ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកពាក់​ព័ន្ធ៖ ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​និង​ការ​បើក​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​អាស៊ាន​អាច​ជួយ​សា្តរ​វិស័យ​ទេស​ចរណ៍​កម្ពុជា


រូបឯកសារ៖ ទេសចរ​បរទេស​ឡើង​ជិះ​យន្ដហោះ​របស់​ក្រុមហ៊ុន Edelweiss Air ក្នុង​ដំណើរ​ទៅ​កាន់​ទីក្រុង Zurich ប្រទេស​ស្វ៊ីស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​សុក្រ​ ទី​២៣ ខែមេសា ឆ្នាំ​២០២០។

ស្ថិតិ​របស់​គ្រឹះស្ថាន​អង្គរ​ឲ្យ​ដឹង​ថា​ ជន​បរទេស​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប​សម្រាប់​ខែ​ឧសភា ​ឆ្នាំ​២០២០ ​មាន​ចំនួន​តែ​១.៧៧៦​នាក់​ប៉ុណ្ណោះ ​ដែល​ធ្លាក់​ចុះ​ពី​ជាង​១៤​ម៉ឺន​នាក់ ​ពោល​គឺ​ជិត​៩៩​ភាគ​រយ។​

ក្រុម​អ្នកពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេចរណ៍​បាន​និយាយ​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អាជីវកម្ម​នានា​ក្នុង​វិស័យ​នេះ ​បាន​បន្ត​ដាំ​ក្បាល​ចុះ​ដដែល​ ដោយ​សារ​តែ​ចំនួន​អ្នក​ទេសចរ​បរទេស​មក​កម្ពុជា​ បន្ត​ថយ​ចុះ​យ៉ាង​គំហុក​ គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។​

បើ​យោង​តាម​ស្ថិតិ​ចុង​ក្រោយ​របស់​ក្រសួង​ទេសចរណ៍ ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​៥២​ភាគរយ​ ក្នុង​រយៈ​ពេល​៤​ ខែ​ដើម​ឆ្នាំ​២០២០​ ពោល​គឺ​បាន​ថយ​ចុះ​ពី​ចំនួន​ជាង​ ២​លាន ​៤សែន​នាក់​ មក​នៅ​ត្រឹម​ជាង​ ១​លាន ​១​សែន​នាក់ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​ របាយ​ការណ៍​បន្ត​ថា​ គ្រាន់​តែ​នៅ​ក្នុង​ខែ​មេសា ​ឆ្នាំ​២០២០ ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ធ្លាក់​ចុះ​រហូត​ដល់ ​៩៩​ភាគ​រយ បើ​ធៀប​នឹង​ខែ​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ​គឺ​ថយ​ចុះ​ពី​ចំនួន​ជាង ​៥៤​ម៉ឺន​នាក់​ មក​នៅ​ត្រឹម​តែ​ ៤.៨០០​នាក់ ​ប៉ុណ្ណោះ។​

ស្ថិតិ​របស់​គ្រឹះស្ថាន​អង្គរ​ឲ្យ​ដឹង​ថា​ ជន​បរទេស​ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប​សម្រាប់​ខែ​ឧសភា ​ឆ្នាំ​២០២០ ​មាន​ចំនួន​តែ​១.៧៧៦​នាក់​ប៉ុណ្ណោះ ​ដែល​ធ្លាក់​ចុះ​ពី​ជាង​១៤​ម៉ឺន​នាក់ ​ពោល​គឺ​ជិត​៩៩​ភាគ​រយ។​

លោក​ស្រី ឆាយ ស៊ីវលីន​ ប្រធាន​សមាគម​ទីភា្នក់​ងារ​ទេសចរណ៍​កម្ពុជា​ ប្រាប់ VOA ​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​បន្ត​ថយ​ចុះ​ នៅ​ពេល​រដ្ឋាភិបាល​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​អ្នក​ទេសចរ​ដែល​ជា​អ្នក​ធ្វើ​ធុរកិច្ច ​បាន​ចូល​ក្នុង​ប្រទេស​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​ថ្លៃ​សេវា​មួយ​ចំនួន​សម្រាប់​ការ​ស្នាក់​នៅ​ និង​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​បិទ​ទិដ្ឋាការ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរ​ទូទៅ ​ដែល​លោកស្រី​ថា​ វា​ជា​កំហិត​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស។​

លោក​ស្រី​រំពឹង​ថា ​រដ្ឋាភិបាល​នឹង​ពិចារណា​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​ទេសចរ​វិញ​ និង​សម្រួល​ឲ្យ​មាន​ជើង​យន្តហោះ​ឡើង​វិញ​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដែល​លោកស្រី​អះអាង​ថា​ ​អាច​ជួយ​ឲ្យ​មាន​ចលនា​សេដ្ឋកិច្ច​សម្រាប់​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេស​ចរណ៍​ ដែល​កំពុង​រង​ផល​ប៉ះពាល់​ផ្នែក​ហរិញ្ញ​វត្ថុ​យ៉ាង​ដំណំ​ដោយសារ​បរិយា​កាស​សេដ្ឋ​កិច្ច​អាប់​អួរ​នាពេល​បច្ចុប្បន្ន។​

«ព្រោះ​ថា​ការណ៍​ដែល​មាន​វិបត្តិ​នេះ​ អ្នក​ដែល​នៅ​ឆ្ងាយៗ​ គេ​មិន​មាន​លទ្ធភាព​អី​នឹង​ធ្វើ​ដំណើរ​អី​ទៅ​ឆ្ងាយ​ទេ​ ព្រោះ​គេ​ប៉ះដែរ​ ប៉ះ​ទាំង​សេដ្ឋកិច្ច​ ទាំង​ស្មារតី។​អ៊ីចឹង​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​យើង​ជំរុញ​នៅ​ក្នុង ​intra Asean ​[នៅ​ក្នុង​អាស៊ាន]​ ហ្នឹង។​ អ៊ីចឹង​ទើប​យើង​អាច​សា្តរ​សេដ្ឋកិច្ច​បាន»។​

ជំងឺ​កូវីដ១៩​នេះ​ បាន​ប៉ះពាល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៦៣​ម៉ឺន​នាក់ ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នេះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោកស្រី ឆាយ ស៊ីវលីន។​

កាល​ពី​ដើម​ខែ​មិថុនា​រដ្ឋាភិបាល ​បាន​ចេញ​តារាង​តម្លៃ​ដែល​គិត​ថ្លៃ​សេវា​មួយ​ចំនួន​ពី​អ្នក​ដំណើរ​បរទេស​ចូល​មក​ប្រទេស​កម្ពុជា​សម្រាប់​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។​ ក្នុង​ការ​កំណត់​ថ្លៃ​សេវា​នោះ​ ​អ្នក​ដំណើរ​បរទេស​ត្រូវ​បាន​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​៣​ពាន់​ដុល្លារ​ដើម្បី​ទុក​ក្នុង​ករណី​មាន​ជំងឺ​កូវីដ១៩។ ការ​កំណត់​នេះ​ ក៏​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ថា វា​នឹង​បន្ត​រាំង​ខ្ទប់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​បរទេស​មក​កម្ពុជា។​

លោក​ ហូ វណ្ណឌី​ អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​ យល់​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ អាច​ពិចារណា​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទៅ​វិញ​ទៅ​មក​ ដើម្បី​បើក​ផ្លូវ​សម្រាប់​វិស័យ​ទេសចរណ៍​ឡើង​វិញ​ បើ​ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ជំងឺ​កូវីដ១៩​ក៏​ដោយ។ ​លោក​ពន្យល់​បន្ថែម​ថា​ ពលរដ្ឋ​ដែល​នៅ​ប្រទេស​ដែល​គ្មាន​ជំងឺ​កូវីដ ១៩​អាច​មក​លេង​ក្នុង​ប្រទេស​ដែល​គ្មាន​ជំងឺ​កូវីដ១៩​បាន ​ដើម្បី​បញ្ចៀស​ការ​ឆ្លង។​

«អ៊ីចឹង​បើ​សិន​ជា​ក្នុង​ករណី​ព័ត៌មាន​ហ្នឹង​ជាក់លាក់​ គួរ​ណាស់​ស្ថាប័ន​ជំនាញ​លោក​គួរ​ណាស់​ធ្វើ​ការ​ផ្គូរ​ផ្គង​ ដើម្បី​ឲ្យ​ពីរ​ប្រទេស​នឹង​អាច​ចេញ​ចូល​ អាច​ធ្វើ​ទំនាក់​ទំនង​ អាច​ធ្វើ​ទេសចរណ៍​ទៅ​វិញ​ទៅ​មក​បាន​ ដើម្បី​វិស័យ​ទេសចរណ៍​ហ្នឹង​មាន​ដង្ហើម​ឡើង​វិញ​ទាន!»។​

អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​រូប​នេះ​កត់​សម្គាល់​ថា​ វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​នេះ ​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ជួប​ស្ថាន​ភាព​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ។​លោក​បន្ថែម​ថា ​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​អាច​នឹង​ប្រើ​ពេល​មិន​ក្រោម​៣​ឆ្នាំ​ ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​សម្ពាធ​ហិរញ្ញ​វត្ថុ​ ដែល​បង្ក​ដោយ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​នេះ។​

រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ស្រោច​ស្រង់​វិស័យ​ទេសចរណ៍​និង​អ្នក​ពឹង​ផ្អែក​លើ​វិស័យ​នេះ។ ​ វិធាន​ការ​ទាំង​នោះ​រួម​មាន​ការ​មិន​យក​ពន្ធ​លើ​អាជីវ​កម្ម​ក្នុង​វិស័យ​ទេសចរណ៍​និង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សកម្ម​ភាព​ទេសចរណ៍​ក្នុង​ស្រុក។​

លោក ​គង់ សុភារក្ស ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​និង​ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍​និយាយ​ថា ​វិស័យ​ទេសចរណ៍​អាច​នឹង​ឃើញ​កំណើន​អ្នក​ទេសចរ​តិច​តួច​ឡើង​វិញ​ នៅ​ពេល​ប្រទេស​មួយ​ចំនួន​នៅ​សហគមន៍​អឺរ៉ុប​បើក​ព្រំដែន​ ហើយ​ប្រទេស​ក្បែរ​ខាង​ ដូច​ជា​ប្រទេស​ថៃ​ ក៏​នឹង​លែង​ខ្ទប់​ច្រក​ចេញ​ចូល​របស់​ខ្លួន​ ដើម្បី​ទទួល​យក​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន​ អូស្ត្រាលី​ ណូវែល​សេឡង់​ជាដើម។​

លោក​ ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​និយាយ​កាល​ពី​ខែ​មុន​ថា​ កម្ពុជា​អាច​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​នេះ ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​គ្រា​ដែល​មាន​ការ​រីករាល​ដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋចិន ​Xinhua​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ទី​១៦​ ខែ​មិថុនា​នេះ។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​លោក​ង៉ែត ជូ​ បាន​និយាយ​ថា​វិស័យ​ទេសចរ​នៅ​កម្ពុជា​ អាច​នឹង​ឃើញ​កំណើន​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​២០២១​ ប្រសិន​បើ​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ១៩​បាន​ថយចុះ​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២១។​ ទោះយ៉ាងណា​ លោក​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា​វិបត្តិ​ជំងឺ​ឆ្លង​នេះ​អាច​នឹង​អូស​បន្លាយ​ពេល​ដល់​ឆ្នាំ​២០២៤។ ​លោក​ង៉ែត ជូ​បារម្ភ​ថា​ប្រសិន​បើ​ជំងឺ​ឆ្លង​នេះ​បន្ត​កើត​មាន​ដល់​ឆ្នាំ​២០២៤ នោះ​ វិស័យ​ទេសចរណ៍​កម្ពុជា​អាច​នឹង​ដួល​រលំ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG