ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាស​ជាមួយ​អ្នកនិពន្ធ​សៀវភៅ «Transitioning Cambodia»៖ ផល​ប៉ះពាល់​នៃ​គម្រោង​នគរ​រូបនីយកម្ម


កំណត់​និពន្ធ៖ កម្ពុជា​កំពុង​តែ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស។ នេះ​បើ​យោង​តាម​លោក Nicolas Axelrod ដែល​ជា​អ្នក​ថត​រូប និង​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា “Transitioning Cambodia” ប្រែ​ថា «កម្ពុជា​កំពុង​តែ​ផ្លាស់​ប្តូរ‍»។ ប៉ុន្តែ ជាពិសេស​ការ​ផ្លាស់​ប្តូរ​ដែល​ទាក់​ទង​នឹង​ខាង​ទ្រព្យ​សម្បត្តិ និង​ផល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​គម្រោង​អភិវឌ្ឍ​មិន​ត្រូវ​បាន​បែង​ចែក​ដោយ​សមភាព​ទេ ពីព្រោះ​ថា ជា​ញឹក​ញាប់ សហគមន៍​ក្រីក្រ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ជម្លៀស​ពី​ទី​លំនៅ​ទាំង​បង្ខំ។ សៀវភៅ ​មាន​ចំណង​ជើង​ថា ‍«កម្ពុជា​កំពុង​តែ​ផ្លាស់​ប្តូរ‍» នេះ​គឺជា​កម្រង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ស្តី​អំពី​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​៧ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ទំនង​ជា​មិន​អាច​កើត​មាន​ឡើង​នៅ​កន្លែង​ផ្សេង​ឡើយ។

វីអូអេ៖ សូម​អរគុណ​លោក Nicolas ដែល​បាន​ចំណាយ​ពេល​សន្ទនា​ជាមួយ​វីអូអេ​នៅ​ថ្ងៃ​នេះ។

លោក Nicolas Axelrod៖ បាទ​សូម​អរគុណ។

វីអូអេ៖ ហេតុអ្វី​បាន​ជា​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា?

លោក Nicolas Axelrod៖ ខ្ញុំ​បាន​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០០៨។ ហើយ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ បន្ទាប់​មក ខ្ញុំ​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ ហើយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ២០០៨ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​រស់នៅ​ទី​នេះ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ដក់​ជាប់​នឹង​កម្ពុជា។ ហើយ​ខ្ញុំ​គិត​ថា មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​កម្ពុជា តាម​ដែល​មើល​ឃើញ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ ហើយ​ប្រជាជន​កម្ពុជា​ជា​មនុស្ស​រួសរាយ​រាក់​ទាក់។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា អ្វី​មួយ​កំពុង​តែ​នឹង​កើត​ឡើង​នៅ​កម្ពុជា។

វីអូអេ៖ លោក​កំពុង​តែ​រៀបរៀង​សៀវភៅ​មួយ​ក្បាល។ តើ​សៀវភៅ​នេះ​ស្តី​អំពី​អ្វី​ខ្លះ?

លោក Nicolas Axelrod៖ នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដំបូង ខ្ញុំ​បាន​ចងក្រង​រូបថត​នៅ​បឹង​កក់ ដែល​មាន​ទីតាំង​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ។ ហើយ​បឹង​នេះ​ជា​អាង​ទឹក​ដ៏​ធំ​មួយ ហើយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​កែ្បរ​បឹង​នេះ។ ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​រស់​នៅ​ប្រកប​មុខរបរ​នេសាទ​ត្រី​នៅ​បឹង​នោះ។ ហើយ​ប្រជា​ពលរដ្ឋ​មក​ពី​កន្លែង​ផ្សេងៗ​បាន​មក​តាំង​ទី​លំនៅ​នៅ​តាម​មាត់​បឹង​នេះ។ ហើយ​ខ្ញុំ​បាន​ចាប់​អារម្មណ៍​ចុះ​ទៅ​ថត​រូប​នៅ​សហគមន៍​នេះ។

០៧ កក្កដា ២០១១ ភ្នំពេញ កម្ពុជា៖ អ្នក​ភូមិ​បឹងកក់​មួយ​រូប​ចែវ​ទូក​ឈើ​បញ្ច្រាស់​ខ្យល់​ព្យុះ​ដែលមក​ជិត​ដល់​ក្រុង​ភ្នំពេញ។ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រូបថត​គេ​ឃើញ​អគារ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី និង​វិមាន​នាយករដ្ឋមន្ត្រី​។ ​© Nicolas Axelrod / Ruom
០៧ កក្កដា ២០១១ ភ្នំពេញ កម្ពុជា៖ អ្នក​ភូមិ​បឹងកក់​មួយ​រូប​ចែវ​ទូក​ឈើ​បញ្ច្រាស់​ខ្យល់​ព្យុះ​ដែលមក​ជិត​ដល់​ក្រុង​ភ្នំពេញ។ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រូបថត​គេ​ឃើញ​អគារ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី និង​វិមាន​នាយករដ្ឋមន្ត្រី​។ ​© Nicolas Axelrod / Ruom

ប្រជាពលរដ្ឋ​នៅ​ទីនោះ​រួសរាយ​រាក់ទាក់ ហើយ​មាន​ស្ថានភាព​ខុស​គ្នា​ជា​ច្រើន ហើយ​មាន​មនុស្ស​ជា​ច្រើន​រស់នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ជា​ច្រើន​បាន​សង់​ផ្ទះ​នៅ​ម្តុំ​នោះ និង​ប្រកប​មុខរបរ​ការងារ​គ្រប់​ប្រភេទ មាន​ដូច​ជា​ទាហាន បុគ្គលិក​រាជការ អ្នក​ធ្វើការ​តាម​ភោជនីយដ្ឋាន និង​ការងារ​ផ្សេងៗ​ទៀត។ យើង​ឃើញ​ថា មាន​មនុស្ស​ច្រើន​ណាស់​រស់​នៅ​ទី​នោះ។ ហើយ​តាម​រយៈ​ការ​ថតរូប និង​ចុះ​តាម​សហគមន៍​នេះ​ហើយ ទើប​ខ្ញុំ​បាន​ដឹង​ថា​បឹង​កក់​នេះ​នឹង​ត្រូវ​លុប​ចោល។ ក្រៅ​ពី​នេះ ខ្ញុំ​ក៏​យល់​ថា​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ខ្លាំង​មួយ​កំពុង​តែ​កើត​មាន​ឡើង​នៅ​ទីក្រុង​ភ្នំពេញ។ យើង​ឃើញ​មាន​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ។ ក្រុម​មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ក៏​កំពុង​តែ​កើន​ឡើង។ ហើយ​មនុស្ស​ជា​ច្រើន​ចាប់​ផ្តើម​មាន​ប្រាក់​កាន់​តែ​ច្រើន។ មាន​ឡាន​ពាស​ពេញ​ផ្លូវ។ ដូច្នេះ ខ្ញុំ​យល់​ថា នេះ​ជា​ដំណើរ​ការ​ផ្លាស់​ប្តូរ​ដ៏​សម​ហេតុ​ផល​មួយ ដែល​ខ្ញុំ​គួរ​តែ​សិក្សា​ថា តើ​នរណា​ខ្លះ​ជា​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម? ថា​តើ​មាន​អ្វី​កើត​មាន​ឡើង​នៅ​តាម​តំបន់​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​បណ្តេញ​ចេញ? និង​នៅ​តាម​តំបន់​ដែល​មាន​គម្រោង​អភិវឌ្ឍ និង​កសិដ្ឋាន​សាង​សង់​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង។ ហើយ​យើង​ឃើញ​ថា ទីក្រុង​ភ្នំពេញ​កំពុង​តែ​រីក​ចម្រើន រួម​ទាំង​វប្បធម៌​នៃ​ការ​ទិញ​ដូរ​ផង​ដែរ។ ដូច្នេះ ខ្ញុំ​ចាប់​អារម្មណ៍​ពី​របៀប​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​ដ៏​ខ្លី​យ៉ាង​នេះ ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក។ ហើយ​ដូច​ជា​នៅ​ឆ្នាំ២០១២ យើង​ទាំង​អស់​គ្នា​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នេះ ហើយ​វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ហើយ​សូម្បី​តែ​ឥឡូវ​នេះ ល្បឿន​នៃ​ការ​ផ្លាស់​ប្តូរ​នេះកំពុង​តែ​កើត​ឡើង​យ៉ាង​លឿន។

២៤ មករា ២០០៩ ភ្នំពេញ កម្ពុជា៖ អ្នកភូមិ​រត់​គេច​ពី​យានយន្ត​ឈូស​ដី​ដែល​បាន​សម្រុក​ចូល​ឈូស​បំណែក​សេស​សល់​ពី​ផ្ទះ​សម្បែង​ដែល​ត្រូវ​បំផ្លាញក្នុង​អំឡុង​ពេល​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ពី​សហគមន៍​ដី​ក្រហម។ ​© Nicolas Axelrod / Ruom
២៤ មករា ២០០៩ ភ្នំពេញ កម្ពុជា៖ អ្នកភូមិ​រត់​គេច​ពី​យានយន្ត​ឈូស​ដី​ដែល​បាន​សម្រុក​ចូល​ឈូស​បំណែក​សេស​សល់​ពី​ផ្ទះ​សម្បែង​ដែល​ត្រូវ​បំផ្លាញក្នុង​អំឡុង​ពេល​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ពី​សហគមន៍​ដី​ក្រហម។ ​© Nicolas Axelrod / Ruom

វីអូអេ៖ សូម​លោក​បក​ស្រាយ​ពី​រូបថត​ដែល​លោក​នឹង​ប្រើ​នៅ​ក្នុង​សៀវភៅ​របស់​លោក​បន្តិច?

លោក Nicolas Axelrod៖ រូបថត​ទាំង​អស់​នេះ​គឺជា​រូបថត​របស់​ខ្ញុំ​ផ្ទាល់។ ខ្ញុំ​ចាប់​ផ្តើម​ថត​រូប​ទាំង​អស់​នោះ​ដំបូង​នៅ​ឆ្នាំ២០០៨ ហើយ​បន្ត​ថត​រូប​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​ទីក្រុង​ភ្នំពេញ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ដូច្នេះ សៀវភៅ​នេះ​គឺ​ឆ្លុះ​បង្ហាញ​ពី​សិទ្ធិ​ដី​ធ្លី និង​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ពី​ទី​លំនៅ​របស់​គេ ការ​កើន​ឡើង​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង​នៃ​គម្រោង​អភិវឌ្ឍ​នីមួយៗ ក្រោយ​ពី​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ និង​អំពី​សារសំខាន់​នៃ​គ្រួសារ​ផង​ដែរ។ សេក្តីផ្តើម​នៃ​សៀវភៅ​នេះ​ស្តី​អំពី​សារសំខាន់​នៃ​គ្រួសារ។ ហើយ​ខ្ញុំ​នឹង​មាន​ផ្នែក​មួយ​ស្តី​អំពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​បន្តិច ដើម្បី​បង្ហាញ​ពី​មាតិកា​នៃ​សៀវភៅ​នេះ។ និយាយ​ទៅ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​លើ​សារសំខាន់​នៃ​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មនុស្ស​ជា​ច្រើន​នៅ​តំបន់​អ៊ឺរ៉ុប និង​នៅ​លោក​ខាង​លិច​បាន​ភ្លេច​ពី​សារសំខាន់​នេះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​កម្ពុជា​គឺជា​គ្រួសារ​របស់​ខ្ញុំ។ ហើយ​ខ្ញុំ​ក៏​បញ្ចូល​សារៈសំខាន់​គ្រួសារ​ក្នុង​សៀវភៅ​នេះ។

វីអូអេ៖ តើ​សៀវភៅ​នេះ​មាន​គោល​បំណង​អ្វី​ខ្លះ?

លោក Nicolas Axelrod៖ សៀវភៅ​នេះ​គឺជា​កម្រង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ។ ហើយ​សៀវភៅ​នេះ​បង្ហាញ​ពី​ដំណាក់​ការ​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​៧ឆ្នាំ​នេះ ដែល​យើង​អាច​នឹង​មិន​ឃើញ​ម្តង​ទៀត​ទេ​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​យល់​ថា វា​សំខាន់​ណាស់​ក្នុង​ការ​ចង​ក្រង​ការ​ផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស​នេះ។ ខ្ញុំ​គិត​ថា អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​នឹង​មិន​អាច​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ឡើយ។ កម្ពុជា​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ខណៈ​ដែល​កម្ពុជា​កំពុង​រត់​តាម​ប្រទេស​ជឿន​លឿន​ដ៏ទៃ​ទៀត​តាម​របៀប​ឆាប់​រហ័ស​យ៉ាង​នេះ។

២៧ មិនា ២០០៩ ភ្នំពេញ កម្ពុជា៖ កុមារ​ម្នាក់ក្នុង​ទឹក​ភក់​ដែល​ត្រូវ​បាញ់​ចេញ​ពីបំពង់​បែក​មួយ ដែល​ជា​ផ្នែក​នៃ​បំពង់​បូម​ខ្សាច់​ចូល​បឹង​ធម្មជាតិ​បឹងកក់​នៅ​ឯ​សហគមន៍​បូរី​រីករាយ។ © Nicolas Axelrod / Ruom
២៧ មិនា ២០០៩ ភ្នំពេញ កម្ពុជា៖ កុមារ​ម្នាក់ក្នុង​ទឹក​ភក់​ដែល​ត្រូវ​បាញ់​ចេញ​ពីបំពង់​បែក​មួយ ដែល​ជា​ផ្នែក​នៃ​បំពង់​បូម​ខ្សាច់​ចូល​បឹង​ធម្មជាតិ​បឹងកក់​នៅ​ឯ​សហគមន៍​បូរី​រីករាយ។ © Nicolas Axelrod / Ruom

វីអូអេ៖ តើ​លោក​យល់​យ៉ាង​ដូច​ម្តេច​ចំពោះ​ការ​ផ្លាស់​ប្តូរ​នៅ​ទីក្រុង​ភ្នំពេញ​នេះ?

លោក Nicolas Axelrod៖ ប្រាកដ​ណាស់​ការ​ផ្លាស់​ប្តូរ​នេះ​ក៏​មាន​ផល​វិជ្ជមាន​ដែរ។ ហើយ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ហើយ​យើង​ឃើញ​ថា​ទ្រព្យ​សម្បត្តិ​កើន​ជាង​មុន។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​បំផុត​នោះ គឺថា​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ដែល​មិន​បាន​ទទួល​ប្រយោជន៍​ពី​ការ​ផ្លាស់​ប្តូរ​នេះ។ យើង​កត់​សម្គាល់​ឃើញ​ថា នៅ​ទីក្រុង​ភ្នំពេញ​សម្បូរ​ដោយ​ភាព​ឆើត​ឆាយ។ ប៉ុន្តែ នៅ​តាម​ខេត្ត​វិញ​មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ណាស់។ វា​ពិត​ជា​ល្អ​មែន​ទែន ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ផ្លាស់​ប្តូរ​នេះ និង​ជាពិសេស​គឺ​ប្រជា​ពលរដ្ឋ​ដែល​ខ្ញុំ​បាន​ប្រាស័យ​ទាក់​ទង និង​បាន​ធ្វើការ​ជាមួយ មិន​មែន​សម្រាប់​តែ​អ្នក​មាន​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ។

វីអូអេ៖ តើ​សៀវភៅ​នេះ​នឹង​រួច​រាល់​នៅ​ពេល​ណា?

លោក Nicolas Axelrod៖ ឥឡូវ​នេះ លោក​អ្ន​កអាច​បញ្ជា​ទិញ​សៀវភៅ​នេះ​ជា​មុន​បាន​តាម​ប្រព័ន្ធ​អ៊ឺនធឺណែត។ ហើយ​យើង​កំពុង​តែ​ធ្វើ​គម្រប​សៀវភៅ​នេះ។ ហើយ​ខ្ញុំ​បាន​សហការ​ជាមួយ​នឹង Danise ដែល​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត The Cambodia Daily។ ហើយ Danise ជា​អ្នក​សរសេរ​ពណ៌នា​នៅ​ក្នុង​សៀវភៅ​នេះ ហើយ Fani ដែល​ជា​សាស្ត្រាចារ្យ​ខាង​សិល្បៈ​រូបភាព​នៃ​សាកល​វិទ្យាល័យ Limkokwing នឹង​រចនា​សៀវភៅ​នេះ។ ដូច្នេះ យើង​សង្ឃឹម​ថា​នឹង​បញ្ចប់​កិច្ចការ​ទាំង​នេះ​ក្នុង​រយៈពេល​១ខែ​ទៀត។ បន្ទាប់​មក យើង​នឹង​យក​គម្រោង​សៀវភៅ​នេះ​ទៅ​បោះ​ពុម្ព​នៅ​ទីក្រុង​បាំងកក។ ហើយ​ដំណើរការ​បោះ​ពុម្ព​មាន​រយៈពេល​៤សប្តាហ៍។ ដូច្នេះ យើង​សង្ឃឹម​ថា​សៀវភៅ​នេះ​នឹង​បោះ​ពុម្ព​រួច​រាល់​នៅ​ពាក់​កណ្តាល​ខែ​មេសា ឬ​ដើម​ខែ​ឧសភា​ឆ្នាំ​នេះ។

វីអូអេ៖ សូម​អរគុណ​ច្រើន​លោក Nicolas ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​វីអូអេ​នៅ​ថ្ងៃ​នេះ។

លោក Nicolas Axelrod៖ បាទ សូម​អរគុណ៕

XS
SM
MD
LG