ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលហេតុ​ដែលធ្វើ​ឲ្យ​​ប្រទេសនៅ​អាស៊ី​អាច​ទប់​ទល់​ជំងឺ​កូវីដ១៩បាន​ ខណៈសហរដ្ឋអាមេរិក​កំពុង​តែ​តស៊ូនឹ​ង​ជំងឺ​នេះ​​


រូបឯកសារ៖ ពលរដ្ឋអង្គុយឃ្លាតពីគ្នាអំឡុងពេលរង់ចាំរថភ្លើងនៅស្ថានីយរថភ្លើងមួយក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ ជា​ពិសេស​ប្រទេស​សមាជិក​អាស៊ាន​ ទទួល​បាន​ជោគ​ជ័យក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ហើយ​រលកថ្មី​នៃ​ជំងឺនេះ​ពុំ​មាន​សន្ទុះកើន​ខ្ពស់​ដូច​អ្វី​ដែល​គេ​បាន​ឃើញ​កំពុង​តែ​កើត​មាន​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ដូច​ប្រទេសជា​ច្រើន​ផ្សេងៗ​ទៀត​នៅ​លើ​ពិភព​លោក​ផង​ដែរ​ ការ​ឆ្លង​វីរុសកូរ៉ូណា​ក្នុង​ប្រទេសម៉ាឡេ​ស៊ី​មាន​សន្ទុះកើនឡើង​ខ្ពស់​កាល​ពី​ដើម​ខែ​មីនា​ ហើយ​ក្រោយ​ៗ​មក​ទៀត​ មាន​អ្នក​ឆ្លង​ដល់​ចំនួន​៨៨០០នាក់។ មកដល់​ដើម​ខែ​មិថុនា​ ការឆ្លងវីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ មាន​ចំនួន​ចន្លោះ​តែ​ពី​១០​ទៅ​២០​នាក់​ប៉ុណ្ណោះ​ ហើយ​ពុំមានការកើន​ឡើង​ខ្ពស់​ជា​ថ្មី​នោះ​ទេ។

ចំណែក​ក្នុង​សហរដ្ឋ​អាមេរិក​វិញ ការ​ឆ្លង​វីរុស​កូរ៉ូណា​ចាប់​ផ្តើម​កើត​មានឡើង​ខ្លាំង​ ក្នុង​ដើម​ខែ​មីនា​ ប៉ុន្តែករណី​ឆ្លងថ្មីៗ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ​ក្នុង​ខែ​មិថុនា​ ផ្ទុយ​ទៅ​វិញ​ បាន​កើន​ឡើង​ខ្លាំង​ជា​ថ្មី ដល់​ចំណុ​ច​មួ​យ​ដ៏​អាក្រក់​ដែល​ប្រទេស​អាមេរិក​មិន​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក​។​

អ្នកវិភាគ​បាន​លើក​ឡើង​ថា​ ការ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ប្រទេសម៉ាឡេស៊ី​ ជា​រឿង​រ៉ាវ​ជោគ​ជ័យ​ថ្មីៗបំផុត​មួយក្នុងចំណោមប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ប្រទេស​ជិត​ខាង​របស់​ម៉ាឡេស៊ី​ជា​ច្រើន​ បាន​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយ​សារ​កត្តា​មួយ​ចំនួន​ ដែល​មិនត្រូវ​បាន​គេ​អនុវត្ត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​ ជន​ជាតិ​អាស៊ី​ ប្រកាន់​យក​ជំហរ​រឹងមាំ​ ក្នុង​ការ​ការពារ​គ្នា​ទៅវិញ​ទៅមក​ពី​ការ​ឆ្លង​នៃ​ជំងឺ​នេះ ហើយ​មាន​ជំនឿទុកចិត្តលើ​មន្ត្រី​រដ្ឋាភិបាល​ ដែល​បាន​ប្រឹង​ប្រែង​ប្រឈម​ជា​ខ្លាំង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ផ្លូវ​ដង្ហើមដែល​មានប្រភពពី​ប្រទេស​ចិន​នេះ។

​លោក Alan Chong​ សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ S. Rajaratnam សម្រាប់​មុខ​វិជ្ជា​សិក្សា​អន្តរជាតិបាន​លើក​ឡើង​ថា​៖ «ខ្ញុំ​គិតថា ​វា​ជា​វប្បធម៌»។ ​

លោក Chong​ បន្ថែម​ទៀត​ថា​ ៖ «ពលរដ្ឋ​នៅ​ទីនេះ​មាន​ទស្សនៈរួម​គ្នា​ ដែល​មាន​ន័យ​ថា បើ​ទោះ​បីគេ​មិន​ចូល​ចិត្តរដ្ឋាភិបាលក្តី ពល​រដ្ឋ​នៅតែ​ស្តាប់​នូវ​ការ​ណែ​នាំ​ផ្សេង​ៗ​ជា​ពិសេស​បើ​ការ​ណែ​នាំ​នោះ​សមហេតុ​ផល​។ ពលរដ្ឋ​គោរពតាម​ការ​ណែនាំឲ្យ​ពួក​គេ​ស្ថិត​ក្នុង​ផ្ទះ​កុំ​ចេញ​ទៅ​ណា​ ព្រោះ​រដ្ឋាភិបាល​បាន​ពន្យល់​ពួកគេយ៉ាង​ច្បាស់​លាស់​អំពី​ផល​ប្រយោជន៍​សម្រាប់​សង្គម​ទាំង​មូល»។​

ភាគី​ទាំង​ពីរ​ដែលបែង​ចែក​ដោយមហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ​តាម​ធម្មតាអាច​មាន​ទស្សនៈ​ខុស​គ្នា​ ប៉ុន្តែ​កាល​ពី​ខែ​មេសា​កន្លង​ទៅ ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Michael Pompeo បាន​ហៅ​ប្រទេស​ទំាង​១០​របស់​អាស៊ាន​ថា​ «​ជា​ដៃ​គូយុទ្ធសាស្រ្ត​» ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ ហើយ​បាន​អំពាវនាវ​ឲ្យ​មានកិច្ចសហ​ប្រតិបតិ្តការ​។​

កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ អនុប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភាអាមេរិក​ បាន​ថ្លែង​អំណរ​គុណដល់​ប្លុក​អាស៊ាន​ដែល​បាន​ចែក​រំលែក​នូវ​ «មេរៀន​និង​បទ​ពិសោធន៍​» ក្នុ​ងការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​នេះ​ ហើយ​សារព័ត៌មាន​ក្នុង​ប្រទេស​អាស៊ី​បាន​ផ្សព្វផ្សា​យ​ផង​ដែរថា​ ប្រធា​នា​ធិបតី​អាមេរិកលោក​ Donald Trump កាល​ពី​ខែ​ឧសភា ក៏បាន​អរគុណនាយក​រដ្ឋមន្ត្រី​វៀតណាម​ ដែល​បាន​ផ្តល់​សម្ភារៈបរិក្ខា​រពេទ្យ​ ម៉ាស់​ការពារដល់​សហរដ្ឋ​អាមេរិកផង​ដែរ​។

ពលរដ្ឋ​អាមេរិក​កាំងបាន​ប្រឆាំង​នឹង​បទ​បញ្ជា​ឲ្យ​ស្ថិត​ក្នុង​ផ្ទះ​និង​ជំរុញ​ឲ្យ​ដក​ចោល​នូវ​បទ​បញ្ជា​ទាំង​នោះ​ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ឡើង​វិញ​ជា​ថ្មីចាប់​តាំង​ពី​ខែ​មិថុនា​កន្លង​មក។​

ពលរដ្ឋអាមេរិកាំងមួយ​ចំនួន​ នៅ​តែ​មិន​ព្រម​ពាក់​ម៉ាស់​ការពារ​។ ចំណែក​លោក​ Trump វិញទើប​តែ​បាននិយាយនៅ​សប្តាហ៍នេះថា​ ការ​ពាក់​ម៉ាស​ការ​ពារ​ជា ​«ការ​ស្នេហា​ជាតិ» បន្ទាប់​ពីមិន​ព្រម​ពាក់​ម៉ាស​អស់​ពេ​ល​រាប់ខែ​កន្លង​មក។

ការប្រកាន់​យកទ្រឹស្តី​ខុងជឺ​ជា​កម្លាំង​ចលករនៃវប្បធម៌​មួយ​ក្នុង​អាស៊ីបូព៌ា​ ដែល​ចាត់​ទុកថា​ ភារកិច្ច​សង្គម​មាន​សារៈសំខាន់​ជាង​សេចក្តី​ត្រូវ​ការ​របស់បុគ្គលនោះ ត្រូវ​បាន​គេ​លើកយក​មក​ពន្យល់​ ពី​ការ​ឆ្លើយ​តប​របស់​ប្រទេស​អាស៊ី​ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ និង​ការខ្វះនូវ​ការ​ឯកភាព​គ្នា​ទាក់​ទង​នឹង​រឿង​នេះ​ នៅ​ក្នុង​សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម​ការ​បង្ហោះ​ក្នុងប្លុក​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា ​ដោយ​មជ្ឈមណ្ឌល​វេទិកានយោបាយ​ Wilson​។​

ក្នុង​ទី​ក្រុង​ហុងកុង​ អ្នក​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល ដែល​មាន​ភាព​សកម្ម​ក្នុង​ឆ្នាំ​កន្លង​ទៅ​ បាន​ផ្អាក​សកម្ម​ភាព​របស់​ពួក​គេ​ នៅ​ពេល​ករណី​នៃ​ការ​ឆ្លង​វីរុស​បាន​កើន​ឡើងកាល​ពី​ខែ​មុន។

ពលរដ្ឋ​តៃវ៉ាន់​ បាន​ពាក់​ម៉ាស់ដោយ​ជាប់​លាប់​ក្នុង​ទី​សធារណៈ បើទោះ​បី​ជា​ជំងឺ​កូវីដ​១៩ មិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ឆ្លង​ក្នុងសហគម​យ៉ាង​ណា​ក្តី។​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាលតៃ​វ៉ាន់​លោក ​Chen Shih-chung ត្រូវ​បា​ន​ពលរដ្ឋ​តៃវ៉ាន់គោរពយ៉ា​ង​ខ្លាំង​ ដោយ​សារ​តែ​ចំណាត់​ការ​របស់​លោក ក្នុង​ការ​ទប់​ស្កាត់វីរុស​កូរ៉ូណា​ក្នុង​ឆ្នាំ​នេះ​ ដោយ​ពលរដ្ឋតៃ​វ៉ាន់ បាន​គូររូប​ថ្លុក ​និង​រូប​គំនូររបស់​គាត់​ទៀត​ផង។​

វប្បធម៌​ជន​ជាតិ​ម៉ាឡេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​ ​លើកកម្ពស់ការ​រួម​គ្នា​ប្រឆាំង​ការ​គំរាម​កំហែង​ជា​ទូទៅ នេះ​បើ​តាម​ការ​លើកឡើងរបស់​លោក​ Chong ។

ត្រឹម​រយៈពេល​មួយ​សប្តាហ៍​នៃ​ការ​ប្រកាសបិទ​ប្រទេស​របស់​ខ្លួន​ ពលរដ្ឋ​ម៉ាឡេស៊ី​ប្រមាណ​៩៥​ភាគរយបាន​អនុវត្តតាមបទ​បញ្ជានោះ​ នេះ​បើ​យោង​តាម​លោក ​Ibrahim Suffian ​នាយក​កម្មវិធីនៃ​ក្រុម​ស្ទង់​មតិ​នៃ​មជ្ឈមណ្ឌល ​Merdeka​ ក្នុង​ទី​ក្រុង​កូឡា​ឡំពួ។​

លោក​បាន​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​ពលរដ្ឋ​ម៉ាឡេស៊ី​ជាច្រើន​ ​មិន​អាច​យល់​ពីអ្វីដែល​ពលរដ្ឋ​អាមេរិក​កាំង​ជា​ច្រើន​បាន​គិត​នោះ​ទេ​ ព្រោះ​ខ្ញុំគិត​ថា​ ករណីរ​របស់​ប្រទេស​ម៉ាឡេស៊ី​ ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​មន្ត្រី​ជំនាញ​និង​រដ្ឋ​ភិបាល​ នៅ​តែ​មាន​កម្រិតខ្ពស់​នៅ​ឡើយ​ ចំណែក​នៅ​អាមេរិក​វិញ ការ​ជឿ​ទុកចិត្ត​លើក​រដ្ឋា​ភិបាល ​ប្រហែល​នៅ​មាន​បញ្ហា​នៅ​ឡើយ។

លោក​បន្ថែម​ទៀត​ថា​៖​ «ពលរដ្ឋ​ភាគច្រើន​ មិន​សួរ​ដេញ​ដោល​រដ្ឋាភិបាល​នោះ​ទេ​ ហើយការពិត គេ​គិតថា​ រដ្ឋាភិបាលបើក​ប្រទេស​ឡើង​វិញ​ឆាប់​រហ័ស​ពេក​ទៀត​ផង»។​

ដោយ​ឡែក​លោក ​Frederick Burke នៃ​ក្រុមហ៊ុន​ច្បាប់​ Baker McKenzie ដែល​មានក្រុម​ហ៊ុន​ដៃ​គូរក្នុង​ក្រុង​ហូជីមិញ​លើក​ឡើង​ថា៖ «វា​មិន​មែន​គ្រាន់​តែជា​បទ​បញ្ជា​របស់​អគ្គមេបញ្ជា​ការ​ដែលថា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ពាក់​ម៉ាស់​នោះ​ទេ»។

លោក​បន្តថា​ ក្នុងប្រទេស​វៀតណាម​ «វា​ជា​ផ្នត់​គំនិត​មួយ។​ ពលរដ្ឋ​ត្រូវ​តែ​ការ​ពារ​គ្នា​ទៅវិញ​ទៅ​មក។​ វាមិន​មែន​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន​ឯង​នោះ​ទេ ហើយការ​ពាក់​ម៉ាស់​ គឺ​ដើម្បី​ការពារ​អ្នក​ដទៃ​ផង​ដែរ​ ក្នុង​ករណី​ដែល​អ្នក​មានមេរោគ​នេះក្នុង​ខ្លួន​»។

ប្រទេស​វៀត​ណាម​ត្រូវ​គេ​រាយការណ៍​មក​ថា​ មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៤០១​ករណី​ ហើយមិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ។

លោក​ Derek Grossman អ្នក​វិភាគ​ជាន់​ខ្ពស់នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ Rand Corp​ បាន​ឲ្យ​ដឹង​ថា៖ «ប្រហែល​ជា​ពួកគេ កំពុង​លាក់បាំង ប៉ុន្តែ​ជា​ទូទៅ​តួលេខ​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​ថា​ត្រឹម​ត្រូវ​»។ ពលរដ្ឋ​អាមេរិកសង្ស័យ​ថា​ ប្រទេស​វៀត​ណាម​ ដែល​ជា​រដ្ឋ​កុម្មុយ​នីស្ត​មួយ​នោះ​ គាប​សង្ក​ត់​សេរីភាព​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ​និង​លាក់បំបាំង​ទិន្នន័យ​នៃការ​ឆ្លង​ជំងឺនេះ។​

ដូច​ជា​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ ​ពី​ដើម​ឆ្នាំ​២០២០ មន្ត្រី​វៀតណាមសម្រេច​កាត់​បន្ថយ​ចំនួន​ទេសចរ​និង​តាម​ដានអ្នក​ដែលបាន​ទាក់​ទង​ជាមួយ​អ្នក​ជំងឺ។ ប្រ​ទេស​ចិន​ ដែល​ជា​ទី​កន្លែង​ដែល​គេ​រក​ឃើញវីរុស​កូរ៉ូណាដំបូង​នោះ​ បាន​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​ជា​ពិសេស​ ក្នុង​ចំណោមប្រទេស​ដែល​មាន​ព្រំ​ដែន​ជាប់​គ្នា។​

លោក Suffian និយាយ​ថា​ អាជ្ញា​ធរ​ប្រទេស​ម៉ាឡេស៊ីបាន​សិក្សា​ពី​បទ​ពិសោធន៍នៃ​ការ​ទប់​ស្កាត់ការ​ផ្ទុះ​ឡើង​ជំងឺ ​SARS​ ក្នុង​ឆ្នាំ​២០០៣ និង​ក្រោយ​មក​ទៀត​គឺជំងឺ​ផ្តាសាយ​បក្សី H1N1។ ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​ទាំង​ពីរ​នេះ​មុន​ដំបូង​គេ​ផង​ដែរ​។ ​កោះតៃវ៉ាន់​ សិង្ហបុរី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក៏ធ្លាប់​ទទួល​បាន​មេរៀន​នៃ​ការ​ទប់​ស្កាត់​ជំងឺ​ទាំង​ពីរ​ប្រភេទ​នេះ​ដែរ។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ករណីជំងឺកូវីដ១៩ នៅ​មុន​ពេល​ដែល​វា​ផ្ទុះ​រាល​ដាល​ឡើងនៅទូទាំង​ប្រទេស​ ប៉ុន្តែ​មិន​បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​វា​ភ្លាមៗនោះ​ទេ នេះ​បើ​តាម​ការ​បង្ហោះក្នុងប្លុករបស់​មជ្ឈមណ្ឌល Wilson ។ សារ​បង្ហោះ​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា មាន​ទីភ្នាក់​ងារ​សុខភាព​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​ ត្រូវ​បាន​គេ​ផ្តាច់​ថវិកា​ និងមួយ​ទៀត​ត្រូវ​បាន​គេ​រំសាយ​ចោល។ សារបង្ហោះ​នោះ​ ក៏​បាន​បន្ថែម​ទៀត​ថា​ ដោយ​ឡែក​ ក្នុង​ប្រទេស​អាស៊ី​វិញ​ អ្នក​ជំនាញ​បាន​ព្យាយាម​បញ្ចុះ​បញ្ជូល​រដ្ឋាភិបាល​របស់​គេ​ ឲ្យចាត់​វិធានការក្រោយ​ពី​ការ​កើត​ជំងឺ SARS ៕ ​

ប្រែសម្រួល​ដោយ​លោក ជ្រា​ វណ្ណារិទ្ធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG