នៅមុនកិច្ចប្រជុំកំពូលត្រីភាគីក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាចុងសប្តាហ៍នេះ រវាងប្រទេសកូរ៉េខាងត្បូង ជប៉ុននិងប្រទេសចិន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនរំពឹងថាព្រឹត្តិការណ៍នេះ គឺជាឱកាសមួយសម្រាប់សម្ព័ន្ធមិត្តទាំងពីររបស់ខ្លួននៅក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់គេជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
ជំនួបកំពូលនេះកើតមានឡើងខណៈពេលដែលភាពតានតឹងកំពុងកើនឡើងខ្ពស់ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញបញ្ហាពាណិជ្ជកម្ម និងក្រោយពីប្រទេសចិនបានយល់ព្រមបង្កើតភាពជាដៃគូក្នុង «យុគសម័យថ្មីមួយ» ជាមួយប្រទេសរុស្ស៊ី ដើម្បីស្ថាបនា« សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលមួយ» ក្នុងអំឡុងពេលនៃជំនួបកំពូលនៃមេដឹកនាំប្រទេសទាំងពីរនេះកាលពីសប្តាហ៍មុន។
ប្រទេសនៅក្នុងតំបន់អាស៊ីខាងកើតទាំងបីនេះត្រូវបានគេរំពឹងថា នឹងរៀបចំជំនួបកំពូលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ ប៉ុន្តែថ្ងៃប្រជុំជាផ្លូវការនៅមិនទាន់ត្រូវបានប្រកាសនៅឡើយ។ នាយករដ្ឋមន្ត្រីចិនលោក Li Qiang ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងនាមប្រធានាធិបតីចិនលោក Xi Jinping ក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida។
នេះជាកិច្ចប្រជុំកំពូលត្រីភាគីលើកទី ១ រវាងប្រទេសទាំងបី ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩មក។ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រាប់វីអូអេកាលពីថ្ងៃទី ១៤ ខែឧសភាថា រដ្ឋាភិបាលក្រុងប៉េកាំង រដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលក្រុងសេអ៊ូល គឺជាកម្លាំងជំរុញដ៏សំខាន់មួយនៅក្នុងការទទួលខុសត្រូវលើស្ថិរភាពនិងសន្តិសុខតំបន់។
ដោយបញ្ជាក់ឡើងវិញនូវសម្តីរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលបាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសទាំងបីប្រទេស កាលពីខែវិច្ឆិកានាឆ្នាំទៅ អ្នកនាំពាក្យស្ថានទូតចិនរូបនេះនិយាយថា ប្រទេសទាំងបីនេះត្រូវចាំបាច់ «ដោះស្រាយនូវការខ្វែងគំនិតគ្នានិងជម្លោះដោយសន្តិវិធី» និងត្រូវធ្វើសកម្មភាពជាអ្នកនាំមុខគេក្នុងកិច្ចសហប្រតិបត្តិការអាស៊ីខាងកើត»។
រដ្ឋាភិបាលក្រុងសេអ៊ូល រដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលក្រុងប៉េកាំង មានគម្រោងនឹងពិភាក្សាលើវិស័យពាណិជ្ជកម្ម វិនិយោគទុន សន្តិភាព សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ហាផ្សេងៗជាច្រើនទៀត ព្រមទាំងផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលនឹងរួមបញ្ជូលកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងបញ្ហាជំងឺឆ្លងជាដើម។ នេះបើតាមការចេញផ្សាយរបស់កាសែត Japan Times ដែលដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអាទិត្យកន្លងទៅ៕
វេទិកាបញ្ចេញមតិ