ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា ​មាន​ការ​គាំទ្រ​ដល់​ការ​បិទ​ផ្សារ​លក់​សត្វ​ព្រៃ


បុរស​ម្នាក់​ពាក់​ម៉ាស​ដើរ​កាត់​បដា​មួយ​ដែល​លើក​កម្ពស់​ការ​ការពារ​សត្វ​ព្រៃ បន្ទាប់​ពី​អាជ្ញាធរ​បង្ក្រាប​លើ​ទីផ្សារ​សត្វ​ព្រៃ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
បុរស​ម្នាក់​ពាក់​ម៉ាស​ដើរ​កាត់​បដា​មួយ​ដែល​លើក​កម្ពស់​ការ​ការពារ​សត្វ​ព្រៃ បន្ទាប់​ពី​អាជ្ញាធរ​បង្ក្រាប​លើ​ទីផ្សារ​សត្វ​ព្រៃ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ការ​ស្ទង់​មតិ​មួយ​នៅ​ក្នុង​អាស៊ី​បូព៌ា​ និង​អាស៊ី​អាគ្នេយ៍​បង្ហាញ​ថា​ មាន​ការ​គាំទ្រ​ច្រើន​ដល់​ការ​បិទ​ផ្សារ​លក់​សត្វព្រៃ។ ​ទីផ្សារ​សត្វ​ព្រៃ​អាច​ត្រូវ​លុប​បំបាត់​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ទៀត។

ផ្សារ​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​អាច​ត្រូវ​បោះ​ចោល​ក្នុង​ធុង​សំរាម​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ពេល​មាន​ការ​ខឹងសម្បា​ជា​សាធារណៈ​ថា ​ទីផ្សារ​លក់​សត្វ​ព្រៃ​នាំ​ឲ្យ​មាន​ការ​រាត​ត្បាត​ជំងឺ​ និង​ដោយសារ​មាន​ការ​ជឿ​ទូទៅ​ថា​ ពាណិជ្ជកម្ម​សត្វ​ព្រៃ​បាន​រួម​ចំណែក​ក្នុង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

នេះ​ជា​មនោសញ្ចេតនា​មួយ​ដែល​គាំទ្រ​ដោយ​ការ​ស្ទង់​មតិ​មួយ​ដោយ​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក​ហៅ​កាត់​ថា​ WWF ​និង​អង្គការ​អ្នក​ពិគ្រោះ​យោបល់​យុទ្ធសាស្ត្រ ​ឈ្មោះ​ GlobeScan ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ផ្សារ​លក់​សត្វ​ព្រៃ​សំខាន់ៗ​ចំនួន​ប្រាំ​នៅ​ក្នុង​អាស៊ី​ខាង​កើត​ដែល​នៅ​ទី​នោះ​តម្រូវ​ការ​សត្វ​ព្រៃ​ពី​ទីផ្សារ​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​មាន​ត​ទៅ​ទៀត។​

លោក ​Matt Hunt​ ជា​ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ Save the Bears in Cambodia។​ លោក​បាន​និយាយ​ថា ​ការ​ផ្លាស់​ប្តូរ​ធំ​មួយ​អាច​កើត​មាន​ទាក់​ទង​នឹង​របៀប​រស់​នៅ​របស់​ប្រជារាស្ត្រ​ ដែល​ជា​លទ្ធផល​នៃ​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ហើយ​ការ​ស្ទង់​មតិ​ទាំង​នេះ​អាច​ជា​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ផ្សារ​លក់​សត្វ​ព្រៃ​ខុស​ច្បាប់។​

លោក​ Hunt ​បាន​និយាយ​ថា៖ ​«ទាំង​អស់​នេះ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ»។

លោក​បាន​ថ្លែង​បន្ថែម​ថា​ ផ្សារ​បែប​នេះ​អាច​ត្រូវ​លុប​បំបាត់​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​ទៀត​ប្រសិន​បើ​ពួក​អ្នក​នយោបាយ​ត្រៀម​ខ្លួន​ចាត់​វិធានការ​បិទ។​

រូប​ឯកសារ៖ បុរស​ម្នាក់​មើល​សំពោធ​ដែល​ជាប់​ទ្រុង​នៅ​ក្នុង​ទីផ្សារ​សត្វ​ព្រៃ​មួយ​នៅ​ក្នុង​ក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤។
រូប​ឯកសារ៖ បុរស​ម្នាក់​មើល​សំពោធ​ដែល​ជាប់​ទ្រុង​នៅ​ក្នុង​ទីផ្សារ​សត្វ​ព្រៃ​មួយ​នៅ​ក្នុង​ក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤។

លោក ​Hunt ​បាន​និយាយ​ថា៖​ «នេះ​ជា​ទម្លាប់​រាប់​សតវត្សរ៍​មក​ហើយ ​ដូច្នេះ​គេ​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​បាន​ទេ។​ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា ​យើង​អាច​កំណត់​ពេល​ពី​បួន​ទៅ​ប្រាំ​ឆ្នាំ ​ឬ​ត្រឹម​បី​ឆ្នាំ​ដើម្បី​លុប​បំបាត់​ពាណិជ្ជកម្ម​សត្វ​ព្រៃ»។​

មនុស្ស​ប្រាំ​ពាន់​នាក់​បាន​ត្រូវ​ស្ទង់​មតិ​នៅ​ក្នុង​ក្រុង​ហុងកុង​ ប្រទេស​ជប៉ុន​ មីយ៉ាន់ម៉ា ថៃ​ និង​ប្រទេស​វៀតណាម។ ​ប្រមាណ​៩០%​នៃ​ក្រុម​ជន​ទាំង​នេះ​បាន​និយាយ​ថា​ពួក​គេ​ «ចាប់​អារម្មណ៍​ខ្លាំង​ណាស់»​ ឬ​ «ចាប់​អារម្មណ៍»​ គាំទ្រ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ផ្សារ​សត្វ​ព្រៃ​ខុស​ច្បាប់​ និង​ពាណិជ្ជកម្ម​សត្វ​ព្រៃ​គ្មាន​និយត្តកម្ម។​

លោក​ Marcus Hardtke ​ជា​អ្នក​បរិស្ថាន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​និយាយ​ថា​ ការ​ការពារ​សត្វ​ជិត​ផុត​ពូជ​ដែល​បាន​ត្រូវ​ប្រមាញ់​នៅ​ក្នុង​ព្រៃ​ជា​វិធានការ​ត្រូវ​ការ​ពេល​យូរ។

លោក ​Hardtke ​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ ​«ពួក​ព្រាន​ព្រៃ​ភាគ​ច្រើន​បំផុត​ធ្វើ​ការ​ប្រមាញ់​ដោយ​ប្រើ​អន្ទាក់​ ហើយ​អន្ទាក់​ទាក់​សត្វ​ទាំង​អស់ ​ទាំង​សត្វ​ជិត​ពូជ ​និង​សត្វ​មិន​ផុត​ពូជ។ ​សត្វ​ភាគ​ច្រើន​ងាប់​នៅ​ក្នុង​អន្ទាក់មុន​ក្រុម​អភិរក្ស​សត្វ​ព្រៃ​ប្រទះ​ឃើញ​សត្វ​ទាំង​នេះ ​ដូច្នេះ​វា​ជា​អន្ទាក់​មរណៈ​ ហើយ​ទាំង​នេះ​ជា​ការ​ខាត​បង់​ទាំង​ស្រុង»។​

លោក​បាន​ថ្លែង​បន្ថែម​ថា៖​ «នៅ​ពេល​ទីផ្សារ​លក់​សត្វ​ព្រៃ​ត្រូវ​បាន​បិទ ការ​ប្រមាញ់​សត្វ​ព្រៃ​អាច​នៅ​មាន ​តែ​មាន​តិច​ ហើយ​ផ្សារ​លក់​សត្វ​ព្រៃ​ជា​កត្តា​ជំរុញ​ឱ្យ​មាន​តម្រូវ​ការ​ប្រមាញ់​សត្វ​ព្រៃ​ច្រើន»។​

អ្នក​ឆ្លើយ​នឹង​ការ​ស្ទង់​មតិ​ជិត​៨០%​មាន​ជំនឿ​ថាការ​បិទ​ផ្សារ​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​ និង​ផ្សារ​សត្វ​ព្រៃ​គ្មាន​និយត្តកម្ម​អាច ​«មាន​ប្រសិទ្ធភាព​ខ្លាំង​ ឬ​មាន​ប្រសិទ្ធភាព​ខ្លះ» ​ក្នុង​ការ​បញ្ចៀស​មិន​ឱ្យ​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នៅ​ពេល​ខាង​មុខ។​

ការ​ស្ទង់​មតិ​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ ចំនួន​៩%​នៃ​ពួក​អ្នក​ឆ្លើយ​នឹង​ការ​ស្ទង់មតិ​បាន​និយាយ​ថា​ គេ​ស្គាល់​មនុស្ស​ដែល​បាន​ទិញ​ផលិផល​សត្វព្រៃ​ក្នុង​ពេល​១២​ខែ​កន្លង​ទៅ​នេះ​ ហើយ​ថា​ ចំនួន​៣៨%​មាន​ជំនឿ​ថា ​សត្វ​ព្រៃ​ជា​បុព្វ​ហេតុ​ចម្បង​បណ្តាល​ឲ្យ​មាន​ជំងឺ​កូវីដ១៩។​ ចំនួន​៦៣​ភាគ​រយ​មាន​ជំនឿ​ថា​ ការ​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​ជា​បុព្វ​ហេតុ​មួយ​ក្នុង​បណ្តា​បុព្វ​ហេតុ​ធំៗ​ពីរ​ដែល​បណ្តាល​ឱ្យ​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​នេះ។​

នៅ​ក្នុង​បញ្ជី​សត្វ​ព្រៃ​ មាន​សត្វ​ស្លាប​ ពស់​ ប្រចៀវ​ សំពោច​ ពង្រូល​ និង​អណ្តើក។​

លោក ​David Olsen ​ជា​នាយក​ផ្នែក​អភិរក្ស​នៃ​អង្គការ​ WWF។​ និយាយ​អំពី​ជំងឺ​កូវីដ១៩លោក​ David Olsen ​បាន​ថ្លែង​ថា៖​ «ពួក​អ្នក​សា្រវ​ជ្រាវ​ចិន​យល់​ថា ​វីរុស​ដែល​នាំ​ឱ្យ​មាន​ជំងឺ​កូវីដ១៩​ប្រហែល​បណ្តាល​មក​ពី​ថ្នាំ​ចិន​សែ​បុរាណ​ដែល​ប្រើ​លាមក​ប្រចៀវ​ផលិត​ថ្នាំ​ដាក់​ភ្នែក»។​

លោក​ក៏​បាន​និយាយ​ដែរ​ថា​ ផ្សារ​លក់​សត្វព្រៃ​ខុស​ច្បាប់​អាច​ត្រូវ​បិទ​ជា​បន្ទាន់​បាន។​

មនុស្សម្នា​ទៅ​ផ្សារ​លក់​សត្វ​ស្រស់ៗ​ដើម្បី​ទិញ​ម្ហូប​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នា​ទៅ​ផ្សារ​លក់​សត្វ​ស្រស់ៗ​ដើម្បី​ទិញ​ម្ហូប​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

លោក ​Olsen ​បាន​និយាយ​ថា៖​ «មនុស្ស​នៅ​ទូទាំង​តំបន់​នោះ​ខ្វល់​ខ្វាយ​អំពី​ការ​រាតត្បាត​ជំងឺ​ជា​សាកល។​ ពួក​គេ​យល់​អំពី​ការ​ទាក់ទង​គ្នា​រវាង​ពាណិជ្ជកម្ម​សត្វ​ព្រៃ​និង​ការ​លេច​ឡើង​ ការ​រាលដាល​ និង​ការ​ឆ្លង​ជំងឺ​ឆ្លង​ ហើយ​ពួក​គេ​ក៏​គាំទ្រ​រដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ស្ថានភាព​មាន​ហានិភ័យ​ខ្ពស់។ ​ការ​រាត​ត្បាត​ជំងឺ​ជា​សាកល​អាច​កើត​ចេញ​ពី​ពាណិជ្ជកម្ម​សត្វព្រៃ។​ ប្រសិន​បើ​យើង​បន្ត​លក់​សត្វ​ព្រៃ​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ស្ថានភាព​មាន​ហានិភ័យ​ខ្ពស់​នោះ​ យើង​ដាក់​ខ្លួន​យើង​ឱ្យ​ស្ថិត​ក្នុង​ហានិភ័យ​ទៀត»។​

នៅ​ក្នុង​ប្រទស​ថៃ​ ប្រទេស​វៀតណាម​ និង​ក្រុង​ហុងកុង ​ពួក​អ្នក​ឆ្លើយ​ជិត​ពាក់​កណ្តាល​នៃ​ការ​ស្ទង់មតិ​ បាន​និយាយ​ថា​ ​ការ​រាល​ដាល​ជំងឺ​នាំ​ឱ្យ​ពួក​គេ​ខ្វាយខ្វល់​ជាង​កង្វល់​អំពី​អាកាស​កខ្វក់​និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ដែល​ក្លាយ​ជា​ការ​ខ្វាយខ្វល់​ទី​បី​ និង​ទី​បួន។​ ទោះ​ជា​យ៉ាង​ណា​ សេដ្ឋកិច្ច​ជា​កង្វល់​ធំ​បំផុត​នៅ​ក្នុង​ក្រុង​ហុងកុង​ ដោយសារ​មាន​បាតុកម្ម​នៅ​ពេល​នេះ។​

ការ​រាលដាល​នៃ​ជំងឺ​ក្នុង​ចំណោម​មនុស្ស​បង្ក​កង្វល់​ស្មើ​គ្នា​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​គឺ​មាន​២៦%​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ហើយ​កង្វល់​បន្ទាប់​គឺ​ភេរវកម្ម។​ ក៏ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ការ​ប្រើ​ប្រាស់​សត្វ​ព្រៃ​ និង​ការ​ប្រើ​ប្រាស់​រុក្ខជាតិ​ព្រៃ​ជា​កង្វល់​ធំ​បំផុត។​ ជំងឺ​កូវីដ១៩​ជា​កង្វល់​ទី​ពីរ​ ហើយ​ការ​ប្រែ​ប្រួល​ធាតុ​អាកាស​ជា​ការ​ខ្វាយ​ខ្វល់​ទី​បី។​

ផ្សារ​លក់​សត្វ​ព្រៃ​សឹង​តែ​មិន​មាន​ការ​គាំទ្រ​ទេ។​ មាន​អ្នក​ឆ្លើយ​នឹង​ការ​ស្ទង់​មតិ​តែ​២%​ប៉ុណ្ណោះនិយាយ​ថា​ ពួក​គេ​មិន​ខ្វាយ​ខ្វល់​សោះ​អំពី​ផ្សារ​លក់​សត្វ​ព្រៃ​ទាំង​នេះ។​

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មនុស្ស​ដែល​បាន​ត្រូវ​ស្ទង់​មតិ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ជំនឿ​លើ​អាជ្ញាធរ។ តិច​ជាង​៤៥%​នៃ​អ្នក​ស្ទង់​មតិ​មាន​ជំនឿ​ថា​ ​រដ្ឋាភិបាល​ដោះ​ស្រាយ​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​បញ្ហា​សំខាន់ៗ។​ ពួក​អ្នក​ត្រូវ​ស្ទង់មតិ​តិច​ជាង​នេះ​ច្រើន​ណាស់​នៅ​តែ​មាន​ជំនឿ​លើ​ពលរដ្ឋ​ដូច​គ្នា​ក្នុង​ការ​ទប់ទល់​ការ​រាល​ដាល​នៃ​ជំងឺ​ដូច​ជា​ជំងឺ​កូវីដ១៩​ជា​ដើម។​

លោក​ Marcus Hardtke ​ជា​អ្នក​បរិស្ថាន​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​បន្ថែម​ថា​ ផ្សារ​លក់​សត្វព្រៃ​នឹង​ត្រូវ​បិទ​ ពីព្រោះ​ពួក​អ្នក​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​ប្រឈម​នឹង​ការ​ខ្វះ​ការ​ផ្គត់ផ្គង់​ដែរ​ដោយសារ​ព្រៃ​ជា​ច្រើន​មិន​សម្បូរ​សត្វ​ព្រៃ​ទៀត​ទេ។​

លោក​បាន​និយាយ​ថា៖​ «ទីផ្សារ​សត្វ​ព្រៃ​ប្រាកដ​ជា​នឹង​លែង​មាន​ ​ពី​ព្រោះ​គ្មាន​ប្រភព​សត្វព្រៃ​នៅ​ទី​ទាំង​នោះ​ទៀត​ទេ។​ ប្រសិន​បើ​លោក​អ្នក​ពិនិត្យ​មើល​សម្ពាធ​នៃ​ការ​ប្រមាញ់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ វា​ជា​អំពើ​ភ្លីភ្លើ។​ គេ​ហៅ​ការណ៍​នេះ​ថា ​ ជា​សញ្ញា​នៃ​ព្រៃ​ទទេ ​ពី​ព្រោះគ្មាន​សត្វ​ព្រៃ​ទៀត​ទេ។​ លោក​អ្នក​អាច​ដើរ​ក្នុង​ព្រៃ​ទាំង​នោះ​ក្នុង​រយៈ​ពេល​យូរហើយ​លោក​អ្នក​មិន​បាន​ឮ​សំឡេង​សត្វ ​ឬ​ឃើញ​សត្វព្រៃ​ឡើយ»៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG