ចោល​ម្តង​ហើយ​ម្តងទៀត។

​ជម្លោះ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុមហ៊ុន​ Huawei ​ក៏បាន​ទាក់​ទិន​ទៅ​នឹងលោក​ស្រី ​Meng Wanzhou​ ដែល​ជាកូនស្រី​របស់​លោក​ Ren Zhengfei​ ដែលធ្វើ​ជា​ប្រធាន​ទទួល​បន្ទុក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន។

លោកស្រី​ Meg ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ ​នៅ​ក្នុង​ទីក្រុង ​Vancouver​ ប្រទេស​កាណា​ដា ដោយ​សារ​ដីកា​ចាប់​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចោទ​ប្រកាន់​លោកស្រី ​ពីការ​រំលោភ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។ នេះ​ជាចំណាត់​ការ​មួយ​ដែល​បានធ្វើ​ឲ្យប្រទេស​ចិន​ខឹង​សម្បា ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​កាណាដា​២​នាក់ ​ដែល​ទំនង​ជាការ​សង​សឹក​ប្រឆាំង​នឹង​កាណាដា។

ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ចរចា​ពាណិជ្ជកម្ម​ច្រើន​ខែ​ ដោយ​ប្រ​ទេស​មាន​សេដ្ឋកិច្ច​ធំបង្អស់​២ក្នុងពិភពលោក​នេះ ​បាន​បង្កើន​ការយក​ពន្ធ​គយ​គ្នា​ទៅ​វិញ​ទៅមក​លើ​ទំនិញ​នាំ​ចេញ​ដែល​មាន​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG