ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បរបាញ់​ និង​ជួញ​ដូរ​សត្វ​ព្រៃ​នៅតែ​មាន​ច្រើន​នៅ​កម្ពុជា


ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ដែល​ជា​ដែន​ជម្រក​សត្វ ​ការ​បរបាញ់​ និង​ការ​ជួញ​ដូរ​ខុស​ច្បាប់ ​និង​តម្រូវ​ការ​ខ្ពស់​នូវ​ផលិត​ផល​សត្វ​ព្រៃ​ កំពុង​តែ​យារ​យី​សត្វ​ព្រៃ​កម្ពុជា​ឱ្យ​ឈាន​ទៅ​រក​ការ​វិនាស​បាត់បង់។
ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ដែល​ជា​ដែន​ជម្រក​សត្វ ​ការ​បរបាញ់​ និង​ការ​ជួញ​ដូរ​ខុស​ច្បាប់ ​និង​តម្រូវ​ការ​ខ្ពស់​នូវ​ផលិត​ផល​សត្វ​ព្រៃ​ កំពុង​តែ​យារ​យី​សត្វ​ព្រៃ​កម្ពុជា​ឱ្យ​ឈាន​ទៅ​រក​ការ​វិនាស​បាត់បង់។
ទោះ​បី​ជា​ការ​បរបាញ់​ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ជា​អំពើ​ល្មើស​ច្បាប់​ និង​អាច​នាំ​ឱ្យ​ជន​ល្មើស​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​ ក៏​គេ​ឃើញ​ថា​ សកម្មភាព​ខុស​ច្បាប់​នេះ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​អត្រា​ខ្ពស់។ ​ចំណែក​ឯ​ភោជនីយដ្ឋាន​ជា​ច្រើន​នៅ​តែ​បន្ត​លក់​សាច់​ព្រៃ​ខុស​ច្បាប់​ទាំង​នេះ។ ​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​ជំនាញ​អះអាង​ថា​ ការ​ជួញ​ដូរ ​និង​សេវា​លក់ម្ហូប​សត្វ​ព្រៃ​នេះ​មាន​ការ​ថយ​ចុះ​ច្រើន​ បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន។​

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ដែល​ជា​ដែន​ជម្រក​សត្វ ​ការ​បរបាញ់​ និង​ការ​ជួញ​ដូរ​ខុស​ច្បាប់ ​និង​តម្រូវ​ការ​ខ្ពស់​នូវ​ផលិត​ផល​សត្វ​ព្រៃ​ កំពុង​តែ​យារ​យី​សត្វ​ព្រៃ​កម្ពុជា​ឱ្យ​ឈាន​ទៅ​រក​ការ​វិនាស​បាត់បង់។​ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ។​

សត្វ​ដែល​ធ្លាប់​តែសម្បូរ​ក្នុង​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​របស់​កម្ពុជា​កាល​ពី​មុន​ ដូចជា​ខ្លា​ តោ​ រមាស ​ដំរី ​ទន្សោង​ និង​គោ​ព្រៃ​ជា​ដើម​ ឥឡូវ​នេះ​សឹង​តែ​លែង​ឃើញ​មាន​ ឬ​ខ្លះ​បាន​ផុត​ពូជ​ចេញ​ពី​ផែនទី​ប្រទេស​កម្ពុជា​ទៅ​ហើយ។​ ដោយ​ឡែក​សត្វ​ព្រៃ​ ដែល​នៅ​សេស​សល់​ ដូចជា​ជ្រូក​ព្រៃ ​ប្រើស​ឈ្លូស​ពង្រូល​ ទន្សាយ​ អណ្ដើក​ និង​ពស់​ជា​ដើម ​កំពុង​តែ​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​យ៉ាង​អានាធិបតេយ្យ​ ស្រប​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​ក៏​ហាក់​ដូចជា​ធ្មេច​ភ្នែក​ចំពោះ​សកម្មភាព​ខុស​ច្បាប់​ទាំង​នោះ។​

សត្វ​ព្រៃ​ទាំង​នោះ​អាច​ហៅ​បរិភោគ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​តាម​ភោជនីយដ្ឋាន​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ​

នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដើរ​ចូល​ទៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ​ អ្នក​បម្រើ​តុ​នៅ​ទីនោះ​បាន​ណែនាំ​ពី​សត្វ​ព្រៃ​ដែល​ពេញ​និយម​នៅ​ហាង​របស់​ពួកគេ។​ សត្វ​ព្រៃ​នៅ​ទី​នោះ​មាន​ដូចជា​ឈ្លូស ​ជ្រូក​ព្រៃ ​និង​ត្រកួត​ដែល​មាន​តម្លៃ​ចន្លោះ​ពី​២​ម៉ឺន​៥​ពាន់​ទៅ​៣​ម៉ឺន​៥​ពាន់​រៀល​ក្នុង​មួយ​ចាន។​

VOA៖ ​មាន​សត្វ​អ្វី​ខ្លះ?

អ្នករត់តុ៖ ​មាន​ឈ្លូស​ និង​ជ្រូក​ព្រៃ​ និង​ត្រកួត។​

VOA៖ ​ភ្ញៀវ​គេ​មកគេ​និយម​ហៅ​អ្វី?

អ្នករត់តុ៖ មុន​ដំបូង​គេ​ហៅ​គោ​ដុត។ ​គោ​ដុត​ហើយ​បាន​គេ​ហៅ​សត្វ​ព្រៃ​ក្រោយ​ ហើយ​ជ្រូក​ព្រៃ​ឆា​កែង​ ឆា​ក្តៅ​ហ្នឹង​ លក់​ដាច់​ជាង​គេ។

VOA៖ តើ​សត្វ​ទាំង​ហ្នឹង​យក​មក​ពី​ណា?

អ្នករត់តុ៖​ ខ្ញុំ​អត់​ដឹង​យក​មក​ពី​ណា​ដែរ​ ព្រោះ​ថៅកែ​ហាង​មាន​ម៉ូយ​គេ​យក​មក​ឱ្យ​ដល់​កន្លែង។​

មិន​មែន​មាន​តែ​ក្នុង​ភោជនីយដ្ឋាន​មួយ​នេះ​ទេ ​ដែល​លក់​សាច់​ព្រៃ​ដោយ​បើក​ចំហ​បែប​នេះ។ ​សេវា​កម្ម​ម្ហូប​បែប​នេះ​ក៏​ឃើញ​មាន​នៅ​តាម​ភោជនីយដ្ឋាន​ជា​ច្រើន​ទៀត ​ជា​ពិសេស​ភោជនីយដ្ឋាន​ដែល​ស្ថិត​ក្នុង​ខេត្ត​ដែល​មាន​ព្រៃឈើ​ច្រើន ​ដូចជា​ខេត្ត​មណ្ឌលគីរី ​និង​រតនគីរី​ជា​ដើម។​ ហើយ​ពេល​ខ្លះ​នៅ​តាម​ផ្សារ​ និង​នៅ​តាម​ផ្លូវ​ គេ​ក៏​ឃើញមាន​ការ​ព្យួរ​សត្វ​ព្រៃ​លក់​យ៉ាង​រណូក​រណែល​ផង​ដែរ។​

បុរស​ម្នាក់​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ ​ថ្លែង​ថា ​លោក​ធ្លាប់​ហូប​សាច់​ឈ្លូស​ម្ដង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ នៅ​ពេល​លោក​ទៅ​លេង​ខេត្ត​កំពង់ស្ពឺ ព្រោះ​ចង់​សាកល្បង​មើល។​

«ហូប​យូរ​ហើយ ​ប្រហែល​ជា​បី​បួន​ឆ្នាំ​មុន។ ​ហូប​សាច់​ឈ្លូស​យើង​ចង់​សាក​ថា​រស​ជាតិ​វា​យ៉ាង​ម៉េច។ ​មួយ​គីឡូក្រាម​ខ្ទង់​៣​ម៉ឺន​រៀល។​ រសជាតិ​វា​ឆ្ញាញ់​ជាង​សាច់​គោ ​ផុយ​ជាង​សាច់​គោ។ ​បើ​ទិញ​បាន​ហូប​ទៀត»។​

លោក​ខឹម ​វុទ្ធីរ៉ាវង្ស​ ប្រធាន​គម្រោង​នៃ​ក្រុម​ជួយ​សង្គ្រោះ​សត្វ​ព្រៃ​រហ័ស​ ដែល​ជា​អង្គភាព​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ដែល​បាន​ទទួល​ជំនួយ​បច្ចេក​ទេស​ពី​អង្គការ ​Wildlife Alliance ​ថ្លែង​ថា ​ក្រៅ​ពី​ត្រូវគេ​យក​ទៅ​ធ្វើ​ម្ហូប​ សត្វ​ព្រៃ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ជា​សត្វ​ចិញ្ចឹម​និង​ធ្វើ​ជាឱសថ​បុរាណ។​

«ជា​ពិសេស​អ្នក​ភ្នំពេញ​ នៅ​ពេល​ដែល​គេ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ នៅ​ភាគ​ខាង​ជើង ​បំណង​របស់​គេ​គឺ​ចង់​សាក​ ចង់​ហូប​សត្វ​ព្រៃ​តែ​ម្តង។ ​ចង់​សាក​ឱ្យ​ដឹង​ថា​វា​ឆ្ញាញ់​យ៉ាង​ម៉េច? ​ហើយ​អ្នក​ទាំង​អស់​ហ្នឹង​មក​វិញ​ ទិញ​ផ្ញើ​ពួក​ម៉ាក​ថា​ ខ្លួន​បាន​ទៅ​ដល់​ទី​ហ្នឹង ​ហើយ​បាន​សាក​សត្វ​អស់​ហ្នឹង។ ​ទី​ពីរ​អ្នក​មាន​លុយ​មួយ​ចំនួន​ គេ​ផុត​ពី​ការ​ហូប​សាច់​ធម្មតា​ហ្នឹង ​គេ​ហូប​ដល់​ពស់​វែក​ ដោយ​សារ​តែ​មាន​ជំនឿ​ថា ​ឈាម​វា​ជួយ​នេះ​ ជួយ​នោះ​អញ្ចឹង​ទៅ»។​

បង្កើត​ឡើង​នៅ​ឆ្នាំ​២០០១​ ក្រុម​ជួយ​សង្រ្គោះ​សត្វ​ព្រៃ​រហ័ស​នេះមាន​សមាជិក​មក​ពី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​៨​នាក់ ​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បួន​នាក់។​ ក្រុម​ការងារ​ចម្រុះ​នេះ​ធ្វើ​ការ​បង្ក្រាប​លើ​បទ​ល្មើស​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង។ ​មក​ទល់​ឆ្នាំ​២០១៤​អង្គភាព​នេះ​បាន​សង្គ្រោះ​សត្វ​ព្រៃ​បាន​ចំនួន​ជាង​៦០០០០​ក្បាល​ពី​ឈ្មួញ​បន្ទាប់​ពី​បាន​ធ្វើ​ការ​បង្ក្រាប​ទីតាំង​លក់​សាច់​ព្រៃ​នៅ​តាម​ទី​សាធារណៈ​ តាម​ដង​ផ្លូវ​ និង​តាម​ផ្សារ​ និង​បង្ក្រាប​នៅ​តាម​ផ្ទះ​ ឬ​ទីតាំង​សង្ស័យ។ ​សត្វ​សង្គ្រោះ​បាន​ដែល​មាន​សុខភាព​ល្អ​ ក្រុម​ការងារ​នេះ​លែង​ចូល​ក្នុង​ព្រៃ​វិញ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ ដូចជា​នៅ​កែវ​សីមា​ និង​ព្រៃ​នៅ​ខេត្ត​កោះកុង​ជា​ដើម។​ដោយ​ឡែក​សត្វ​ព្រៃ​ដែល​ស៊ាំហ្នឹង​មនុស្ស​ ឬ​រង​របួស​ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ក្នុង​ខេត្ត​តាកែវ​ និង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះ​នៅ​ក្បាល​ស្ពាន​នៅ​ខេត្ត​សៀមរាប។​

លោក​ឈុន​ ហៀង​ អ្នក​សម្រប​សម្រួល​ផ្នែក​ផ្តល់​សេវា​កម្ម​អប់រំ​នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះ​ ថ្លែង​ថា​ មជ្ឈមណ្ឌល​នេះ​កំពុង​ទទួល​សត្វ​ព្រៃ​ប្រមាណ​២០០​ក្បាល​ ឬ​ជាង​៤០​ប្រភេទ​ពី​អង្គការ​Wildlife Alliance ​យក​មក​សង្គ្រោះ​ដែល​រួម​ទាំង​សត្វ​ព្រៃ​កម្រ​ជិត​ផុត​ពូជ​ដូចជា​ស្វា​ព្រាម​ ត្រដក់​ធំ​ ត្រដក់​តូច​ និង​ត្រយង​យក្ស​ជា​ដើម។​

«កន្លង​មក​កន្លែង​យើង​បាន​ទទួល​សត្វ​ជា​ច្រើន។ ​គ្រាន់​តែ​សត្វ​មួយ​ចំនួន​យើង​លែង​ចូល​ព្រៃ​វិញ​ ហើយ​មួយ​ចំនួន​ទៀត​ដែល​យើង​លែង​មិន​បាន ​យើង​ទុក​នៅ​កន្លែង​យើង។​ សត្វ​ដែល​យើង​លែង​មិន​បាន​ ភាគ​ច្រើន​ជា​សត្វ​ដែល​ស៊ាំ​នឹង​មនុស្ស​ ឬ​ក៏​ជា​សត្វ​ដែល​ពិការ​ជា​អចិន្ត្រៃយ៍​ អញ្ចឹង​យើង​ត្រូវ​ទុក​នៅ​កន្លែង​យើង​សិន»។​

តាម​ច្បាប់​ព្រៃ​ឈើ​ សត្វ​ព្រៃ​ចែក​ចេញ​ជា​បី​ក្រុម​គឺ​ក្រុម​ជិត​ផុត​ពូជ ​ដូចជា​ខ្លា​និង​ខ្លា​ឃ្មុំ​ ក្រុម​មាន​ដោយ​កម្រ ​ដូចជា​ពស់​វែក​ និង​ពង្រូល​ និង​ក្រុម​មាន​ដោយ​មធ្យម​ ដូចជា​ជ្រូក​ព្រៃ​ និង​ស្វា​ជា​ដើម។​

ជន​ល្មើស​លើ​ក្រុម​សត្វ​មាន​ដោយ​មធ្យម​ និងមានដោយ​កម្រត្រូវ​ពិន័យ​ជា​ប្រាក់​គុណ​នឹង​បី​ដង​នៃ​ទំហំ​សត្វ​ព្រៃ​តាម​តម្លៃ​ទីផ្សារ។​ ដោយ​ឡែក​ជន​ល្មើស​លើ​សត្វ​ព្រៃ​ក្នុង​ក្រុម​ជិត​ផុត​ពូជ​អាច​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ដល់​៥​ឆ្នាំ​និង​ពិន័យ​ពី​១០​លាន​ទៅ​១០០​លាន​រៀល។​

ប៉ុន្តែ​តាម​ការ​អះអាង​របស់​លោក​ខឹម ​វុទ្ធីរ៉ាវង្ស​ឲ្យ​ដឹង​ថា​ ការ​អនុវត្ត​ច្បាប់​នេះ​នៅ​តែ​មាន​សភាព​ធូរ​រលុង​ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ហាក់​ដូចជា​មិន​បាន​ចាត់​វិធានការ​តឹងតែង​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ។​

លោក​ខឹម​ វុទ្ធីរ៉ាវង្ស​បន្ថែម​ថា ​ទោះ​បី​មាន​ការ​បង្ក្រាប​ជា​ប្រចាំ​របស់​ក្រុម​លោក​ ក៏​ការ​បរបាញ់​ និង​ការជួញ​ដូរ​សត្វ​ព្រៃ​នៅ​តែ​មាន​ចំនួន​ច្រើន ដោយ​សារ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​តាម​ខេត្ត​ដែល​សម្បូរ​ព្រៃ​នៅ​តែ​ជ្រើសរើស​យក​របរ​ដែល​ទទួល​បាន​កម្រៃ​ខ្ពស់​មួយ​នេះ ​ចំណែក​ឯ​ការ​ជួញ​ដូរ​កាន់​តែ​មាន​ភាព​ងាយស្រួល។​

«សត្វ​ព្រៃ​ស្រុក​ខ្មែរ​យើង​ឃើញ​មាន​ការ​ជួញ​ដូរ​ច្រើន។ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ មាន​កត្តា​ច្រើន​យ៉ាង។ ​យើង​មាន​ព្រំដែន​វែង​ជាមួយ​ប្រទេស​ជិត​ខាង ​ហើយ​ជា​ព្រំដែន​គោក​ទៀត​ ដូច្នេះ​មាន​ការ​ងាយស្រួល​ក្នុង​ការ​ជ្រៀត​ចេញ​ ជ្រៀត​ចូល។​ ហើយ​ការ​ជួញដូរ​ក្នុង​ស្រុក​ខ្មែរ​យើង​សឹង​តែ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅ​ហើយ​ ព្រោះ​ឈ្មួញ​អត់​បាន​ធ្វើ​ការ​ជួញ​ដូរ​ដោយ​ខ្លួន​ឯង​ទេ។ ​បើ​ធៀប​នឹង​៤​ទៅ​៥​ឆ្នាំ​មុន​ ឈ្មួញ​ធ្វើ​ខ្លួន​ឯង ​ដឹង​ខ្លួន​ឯង។ ​ឥឡូវ​គេ​គ្រាន់​តែ​យក​ឥវ៉ាន់​ដាក់​ហើយ​ហើយ​ចាំ​ឱ្យ​គ្នា​គេ​ចាំ​ទទួល​អញ្ចឹង​ទៅ។ ​អញ្ចឹង​មាន​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ដែរ»។​

សត្វ​ព្រៃ​ជា​ទូទៅ​ត្រូវ​បាន​ផ្គត់ផ្គង់​យក​ទៅ​លក់​នៅ​ទីផ្សារ​ពីរ​ប្រភេទ​ខុស​គ្នា។ ​សត្វ​ស្លាប់​ភាគ​ច្រើន​ផ្គត់ផ្គត់​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​ ចំណែក​ឯ​សត្វ​នៅ​រស់​ត្រូវជួញ​ដូរ​បន្ត​ទៅ​ប្រទេស​ជិត​ខាង ​ដូចជា​ថៃ ​និង​វៀតណាម​ ដោយសារ​ទីផ្សារ​ក្រៅ​ប្រទេស​មាន​តម្លៃ​ខ្ពស់​ជាង​ជា​ច្រើន​ដង។​

ដោយ​ឡែក​កម្ពុជា​ក៏​បាន​នាំ​ចូល​សត្វ​ព្រៃ​មួយ​ចំនួន​ពី​ប្រទេស​ជិត​ខាង​ ​ឡាវ​និង​ថៃ​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​វិញ​ដែរ ​ដូចជា​សត្វ​កែស​ និង​អណ្ដើក​ធំ​ជា​ដើម។​

ប៉ុន្តែ​ដោយ​សារ​ការ​ចុះ​បង្ក្រាប ​និង​ការ​ថយ​ចុះ​ចំនួន​សត្វ​ព្រៃ​ធ្វើ​ឱ្យ​ភោជនីយដ្ឋាន​ដែល​ធ្លាប់​លក់​សាច់​សត្វ​ព្រៃ​ប្រមាណ​៩០​ភាគរយ​បាន​ឈប់​លក់​សត្វ​ព្រៃ​ទាំង​ស្រុង។​ នេះ​បើ​តាម​លោក​ខឹម​វុទ្ធីរ៉ាវង្ស។​

«ភោជនីយដ្ឋាន​ភាគ​ច្រើន​ឃើញ​នៅ​មាន​ការ​ផ្ញើ​តាម​ឡាន​ និង​កុម្ម៉ង់​មក​ផ្គត់​ផ្គង់​ទីផ្សារ​នៅ​ក្នុង​ស្រុក។ ប៉ុន្តែ​តាម​ទិន្នន័យ​របស់​ក្រុម​ការងារ​ យើង​ឃើញ​ថា ​ថយ​ចុះ។​ ហាង​ភាគ​ច្រើន​ ដូច​នៅ​ព្រែក​លាប​ជា​ដើម ​យើង​ឃើញ​ ពេល​មុន​គ្រាន់​តែ​យើង​ដើរ​ចូល​ទៅ ​គេ​ប្រាប់​ថា​ មាន​សាច់​នេះ ​សាច់​នោះ​ ទើប​តែ​មក​ថ្មី​អញ្ចឹង។ ​ប៉ុន្តែ​ឥឡូវ​ដោយ​សារ​មាន​វត្តមាន​របស់​ក្រុម​យើង ​ហាង​ឥឡូវ​គេ​ឈប់​ លែង​ខ្វល់​ ដោយ​សារ​វា​មិន​ស្រប​ច្បាប់ ​និង​មិន​ចំណេញ​អ្វី​ប៉ុន្មាន​ផង។ ​ដូច្នេះ​ខ្ញុំ​អាច​និយាយ​បាន​ថា ​សឹង​តែ​ហាង​៩០​ភាគរយ​លែង​លក់​សាច់​ព្រៃ»។

ក្រៅ​ពី​ជា​ទីផ្សារ​ជួញ​ដូរ​ និង​នាំ​ចេញ​ កម្ពុជា​ក៏​ជា​ប្រទេស​ឆ្លង​កាត់​ដ៏​សំខាន់​មួយ​នៃ​ជំនួញ​សត្វ​ព្រៃ​ខុស​ច្បាប់​ផង​ដែរ​ ជា​ពិសេស​ការជំនួញ​ភ្លុក​ដំរី​ពី​ទ្វីប​អាហ្វ្រិក​ទៅ​កាន់​ប្រទេស​វៀតណាម​និង​ចិន។​

កាល​ពី​ខែ​ឧសភា​ មន្ត្រី​គយ​នៅ​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​ចាប់​បាន​ភ្លុក​ដំរី​ជាង​៣​ពាន់​គីឡូក្រាម​ ដែល​ផ្ទុក​ក្នុង​កុងទីន័រ​ចំនួន​ពីរ​ពី​ប្រទេស​ម៉ាឡេស៊ី។​ សព្វ​ថ្ងៃ​ភ្លុក​ដំរី​មាន​តម្លៃ​ជាង​២០០០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG