ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វៀតណាម​កំពុង​ផលិត​ទូរស័ព្ទ​ទំនើប​ដោយ​ខ្លួន​ឯង ​ក្រោយ​​ទទួល​ការងារ​ត្រឹម​ជា​​​កិច្ចសន្យា​ជា​ច្រើន​ទសវត្សរ៍


រូបឯកសារ៖ អ្នក​ផលិត​ទូរស័ព្ទ​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ខ្សែ​សង្វាក់​ផ្គុំ​ទូរស័ព្ទ​​របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម កាល​ពី​ខែ​ធ្នូ ២០១៨។
រូបឯកសារ៖ អ្នក​ផលិត​ទូរស័ព្ទ​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ខ្សែ​សង្វាក់​ផ្គុំ​ទូរស័ព្ទ​​របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម កាល​ពី​ខែ​ធ្នូ ២០១៨។

បណ្ដុំ​ក្រុមហ៊ុន​មួយ​របស់​វៀតណាម​​មួយ​កំពុង​ផលិត​ទូរស័ព្ទ​មាន​តម្លៃ​ទាប​សម្រាប់​លក់​ក្នុង​ប្រទេស​ បើ​ទោះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​ក្នុង​ប្រទេស​នេះ​កន្លង​មក​​ចូល​ចិត្ត​របស់​ម៉ាកទំនិញ​ពី​បរទេស។

ប្រទេស​វៀតណាម​ស៊ាំ​ទៅ​នឹង​ភាព​ជា​អ្នក​ទទួល​ការ​បញ្ជា​ទិញ។ ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា​ Nokia និង​ ​Samsung Electronics​ ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ទាប​ក្នុង​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ដើម្បី​ដំឡើង​គ្រឿង​អេឡិកត្រូនិច​ប្រើប្រាស់​សម្រាប់​នាំ​ចេញ។ ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ទាំង​នោះ​បាន​ផ្ដល់​ឲ្យ​វៀតណាម​បន្តិច​ម្ដងៗ​នូវ​ការ​ផ្គត់ផ្គង់​ គ្រឿង​បន្លាស់​ និង​ចំណេះដឹង​ដែល​ចាំបាច់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុកអាចផលិត​ទូរស័ព្ទ​ទំនើប​ដោយ​ខ្លួន​ឯង។

ក្នុង​ករណី​ល្បី​មួយ​គឺ​ថា​ ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Vingroup​ និង​បណ្ដុំ​ក្រុមហ៊ុន​លក់​រាយ​មួយ​ បាន​ចាប់​ផ្ដើម​លក់​ទូរស័ព្ទ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ ដោយ​មាន​ផែនការ​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេស្ប៉ាញ​ ដើម្បី​ពង្រីក​ផលិតកម្ម​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត។ នេះ​បើ​យោង​តាមការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​វៀតណាម​និយាយ​ថា ក្រុមហ៊ុន Vingroup រំពឹង​ថា​នឹង​មាន​សង្វាក់​ផ្គត់ផ្គង់​ក្នុង​ប្រទេស​កាន់​តែ​ខ្លាំង​ជាង​មុន​ រួម​ទាំង​មាន​កម្លាំង​ពលកម្ម​ច្រើន ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ត្រូវ​បង្ហាញ​ថា​ ខ្លួន​ល្អ​ជាង​ក្រុមហ៊ុន​មុនៗ​ដែល​បាន​ជួប​បរាជ័យ​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ព្រោះអ្នក​កទិញ​ទំនិញហាក់​ដូច​ជា​ចូល​ចិត្ត​របស់​យីហោ​បរទេស។

រូបឯក​សារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្គុំ​ទូរស័ព្ទ​ទំនើប Vsmart របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម។
រូបឯក​សារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្គុំ​ទូរស័ព្ទ​ទំនើប Vsmart របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម។

លោក Frederick Burke ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ច្បាប់​ឈ្មោះ​ថា ​Baker McKenzie ក្នុង​ទីក្រុង​ហូជីមិញ​ បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​មាន​របស់​តូចៗ​កាន់​តែ​ច្រើន​កំពុង​ត្រូវ​បាន​ផលិត​នៅ​វៀតណាម នៅ​ពេល​ដែល​ជនជាតិ​តៃវ៉ាន់ កូរ៉េ និង​អ្នក​ដទៃ​ទៀត​កំពុង​ប្តូរ​ការ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​មក​នៅទី​នេះ»។

ការ​លក់​យ៉ាង​ឆាប់​រហ័ស​នូវទូរស័ព្ទ​ផលិត​ក្នុង​ស្រុក​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​ដែល​ផ្ដល់​ប្រាក់​ខែ​ទាប​ និង​អាស្រ័យ​លើ​កិច្ច​សន្យា​ អាច​ឈាន​ឡើង​ទៅ​ខ្សែចង្វាក់​តម្លៃ​ (value chain) ខ្ពស់​ជាង​មុន។

ទូរស័ព្ទ​ Q ចាក​ចេញ ទូរស័ព្ទ B ចូល​មក​ជំនួស

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​វៀតណាម​បាន​សម្ពោធ​ដាក់​លក់​ទូរស័ព្ទ​ចល័ត​មួយ​ចំនួន​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​ ដោយ​មាន​ម៉ាក​យីហោ​ដូច​ជា Qphone និង Mobiistar។ ភាគ​ច្រើន​នៃ​ទូរស័ព្ទ​ទាំង​នេះ​បាន​បាត់​បន្ដិច​ម្ដងៗ ឬ​បន្ថយ​ចំនួន​ដោយ​សារ​តែផ្សាយ​ផ្សាយ​ផលិតផល​ (marketing) ទន់​ខ្សោយ​ ឬ​ខ្វះ​ចំណេះ​ដឹង​អំពី​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Thanh Vo អ្នក​វិភាគ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​ឈ្មោះ​ថា IDC Indochina មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហូជីមិញ។

កាល​ពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ BKAV Corp.​ ដែល​ផលិត​ទូរស័ព្ទ​លើ​តុ​ និង​កម្មវិធី​កុំព្យូទ័រ​ បានបង្កើត​នូវ​អ្វី​មួយដោយ​អ្នក​ប្រើ​ប្រាស់​និង​អ្នក​វិភាគ​បាន​ចាត់​ទុក​ថា​ អាច​ជា​ជោគជ័យ​ដំបូង​របស់​វៀតណាម។

គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ​ថា VietNamNet Bridge បាន​សរសេរ​ក្នុង​សេចក្តី​រាយការណ៍​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ថា ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន BKAV Corp. គឺ​ទូរស័ព្ទ Bphone និង Bphone 2 ​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​មើល​ច្រើន​ទេ។ ប៉ុន្តែការ​បញ្ចេញ​ទូរស័ព្ទ​ម៉ាក BPhone 3 ដែល​មាន​តម្លៃ ៣១៤​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ទទួល​បាន​ការ​កោត​សរសើរ​ក្នុង​ចំណោម​អ្នក​ជំនាញ ​ដោយ​សារ​តែ​ល្បឿន​របស់​វា និង​ការ​ធន់​នឹង​ទឹក ដែល​កត្តា​ទាំង​២​នេះ​ «ផ្ទុយ​ពី​ការ​ព្យាការណ៍​ផ្សេងៗ​ពី​មុន»។

រូបឯក​សារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្គុំ​ទូរស័ព្ទ​ទំនើប Vsmart របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម។
រូបឯក​សារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្គុំ​ទូរស័ព្ទ​ទំនើប Vsmart របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម។

បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​យោបល់​ផ្នែក​វិនិយោគ​ទុន​វៀតណាម (Vietnam Investment Review) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Vinsmart បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ខែ​កក្កដា ជាមួយ​ក្រុមហ៊ុន​ BQ របស់​អេស្ប៉ាញ​ដើម្បី​ចាប់​ផ្ដើម​ផលិត​ទូរស័ព្ទ​ទំនើប​ចំនួន​៤​ ​ក្រោម​ម៉ាក Vsmart កាល​ពី​ខែ​ធ្នូ។ ក្រុមហ៊ុន​ Vingroup ដែល​គ្រប់គ្រង​ដោយ​លោក Pham Nhat Vuong អ្នក​មាន​បំផុត​នៅ​វៀតណាម គ្រោង​នឹង​ផលិត​ទូរស័ព្ទ​ចំនួន​៥​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ គិត​ត្រឹម​ឆ្នាំ​ ២០២១។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times។

ក្រុម​ហ៊ុន ​Vingroup​ មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ការ​បំភ្លឺ​ក្នុង​សម្រាប់អត្ថបទ​ព័ត៌មាន​នេះ​ទេ។

ប្រជាជាតិ​នៃ​រោងចក្រ

ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​នៅ​ក្នុង​ផលិតកម្ម​នៅ​វៀតណាម​ កំពុង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ពី​៦​ទៅ​៧​ភាគ​រយ​ជា​រៀងរាល់​ឆ្នាំ។ ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើន​ឡើង​ជិត ​៧.១​ ភាគរយ កាល​ពី​ឆ្នាំ​ ២០១៨ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​១១​ឆ្នាំ។ ក្រុមហ៊ុន​ Samsung, LG Electronics, Nokia និង​ក្រុមហ៊ុន Intel គឺ​ជា​ក្រុមហ៊ុន​ដែល​បាន ​«បណ្ដាក់​ទុន​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ» នៅ​វៀតណាម។ នេះ​បើ​តាម​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Dezan Shira & Associates។ ការ​នាំ​ចេញ​ឧបករណ៍​អេឡិកត្រូនិច​បាន​កើន​ចំនួន​លើស​ពី​ទំហំ ៤០​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ឆ្នាំ​២០១៧។

លោក Burke​ និយាយ​ថា កាល​ពី​៥​ឆ្នាំ​មុន ការ​ផលិត​បន្ថែម​ (value added) ក្នុង​ស្រុក​មាន​តែ ​២ ​ភាគ​រយ​ប៉ុណ្ណោះ​សម្រាប់​គ្រឿង​អេឡិច​ត្រូនិច​ដែល​ផលិត​នៅ​វៀតណាម។ លោក​ថា ភាគ​រយ​នេះ​ មាន​កម្រិត​ខ្ពស់​ជាង​មុន​នា​ពេល​បច្ចុប្បន្ន។ ទូរស័ព្ទ​របស់​ក្រុមហ៊ុន Vsmart នៅ​តែ​បន្ត​ប្រើ​ប្រាស់​គ្រឿង​បង្គុំ​ពី​បរទេស​ ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ការ​ប្រើ​ប្រាស់​សង្វាក់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ដ៏​រឹង​មាំ​ផង​ដែរ។

ទូស័ព្ទ​ម៉ាក ​B Phone 3s ​ដើរ​ដោយ​ប្រព័ន្ធ Qualcomm Snapdragon ហើយ​ប្រើ​ប្រាស់​សំបក​ប្រភេទ​ Gorilla Glass ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន Corning។ ក្រុមហ៊ុន​ផ្គត់​ផ្គង់​ទាំង​២​នេះ​ជា​ក្រុមហ៊ុន​អាមេរិកាំង។

លោក Vo និយាយ​ថា៖ «កម្លាំង​ពលកម្ម​សម្រាប់​ផលិត​ទូរស័ព្ទ​ក្នុង​ស្រុក​គឺ​ជា​កម្លាំង​ក្នុង​ស្រុក។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ក្រុម​ហ៊ុន Vingroup នឹង​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ដើម្បី​នឹង​ទាក់ទាញធន​ធាន​មនុស្ស​មក​ពី​ក្រុមហ៊ុន​ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន»។

ក្រុម​អ្នក​ទិញ​មាន​ការ​ស្ទាក់​ស្ទើរ

ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Boston Consulting Group​ បាន​ប៉ាន់​ប្រមាណ​ថា​ កំណើន​សេដ្ឋកិច្ច​នឹង​ជួយ​ពង្រីក​ពលរដ្ឋ​វណ្ណៈ​កណ្ដាល​រហូត​ដល់​ទៅ​ប្រមាណ ​១ភាគ​៣ ​នៃ​ចំនួន​ពលរដ្ឋ​វៀតណាម​ដែល​មាន​សរុប​ ៩៦​លាន​នាក់ នៅ​ឆ្នាំ​ក្រោយ។ ទ្រព្យ​សម្បត្តិ​ថ្មីៗ​ខ្លះ​ នៅ​ក្នុង​ប្រទេស​ដែល​មានមនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​កាន់​ទូរស័ព្ទ​ទំនើបសូម្បី​អ្នក​នេសាទ​និង​អ្នក​ប្រមូល​សំរាមនេះ នឹង​ត្រូវ​ចាយវាយ​សម្រាប់​ទិញ​ទូរស័ព្ទ​ទំនើប​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​បរទេស​ដូច​ ​Samsung និង​ក្រុមហ៊ុន​ Apple។

រូបឯក​សារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្គុំ​ទូរស័ព្ទ​ទំនើប Vsmart របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម។
រូបឯក​សារ៖ បុគ្គលិក​ម្នាក់​កំពុង​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្គុំ​ទូរស័ព្ទ​ទំនើប Vsmart របស់​ក្រុមហ៊ុន Vingroup នៅ​ទីក្រុង Hai Phong ប្រទេស​វៀតណាម។

កុមារ ​Phuong Hong អាយុ​ ១០​ឆ្នាំ ​ដែល​ប្រើ​ទូរស័ព្ទ​ iPhone រស់​នៅ​ទី​ក្រុង​ហូជីមិញ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទូរស័ព្ទ​របស់​វៀតណាម​ទេ ដោយ​សារ​តែ​ទូរស័ព្ទ B Phone បាន​ចេញ​លក់​កាល​ពី​ពីរ​បី​ឆ្នាំ​កន្លង​ទៅ ហើយ​គុណភាព​ក៏​មិន​ល្អ»។

ប៉ុន្តែ លោក​ Burke និយាយ​ថា អ្នក​ប្រើ​ប្រាស់​ដែល​ចូល​ចិត្ត​ទិញ​ទូរស័ព្ទ​មាន​តម្លៃ​ទាប​ផលិត​ដោយ​ក្រុមហ៊ុន​ចិន ដូច​ជា​ក្រុមហ៊ុន Oppo និង Huawei អាច​នឹង​ពិចារណា​ម៉ាក​ទូរស័ព្ទ​ដែល​ផលិត​ក្នុង​ស្រុក​ ដែល​មាន​តម្លៃ​ប្រហាក់​ប្រហលែ​គ្នា។

លោក Vo និយាយ​ថា ដោយ​សារ​តែ​អ្នក​ប្រើ​ប្រាស់​ជា​ធម្មតា​សម្រេច​ចិត្ត​ទិញ​ទូរស័ព្ទ​ដោយ​សារ​ការ​រចនា​ម៉ូត​ និង​តម្លៃ​ជា​ជាង​គិត​លើ​ប្រទេស​ផលិត ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​វៀតណាមត្រូវ​តែ​បន្ថែម​ការ​ធ្វើ​សកម្មភាព​ផ្នែក​ផ្សព្វផ្សាយទីផ្សារ និង​គិត​មុនទៅ​លើ​ផលិតផល​ដែល​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​ចង់​បាន។ ពលរដ្ឋ​វៀតណាម​ស្វែង​រក​ទូរស័ព្ទ​ដែល​ថោក ​ក្នុង​តម្លៃ​ប្រហែល​២០០​ដុល្លារ។

លោក ​Kevin Snowball​ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចាត់ចែង​ទ្រព្យ​សម្បត្តិ PXP Vietnam Asset Management ក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយ​ថា៖ «យើង​បាន​ឃើញ​មនុស្ស​ជា​ច្រើន​សាកល្បង​ហើយ​បរាជ័យ ដូច្នេះ​គេ​ត្រូវ​តែ​រក្សា​គំនិត​ថា ​តើ​ពលរដ្ឋ​វៀតណាម​ចង់​ទិញ​ទូរស័ព្ទ Vinsmart ជាង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ដូច​ជា​ Samsung ឬ​ក្រុម​ហ៊ុន Apple​ ឬ​ទេ?»៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG