តើអ្នកធ្លាប់ឮអំពីសត្វពង្រូលឬទេ?
មានមនុស្សជាច្រើនមិនបានដឹងទេ។ វាត្រូវបានគេស្គាល់ផងដែរថា ជាសត្វពង្រូលមានស្រកា។ ក្រុមអ្នកអភិរក្សនិយាយថា វាជាថនិកសត្វដែលត្រូវគេជួញដូរខុសច្បាប់ច្រើនបំផុតក្នុងពិភពលោក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងត្រូវបានស្នើឲ្យកំណត់សត្វប្រាំពីរប្រភេទថា ជាសត្វជិតផុតពូជ។
លោកស្រី Rosalyn Morrison នៃអង្គការ Born Free USA និយាយថា មានម្តងនោះ មានសត្វពង្រូលរស់នៅច្រើនក្នុងតំបន់ដ៏ធំនៃទ្វីបអាស៊ី និងអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។
«តាមពិតទៅឥឡូវនេះសត្វពង្រូលគឺជាថនិកសត្វដែលរងការគំរាមកំហែងច្រើនជាងគេបំផុត នៅក្នុងពិភពលោក។ ហើយមានសត្វពង្រូលប្រាំបីប្រភេទក្នុងពិភពលោកនេះ គឺសត្វពង្រូលបួនប្រភេទនៅក្នុងតំបន់អាស៊ី និងពង្រូលបួនប្រភេទនៅតំបន់អាហ្រ្វិក។ ពង្រូលជាថនិកសត្វមានស្រការុំព័ទ្ធពេញខ្លួនវាតាំងពីក្បាលទៅដល់កន្ទុយ។
ស្រកាពង្រូលកើតពីជាតិស្នែងដែលជាធាតុផ្សំ ដូចគ្នានឹងក្រចករបស់យើងដែរ»។
អង្គការ Born Free USA និងអង្គការដទៃទៀតបានស្នើសុំឲ្យដាក់បញ្ចូលពូជពង្រូលប្រាំពីរនៃពូជពង្រូលប្រាំបីប្រភេទចូលក្នុងច្បាប់របស់ស.រ.អា.ការពារសត្វជិតផុតពូជ។ ពង្រូលមួយប្រភេទត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរួចហើយថា ជាសត្វជិតផុតពូជ។
«ពួកវាជាទូទៅកំពុងជិតផុតពូជ ពីព្រោះផ្នែកខ្លះនៃតំបន់អាស៊ីនិងផ្នែកខ្លះនៃតំបន់អាហ្រ្វិកជឿថា ស្រការបស់ពង្រូល មានគុណភាពជាឱសថសម្រាប់ព្យាបាល។ ហើយនៅក្នុងប្រទេសផ្សេងៗជាច្រើន នៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក គេខិតខំក្រៃលែងស្វែងរកស្រកា និងសាច់របស់ពង្រូល ដែលត្រូវបានចាត់ទុកថា មានគុណភាពពិសេស»។
ប្រទេសចិននិងវៀតណាមជាទីផ្សារធំបំផុតនៃផលិតផលសត្វពង្រូលខុសច្បាប់ ដូចភ្លុកដំរី និងស្នែងរមាសដែរ។
«បើទោះបីសត្វពង្រូលជាសត្វជិតផុតពូជទៅហើយក៏ដោយ ក៏មនុស្សភាគច្រើនមិនបានដឹងថា មានសត្វពង្រូលផងទេ។ សត្វនេះអាចវិនាសអស់ទៅ នៅមុនពេលដែលមនុស្សបានដឹងឮអំពីពួកវា។ មូលហេតុដែលមនុស្សភាគច្រើនមិនបានដឹងអំពីសត្វពង្រូល គឺមកពីសត្វនេះជាសត្វចេញរកស៊ីពេលយប់។ សត្វនេះពូកែលាក់ខ្លួនណាស់។ ដូច្នេះក្រុមអ្នកវិទ្យាសាស្ត្រពិបាកស្វែងរកសត្វពង្រូលនៅក្នុងព្រៃណាស់ ហើយ ពង្រូលមិនអាចបង្កាត់ពូជកន្លែងចិញ្ចឹមបានទេ។ នៅក្នុងសួនសត្វកម្រឃើញមានសត្វពង្រូលណាស់ បើមានគឺមានតិចតួចប៉ុណ្ណោះ។ ខ្ញុំគិតថា មានសត្វពង្រូលតិចណាស់នៅក្នុងសួនសត្វនៅទូទាំងពិភពលោក។
លោកស្រី Morrison និយាយថា ចំនួនសត្វពង្រូលកំពុងធ្លាក់ចុះយ៉ាងលឿន។
«យើងបានរកឃើញថា សត្វពង្រូលច្រើនជាង៩៦ម៉ឺនក្បាលត្រូវបាន ជួញដូរដោយខុសច្បាប់ ជាងមួយទសវត្សរ៍កន្លងមកនេះ។ ដូច្នេះ នៅពេលដែលលោកអ្នកប្រៀបធៀបចំនួនសត្វពង្រូល ជាមួយចំនួនសត្វដំរី និងសត្វរមាសដែលត្រូវគេជួញដូរនោះ នោះអ្នកនឹងឃើញថា សត្វពង្រូលមានចំនួនច្រើនជាងខ្លាំងណាស់»។
មានទីផ្សារមួយនៅក្នុងស.រ.អា. សម្រាប់ផលិតផលសត្វពង្រូលខុសច្បាប់។ ការបញ្ចូលថនិកសត្វនេះក្នុងច្បាប់ការពារសត្វព្រៃជិតផុតពូជ វានឹងអាចហាមឃាត់ការនាំចូល ការលក់ពង្រូលនិងការលក់ចំណែកនៃខ្លួនប្រាណ(គ្រឿងគ្រូវ)របស់វា។ លោកស្រី Morrison និយាយថា វាក៏នឹងបង្កើនការយល់ផងដែរដឹងអំពីថនិកសត្វដែលមានអណ្តាតវែង និងស្អិតនេះ។
លោកស្រីនិយាយថា ការបាត់បង់សត្វពង្រូលអាចនាំឲ្យខូចប្រព័ន្ធអេកូឡូស៊ី។
«សត្វពង្រូលរក្សាតុល្យភាពសត្វល្អិត។ វាស៊ីស្រមោច និង សត្វកណ្ដៀរ។ ដូច្នេះប្រសិនបើយើងបាត់បង់សត្វពង្រូលនោះនឹងមានផលប៉ះពាល់ខ្លាំងលើប្រព័ន្ធអេកូឡូស៊ី។អង្គការ Born Free USA បានចូលរួមជាមួយអង្គការនានា ដូចជាមជ្ឈមណ្ឌលជីវសាស្រ្តចម្រុះ សង្គមមនុស្សធម៌អន្តរជាតិ សង្គមមនុស្សធម៌នៃស.រ.អា. និងមូលនិធិអន្តរជាតិដើម្បីសុខុមាលភាពសត្វក្នុងការដាក់ញត្តិទៅរដ្ឋាភិបាលស.រ.អា.នេះ៕
ប្រែសម្រួលដោយអ្នកស្រីនុច សារីតា