ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលនា​និស្សិត​នៅ​អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​​ជំរុញ​វៀតណាម​រុះរើ​តង់​ចេញ​ពី​តំបន់​ព្រំដែន


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅការិយាល័យរដ្ឋាភិបាលវៀតណាម ក្នុងទីក្រុងហាណូយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅការិយាល័យរដ្ឋាភិបាលវៀតណាម ក្នុងទីក្រុងហាណូយ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាជំរុញ​យោធា​វៀតណាម​រុះរើ​តង់ ​ដែល​វៀតណាម​បាន​បោះ​នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​មាន​របាយ​ការណ៍​ថា​ ​យោធា​វៀតណាម​បាន​បង្កើន​ការ​បោះ​តង់​នៅ​តាម​តំបន់​ព្រំដែន ​រហូត​ដល់​ ២៥៦​ កន្លែង​ ទោះបីជា​មាន​ការ​ជំទាស់​ និង​ទាមទារ​ពី​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ភាគីវៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ​ ហើយ​រក្សា​តំបន់​ដែលមិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដូច​មុន​ពេល​មាន​ការផ្ទុះ​ឡើង​នូវ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​ក៏​ដោយ។​

លោក ទូច វិបុល ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​ទើប​នឹង​ប្រកាស​ដំណើរ​ការ​ឡើង​វិញក្នុង​សហ​រដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បោះ​តង់​របស់​ភាគី​វៀតណាម គឺ​ជា​ការ​រំលោភ​បំពាន​អធិប​តេយ្យភាព​របស់​កម្ពុជា។​

«ទោះបី​វៀតណាម​យក​ហេតុផល​រឿង​កូវីដ១៩ ឬ​ក៏​ថា ​ជា​តំបន់​ដែល​មិន​ទាន់ឯកភាព​គ្នា ហើយ​ថា​វៀតណាម​កំពុង​តែ​បោះ​តង់​នៅ​លើ​ដែនដី​របស់​ខ្លួន​យ៉ាង​ណា​ក៏ដោយ​ គឺ​មតិ​ជាតិ ​និង​អន្តរជាតិ​ ជាពិសេស​ប្រជា​ពលរដ្ឋ​ខ្មែរ​ មិន​អាច​ទទួល​យក​បាន​ទេ»។​

ភាគី​កម្ពុជា ​និង​វៀតណាម ​បាន​បញ្ជូន​កំណត់​ទូត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​បោះ​តង់​នេះ។​

​ក្រសួង​ការបរទេស​វៀតណាម​បាន​ផ្ញើ​កំណត់​ទូត​ឲ្យ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា​ ដោយ​សរសេរ​ថា​ ​ការ​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ​គឺ​ដើម្បី​បង្ការ​និង​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន ​ក្នុង​គ្រា​មាន​កូវីដ​១៩។ ​

​នៅថ្ងៃ​ទី​១ ​ខែ​មិថុនា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​កម្ពុជា ​គឺ​លោក ​Vu Quang Minh​ ឲ្យ​មក​បំភ្លឺ​អំពី​ករណី​វៀតណាម​បោះតង់នៅ​តាម​តំបន់​ព្រំដែន ​ដែល​មិន​ទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ​ហើយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ​ឲ្យ​បាន​ឆាប់​ និង​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅ​តាម​តំបន់​នោះ​ រហូត​ដល់គណៈ​កម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ដោះស្រាយ​ចប់​សព្វ​គ្រប់​សិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG