ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នៅ​ហុងកុង​ធ្វើ​ឲ្យ​អង្គការ​អន្តរជាតិ​នានា​ពិចារណា​ប្ដូរ​ទីតាំង


អ្នក​គាំទ្រលើក​ក្រដាស​សរក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីនៅពេលដែលពួកគេ​គាំទ្រ​ការ​ចាប់ខ្លួន​បាតុករ​ប្រឆាំង​នៅ​ខាងក្រៅ​តុលាការ Eastern ក្នុង​ទីក្រុង​ហុងកុង។
អ្នក​គាំទ្រលើក​ក្រដាស​សរក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីនៅពេលដែលពួកគេ​គាំទ្រ​ការ​ចាប់ខ្លួន​បាតុករ​ប្រឆាំង​នៅ​ខាងក្រៅ​តុលាការ Eastern ក្នុង​ទីក្រុង​ហុងកុង។

ច្បាប់សន្តិសុខ​ជាតិ​ដ៏ចម្រូងចម្រាស​ដែល​ចិន​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ​សម្រាប់​ទីក្រុង​ហុងកុង​បាន​បង្កឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ដ៏​រឹងមាំ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដែល​ប្រើ​ដែនដី​នោះ​ជា​មជ្ឈមណ្ឌល​ប្រចាំ​តំបន់។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​អង្គការ​មួយ​ចំនួន​ផ្លាស់ប្តូរ​ទីតាំង​បុគ្គលិក និង​អង្គការ​មួយ​ចំនួន​ទៀត​បារម្ភ​ពី​ជោគ​វាសនា​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ។

បន្ទាប់ពី​ទីក្រុង​ហុងកុង​ត្រូវ​បាន​ចក្រភព​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​គ្រប់គ្រង​វិញ​កាល​ពី​ឆ្នាំ ១៩៩៧ មក គោលការណ៍ «ប្រទេស​មួយ ប្រព័ន្ធ​ពីរ» បាន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​សេរី រួម​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាច្រើន បន្ត​ប្រតិបត្តិ​របស់​ខ្លួន​បាន។ ប៉ុន្តែ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃទី ១ ខែ​កក្កដា កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​នានា​មាន​ការ​ព្រួយ​បារម្ភ។

ក្រុម​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ជា​ច្រើន​បាន​បញ្ជាក់​ថា ពួកគេ​បារម្ភ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​ដោយសារ​ច្បាប់​នេះ ដែល​ច្បាប់​នេះ​មាន​បំណង «បង្ការ បង្ក្រាប និង​ដាក់​ទណ្ឌកម្ម» លើ​ការ​ផ្ដាច់​ខ្លួន ការ​ធ្វើ​វិទ្ធង្សនា អំពើ​ភេរវកម្ម និង «ការ​ឃុបឃិត​ជាមួយ​បរទេស ឬ​ជាមួយ​ក្រុម​ខាង​ក្រៅ​ណា​ដែល​មាន​បំណង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សន្តិសុខជាតិ»។

អាជ្ញាធរ​បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​ច្បាប់​ដែល​មាន​វិសាលភាព​ធំ​ទូលាយដើម្បី​លុបបំបាត់​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ទីក្រុង​ហុងកុង​អស់​រយៈពេល​ពេល​មួយ​ឆ្នាំ​កន្លង​មក ដែល​ជារឿយៗ​បាតុកម្ម​ទាំង​នេះ​បាន​ក្លាយជា​អំពើ​ហិង្សា។

កាលពី​ថ្ងៃ​ទី ២០ ខែ​កក្កដា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក លោកCui Tiankai បាន​ទទូច​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហុងកុង «មាន​ស្ថិរភាព និង​សុវត្ថិភាព​ជាង​មុន»។ មន្ត្រី​ចិន​នានា​បាន​និយាយ​ថា ច្បាប់​នេះ​មាន​គោល​បំណង​ធ្វើ​ជា «ការ​រារាំង» និង​ជា​ការ​បំភ័យ​ដល់​ជន​បង្ក​បញ្ហា។

ច្បាប់​នេះ​ហាក់ដូចជា​សម្រេច​បាន​នូវ​គោល​បំណង​របស់​ខ្លួន​ក្នុង​ការបំភិត​បំភ័យ។

យ៉ាង​ហោច​ណាស់​មាន​អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិ​មួយ​បាន​ផ្លាស់​បុគ្គលិក​ខ្លួន​ទាំង​អស់​ចេញ​ពី​ទីក្រុង​ហុងកុង រី​ឯ​អង្គការ​ផ្សេង​ទៀត​គ្រោង​នឹង​ប្តូរ​ប្រតិបត្តិការ​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ក្រៅប្រទេស។

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​លា​ឈប់​ពី​ការងារ ចំណែក​ឯ​អ្នក​ឯទៀត​បាន​ផ្លាស់​ទៅ​ក្រៅ​ប្រទេស ឬ​ស្វែងរក​ការ​ផ្លាស់ទីកន្លែង។ សម្រាប់​ពេល​ឥឡូវ​នេះ អ្នក​ដែល​សម្រេចចិត្ត​ថា​បន្ត​នៅ​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ពួកគេ​ត្រូវតែ​ប្រុងប្រយ័ត្ន​ពេល​ធ្វើ​ការងារ​របស់​ពួកគេ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ជាមួយ​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ ដែល​ចែង​ទូលំទូលាយ​ពេក និង​មិន​ច្បាស់លាស់​អំពី​ឧក្រិដ្ឋកម្ម​សន្តិសុខ។ អ្នក​ដែល​និយាយ​ជាមួយ​នឹង VOA ទាំង​អស់ បដិសេធ​មិន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ពួកគេ ដោយ​ខ្លាច​អាជ្ញាធរ​ដាក់ទោស។

អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ជើងចាស់​ម្នាក់ បាន​និយាយថា៖ «វា​គឺជា​ពេលវេលា​ដ៏លំបាក​បំផុត​មួយ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន។ យើង​មិន​ដឹង​ថា​តើ​ច្បាប់​នេះ​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ណា ឬ​កម្រិត​ណា​នោះ​ទេ។ មនុស្ស​គ្រប់គ្នា​គឺ​ពិតជា​មាន​ការ​ភ័យ​ខ្លាច»។

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​និយាយ​ថា ប្រការ​នៅ​ក្នុង​ច្បាប់​នេះ ជាពិសេស​ប្រការ​ដែល​ចាត់ទុក​ថា​ជា​បទ​ឧក្រិដ្ឋ​ចំពោះ «ការ​ឃុបឃិត» ជាមួយ ឬ​ការ​ទទួល​បាន​ការ​ណែនាំ ឬ​ទទួល​បាន​មូលនិធិ ឬ​ក៏​ការ​គាំទ្រ​ពី​បរទេស ឬ​ពី​អង្គការ​ក្រៅ​ប្រទេស គឺ​ធ្វើឲ្យ​ពួកគេ​ងាយនឹង​រងគ្រោះ។

ក្រុម​ដែល​បាន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ឬ​បាន​រិះគន់​ឥរិយាបថ​ផ្តាច់ការ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ក៏​អាច​ជួប​ហានិភ័យ​ក្នុង​ការ​មាន​ទោស​ពី​បទ «ផ្លាស់ប្ដូរ​ដោយ​ប្រើ​មធ្យោបាយ​ខុសច្បាប់​លើ​ភាព​ស្របច្បាប់» នៃ​របប​ដឹកនាំ​របស់​ចិន ឬ​បទ «ញុះ​ញង់​ឲ្យ​មាន​ការ​ស្អប់​គុំកួន» ចំពោះ​រដ្ឋាភិបាល​ចិន ឬ​រដ្ឋាភិបាល​ហុងកុង ដូច​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​នោះ។

បុគ្គលិក​អង្គការ NGO អន្តរជាតិ​ម្នាក់ បាន​និយាយ​ថា ទីក្រុង​ហុងកុង​ធ្លាប់ជា​កន្លែង​មួយ ដែល​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​ធ្វើ​ការ​លើ​គម្រោង​នៅ​ប្រទេស​ចិន ហើយ​ស្រប​ពេល​នោះ​ដែរ​នៅ​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​បាន ប៉ុន្តែ​គុណសម្បត្តិ​ទាំង​នេះ​មិន​អាច​មាន​ទៀត​ទេ​នៅ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ។

បុគ្គលិក​អង្គការ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា៖ «សេរីភាព​បែប​នេះ​លែង​មាន​ទៀត​ហើយ។ អរិភាព​របស់​អាជ្ញាធរ​គឺ​អាច​ឃើញ​យ៉ាង​ច្បាស់​នឹង​ភ្នែក ហើយ​ពួកគេ​អាច​ចាប់​ខ្លួន​មនុស្ស​បាន​គ្រប់​ពេល​វេលា​ទាំង​អស់ នៅ​ក្រោម​ច្បាប់​ដែល​ចែង​មិន​ច្បាស់លាស់​នេះ។ នៅពេល​ដែល​យើង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង និង​ការ​ដាក់​កំហិត​បែប​នេះ វា​ពិតជា​ពិបាក​នៅ​ក្នុង​ការ​ធ្វើការ​ណាស់»។

អ្នកស្រី​បាន​បន្ថែម​ថា ជោគវាសនា​ដូច​ជនជាតិ​កាណាដា​ពីរ​នាក់ គឺ​លោក Michael Kovrig និង​លោក Michael Spavor ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៨ ហើយ​ឥឡូវ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​នោះ គឺ​អាច​កើត​ឡើង​ដោយ​ងាយស្រួល​បំផុត​លើ​ជន​បរទេស ឬ​អ្នក​ដែល​កំពុង​ធ្វើការ​ឲ្យ​អង្គការ NGO អន្តរជាតិ​នានា​នៅ​ក្នុង​ទីក្រុង​ហុងកុង​នៅ​ពេល​បច្ចុប្បន្ន​នេះ។

សមាជិក​ក្រុមប្រឹក្សា​ភិបាល​ម្នាក់​របស់​អង្គការ​សិទ្ធិ​មនុស្ស​តូច​មួយ​បាន​និយាយ​ថា បុគ្គលិក​របស់​ខ្លួន​ភាគ​ច្រើន​បាន​លា​ឈប់​ពី​ការងារ ហើយ​អង្គការ​នេះ​ត្រូវតែ​រៀបចំ​រចនាសម្ព័ន្ធ​ការងារ​របស់​ខ្លួន​ឡើងវិញ​ទាំងស្រុង និង​ប្តូរ​គម្រោង​មួយ​ចំនួន​ចេញ​ពី​ទីក្រុង​ហុងកុង។

សមាជិក​ក្រុមប្រឹក្សា​ភិបាល​រូប​នេះ​និយាយ​ដូច្នេះ​ថា៖ «បុគ្គលិក​របស់​យើង​បារម្ភ យើង​អាច​យល់​បាន»។ លោក​បាន​បន្ថែម​ថា អង្គការ​របស់​លោក​នឹង​ត្រូវ​លះបង់​មូលនិធិ​មួយ​ចំនួន​ពី​បរទេស​ដោយសារតែ​ការ​រឹត​បន្តឹង​របស់​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​លើ «ការ​ឃុបឃិត» ជាមួយ​បរទេស។

សមាជិក​រូប​នេះ​បាន​បញ្ជាក់​បន្ត​ថា៖ «ច្បាប់​ដ៏​ទូលំទូលាយ​នេះ​មាន​ភាព​មិន​ច្បាស់លាស់​ជាច្រើន ហើយ​យើង​អាច​នឹង​ត្រូវ​បាន​គេ​ចោទប្រកាន់​ដោយ​ងាយ​ពី​ការ​ឃុបឃិត​ជាមួយ​មហា​អំណាច​បរទេស សម្រាប់​កិច្ចការ​តស៊ូ​មតិ​អន្តរជាតិ​របស់​យើង»។

អង្គការ​ផ្សេង​ទៀត​ដែល​មាន​គម្រោង​នៅ​ចិន​ដីគោក បាន​ជួប​ប្រទះ​នឹង​ការ​រឹតបន្តឹង​ធ្ងន់ធ្ងរ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន​រួច​មក​ហើយ រហូត​ទៅ​ដល់​កម្រិត​មួយ​ដែល​ពួកគេ​មិន​អាច​បន្ត​ប្រតិបត្តិ​នៅ​ទីនោះ​បាន​ត​ទៅ​ទៀត។

ប្រធាន​អង្គការ​តូច​មួយ​នៅ​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ក្រុម​របស់​អ្នកស្រី​បាន​បញ្ឈប់​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មក​ហើយ បន្ទាប់ពី​មាន​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​មួយ​កាលពី​ឆ្នាំ ២០១៥ និង​ការ​អនុវត្ត​ច្បាប់​អង្គការ NGO បរទេស​កាល​ពី​ឆ្នាំ ២០១៧ មក។ ឥឡូវ​អ្នកស្រី​មាន​អារម្មណ៏​ថា វិធានការ​តឹងរ៉ឹង​ទាំង​នេះ និង​ការ​ត្រួតត្រា​គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​លើ​សង្គម​បាន​រីក​មក​ដល់​ទីក្រុង​ហុងកុង។

អ្នកស្រី​និយាយ​ថា៖ «ច្បាប់​សន្តិសុខ​ជាតិ​គឺ​គ្រាន់តែ​ជា​ជំហាន​ទី​មួយ​ប៉ុណ្ណោះ»។ អ្នកស្រី​បាន​សង្កត់​ធ្ងន់​ថា ការ​បង្រ្កាប​គ្រប់​ជ្រុងជ្រោយ​របស់​ចិនលើ​សង្គម​ស៊ីវិល​នៅ​ទីបំផុត​នឹង​ធ្វើ​ឲ្យ​មាន​ការ​បញ្ឈប់​ប្រតិបត្តិការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​ទីក្រុង​ហុងកុង។

អ្នកស្រី​បាន​និយាយ​ថា អង្គការ​របស់​អ្នកស្រី​នឹង​ព្យាយាម​បន្ត​ធ្វើការ​ក្នុង​ទីក្រុង​ហុងកុង​ឲ្យ​បាន​យូរ​តាម​តែ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ធ្វើការ​ក្រោម​ការ​កម្រិត​ដ៏​តឹងតែង​បំផុត​ដើម្បី​ចៀសវាង​ការ​រំលោភ​ច្បាប់។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ពួកគេ​អនុម័ត​ច្បាប់​នេះ​ដើម្បី​បំភិតបំភ័យ​អង្គការ​នានា ហើយ​សង្ឃឹម​ថា​អង្គការ​ទាំង​នោះ​នឹង​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​មិន​ចាំបាច់​មាន​វិធានការ​ពី​អាជ្ញាធរ។ នៅពេល​ដែល​សង្គម​ស៊ីវិល​រួម​តូច​គ្រប់គ្រាន់ វា​នឹង​មាន​ការ​ចំណាយ​តិច​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អង្គការ​ទាំង​នោះ»។

អ្នកស្រី​បន្ថែម​ដូច្នេះ​ថា៖ «គោល​បំណង​របស់​ពួកគេ​គឺ​ដើម្បី​គ្រប់គ្រង​អង្គការ​ទាំងនោះ»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG