ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សត្វ​ដំរីទឹក​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា​ជា​កត្តា​ទ្រទ្រង់​ជីវិត​ក្នុង​ទន្លេ


រូបថតឯកសារ៖ សត្វ​ដំរីទឹក​ពីរ​កំពុង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទន្លេ​ Rutchuru ក្នុង​ឧទ្យាន​ជាតិ Virunga នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ដែល​ជា​ឧទ្យាន​មាន​អាយុកាល​ចំណាស់​ជាង​គេ​ក្នុង​ទ្វីប​អាហ្វ្រិក​។
រូបថតឯកសារ៖ សត្វ​ដំរីទឹក​ពីរ​កំពុង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទន្លេ​ Rutchuru ក្នុង​ឧទ្យាន​ជាតិ Virunga នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ដែល​ជា​ឧទ្យាន​មាន​អាយុកាល​ចំណាស់​ជាង​គេ​ក្នុង​ទ្វីប​អាហ្វ្រិក​។

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ សត្វ​ដំរីទឹក​មានសារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ស្ថានភាពទន្លេ​ និង​បឹងបួ​នានា​នានៅ​ទ្វីបអាហ្វ្រិក ​ពីព្រោះ​ថា ​សត្វនេះផលិត​សមាសធាតុ​សំខាន់​មួយ​ក្នុង​បរិមាណ​ដ៏​ច្រើន​សម្រាប់​សរីរាង្គ​នៅ​ក្នុង​ទឹក។ ក៏ប៉ុន្តែ​ អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា​ ចំនួន​សត្វ​ដំរីទឹក​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​ការ​ធ្លាក់​ចុះ​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ប្រព័ន្ធ​អេកូឡូស៊ី។

សត្វ​ដំរីទឹក​ដែល​មាន​កម្លាំង​ដ៏​មហិមា​ គឺជា​ថនិកសត្វ​ដីគោក​ធំជាងគេ​បន្ទាប់ពី​សត្វដំរី​ និង​សត្វ រមាស។ ឈ្មោះ​របស់​វា​គឺ​បាន​មក​ពី​ភាសា​ក្រិក​បុរាណ​ដែល​មានន័យ​ថា​សេះ​ទន្លេ។ សត្វ​ដំរីទឹក​ចំណាយ​ពេល​រហូត​ដល់ទៅ​១៦ម៉ោង​ក្នុងមួយថ្ងៃ​នៅ​ក្នុង​ទឹក​ និង​ឡើង​មក​លើគោក​ដើម្បី​រក​ចំណី​នៅ​ពេល​យប់។ ពួកវា​ស៊ីស្មៅ​ត្រូពិច​ ហើយ​ក្នុង​មួយ​ពេល​ វាស៊ី​លើសពី​២០០​គីឡូក្រាម។ អ្វី​ដែល​វាស៊ី​ នឹង​ត្រូវ​បញ្ចេញ​មក​ក្រៅ​វិញ។ ​ធាតុផ្សំ​ដ៏​ស័ក្តិសិទ្ធិសម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទឹក​របស់​ទ្វីប​អាហ្វ្រិក​ គឺ​លាម​កសត្វ​នេះ​ឯង។

លោក​ Douglas McCauley ​ និង​ក្រុម​ការងារ​របស់​លោក​បាន​សម្រេច​ចិត្តសិក្សា​អំពី​សត្វ​នេះ។

«យើង​បាន​ចាប់​ផ្តើម​សង្កេត​សត្វដំរីទឹក​ ហើយ​រក​ឃើញ​ថា មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ដែល​យើង​សិក្សាគឺ​ផ្តោត​ទៅ​លើ​កាក​សំណល់​របស់​ពួកវា​ ព្រោះ​សារធាតុ​ចិញ្ចឹម និង​ថាមពលក្នុង​បរិមាណដ៏​ច្រើន​ ត្រូវ​បាន​បញ្ជូន​ឆ្លង​ពី​ប្រព័ន្ធ​មួយ​ទៅ​ប្រព័ន្ធ​មួយ​ទៀត​ដោយ​ការ​ស៊ី​ចំណី​ និង​ការ​បញ្ចេញ​ចោល​លាមក​របស់​ពួកវា»។

លោក McCauley​ គឺជា​ជំនួយការ​សាស្រ្តាចារ្យ​ផ្នែក​អេកូឡូស៊ី​ ការ​វិវត្តន៍​ និង​ជីវៈចម្រះ​ក្នុង​សមុទ្រ​ នៅ​ សាកលវិទ្យាល័យ California Santa Barbara (University of California Santa Barbara)។ លោក​បាន​ថ្លែង​ថា​ សត្វ​ដំរីទឹក​មាន​ទំនាក់ទំនង​ឆ្លង​កាត់​ប្រព័ន្ធ​អេកូឡូស៊ី​ជាច្រើន។

«ការ​ឆ្លង​កាត់​រវាង​តំបន់​ពីរ​ផ្សេងគ្នា​ គឺ​ពី​តំបន់​ដីគោក​ ទៅតំបន់​លិច​ទឹក បញ្ជាក់​ឲ្យ​ឃើញ​ថា​ មាន​វត្តមានភ្នាក់ងារ​ចំលង​សារធាតុ​ចិញ្ចឹម​ដ៏សំខាន់​ទៅ​ជា​មួយ។ នេះ​ក៏​ដោយសារ​តែ​ពួក​វា​ស៊ី​ចំណី​នៅ​លើគោក​យ៉ាង​ច្រើន​ ហើយ​នាំយក​ចំណី​ទាំង​នោះ​ទៅ​ជាមួយ​នៅ​ពេល​ពួក​វា​ទៅ​សម្រាកនៅ​ក្នុង​បឹងបួ​ និង​ទន្លេ​ជាដើម​ ដែលកន្លែង​ទាំង​នោះ​ ពួកវា​ត្រូវ​សម្រាក​រហូត​ដល់​ពេលដែលត្រូវ​បញ្ចេញ​ចោល​នូវ​កាក​សំណល់​ទាំងអស់។ នៅ​ពេល​យើង​គណនា​ចំនួន​សត្វ​ទាំង​នោះ​ យើង​ឃើញ​ថា​ មាន​វត្ថុធាតុ​ដើម​និង​ថាមពលក្នុង​បរិមាណ​ដ៏​ច្រើន​ ហើយ​នឹង​សារធាតុ​ចិញ្ចឹម​ក្នុង​ទម្រង់​ជា​ជី​ធម្មជាតិ ​ដែល​សារធាតុ​ទាំង​នេះត្រូវ​បាន​បញ្ជូន​ឆ្លង​កាត់​ព្រំដែននៃ​តំបន់ទាំងនោះ»។

ដូច្នេះ​ សត្វ​ដំរីទឹក​មួយ​ក្បាលៗសុទ្ធតែ​បាន​ចូលរួម​បញ្ចេញ​លាមក​លើស​ពី​៦ម៉ឺន​គីឡូក្រាម​ទៅក្នុង​បឹងបួ​ និង​ទន្លេ​នៅ​ទ្វីប​អាហ្វ្រិក​ជារៀងរាល់ឆ្នាំ។

«វាជា​សត្វ​ដ៏​ធំ​មួយ។ យើង​កំពុង​និយាយ​អំពី​សត្វ​មួយ​ប្រភេទ​ដែល​មាន​ទម្ងន់​ចាប់ពី​ជាង១៨០០គីឡូក្រាម ទៅ​ជាង​៣៦០០គីឡូក្រាម។ ដូច្នេះ វា​ត្រូវការ​របប​អាហារ​ក្នុងបរិមាណ​ដ៏​ច្រើន។ នៅ​ពេល​យើង​ក្រឡេក​ទៅ​មើលទ្វីប​អាហ្វ្រិក​ទាំងមូល​ ហើយ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ចំនួន​សត្វ​ដំរីទឹក​ដែល​មាន​នៅ​ក្នុង​តំបន់ខាងត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីបអាហ្វ្រិក (sub-Saharan Africa) យើង​ឃើញ​ថា​ សត្វ​ទាំង​នោះ​មាន​ទម្ងន់សរុបរាប់​លាន​គីឡូក្រាម​ឯណោះ»។

ចំនុច​សំខាន់​នៃលាមក​សត្វ​ដំរីទឹក​ គឺ​វា​មាន​វត្តមាននៅ​ក្នុង​ខ្សែ​ចង្វាក់​នៃ​ការ​ផលិត​អាហារ។

«មាន​សារធាតុ​ល្អៗ​ជា​ច្រើន​នៅ​ក្នុង​លាមក​សត្វ​នោះ។ វា​មាន​ធាតុ​នីត្រូហ្សែន កាបូន និង​ផូស្វ័រ​ផងដែរ។ ហើយ​វត្តមាន​សារធាតុ​ទាំង​នេះ​ប្រហែល​ជា​មាន​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ប្រព័ន្ធ​ទន្លេ។ ក្នុង​ករណី​ខ្លះ​ សារធាតុ​ទាំង​នេះ​ប្រៀប​បាន​ដូចជា​គ្រឹះនៃជីវិត។ ដូច្នេះ​ វា​ពិត​ជា​បាន​ចាក់​បញ្ចូល​អាហារ​បែប​នេះ​ទៅ​ក្នុងទន្លេ​ទាំង​នេះ​ច្រើនជាងមុន។ ម្យ៉ាងទៀត​ សត្វ​ជាច្រើន​ទៀត​ដែល​រស់​នៅ​ក្នុង​ទឹក​ទន្លេ​ទាំង​នោះ​ ហាក់​បី​ដូចជា​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​យក​សារធាតុ​នោះ។ សត្វ​ខ្លះ​បាន​ស៊ី​លាមកផ្ទាល់​ ហើយសត្វ​ខ្លះ​ទៀត​ ​ដូច​ជា​ត្រី​ជា​ដើម​ ស៊ី​សត្វ​ល្អិត​ដែល​បាន​ចាប់​កំណើត​ឡើង​ដោយ​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​ពីលាមក​ទាំង​នោះ»។

លោក​ McCauley​ បាន​ពណ៌នា​ថា​ ដំរីទឹកជា​កត្តា​ទ្រទ្រង់​ជីវិត​ក្នុង​ទន្លេ​ និង​បឹងបួ​នៃ​ទ្វីប​អាហ្វ្រិក។ ក៏ប៉ុន្តែ​លោកបាន​និយាយ​ថា​ ប្រសិន​បើ​លំហូរទឹក​នោះ​រាក់​ពេក​ លាមក​នឹង​អាច​គរ​ផ្តុំគ្នា​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ ហើយ​វា​ក្លាយ​ជា​ធាតុ​ដែល​ធ្វើ​ឲ្យ​ទន្លេទាំង​នោះកង្វក់​ទៅវិញ។ ផ្ទុយ​ទៅវិញ​ ប្រសិន​បើ​ទន្លេ​ទាំង​នោះ​មាន​ទឹក​ច្រើន​ពេក​ វានឹង​អាច​ពង្រាវ​គុណភាព​របស់​លាមក​នោះ​ផង​ដែរ។

ក៏​ប៉ុន្តែ​ ពេល​ដែល​អ្នកស្រាវជ្រាវ​ចាប់​ផ្តើម​ស្វែង​យល់​បន្ថែម​ពី​សារៈសំខាន់​របស់​សត្វ​ដំរីទឹក​ សត្វ​ទាំង​នោះ​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ។

«ចំនួន​សត្វ​ដំរីទឹក​កំពុង​តែ​ធ្លាក់​ចុះ​នៅ​ទូទាំង​តំបន់​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក (sub-Saharan Africa)។ ក្នុង​អំឡុង​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ យើងឃើញ​មាន​ចំនួន​ដំរីទឹកថយចុះពី១០​ទៅ​២០​ភាគរយ។ ក្រៅ​ពី​ការ​ធ្លាក់​ចុះ​ចំនួនសត្វ​នេះ ទី​ជម្រក​របស់​ពួកវា​ក៏កាន់តែ​តិច​ទៅៗ​ដែរ​ រហូត​ដល់​ថ្នាក់​ប្រទេស​ខ្លះ​បាន​បាត់​បង់​ដំរីទឹក​ទាំងស្រុង​ទៅ​ហើយ។ ឧទាហរណ៍​ ដូចជា​ប្រទេស​អេហ្ស៊ីប​ជាដើម។ ដំរីទឹក​ធ្លាប់​ជា​អាទិទេព​ដែល​គួរ​ឲ្យ​គោរព។ នៅអេហ្ស៊ីប​ វា​ត្រូវ​គេ​ជឿ​ថា​ជា​អាទិទេព​ដែល​ផ្តល់​កំណើត។ នៅ​ទីនោះ អ្នក​នឹង​ឃើញ​អាទិទេព​ដំរីទឹក​។ វា​ជាទេពធីតា​ ដែល​បង្កើត​វត្ថុ​ស័ក្តសិទ​ ដំបង​ទិព្វ​ និង​ដាវ»។

លោក​ McCauley ​បញ្ជាក់​ថា​ កត្តា​មនុស្សជា​កត្តា​ធំ​ជាង​គេ​ដែល​បណ្តាល​ឲ្យ​ចំនួន​សត្វ​ដំរីទឹកធ្លាក់ចុះ​ តាម​រយៈ​សកម្មភាព​បរបាញ់​ និង​ការ​បាត់បង់​ទីជម្រក​ ដោយសារ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន។

«ពួកវា​ត្រូវការ​ទឹក។ សាក​គិត​មើល​ទៅ យើង​គ្រប់​គ្នាក៏​ត្រូវការ​ទឹក​ដូចគ្នា​ដែរ។ វា​ពិតជា​អកុសល​បំផុត​ នៅ​ពេល​ដែល​ជោគវាសនា​របស់​សត្វ​ទាំង​នោះត្រូវ​ពឹង​ផ្អែក​លើទឹក​ ព្រោះ​ថា​ពេល​ពួក​វា​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​មនុស្ស​ដើម្បី​ទឹក​នោះ​ ជាញឹកញាប់ពួក​វា​នឹង​ចាញ់មនុស្ស។ មនុស្ស​ត្រូវ​ការ​ទឹក​ពី​ទន្លេ​ និង​បឹងបួ​ដើម្បី​សាងសង់​ទីក្រុង​ និង​ដើម្បី​បញ្ចុះ​សីតុណ្ហភាព​របស់​ទួរប៊ីន​ ឬ​សាងសង់​ទំនប់​ទឹក​កាត់​ទន្លេ»។

តាម​ការ​ប៉ាន់​ប្រមាណ​ សត្វដំរីទឹក​សម្លាប់​មនុស្ស​ប្រហែល​៣ពាន់​នាក់​ក្នុង​មួយឆ្នាំ។ ​សត្វនេះ​អាច​វាយ​ប្រហារ​មនុស្ស​ ឧទាហរណ៍​នៅពេល​ដែល​មនុស្ស​ទៅ​ជិត​ដំរីទឹក​ញី​ដែល​មាន​កូន។

លោក​ McCauley​ បាន​បន្ថែម​ថា​ គេ​ត្រូវ​គិត​ពិចារណា​ឲ្យ​បានហ្មត់ចត់​ក្នុង​ការ​គ្រប់គ្រង់​ធនធាន​ទឹក ដើម្បី​ជា​ប្រយោជន៍សម្រាប់​មនុស្ស​ និង​ជីវិត​សត្វទាំង​អស់។ លោក​បន្តថា​ ប្រសិនបើ​មាន​ការគ្រប់គ្រង​ដោយ​ភាព​ឆ្លាតវ័យ​ វានឹង​មាន​ចរន្តទឹកគ្រប់គ្រាន់​ ហើយ​ជោគវាសនា​របស់​មនុស្ស​ សត្វព្រៃ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ នឹង​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​រមួត៕

ប្រែសម្រួល​ដោយ​ វិញ សុជាតា

XS
SM
MD
LG