ក្នុងអំឡុងពេលនៃការកាន់អំណាច នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រែផ្លាស់ជំហរផ្នែកការពារជាតិរបស់ប្រទេសជប៉ុន នៅចំពេលដែលមានការគំរាមកំហែងកើនឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។
នៅក្រោមការដឹកនាំរបស់លោក Kishida ក្រុមអ្នកតាក់តែងច្បាប់ជប៉ុនបានអនុម័តថវិកាសម្រាប់វិស័យការពារជាតិដែលមានទំហំរហូតដល់ទៅពីរដងរហូតដល់ឆ្នាំ ២០២៧។ លោកបានបង្កើតសម្ព័ន្ធភាពកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ ហើយកាលពីខែកក្កដាកន្លងទៅនេះ លោកបានចរចាដោយជោគជ័យក្នុងការដំឡើងបញ្ជាការដ្ឋានយោធាសហរដ្ឋអាមេរិកនៅជប៉ុនឱ្យដល់កម្រិតខ្ពស់ជាងមុន។
បន្ទាប់ពីបានកាន់អំណាចអស់រយៈពេលជិត ៣ ឆ្នាំមក លោក Kishida ជិតដល់ពេលត្រូវចាកចេញពីតំណែងហើយ ដោយលោកបានប្រកាសកាលពីដើមខែសីហាថា លោកនឹងមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខ្លីខាងមុខនេះដើម្បីដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកនោះទេ។ ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលអត្រានៃការគាំទ្រលោកពីគណបក្សរបស់លោកមានកម្រិតទាប និងស្របពេលដែលមានការចោទប្រកាន់ថាមានអំពើពុករលួយនៅក្នុងគណបក្សរបស់លោក។
ប៉ុន្តែ អ្វីដែលជាចម្ងល់នោះគឺថាតើអ្នកបន្តតំណែងពីលោកនឹងនៅបន្តរក្សាកេរដំណែលដែលលោកបានធ្វើកន្លងមក ឬត្រូវដឹកនាំប្រទេសជប៉ុននៅលើទិសដៅថ្មីឬក៏យ៉ាងណានោះ។ ទោះជាយ៉ាងណាក៏ដោយ លោក Kishida បានថ្លែងថា លោកនឹងគាំទ្រមេដឹកនាំថ្មី។
លោក Tomohiko Taniguchi ដែលជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងបច្ចុប្បន្នជាទីប្រឹក្សាពិសេសនៅមជ្ឈមណ្ឌល Fujitsu Future Studies Center បាននិយាយថា ជប៉ុនស្ថិតនៅលើផ្លូវប្រសព្វនៃបញ្ហាប្រឈមសាកលជាច្រើន។
លោក Taniguchi បានប្រាប់ VOA ថា៖ «ទំហំនៃជម្រើសសម្រាប់ជប៉ុនតាមពិតទៅដូចជាតូចចង្អៀតណាស់ ដោយសារតែជប៉ុនស្ថិតនៅក្បែរអ្នកជិតខាងដែលបង្កបញ្ហាដល់ខ្លួន»។
លោកបន្ថែមថា៖ «រុស្ស៊ី កូរ៉េខាងជើង និងចិនគឺជាប្រទេសបីដែលមានអាវុធនុយក្លេអ៊ែរ ហើយគ្មានប្រទេសណាមួយក្នុងចំណោមនោះបានអនុវត្តអ្វីមួយដែលមានរបៀបជាប្រជាធិបតេយ្យបើកចំហនោះទេ។ ប្រទេសទាំងបីនេះកំពុងបន្ថែមអរិភាពនិងការស្អប់ខ្ពើមដោយចេតនានិងជាលក្ខណៈស្ថាប័នទៅលើប្រទេសជប៉ុននិងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងជប៉ុន»។
រហូតមកទល់នឹងពេលនេះ លោក Kishida មិនទាន់មានអ្នកបន្តតំណែងច្បាស់លាស់នៅឡើយទេ។ សមាជិកសភានៃគណបក្ស LDP របស់លោកជាច្រើនរូប រួមទាំងថ្នាក់រដ្ឋមន្ត្រីផង ត្រូវគេរំពឹងថានឹងចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសប្រធានបក្សនៅថ្ងៃទី ២៧ ខែកញ្ញាខាងមុខ។
លោក Taniguchi ថ្លែងថា៖ «បេក្ខជនខ្លះបានបង្ហាញភាពមិនសប្បាយចិត្ត... ប្រៀបដូចជាជប៉ុនហ្នឹងជាអាយ៉ងរបស់បងធំសហរដ្ឋអាមេរិកអ៊ីចឹង»។
នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុននឹងត្រូវយកឈ្នះចិត្តសាធារណជនជប៉ុននិងកសាងឡើងវិញនូវទំនុកចិត្តដែលត្រូវបានបំផ្លាញដោយសាររឿងអាស្រូវមូលនិធិនយោបាយកាលពីពេលថ្មីៗនេះ។
លោក Yee Kuang Heng សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Tokyo University បានថ្លែងថា៖ «ជាគោលការណ៍ ការគាំទ្រពីសាធារណជនកំពុងជំរុញវិស័យការពារជាតិនិងថវិកាសម្រាប់វិស័យនេះឱ្យហក់ឡើងយ៉ាងខ្លាំង»។
លោកបានបន្ថែមថា សាធារណជនជប៉ុននៅពេលបច្ចុប្បន្ននេះទទួលស្គាល់តម្រូវការក្នុងការឱ្យមានសមត្ថភាពការពារខ្លួនខ្លាំងជាងមុន «ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានការប្រុងប្រយ័ត្នខ្ពស់អំពីជំហរយោធាដែលកាន់តែកំញើញឡើង [របស់ជប៉ុន]»។
លោក Taniguchi បានថ្លែងថា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនត្រូវតែមានអំណាចអត់ធន់ខ្លាំង «ពីព្រោះរយៈពេលប្រាំ ប្រាំមួយ ឬប្រាំពីរឆ្នាំខាងមុខនេះគឺសំខាន់ណាស់សម្រាប់ល្បែងជាបន្តដ៏យូរមកហើយរវាងចិននិងជប៉ុន។ គ្មានអ្វីអាចសម្រេចបានទេសម្រាប់នាយករដ្ឋមន្ត្រីដែលកាន់អំណាចតែមួយឬពីរឆ្នាំនោះ»។
លោកបានបន្ថែមថា៖ «នាយករដ្ឋមន្ត្រីបន្ទាប់ត្រូវតែមានផែនការល្អ ដែលធ្វើឱ្យខ្លួនអាចនៅបន្តកាន់តំណែងនេះបាន អាចគ្រប់គ្រងកិច្ចការលំបាកៗបាន អាចពង្រឹងបណ្ដាញសម្ព័ន្ធភាពរបស់ជប៉ុនបាន និងអាចពង្រឹងការចំណាយផ្នែកការពារជាតិរបស់ជប៉ុនបាន»៕
វេទិកាបញ្ចេញមតិ