មន្ត្រីសហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ប្រទេសចិនយ៉ាងមានប្រសិទ្ធភាព មិនឲ្យបង្កើតបណ្ដាញចល័ត 5G នៅក្នុងសហរដ្ឋអាមេរិក និងបានព្រមានប្រទេសផ្សេងទៀតអំពីហានិភ័យសន្តិសុខជាតិដែលក្រុមហ៊ុន Huawei អាចបង្ក។
កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយ ដែលរារាំងក្រុមហ៊ុនអាមេរិកាំងនានាមិនឲ្យប្រើឧបករណ៍ទូរគមនាគមន៍ ដែលផលិតដោយក្រុមហ៊ុនណាដែលបង្កហានិភ័យដល់សន្តិសុខជាតិ។
បទបញ្ជាប្រធានាធិបតី ដែលបានប្រកាសអំពីភាពអាសន្នជាតិ គឺជាជំហានដំបូងឆ្ពោះទៅកាន់ការរារាំងជាផ្លូវការមិនឲ្យមានការធ្វើអាជីវកម្មជាមួយនឹងក្រុមហ៊ុន Huawei។
ប៉ុន្តែសម្រាប់ក្រុមហ៊ុន Huawei វិញ ហាក់ដូចជាមិនបានបង្ហាញសញ្ញាដកថយណាមួយទេ និងបានប្ដេជ្ញាយកឈ្នះអ្នករិះគន់ខ្លួន និងច្រានចោលការចោទប្រកាន់ដែលថាខ្លួនគឺជា ការគំរាមកំហែងសន្តិសុខ។
ក្រុមហ៊ុន Huawei នេះ បានបញ្ជាក់ថា ខ្លួននឹងបញ្ឈប់អាជីវកម្មរបស់ខ្លួន ប្រសិនបើក្រុមហ៊ុននេះត្រូវបានបង្ខំឲ្យតាមដានអតិថិជនរបស់ខ្លួន ហើយនាពេលបច្ចុប្បន្ននេះ លោក Liang Hua ដែលជាប្រធានក្រុមហ៊ុននេះ ក៏ត្រូវបានគេផ្ដល់ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ដែលគ្មានការលួចតាមដាន» ផងដែរ។
លោក Liang Hua បានបញ្ជាក់ថា ក្រុមហ៊ុន Huawei មានឆន្ទៈក្នុងការ «ប្ដេជ្ញាបង្កើតឧបករណ៍ឲ្យត្រូវបានស្ដង់ដារដែលថាគ្មានការលួចតាមដានណាមួយ» លើអតិថិជនរបស់ខ្លួន។
គេនៅមិនទាន់ច្បាស់ទេថាតើលោក Liang Hua ចង់មានន័យយ៉ាងដូចម្ដេចរឿងគ្មានការលួចតាមដាននេះ ដោយសារតែក្រុមហ៊ុន Huawei នេះ ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតផងដែរ គឺតម្រូវឲ្យអ្នកប្រើប្រាស់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលទទួលស្គាល់ថា ក្រុមហ៊ុននេះអាចចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេបាន ប្រសិនបើតម្រូវឲ្យធ្វើដោយអាជ្ញាធរក្នុងប្រទេសដែលខ្លួនធ្វើអាជីវកម្ម៕