ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្មាន​តម្រុយ​អំពី​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​ពីរ​សប្ដាហ៍​មក​ហើយ


រូបឯកសារ៖ បាតុករ​ម្នាក់​នៅ​ខាងក្រៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កាន់​រូប​សកម្មជន​ថៃ​លោក Wanchalearm Satsaksit ដែល​ត្រូវ​បានចាប់​ពង្រត់។

គម្រប់​ពេល​ពីរ​សប្ដាហ៍​មក​ហើយ​ ក្រោយ​ពី​មាន​របាយ​ការណ៍​នៃ​ការ​ចាប់​ពង្រត់​លោក Wanchalearm Satsaksit ​សកម្មជន​អាវក្រហម​ថៃ​ពី​ទីតាំង​ក្បែរ​ខុនដូ​របស់​លោក ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​សន្ដិសុខ​របស់​កម្ពុជា​ នៅ​តែ​មិន​អាច​ផ្ទៀងផ្ទាត់​រក​ឃើញ​តម្រុយ​អ្វី​ឈាន​ទៅ​បញ្ជាក់​ពី​ការ​បាត់​ខ្លួន ​និង​ស្វះ​ស្វែង​រក​រូប​លោក​នៅ​ឡើយ​ទេ។​

សាក្សី​ដែល​បាន​អះអាង​ថា​ឃើញ​ករណី​ចាប់​ពង្រត់​នេះ​ក្រុម​គ្រួសារ ​និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​បាន​លើក​ឡើង​ថា លោក ​Wanchalearm Satsaksit​ បាន​រត់​គេច​ចេញ​ពី​ប្រទេស​ថៃ​មក​រស់​នៅ​ក្នុង​ខុនដូ​ «វិមាន​មេគង្គ» ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ តាំង​ពី​ឆ្នាំ​ ២០១៤​ មក​ ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ពី​របប​យោធា​ថៃ។​

អ្នក​ដែល​អះអាង​ថា​បាន​ឃើញ​ហេតុ​ការណ៍ ​បាន​ប្រាប់​ VOA ​ភ្លាមៗ​ក្រោយ​ពេល​កើត​ហេតុ​ថា​ ពួក​គេ​បាន​ឃើញ​លោក​ Wanchalearm Satsaksit ​ដែល​ពាក់​អាវ​ផ្កា​ស្លៀក​ខោខ្លី​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បី​នាក់​វាយ​ដំ ​និង​ចាប់​បញ្ចូល​រថយន្ត​ ខណៈ​លោក​កំពុង​អង្គុយ​ទិញ​ប្រហិត​ទ ទួល​ទាន​នៅ​មុខ​ខុនដូ​របស់​លោក​ កាល​ពី​អំឡុង​ម៉ោង​ ៤ ​រសៀល​ ថ្ងៃ​ទី​៤​ ខែ​មិថុនា។​

លោក​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា ​បាន​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​នេះ​ថា​ សមត្ថ​កិច្ច​បាន​រក​ឃើញ​ថា​ ទិដ្ឋាការ ​(Visa)​ រស់​នៅ​កម្ពុជា​របស់​លោក​ Wanchalearm Satsaksit ​បាន​ផុត​កំណត់​ តាំង​ពី​ឆ្នាំ ​២០១៧​ និង​មិន​បាន​សុំ​ពន្យារ​ថ្មី​ទេ​ ហើយ​ទីស្ថាន​ខុនដូ​ដែល​សមត្ថកិច្ច​បាន​សាក​សួរ ​ក៏​មិន​បាន​បង្ហាញ​ថា​ មាន​ឈ្មោះ​លោក​រស់​នៅ​ដែរ។​

លោក​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា៖​ «អត់​មាន​តម្រុយ​ថ្មី​អី​ទេ​ ដល់​តែ​អ្នក​ខុនដូ​ថា​អត់​មាន​នៅ​ក្នុង​បញ្ជី។​ សំខាន់​ថា​អត់​មាន​នៅ​ក្នុង​បញ្ជី​ហើយ​ ទៅ​រក​ឯ​ណា​ទៅ?»​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​បាន​បន្ថែម​ថា​ ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​កម្ពុជា​ក៏​មិន​អាច​កំណត់​រក​ឃើញ​អត្ត​សញ្ញាណ​ និង​ទីតាំង​ទិសដៅ​នៃ​រថយន្ត​ម៉ាក​ Toyota Highlander ​ពណ៌​ក្រម៉ៅ​ដែល​កាមេរ៉ា​សុវត្ថិភាព​ថ ត​បាន​នៅ​ក្បែរ​ទីតាំង​ខុនដូ​ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​ នោះ​នៅ​ឡើយ។​

លោក​បាន​ប្រាប់ ​VOA ​ថា៖​«អ៊ីចឹង​យើង​សន្និដ្ឋាន​បាន​ថា​ មនុស្ស​នេះ ​[Wanchalearm Satsaksit] ​មិន​ដឹង​បាត់​ពី​ថ្ងៃ​ណា​ឆ្នាំ​ណា​ ឬ​ក៏​យ៉ាង​ណា។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ក្រសួង​មហាផ្ទៃ​នៅតែ​ស្វាគមន៍​ចំពោះ​រាល់​សាក្សី ​ឬ​ក៏​ព័ត៌មាន​ទាំងឡាយ​ណា​ ដែល​បញ្ជាក់​អំពី​ការពិត​នេះ។ តើ​ឈ្មោះ​នេះ​នៅ​ទី​ណា»។​

សេចក្ដី​សន្និដ្ឋាន​នេះ​ត្រូវ​បាន​បញ្ជូន​ជា​ដំណឹង​ត្រឡប់​ទៅ​វិញ​ស្ថានទូត​ និង​រដ្ឋាភិបាល​ថៃ​រួច​ហើយ ​តែ​លោក​ ខៀវ សុភ័គ ​មិន​បាន​បញ្ជាក់​ថា​ត្រូវ​បាន​បញ្ជូន​តាំង​ពី​ថ្ងៃ​ណា​នោះ​ទេ។​ លោក​បាន​បន្ថែម​ថា​ព័ត៌មាន​ពី​ការ​សាកសួរ​សាក្សី​ដែល​លោក​មិន​បញ្ជាក់​ចំនួន​ និង​អត្ត​សញ្ញាណ​នោះ​ មិន​ទាន់​អាច​បញ្ជាក់​អំពី​ករណី​ចាប់​ពង្រត់​ និង​បាត់​ខ្លួន​នេះ​បាន​នៅ​ឡើយ​ទេ។​

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​ប្រកាស​ថា ​អ្នក​ដែល​មាន​ដឹង​ដំណឹង ​ឬ​មាន​តម្រុយ​អំពី​ករណី​ចាប់​ពង្រត់​ និង​បាត់​ខ្លួន​នោះ​ អាច​ចូល​មក​ផ្ដល់​ព័ត៌មាន​បង្ហាញ​ខ្លួន​ប្រាប់​សមត្ថ​កិច្ច​នៅ​រាល់​ប៉ុស្ដិ៍​ ឬ​ការិយាល័យ​នគរបាល​ដែល​នៅ​ជិត ​ឬ​ «បើ​សិន​ជា​ចាំ​បាច់​ អញ្ជើញ​មក​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​រាយ​ការណ៍​ផ្ទាល់​តែ​ម្ដង»។​

ករណី​នៃ​ការ​បាត់​ខ្លួន​លោក​ Wanchalearm Satsaksit​ ក្នុង​ពេល​ពីរ​សប្ដាហ៍​នេះ​ ក៏​ត្រូវ​បាន​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហ​ប្រជាជាតិ​ លើក​សំណើ​កាលពី​ថ្ងៃទី​១០​ ខែ​មិថុនា ​សុំ​ការ​បំភ្លឺ​និង​ការ​ស្រាវជ្រាវ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។​

អ្នកស្រី​ Vivian Kwok ​អ្នក​នាំពាក្យ​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ ​អ.ស.ប.​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ប្រាប់​ VOA​ ថា​ សំណុំ​រឿង​លោក ​Wanchalearm Satsaksit ​ពិត​ជា​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ «ករណី​បន្ទាន់» ​ដែល​តម្រូវ​ឱ្យ​រដ្ឋ​ភាគី​ «ស៊ើប​អង្កេត...កំណត់​ទីតាំង​និង​ស្វែងរក»​ អ្នក​ដែល​បាន​បាត់​ខ្លួន​ដោយ​បង្ខំ។ ​អ្នកស្រី​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ត។​

លោក​ ខៀវ សុភ័គ​ បាន​អះអាង​ថា​ចម្លើយ​តប​ទៅ ​អ.ស.ប.​ ក៏​នឹង​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ចម្លើយ​ផ្ញើ​ជូន​ស្ថានទូត​ថៃ​នោះ​ដែរ។​ ក្រសួង​ការ​បរទេស​ថៃ​នៅ​បាងកក​ មិន​បាន​ឆ្លើយ​តប​នឹង​សារ​អេឡិច​ត្រូនិក របស់​ VOA ​ស្នើសុំ​ការ​បំភ្លឺ​ទេ​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

លោក ​Phil Robertson​ អនុ​ប្រធាន​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​នៃ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ ប្រាប់​ VOA ថា​ បើ​សិន​ជា​រថយន្ត​ក្នុង​រូបភាព​ពិត​ជា​ពាក់ស្លាក​លេខ​ក្លែង​ក្លាយ ​ដែល​មិន​ឃើញ​មាន​ក្នុង​បញ្ជី​មែននោះ នោះ​កិច្ច​ប្រឹង​ប្រែង​ស៊ើប​អង្កេត​គួរ​តែ​ត្រូវ​បង្កើន​សន្ទុះ​ទ្វេ​ដង​ថា ​ អ្នក​ណា​កំពុង​ប្រើ​លេខ​នេះ។​ លោក​បន្ថែម​ថា​កាមេរ៉ា​សុវត្ថិភាព​រាប់​រយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ​គួរ​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​តាម​ដាន​ដំណើរ​ទិសដៅ​រថយន្ត​នោះ​ចេញ​ពី​ណា​ទៅ​ណា។​

លោក​ Phil Robertson ​បាន​រិះគន់​ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា​ថា​ ជា​ «ទង្វើ​ព្យាយាម​បិទ​បាំង» ​(Cover-Up)​ ហើយ​ដែល​តាំង​ពី​ដើម​ដំបូង​មក​ «ពិត​ជា​មិន​ដែល»​ ចង់​ស៊ើប​អង្កេត​រឿង​នេះ​នោះ​ទេ។ ​

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ប្រាប់​ VOA​ តាម​សារ​អេឡិច​ត្រូនិក​ កាល​ពី​ថ្ងៃ​សុក្រ​ថា៖​ «ការ​ស៊ើប​អង្កេត​នេះ​គ្រាន់​តែ​ជា​ឆាក​កំប្លែង។​ ពួកគេ ​(អាជ្ញាធរ​កម្ពុជា)​ គ្រាន់​តែ​ចង់​រក​លេស​ ដើម្បី​បិទ​បញ្ចប់​រឿង​នេះ​ឱ្យ​ផុត​លឿន​បំផុត​ តាម​ដែល​អាច​ធ្វើបាន​ ហើយ​អាច​ដើរ​ចេញដោះ​ខ្លួន​គេ​ពី​សំណុំ​រឿង​នេះ»។​

កាល​ពី​ឆ្នាំ​២០១៩​ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​រង​សម្ពាធ​ម្ដង​រួច​មក​ហើយ​ បន្ទាប់​ពី​មាន​សេចក្ដី​រាយ​ការណ៍​របស់​កាសែត​ហុងកុង​ The South China Morning Post​ ថា​ អតីត​នាយករដ្ឋ​មន្ត្រីថៃ​ លោកស្រី​ Yingluck Shinawatra​ បាន​គេច​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​តាម​ផ្លូវ​ច្បាប់​មាន​ចរិត​នយោបាយ​ នៅ​ប្រទេស​ថៃ​ ឆ្លង​កាត់​ប្រទេស​កម្ពុជា​ និង​កាន់​លិខិត​ឆ្លងដែន​កម្ពុជា​ទៀត​ផង។​

ទោះ​មិន​បាន​បញ្ជាក់​សុក្រឹតភាព​នៃ​សេចក្ដី​រាយ​ការណ៍​ខាង​លើ​ ​កាលពី​ឆ្នាំ​២០១៩ ​ដដែល​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​បញ្ឈប់​ការ​ចេញ​លិខិត​ឆ្លងដែន​ផ្លូវការ ​និង​ការទូត​ដល់​បណ្ដា​ទីប្រឹក្សា ​និង​ជំនួយ​ការ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សញ្ជាតិ​បរទេស។ ​

កាលពី​ឆ្នាំ​២០១៧​ ព្រឹត្តិប័ត្រ​បោះពុម្ព​ផ្សាយ​ឈ្មោះ​ The Southeast Asia Globe ​ធ្លាប់​បាន​រាយ​ការណ៍​ថា ​មាន​សមាជិក​សកម្មជន​អាវ​ក្រហម​ថៃ​មួយ​ចំនួន​ដែល​ស្មោះស្ម័គ្រ​ និង​មាន​សមាន​ចិត្ត​ជាមួយ​នឹង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ​Thaksin Shinawatra ​បាន​ភៀស​ខ្លួន​មក​ជ្រកកោន​នៅ​ប្រទេស​កម្ពុជា​ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មាន​មិត្តភាព​កម្រិត​បុគ្គល​ជាមួយ​នឹង​លោក​ Thaksin Shinawatra។​

អំឡុង​មាន​បញ្ហា​ប្រឈម​មុខ​គ្នា​ដោយ​ប្រដាប់​អាវុធ​ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ កាល​ពី​មួយ​ទសវត្សរ៍​មុន​ លោក​ Thaksin Shinawatra​ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​ដែល​ជា​កាយវិការ​នាំ​ឱ្យ​ក្រុម​រដ្ឋាភិបាល​បដិបក្ខ​របស់​លោក​ នៅ​ក្រុង​បាងកក ​ដឹកនាំ​ដោយ​លោក Abhisit Vejjajiva ​ខឹង​សម្បារ​ជា​ខ្លាំង។ ​

លោក​ Thaksin Shinawatra​ ខ្លួន​ឯង​នា​គ្រា​នោះ​ក៏​ត្រូវ​បាន​ផ្ដល់​ការ​អនុញ្ញាត​ឱ្យចេញ​ចូល​ប្រទេស​កម្ពុជា​ និង​ធ្លាប់ជួប​ជុំ​ក្រុម​អាវក្រហម​រាប់ម៉ឺន​នាក់ ​ដែល​ឆ្លង​ពី​ថៃ​មក​ជំនុំ​លេង​បុណ្យ​ចូលឆ្នាំ​ នៅ​ខេត្ត​សៀមរាប​ កាល​ពី​ឆ្នាំ ២០១២ ​ថែម​ទៀត​ផង។​ នៅ​ឆ្នាំ ២០១៣ ​កូនស្រី​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ Somchai Wongsawat ​ដែល​ត្រូវ​ជា​ក្មួយស្រី​បង្កើត​របស់​លោក​ Thaksin​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​កូន​ប្រុស​លោក​ សៀង ណាំ​ មនុស្ស​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ខេត្ត​សៀមរាប​ ជំនិត​នឹង​លោក ​ហ៊ុន សែន។​

តែ​ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា ​ឆ្នាំ​ ២០១៤​ នៅ​បាងកក​ ទម្លាក់​រដ្ឋាភិបាល​បក្ស​ Pheu Thai ​ដែល​មាន​លោក​ Thaksin Shinawatra ​នៅ​ពី​ក្រោយ​នោះ ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បន្តិច​ម្ដងៗ​ បាន​កសាង​ទំនាក់​ទំនង​យ៉ាង​សកម្ម​ជាមួយ​នឹង​រដ្ឋាភិបាល​យោធា​ថៃ​ ដែល​ស្និទ្ធ​នឹង​ព្រះ​បរម​រាជវាំង​ និង​យោធាថៃ។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​រាយ​ការណ៍​អំពី​ករណី​ដែល​រដ្ឋាភិបាល​ថៃ​បាន​ជួយ​ចាប់​បញ្ជូន​មក​វិញ​នូវ​សកម្មជន​កម្ពុជា​ ដែល​រត់​ភៀសខ្លួន​ពី​ការ​តាម​ចាប់​ចង​នៅ​កម្ពុជា​ រួមមាន​លោក ​រ៉ាត់ រ័ត្នមុនី​ អ្នក​បកប្រែ​នៃ​ភាពយន្ត​ឯកសារ​ដ៏​ចម្រូង​ចម្រាស​របស់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ RT​ និង​មេដឹកនាំ​សហជីព​អ្នកស្រី ​សម សុខា ​ជាដើម។

​រដ្ឋាភិបាល​លោក ​Prayut Chan-o-cha ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩​កន្លង​ទៅ ​ក៏​បាន​បដិសេធ​មិន​ឱ្យ​លោក​ សម រង្ស៊ី ​មេដឹកនាំ​បក្ស​ជំទាស់​នៅ​កម្ពុជា​ ចូល​សំចត​នៅ​ប្រទេស​ថៃ​ ដើម្បី​ឆ្លង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដែរ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG