ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​​ជំងឺ​កូវីដ​១៩​​ធ្វើ​ឱ្យ​អាស៊ី​​​អាគ្នេយ៍​​ក្លាយ​​ទៅ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​​​ធំបំផុត​របស់​ប្រទេស​ចិនដោយ​បែប​ណា?


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន វ៉ាង យី និយាយ​ជាមួយ​រដ្ឋ​លេខាធិការ​ការ​បរទេស​ហ្វីលីពីន Teodoro Locsin Jr. និង​រដ្ឋ​មន្ត្រីការបរទេស​ឡាវ Saleumxay Kommasith នៅ​ក្នុង​សន្និសីទ​សាព័ត៌មាន​មួយ​ក្នុង​ជំនួប​អាស៊ាន-ចិន។

ប្រទេស​​ចិន​និង​ពួក​ប្រទេស​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​ បាន​​ពង្រីក​ពាណិជ្ជកម្ម​​២០​ឆ្នាំ​មក​ហើយ។​​ បន្ទាប់​មក​ការរាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​បាន​​បន្ថយ​ការដឹក​ជញ្ជូន​​ទំនិញចេញ​និង​ចូល​ជា​មួយ​​ពួក​បស្ចឹម​ប្រទេស។

ប្លុកមួយ​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍បាន​ក្លាយ​ទៅ​ជាដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុតរបស់​ប្រទេស​ចិននៅ​ពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច​បាន​កើន​ច្រើនដល់​ភាគី​ទាំង​ពីរ​នៅ​ពេល​មានដំណើរ​ការយឺតនៅ​ក្នុង​ផ្នែក​មាន​ធនធាន​ច្រើននៃ​ពិភពលោក​ដោយសារ​មានការ​រាត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ១៩។​

ទី​ភ្នាក់​ងារ​ព័ត៌មាន​ Xinhua ​ជា​ផ្លូវ​ការ​នៃ​ប្រទេស​ចិន​បាន​ផ្សាយ​ថា​ក្នុង​រយៈ​ពេល​៥​ខែដំបូង​នៃឆ្នាំ​២០២០ ​ពាណិជ្ជកម្មរវាងប្លុក​ប្រទេស​ជាតិ​អាស៊ី​អាគ្នេយ៍និងផ្សារ​ចិន​ដ៏ធំ​ធេងបានឡើង​ដល់​២៤០​ពាន់​លាន​ដុល្លារគឺកើន​ឡើង​៤,២%​ លើស​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៩។​ ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ជា​មួយ​នឹង​ប្លុក​នេះ​ស្មើ​នឹង​ប្រមាណ​១៥%​នៃ​ពាណិជ្ជកម្មសរុប​របស់​ចិននៅទូទាំង​ពិភព​លោក។

ប្រទេស​ចិន​ដែលមានសេដ្ឋកិច្ច​ធំទីពីរ​ក្នុងពិភពលោក​បាន​ចាប់​ផ្តើម​បន្ធូរវិធានការទប់ទល់នឹងជំងឺ​កូវីដ១៩ដែល​មាន​រួមបញ្ជូល​ការ​បិទរោងចក្រ​កាល​ពី​ខែ​មីនា ហើយ​បន្ទាប់​មក​ក៏​មាន​ការ​ធ្វើដូច្នេះដែរ​ដោយ​ប្រទេសវៀតណាម​និងប្រទេស​ម៉ាឡេស៊ី។ ប្រទេស​ភាគ​ច្រើនក្នុង​បស្ចឹម​ប្រទេសនៅ​តែ​មាន​បញ្ហា​ជា​មួយ​ការបិទប្រទេស​ ការ​កាត់​បណ្តាញផ្គត់​ផ្គង់​និងពួក​អ្នក​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគមិនសូវ​ទិញ​ទំនិញ។​

លោក ​Jonathan Ravelas ​ជា​ប្រធាន​អ្នក​យុទ្ធ​សាស្ត្រខាង​ផ្សាត​ធ្វើការ​នៅ​ឯធនាគារ ​Banco de Oro Unibank ក្នុង​ក្រុង​ម៉ានិល។ លោក​បាន​និយាយ​ថា៖ «វិធី​យើងធ្វើការ​គឺ​យើង​គឺ​យើង​គិត​ពិចារណា​តែ​បញ្ហា​មួយ​ដើម្បី​យើង​អាច​ដោះស្រាយកិច្ចការ​ជា​មួយ​ដៃ​គូ​យើង​បាន​ល្អ​ប្រសើរ»។

លោក Ravelas បានថ្លែង​ថែម​ទៀត​ថា៖ «ហើយ​នេះជា​ហេតុផល​មួយនាំឱ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ល្អ​វិញ​ក្នុង​ទ្វីប​អាស៊ី។ ប្រសិន​លោក​អ្នកពិនិត្យ​មើលវិធី​ដែល​ពួក​គេ​ដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ​១៩ ពួក​អាស៊ី​ចាត់​វិធាន​ការ​បិទ​ប្រទេសច្រើន​ជាង​នៅ​ក្នុងពួកបស្ចឹម​ប្រទេស»។

ប្លុក​ប្រទេសដែលគេ​ស្គាល់​ថាប្រទេស​អាស៊ាន ​បានពង្រីក​ទំនាក់​ទំនងជា​មួយ​ប្រទេស​ចិន​ជាង២០​ឆ្នាំ​មក​ហើយ​តាម​រយៈ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ឧស្សាហូបនីយកម្មនិងការ​នៅ​ជិត​គ្នា​ខាង​ភូមិសាស្ត្រក៏​បានបន្ថយ​សោហ៊ុយនៃ​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ដែរ។​

សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​នៃ​ប្រទេស​ចិនកាល​ពី​ឆ្នាំ​ទៅ​មិញក្រោយ​ពី​បាន​ច្រានស.រ.អា.​ចេញ។ ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ខាង​ធុរកិច្ច​ Dezan Shira and Associates និយាយ​ថាការ​បិទ​ដើម្បី​ទប់​ទល់​នឹងមេរោគ​វីរុស​កូរ៉ូណាបានធ្វើឱ្យពាណិជ្ជកម្ម​រវាង​សហភាព ​អឺរ៉ុប​និង​ប្រទេស​ចិន​យឺតយ៉ាវ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ២០២០។ ​លោក Rajiv Biswas ដែល​ជាប្រធាន​អ្នក​សេដ្ឋសាស្ត្រនៃក្រុម​ហ៊ុន​ HIS ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយថារោង​ចក្រគ្មាន​ដំណើរ​ការ​ក្នុង​ទ្វីប​អឺរ៉ុបទិញ​គ្រឿង​បន្លាស់តិច​ជាង​មុនពីប្រទេស​ចិនហើយ​ដឹកទំនិញដែលផលិត​ហើយ​ ដូច​ជា​ឡាន​ជាដើម តិច​ជាង​មុនទៅ​ប្រទេស​ចិន។

ស.រ.អា.លែងជា​ដៃ​គូ​ធំ​របស់ប្រទេស​ចិន​ទៀត​ហើយ​ដោយសារ​តារាង​ពន្ធគយនាំ​ទំនិញ​ចូល​ខ្ពស់​ដែល​ជាកើត​ចេញ​ពីសង្គ្រាម​ពាណិជ្ជកម្ម​ជាង​ពីរ​ឆ្នាំរវាង​ប្រទេសចិន​និង​ស.រ.អា.។ ការ​ចុះ​ថយ​ច្រើននៃការ​ទិញទំនិញ​ដោយពួក​អ្នកប្រើ​ប្រាស់​គ្រឿង​ឧបភោគ​បរិភោគនៅ​ពេល​មាន​ការ​បិទ​ប្រទេស​ក្នុង​ស.រ.អា.​ក៏​បាន​កាត់​បន្ថយ​ពាណិជ្ជកម្ម​ថែម​ទៀត។

លោក Biswas បាននិយាយ​ថា៖ «ពាណិជកម្មរបស់​ចិន​ជា​មួយ​អាស៊ី​អាគ្នេយ៍​ធំជាង​ជាមួយស.រ.អា.​ដោយសារ​មាន​សង្គ្រាម​ពាណិជ្ជកម្មហើយ​ការ​បិទ​ប្រទេស​នៅ​ឆ្នាំ​នេះ ​ក៏​មាន​ផល​ប៉ះពាល់​លើ​ពាណិជ្ជកម្ម​រវាងចិននិង​ស.រ.អា.​ដែរ។ ភាគច្រើននៃ​ទ្វីប​អឺរ៉ុប​ក៏​មានផល​ប៉ះ​ពាល់​ខ្លាំង​ដែរ​ហើយ​កំពុង​បិទ​ប្រទេស​គឺ​ចាប់​តាំង​ពី​ខែមីនា​ មេសា​និង​ភាគច្រើន​នៃ​ខែ​ឧសភាផង​ដែរ»។​

អាស៊ាន​បានត្រៀម​ខ្លួនរួច​ហើយ។​ ភាគី​ទាំង​ពីរ​បានកាត់​បន្ថយសោហ៊ុយ​នៃ​ការ​នាំ​ទំនិញ​ចេញ ដោយ​មានកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មមិន​យកពន្ធគយដែលបានចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​២០១០។ កិច្ច​ព្រម​ព្រៀងទូលំទូលាយមួយ​ហៅ​ថា​ Regional Comprehensive Economic Partnership ត្រូវ​រំពឹង​ថានឹង​សម្រួល​ពាណិជ្ជកម្ម​ថែម​ទៀត​នៅ​ក្រោយ​សមាគម​អាស៊ាន​ និង​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ក្នុង​ឆ្នាំ​នេះ។​

កំណើនប្រាក់​ចំណូល​ក្នុង​ចំណោមប្រជារាស្ត្រ​៦៤០​លាន​នាក់នៃ​អាស៊ី​អាគ្នេយ៍អនុញ្ញាតឱ្យ​ទំនិញ​ចិន​ច្រើន​ជាង​មុន​ដូចជាទូរស័ព្ទ​ទំនើប​ ជា​ដើមលក់​ដាច់​ច្រើន​នៅ​ក្នុង​ផ្សារ។​

ឧស្សាហូប​នីយកម្ម​នៃ​ពួក​ប្រទេស​សមាជិក​នៃសមាគមអាស៊ន ​បាននាំ​ឱ្យ​រោង​ចក្រ​ទិញវត្ថុធាតុ​ដើម​ពី​ប្រទេស​ចិនហើយ​ផលិត​ទំនិញ ដែល​ជាញឹក​ញយ​ដឹក​យក​ទៅលក់​ឲ្យ​ចិន​វិញ។

​ក្រុម​ហ៊ុន​ Dezan Shira បាន​និយាយ​នៅ​ក្នុង​កំណត់ស្រាវជ្រាវ​មួយថាការដឹក​ជញ្ជូនទៅ​ក្នុង​ប្រទេស​ចិន​នូវ​ទំនិញ​ពី​រោងចក្រវៀតណាម​បាន​កើន​ឡើង​២៤%​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃឆ្នាំ២០២០ប្រៀប​ធៀបនឹងរយៈពេល​ដូច​គ្នា​កាល​ពីឆ្នាំ២០១៩។​តម្លៃ​ទំនិញ​ពីប្រទេសឥណ្ឌូណេស៊ី បាន​កើន​ឡើងជាង​ឆ្នាំ​មុន ចំនួន​១៣%​ ដោយសារ​មាន​«បណ្តាញ​ផ្គត់ផ្គង់រួម​គ្នា​កើន​ច្រើន​ជាង​មុន‍»។

លោក ​Biswas ​បាននិយាយ​ថាការ​នាំ​ចូល​នូវឧបករណ៍សម្រាប់តម្លើង​គ្រឿង​អេឡិច​ត្រូនិច​ ទៅ​ក្នុង​ប្រទេស​ចិន​ បាន​កើន​ឡើង​២៦%​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ មួយ​ផ្នែក​ដោយសារ​មានការបង្អាក់បណ្តាញផ្គត់​ផ្គង់​ពីអឺរ៉ុប។ លោក​បាន​ថ្លែង​ថារោង​ចក្រនៅក្នុងប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ថៃ​នៅ​តែ​អាច​ផលិត​ឧប​ករណ៍ទាំង​នេះ។​

លោក​ Song Seng Wun ជាអ្នក​សេដ្ឋសាស្ត្រនៅក្នុងអង្គភាពធនាគារ​ឯកជននៃធនាគារ CIMB ក្នុង​ប្រទេស​សិង្ហបុរី។ ​លោក​បាន​និយាយ​ថា​ប្រទេស​ចិននៅ​តែទិញ​ប្រេងចំអិន​អាហារ​ កៅ​ស៊ូ​និងម្ហូបអាហារផលិត​សម្រាប់​ទុក​យូរបាន​ពី​អាស៊ី​អាគ្នេយ៍។​ លោក​ Song បាន​ថ្លែង​ថា​«នៅ​ពេលដែល​ប្រទេសនានា ​នាំ​គ្នា​បើក​ប្រទេសឲ្យ​មាន​ដំណើរ​ការ​ឡើង​វិញ ហើយ​មាន​ភាពរឹង​មាំ​ឡើង​វិញ ​គេ​នឹង​ឃើញ​សកម្មភាព​សេដ្ឋកិច្ចកើន​ច្រើន​ឡើង​វិញ»៕

ប្រែ​សម្រួល​ដោយ​លោក​ ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG