ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​ឥណ្ឌា​ច្រានចោល​អត្ថាធិប្បាយ​របស់​លោក Biden ដែល​ហៅពួកគេ​ថា​ជា​ប្រទេស​រើសអើង​ជនបរទេស


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​រដ្ឋ South Carolina កាលពីថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២៤។(AP Photo/Jacquelyn Martin)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​រដ្ឋ South Carolina កាលពីថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២៤។(AP Photo/Jacquelyn Martin)

ប្រទេស​ជប៉ុន​និង​ឥណ្ឌា​កាលពី​ថ្ងៃទី៤ ខែឧសភា​ បាន​ច្រានចោល​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​បាន​ពណ៌នា​ពួកគេ​ថា​ជា​ប្រទេស «រើសអើង​ជនបរទេស» ដែល​មិន​ស្វាគមន៍​ជន​អន្តោប្រវេសន៍។ លោក​ប្រធានាធិបតី​បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុងអំឡុង​យុទ្ធនាការ​រៃអង្គាស​ថវិកា​កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា។ នេះ​បើយោង​តាមសេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ជប៉ុន​បាន​ថ្លែង​ថា ​ការវាយតម្លៃ​របស់​លោក Biden មិន​ផ្អែក​ទៅលើ​ការ​យល់ដឹង​ត្រឹមត្រូវអំពី​គោលនយោបាយរបស់​ខ្លួន ខណៈឥណ្ឌា​ប្រកែកថា​ ខ្លួន​ជា​ប្រទេស​ដែល​មាន​សង្គម​បើកចំហ​ជាងគេ​នៅ​លើពិភពលោក។

លោក Biden ចាត់​ទុក​ជប៉ុន​និង​ឥណ្ឌា​ថា​ជា​ប្រទេស​«រើសអើង​បរទេស» ​ព្រម​ជាមួយប្រទេស​រុស្ស៊ី​និង​ចិន ខណៈ​លោក​ព្យាយាម​ពន្យល់​ពី​បញ្ហា​សេដ្ឋកិច្ច​លំបាករបស់​ពួកគេ ដែល​ផ្ទុយ​ពី​អនុភាពសេដ្ឋកិច្ច​របស់សហរដ្ឋ​អាមេរិក​ក្នុង​នាមជា​ប្រទេស​មួយ​ពោរពេញ​ទៅ​ដោយ​ជនអន្តោប្រវេសន៍។

ជប៉ុន​គឺ​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​របស់​អាមេរិក ហើយ​ទាំង​អាមេរិក​និង​ឥណ្ឌា​គឺ​ជា​សមាជិក​ក្រុម​ប្រទេស​ចំនួន​៤​ដែល​ហៅ​ថា Quad ដែល​ជា​ភាពជាដៃគូ​ក្រៅ​ផ្លូវការ​មួយ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​រួមមាន​អូស្ត្រាលី​ផង​ដែរ ដើម្បី​ប្រឆាំង​នឹង​ភាព​កាន់​តែ​គឃ្លើន​របស់​ចិន​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

កាលពី​ពាក់កណ្តាល​ខែ​មេសា​ថ្មីៗ​នេះ លោក Biden ទើប​តែ​បាន​ទទួល​ស្វាគមន៍​លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ ខណៈ​មេដឹកនាំ​ទាំងពីរ​នេះ​បញ្ជាក់​ជាថ្មី​នូវ «សម្ពន្ធភាព​ដែល​មិនអាច​បំបែកបាន» ហើយ​ព្រមព្រៀង​ពង្រឹង​ទំនាក់ទំនង​ខាង​ផ្នែក​សន្តិសុខ​ ខណៈ​ពេល​ប្រឈម​នឹង​ការ​គំរាមកំហែង​របស់​ចិន​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ក៏បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីឆ្នាំ​មុន នៅពេល​លោក​ត្រូវបាន​ស្វាគមន៍​ដោយ​មេដឹកនាំ​ពាណិជ្ជកម្ម​និង​នយោបាយ​នានា។

សេតវិមាន​បាន​ថ្លែង​ថា លោក Biden មិន​បាន​ថ្លែង​ក្នុង​ន័យ​ប៉ះពាល់​មើល​ងាយអ្វី​នោះ​ទេ ហើយ​លោក​គ្រាន់តែ​ចង់​សង្កត់​បញ្ជាក់​ថា ​អាមេរិក​គឺជា​ប្រជាជាតិ​ដែល​ពោរពេញ​ទៅដោយ​ជន​អន្តោប្រវេសន៍ ដោយ​លោក​ថ្លែង​ថា ​លោក​គ្មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ជប៉ុន​នោះទេ។

ជប៉ុន​ដឹង​ពី​អត្ថាធិប្បាយ​របស់​លោក Biden និង​ដឹង​ពី​ការ​បញ្ជាក់​លម្អិត​នៅ​ពេល​ក្រោយ​មក​នោះ។ នេះ​បើតាម​ការ​ថ្លែង​របស់​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃទី៤ ខែ​ឧសភា ដែល​សុំមិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​នេះ​ជា​បញ្ហា​រសើប។

មន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា វា​ជា​រឿង​អកុសល​មួយ​ដែល​មួយ​ផ្នែក​នៃ​សុន្ទរកថា​របស់​លោក Biden មិន​ផ្អែក​លើ​ការយល់ដឹង​ត្រឹមត្រូវ​អំពី​គោលនយោបាយ​ជប៉ុន ហើយ​ថា​ជប៉ុន​យល់​ថា លោក Biden បាន​ថ្លែង​ដូច្នេះ ​ដើម្បី​សង្កត់​បញ្ជាក់​ពី​វត្តមាន​ជនអន្តោប្រវេសន៍​ថា​ជា​ភាព​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក។

មន្ត្រី​រូប​នោះ​បន្ត​ថា ទំនាក់ទំនង​រវាង​ជប៉ុន​និង​អាមេរិក​មាន​ភាព​ «រឹងមាំ​ជាង​ពេលណាៗ​ទាំងអស់» ខណៈ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Kishida បាន​បង្ហាញ​ឱ្យ​ឃើញ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​មកកាន់​សហរដ្ឋ​អាមេរិក​កាលពី​ខែមេសា។

នៅ​រដ្ឋធានី​ញូវដែលីរបស់​ឥណ្ឌា​វិញ រដ្ឋមន្ត្រី​កិច្ចការ​ក្រៅប្រទេស​របស់​ឥណ្ឌា​លោកS. Jaishankar កាល​ពី​ថ្ងៃទី​៤ ខែឧសភា ក៏​បាន​ច្រានចោល​អត្ថាធិប្បាយ​របស់​លោក Biden ផងដែរ ដោយ​ថ្លែង​ថា ឥណ្ឌា​គឺ​ជា​សង្គមដែល​បើកចំហ​ជាងគេ​នៅ​លើ​ពិភពលោក។

លោកJaishankar បាន​ថ្លែង​នៅ​ឯ​វេទិកា​តុមូល​មួយ​រៀបចំ​ឡើង​ដោយ​កាសែត The Economic Times ថា៖ «ខ្ញុំ​មិនដែល​ឃើញ​សង្គម​ណា​ដែល​បើកចំហ ពហុនិយម និង​ចម្រុះ​បែប​នេះ​ទេ​នៅ​លើ​ពិភពលោក។ យើង​មិនត្រឹមតែ​មិន​រើសអើស​ជនបរទេស​ប៉ុណ្ណោះ​ទេ យើង​ថែមទាំង​ជា​ប្រទេសដែល​បើក​ចំហ​ជាង​គេ ពហុនិយម​ជាង​គេ និង​ជា​សង្គម​មួយ​ដែល​មាន​ការ​យោគយល់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក»។​

លោកJaishankar ក៏​បាន​កត់​សម្គាល់​ដែរ​ថា កំណើន​ផលិតផល​ក្នុង​ស្រុក GDP ប្រចាំ​ឆ្នាំ​របស់​ឥណ្ឌាគឺ​៧​ភាគរយ ហើយ​ថ្លែង​ថា «អ្នក​អាច​ពិនិត្យ​មើល​អត្រា​កំណើន​ប្រទេស​ដទៃ​ទៀត អ្នក​នឹង​បាន​ចម្លើយ​មួយ»។ សេដ្ឋកិច្ច​អាមេរិក​កើន​ឡើង​ ២,៥% ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​តួលេខ​រដ្ឋាភិបាល។

នៅ​ឯ​ព្រឹត្តិការណ៍​រៃអង្គាស​ថវិកា​កាល​ពី​ថ្ងៃទី១ ខែឧសភា​ នៅ​សណ្ឋាគារ​មួយ​ ទី​ដែល​អ្នក​ចូលរួម​បរិច្ចាគ​ភាគច្រើន​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី លោក Biden បាន​ថ្លែង​ថា ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នៅ​អាមេរិក​គឺ​អំពី «សេរីភាព អាមេរិក និង​លទ្ធិ​ប្រជាធិបតេយ្យ» ហើយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​រីកចម្រើន​ «ដោយសារ​អ្នក​និង​អ្នកផ្សេងទៀត​ជាច្រើន»។

លោក Biden លើកឡើងថា៖ «ហេតុអ្វី​បាន​ជា​យើង​រីកចម្រើន? ព្រោះ​យើង​ស្វាគមន៍​ជន​អន្តោប្រវេសន៍។ គិត​មើល​ទៅ។ មូលហេតុ​អ្វី​បាន​ជា​ចិន​ជាប់គាំង​ក្នុង​សេដ្ឋកិច្ច​ដ៏​អាក្រក់? ហេតុ​អ្វី​ជប៉ុន​ រុស្ស៊ី ឥណ្ឌា ជួប​បញ្ហា? គឺ​ដោយសារ​តែពួកគេ​រើសអើង​ជនបរទេស។ ពួកគេ​មិនចង់​បាន​ជន​អន្តោប្រវេសន៍»។

ជប៉ុន​ត្រូវបាន​គេ​ស្គាល់​អំពី​គោលជំហ​ដ៏​តឹងរ៉ឹង​ចំពោះ​ជនអន្តោប្រវេសន៍។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ជប៉ុន​បាន​បន្ធូរបន្ថយ​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ធ្វើការ​បរទេស​ងាយស្រួល​មក​ធ្វើការ​និង​ស្នាក់នៅ​ជប៉ុន​ជាង​មុន ដើម្បី​ជា​វិធី​មួយ​ដោះស្រាយ​បញ្ហា​ថយចុះ​នៃ​អាត្រា​កំណើត​ទារក​និង​ការថយចុះ​ខ្លាំង​នៃ​ចំនួន​ប្រជាជន។ ចំនួន​ទារក​កើតនៅ​ជប៉ុន​កាលពី​ឆ្នាំមុន​ធ្លាក់​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​ តាំង​ពី​ជប៉ុន​ចាប់ផ្តើម​ធ្វើ​ស្ថិតិ​ពី​ឆ្នាំ​១៨៩៩ មក។

ឥណ្ឌា​ដែល​ជាប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភពលោក​ ចេញ​ច្បាប់​សញ្ជាតិ​ថ្មី​កាល​ពី​ដើម​ឆ្នាំ​នេះ ដោយ​កំណត់​លក្ខន្តិកៈ​សាសនា​ដែល​អនុញ្ញាត​ឱ្យ​អ្នក​កាន់​សាសនា​ហិណ្ឌូ Parsis Sikh ព្រះពុទ្ធ Jains និង​គ្រិស្ត ដែល​ភៀសខ្លួន​ទៅ​ឥណ្ឌា​ពី​អាហ្វហ្គានីស្ថាន បង់ក្លាដែស និង​ប៉ាគីស្ថាន អាចចូល​សញ្ជាតិបាន​លឿន​ ប៉ុន្តែ​លើកលែងចំពោះ​ជនម៉ូស្លីម៕



ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG