របាយការណ៍ចេញផ្សាយដោយក្រុមអភិរក្សដែលមានឈ្មោះថា «សង្រ្គោះសត្វដំរី (Save the Elephants)» បានបង្ហាញថា ហុងកុងមានផលិតផលគ្រឿងភ្លុកសម្រាប់លក់ច្រើនជាងទីក្រុងដទៃទៀតលើពិភពលោក។ ក្រុមអភិរក្សនិយាយថា ការនាំចេញផលិតផលគ្រឿងភ្លុកខុសច្បាប់ទៅ្កាន់ចិនដីគោកធ្វើឲ្យប៉ះពាល់ដល់ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបង្រ្កាបការជួញដូរគ្រឿងភ្លុកនេះ។
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា អ្នកស្រាវជ្រាវបានរកឃើញផលិតផលគ្រឿងភ្លុកច្រើនជាង៣០.០០០ដែលត្រូវគេដាក់លក់នៅក្នុងហាង៧២ផ្សេងៗគ្នានៅក្នុងទីក្រុងហុងកុង។ ផលិតផលគ្រឿងភ្លុកនេះភាគច្រើនត្រូវគេច្នៃទៅជារូបចម្លាក់ និងគ្រឿងអលង្កាផ្សេងៗដើម្បីលក់ឲ្យភ្ញៀវទេសចរនៅតាមសណ្ឋាគារប្រណីតៗ និងហាងធំៗ។
នៅហុងកុងការលក់ភ្លុកសត្វដំរីដែលមានចុះបញ្ជីត្រឹមត្រូវគឺជារឿងស្របច្បាប់ ប៉ុន្តែការនាំចេញទៅកាន់ចិនដីគោកមិនត្រូវបានគេអនុញ្ញាតឡើយ។ អ្នកស្រាវជ្រាវរកឃើញថា ភ្លុកប្រហែល៩០ភាគរយ ដែលត្រូវគេយកមកលក់នៅហុងកុងត្រូវបានអតិថិជនមកពីចិនដីគោកទិញយក។ ភាគច្រើនផលិតផលគ្រឿងភ្លុកដំរីនោះត្រូវបានគេលួចរត់ពន្ធខុសច្បាប់។
លោក Iain Douglas-Hamilton ស្ថាបនិកអង្គការសង្គ្រោះសត្វដំរីបានឲ្យដឹងថា សកម្មភាពនេះកំពុងបំផ្លាញរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការបញ្ឈប់តម្រូវការភ្លុកដំរី។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា អនាគតនៃសត្វដំរីនៅអាហ្វ្រិកស្ថិតក្នុងកណ្តាប់ដៃរបស់ចិន។ ហុងកុងជាផ្នែកមួយរបស់ចិន ហើយកោះនោះកំពុងតែធ្វើឲ្យប៉ះពាល់ដល់វិធានការហាមឃាត់ការជួញដូរគ្រឿងភ្លុកដែលកំពុងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់នៅប្រទេសចិន»។
លោក Douglas-Hamiltion បានមានប្រសាសន៍ថា សត្វដំរី១០០.០០០ក្បាលត្រូវបានគេសម្លាប់នៅតំបន់អាហ្វ្រិកដើម្បីយកភ្លុកនៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២។ តម្រូវការនៅតំបន់អាស៊ីជាកត្តាដែលជំរុញឲ្យការសម្លាប់សត្វដំរីយកភ្លុកភាគច្រើន។
ហុងកុងមិនដែលនាំចូលគ្រឿងភ្លុកដោយស្របច្បាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ រាល់ផលិតផលភ្លុកថ្មីៗត្រូវបានគេច្នៃចេញពីភ្លុកដែលមានស្តុកទុកក្នុងឃ្លាំងស្រាប់។
ទោះបីជារបាយការណ៍មិនបានសនិ្នដ្ឋានថា ហុងកុងជាកន្លែងជួញដូរភ្លុកសត្វដំរីខុសច្បាប់ក៏ដោយ ក្រុមអភិរក្សបានផ្តល់យោបល់ថា ក្រុមឈ្មួញប្រហែលជាកំពុងលួចនាំចូលគ្រឿងភ្លុកខុសច្បាប់នេះទុកក្នុងឃ្លាំងរបស់ពួកគេ។
លោក Esmond Martin អ្នកដឹកនាំក្រុមស្រាវជ្រាវបានឲ្យដឹងថា ហុងកុងគឺជាកន្លែងឆ្លងកាត់របស់ផលិតផលគ្រឿងភ្លុកខុសច្បាប់ ហើយបានកត់សម្គាល់ថា អាជ្ញាធររឹបអូសបានទំនិញគ្រឿងភ្លុក ដែលនាំមកពីអាហ្វ្រិកនេះច្រើនសន្ធឹកសន្ធាប់ថែមទៀត។
«បើតាមរដ្ឋាភិបាល និងតាមការស្រាវជ្រាវដែលយើងបានធ្វើឡើង ទំនិញយ៉ាងច្រើនដែលត្រូវគេឃាត់ទុកនៅហុងកុងកំពុងត្រូវបានគេបញ្ជូនទៅកាន់ចិនដីគោក។ ហើយនេះជាចំណុចសំខាន់បំផុតមួយ។ តែសំណួរដែលគេត្រូវចោទសួរនាពេលនេះគឺថាតើមានផលិតផលភ្លុកដំរីច្រើនប៉ុណ្ណាទៀតដែលមិនត្រូវគេចាប់បាននោះ។ ហើយនេះគឺជាអ្វីដែលយើងមិនមានព័ត៌មានច្រើនអំពីរឿងហ្នឹងទាល់តែសោះ។
លោកនិយាយថា ទំនិញភ្លុកដំរីយ៉ាងច្រើនដែលត្រូវអាជ្ញាធររឹបអួសនៅហុងកុងថ្មីៗនេះមានប្រភពមកពីប្រទេសកេនយ៉ា តង់សានី (Tanzania ) និងតូហ្គោ (Togo)។ លោកបន្ថែមថា បញ្ហាពុករលួយជាមួយការផ្គត់ផ្គង់ភ្លុកដំរីដែលផ្តើមចេញពីតំបន់ឧទ្យានធម្មជាតិដែលសត្វដំរីរស់នៅ នៅតែជាបញ្ហាប្រឈមខ្លាំងបំផុតមួយក្នុងការបញ្ឈប់ការជួញដូរភ្លុកដំរី៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ