ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសចិនបានចោទប្រកាន់ជនជាតិកាណាដាពីរនាក់ជាផ្លូវការពីបទលួចការសម្ងាត់របស់រដ្ឋ


លោក Michael Kovrig និង​លោក Michael Spavor
លោក Michael Kovrig និង​លោក Michael Spavor

ប្រទេស​ចិនបាននិយាយ​ថា ពលរដ្ឋ​កាណាដា​ពីរ​នាក់ដែល​បានជាប់ឃុំឃាំងចាប់តាំង​ពី​ចុងឆ្នាំ២០១៨ ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការពី​បទ​លួច​ការ​សម្ងាត់រដ្ឋ ដែលជា​វិធានការដែល​គេ​រំពឹង​ថា​ នឹងនាំ​ឱ្យភាព​តានតឹង​ខ្លាំងឡើងៗ​រវាង​ប្រទេស​ទាំងពីរនេះ។

លោក Lu Kang អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន ​បានប្រកាសអំពី​ចាប់ខ្លួនលោក Michael Kovrig និង​លោក Michael Spavor កាល​ពី​ថ្ងៃព្រហស្បតិ៍ ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុងក្រុងប៉េកាំង។ ​

លោក Lu បាននិយាយ​ថា​ ការចាប់ខ្លួនជន​ពីរ​នាក់នេះ​បានធ្វើឡើង​តាមច្បាប់នៃ​ប្រទេស​ចិន។ លោក Lu បានថ្លែង​ថា​ ប្រទេស​ចិន​សង្ឃឹម​ថា​រដ្ឋាភិបាលក្រុង Ottawa «នឹង​មិន​ធ្វើសេចក្តី​ថ្លែងការណ៍ដោយគ្មាន​ការ​ទទួល​ខុស​ត្រូវ» តាមប្រព័ន្ធតុលាការ​នៃ​ប្រទេស​ចិនទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយចេញផ្សាយ​តែប៉ុន្មាន​ម៉ោង​ ក្រោយ​សេចក្តី​ប្រកាស​នេះរបស់​រដ្ឋាភិបាលក្រុង​ប៉េកាំង ក្រសួង​ការបរទេសកាណាដា​បាននិយាយ​ថា​រដ្ឋាភិបាលក្រុង Ottawa «ថ្កោលទោស​យ៉ាង​ខ្លាំង» លើ «ការ​ចាប់ខ្លួន​ពលរដ្ឋកាណាដាពីរនាក់នេះ​តាមតែ​អំពើចិត្ត​របស់រដ្ឋាភិបាលចិន ហើយ​ទាម​ទារ​ឱ្យ​មានការដោះលែង​ពួក​គេជាបន្ទាន់»។

​លោក​ Kovrig និង​លោក​ Spavor បានជាប់ឃុំឃាំង​ដាច់ដោយ​ឡែក​ពីគ្នា​ កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ដោយ​ត្រូវ​សង្ស័យ​ថា​បាន «ធ្វើ​សកម្មភាព​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន»។ ចំណាត់​ការ​មានឡើង​តែ​ប៉ុន្មានថ្ងៃ​នៅក្រោយ​អ្នកស្រី Meng Wenzhou ប្រធានផ្នែក​ហិរញ្ញវត្ថុនៃ​ក្រុមហ៊ុន​បច្ចេកវិទ្យាចិន Huawei បាន​ត្រូវចាប់ខ្លួន​នៅ​ឯចំណត​យន្តហោះ​ក្រុង​ Vancouver តាម​ដីកា​របស់រដ្ឋាភិបាលអាមេរិក ពី​បទ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិកលើ​ប្រទេសអ៊ីរ៉ង់។

អ្នកស្រី Meng ដែល​ជា​កូនស្រី​របស់លោក​ Ren Zhengfei អ្នកបង្កើត​ក្រុមហ៊ុន​ Huawei កំពុងស្ថិត​នៅ​ក្នុងការឃុំឃាំង​ក្នុង​ផ្ទះ ដោយ​រង់ចាំ​ការ​បញ្ជូន​ខ្លួន​ទៅកាន់សហរដ្ឋអាមេរិក។

ប្រទេសកាណាដា​បានប្រកែកមិនព្រមដោះលែងអ្នកស្រី Meng តាម​ការទាមទារ​របស់ប្រទេស​ចិនទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG