ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​សេដ្ឋកិច្ច៖ ដំណើរ​ប្រតិបត្តិការ​នៃ​ធនាគារ​វិនិយោគទុន​ហេដ្ឋារចនា​សម្ព័ន្ធ​តំបន់​អាស៊ី (AIIB)


លោក ហេង ឌីណា សេដ្ឋវិទូ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ)
លោក ហេង ឌីណា សេដ្ឋវិទូ​នៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ)

កំណត់​និពន្ធ៖ កាល​ពី​ចុង​ឆ្នាំ២០១៤ ចិន​បាន​សហការ​បង្កើត​ធនាគារ​វិនិយោគទុន​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​អាស៊ី (Asia Infrastructure Investment Bank)។ សេដ្ឋវិទូ ហេង ឌីណា ឲ្យ​ដឹង​ថា ​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រាក់​កម្ចី ឬ​ប្រាក់​ជំនួយ​ពី​ធនាគារ​នេះ​ទាមទារ​ឲ្យ​មាន​ភាព​ជា​ម្ចាស់​ការ​របស់​ប្រទេស​កម្ពុជា ពោល​គឺ​ភាព​ជា​ម្ចាស់​ការ​នៃ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ដែល​ពាក់ព័ន្ធ និង​សមត្ថភាព​ស្ថាប័ន​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​កម្ចី ឬ​ប្រាក់​ជំនួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក ហេង ឌីណា បាន​សន្ទនា​ជាមួយ VOA ទែន សុខស្រីនិត ជុំវិញ​ដំណើរការ​ធនាគារ AIIB នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ កាល​ពី​ចុង​ឆ្នាំ​២០១៤ ចិន និង​ប្រទេស​ចំនួន​២១ទៀត​បាន​ចុះ​កិច្ច​ព្រមព្រៀង​បាន​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​អាស៊ី​មួយ ហៅ​កាត់​ថា (AIIB) តើ​ធនាគារ​នេះ​មាន​គោល​បំណង​អ្វី?

លោក ឌីណា៖ ធនាគារ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​រៀបចំ​នៅ​ឡើយ ហើយ​គេ​រំពឹង​ថា​ធនាគារ​នោះ​នឹង​មាន​រូបរាង​ក៏​ដូចជា​រចនា​សម្ព័ន្ធ​គ្រប់គ្រង​ច្បាស់​លាស់​នៅ​ចុង​ឆ្នាំ​២០១៥​នេះ។ ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី (AIIB) នេះ​នឹង​ផ្តោត​លើ​កម្ចី​សម្រាប់​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ត​ដូច​ជា​ផ្លូវ ថ្នល់ ស្ពាន​ជាដើម។ តាម​ការ​ប៉ាន​ស្មាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូវ​ការ​ទុន​ប្រហែល​ជា​៨លាន​លាន​ដុល្លារ (8 trillions dollars) សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍន៍។ ប៉ុន្តែ​ស្ថាប័ន​ក្នុង​តំបន់​ដូច​ជា​ធនាគារ​អភិវឌ្ឍ​អាស៊ី និង​ធនាគារ​ពិភពលោក​មាន​ទុន​សរុប​ប្រហែល​ត្រឹម ៤០០ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​មិន​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវ​ការ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ឡើយ។ ហេតុ​នេះ ធនាគារ​នេះ​អាច​ដើរ​តួ​បំពេញ​បន្ថែម​សម្រាប់​តម្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី។

VOA៖ តើ​ធនាគារ​នេះ​មាន​លក្ខណៈ​ខុសគ្នា​ដូច​ម្តេច​ខ្លះ​ទៅ​នឹង​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍ​អាស៊ី?

លោក ឌីណា៖ ធនាគារ​ពិភពលោក​ផ្តល់​ប្រាក់​កម្ចី ប្រាក់​ជំនួយ និង​ជំនួយ​បច្ចេកទេស។ បើ​និយាយ​ឲ្យ​ស្រួល គឺ​ផ្តល់​ចំណេះដឹង និង​ចែក​រំលែក​បទ​ពិសោធន៍​អភិវឌ្ឍន៍ ដើម្បី​ប្រើប្រាស់​កម្ចី ឬ​ប្រាក់​ជំនួយ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព។ ធនាគារ​ពិភព​លោក​មាន​សកម្មភាព​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទូទាំង​ពិភពលោក​លើ​ច្រើន​វិស័យ រួម​ទាំង​វិស័យ​អប់រំ សុខាភិបាល អភិបាល​កិច្ច និង​បរិស្ថាន។ ចំណែក​ធនាគារ​អភិវឌ្ឍ​អាស៊ី​មាន​គោល​បំណង​ស្រដៀង​គ្នា​នឹង​ធនាគារ​ពិភពលោក​ដែរ តែ​មាន​សកម្មភាព​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី ហើយ​ផ្តោត​ជា​ចម្បង​លើ​វិស័យ​អប់រំ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ចំណែក ធនាគារ​វិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​អាស៊ី​ដែល​នឹង​ត្រូវ​បង្កើត​នេះ​នឹង​ផ្តោត​ចម្បង​លើ​កម្ចី​សម្រាប់​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​តែ​ប៉ុណ្ណោះ។

VOA៖ ហេតុអ្វី​បាន​ជា​ចិន​ផ្តួចផ្តើម​បង្កើត​ធនាគារ​នេះ?

លោក ឌីណា៖ ចិន​អាច​មាន​ហេតុ​ផល​ច្រើន។ បើ​មើល​ពី​ជ្រុង​សេដ្ឋកិច្ច ចិន​មាន​ទុន និង​ផល​ប្រយោជន៍​ច្រើន​ក្នុង​ការ​បំពេញ​តម្រូវ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​បណ្តា​ប្រទេស​នៅ​អាស៊ី។ ទីមួយ តាម​ទំនាក់​ទំនង​សេដ្ឋកិច្ច ចិន​អាច​ចាប់​យក​ទីផ្សារ​អាស៊ី​សម្រាប់​ទំនិញ និង​សេវា​របស់​ប្រទេស​ខ្លួន។ ទីពីរ ចិន​អាច​ឈោង​ចាប់​ធនធាន​ធម្មជាតិ​ដែល​មាន​ក្នុង​តំបន់​នេះ។ ហើយ​តាម​រយៈ​សកម្មភាព​សេដ្ឋកិច្ច​នេះ ចិន​ក៏​អាច​ជួយ​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​របស់​ខ្លួន​ដើម្បី​ពង្រឹង​ឥទ្ធិពល និង​កិត្តិនាម​របស់​ខ្លួន។ យើង​ដឹង​ហើយ​ថា អាមេរិក​មាន​ឥទ្ធិពល​ខ្លាំង​លើ​ធនាគារ​ពិភព​លោក ហើយ​ប្រធាន​របស់​ធនាគារ​ពិភពលោក​តែងតែ​ជា​ជនជាតិ​អាមេរិក ។ ជប៉ុន​មាន​ឥទ្ធិពល​ខ្លាំង​លើ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហើយ​ប្រធាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​នេះ​តែងតែ​ជា​ជនជាតិ​ជប៉ុន។ ចិន​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​មួយ​ដែល​នោះ​ពុំ​ទាន់​មាន​ឥទ្ធិពល​ខ្លាំង​លើ​ស្ថាប័ន​ទាំងនេះ​ទេ។ លើស​ពី​នេះ កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​នៃ​ស្ថាប័ន​ទាំង​នេះ ដើម្បី​ឲ្យ​ឆ្លុះ​បញ្ចាំង​ពី​ឧត្តម​ភាព​របស់​ប្រទេស​ជា​សមាជិក​កន្លង​មក​មាន​ភាព​យឺត​យ៉ាវ។ ដូច្នេះ តាម​រយៈ​ការ​ផ្តួចផ្តើម​បង្កើត និង​ជា​ម្ចាស់​ទុន​ធំ​បំផុត​នៃ​ធនាគារ​នេះ ចិន​អាច​មាន​វេទិកា​សម្រាប់​បញ្ចេញ​ឥទ្ធិពល​របស់​ខ្លួន ក៏​ដូចជា​ដើម្បី​ពញ្ញាក់​ឲ្យ​មាន​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​គ្រប់គ្រង់​ស្ថាប័ន​អន្តរជាតិ​ធំៗ។ សូម​ជម្រាប​ថា ក្រៅពី​ផ្តួចផ្តើម​បង្កើត​ធនាគារ​វិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី ចិន​ក៏​កំពុង​សកម្ម​ឲ្យ​មាន​ការ​បង្កើត​ធនាគារ​មួយ​ទៀត​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ដឹកនាំ​ដោយ​ប្រទេស​ប្រេស៊ីល រុស្សី ឥណ្ឌា ចិន និង អាហ្វ្រិក​ខាង​ត្បូង។

VOA៖ អ្នក​ជំនាញ​មួយ​ចំនួន មាន​ក្តី​ព្រួយ​បារម្ភ​ថា ធនាគារ AIIB ដែល​គ្រប់គ្រង​ដោយ​ចិន​នេះ អាច​នឹង​មិន​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ទៅ​តាម​ក្រឹត្យ​ក្រម​នៃ​គម្រោង​អភិវឌ្ឍ​ដោយ​ចិរភាព​តាម​បទដ្ឋាន​អន្តរជាតិ ដូច​ដែល​បាន​អនុវត្តដោយ​ធនាគារ​ពិភព​លោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (Asian Development Bank)។ តើ​លោក​យល់​ថា ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​គម្រោង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដោយ​ធនា​គារ​ចិន AIIB នេះ​អាច​នឹង​នាំ​ផល​ប៉ះ​ពាល់​ជា​វិជ្ជមាន និង​អវិជ្ជមាន​អ្វី​ខ្លះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី?

លោក ឌីណា៖ នេះ​ជា​ក្តី​កង្វល់​មួយ​ដែល​គួរ​តែ​មាន​សម្រាប់​ប្រទេស​ដូចជា​ប្រទេស​កម្ពុជា ដែល​នឹង​ទទួល និង​ប្រើប្រាស់​កម្ចី ជា​ពិសេស​ពី​ស្ថាប័ន​ថ្មី ដូចជា​ធនាគារ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នេះ។ ប្រទេស​ចិន​ក៏​បាន​ទទូច​ថា ធនាគារ​នេះ​នឹង​អនុវត្ត​យក​ស្តង់ដារ​អន្តរជាតិ​ល្អ​សម្រាប់​ការ​ប្រតិបត្តិ​ផ្តល់​កម្ចី និង​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នានា។ ប៉ុន្តែ បណ្តា​ប្រទេស​ទាំង​នេះ​រួម​ទាំង​កម្ពុជា​ផង​នេះ​ចាំ​បាច់​ត្រូវការ​ទុន​បន្ថែម ដើម្បី​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ក្នុងការ​បង្កើន​សក្តានុពល​សេដ្ឋកិច្ច។ ហេតុ​ដូច​នេះ ផល​ប៉ះ​ពាល់​ជា​វិជ្ជមាន និង​អវិជ្ជមាន​តិច​ឬ​ច្រើន​គឺ​អាស្រ័យ​លើ​ភាព​ជា​ម្ចាស់​ការ គណនេយ្យភាព ការ​ទទួល​ខុសត្រូវ​ និង​ភាព​ដឹកនាំ​របស់​អ្នក​ធ្វើ​គោល​នយោបាយ​របស់​ប្រទេស​នីមួយៗ។ ជា​ឧទាហរណ៍ ការ​ទទួល​កម្ចី​សម្រាប់​សាងសង់​អគារ ឬ​ទំនប់​វារី​អគ្គីសនី ដោយ​ស្តាប់​តែ​ជំនាញ​ការ​បរទេស ហើយ​ពុំ​មាន​ការ​ចូលរួម​ពី​ប្រជាជន​នៅ​មូលដ្ឋាន បញ្ញវន្ត​ខ្មែរ​នោះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន និង​សិទ្ធិ​មនុស្ស​ធំ ខណៈ​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​នោះ​ក៏​ពុំ​មាន​ប្រយោជន៍​ធំ​សម្រាប់​សក្តានុពល​សេដ្ឋកិច្ច ក៏​ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់។ ផ្ទុយ​ទៅ​វិញ ការ​ថ្លឹងថ្លែង​ម៉ត់ចត់​គ្រប់​ជ្រុង​ជ្រោយ ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ភាព​ជា​ម្ចាស់​ការ​របស់​ថ្នាក់​ដឹកនាំ​អាច​ធ្វើ​ឲ្យ​មាន​ផល​ចំណេញ​ច្រើន ហើយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​បាន​ច្រើន។

VOA៖ ជា​ចុង​ក្រោយ តើ​ប្រទេស​កម្ពុជា​យើង​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ធនាគារ AIIB នេះ?

លោក ឌីណា៖ នេះ​ជា​សំណួរ​មួយ ដែល​យើង​ត្រូវ​គិត​ពិចារណា​ទាំង​អស់​គ្នា។ នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ក្នុង​តំបន់ ទំនាក់​ទំនង​ការ​ទូត​នៃ​បណ្តា​ប្រទេស​ធំៗ និង​ទំនោរ​នៃ​រចនា​សម្ព័ន្ធ​ស្ថាប័ន​អន្តរជាតិ ដូចជា​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​អាស៊ី​នេះ​ជាដើម កម្ពុជា​អាច​មាន​កាលានុប្បវត្ថ​ភាព​ច្រើន​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍ ដើម្បី​បង្កើន​សក្តានុភាព​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍ ដូចជា​តាម​រយៈ​ពង្រឹង និង​ពង្រីក​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជំរុញ​ឲ្យ​មាន​ចរន្ត​សេដ្ឋកិច្ច ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​អន្តរជាតិ ទាក់​ទាញ​វិនិយោគិន​បរទេស និង​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​ស្រុក។ ហើយ​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រាក់​កម្ចី ឬ​ប្រាក់​ជំនួយ​ពី​ធនាគារ​ទាំង​នេះ​ទាមទារ​ឲ្យ​មាន​ភាព​ជា​ម្ចាស់​ការ​របស់​ប្រទេស​កម្ពុជា​យើង ពោល​គឺ​ភាព​ជា​ម្ចាស់​ការ​នៃ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ដែល​ពាក់ព័ន្ធ និង​សមត្ថភាព​ស្ថាប័ន​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី ឬ​ប្រាក់​ជំនួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ការ​ពិភាក្សា​ដោយ​មាន​ការ​ចូល​រួមពី​អ្នក​បច្ចេកទេស​ក្នុង និង​ក្រៅ​ស្រុក ការ​ស្តាប់​សម្លេង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់​ក្នុងការ​ទាយ​យក​ប្រយោជន៍​ពី​ប្រាក់​កម្ចី ឬ​ប្រាក់​ជំនួយ​ពី​ធនាគារ​ទាំង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG