កាលពីថ្ងៃអង្គារ ប្រាក់អឺរ៉ូរបស់ទ្វីបអឺរ៉ុបបានបន្តចុះថ្លៃទៀតដោយចុះជិតដល់កម្រិតទាបមួយក្នុងរយៈពេល១២ឆ្នាំ បើប្រៀបធៀបទៅនឹងប្រាក់ដុល្លារអាមេរិកាំង។
រូបិយប័ណ្ណតែមួយនេះដែលត្រូវគេប្រើប្រាស់ក្នុងតំបន់ប្រាក់អឺរ៉ូដែលមានប្រទេសជាតិ១៩ជាសមាជិក បានចុះតម្លៃមកនៅត្រឹមមួយអឺរ៉ូស្មើនឹង១,០៧ដុលា្លរដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមេសាឆ្នាំ២០០៣មក ហើយទាបជាងកម្រិតថ្លៃបំផុតកាលពីពាក់កណ្តាលឆ្នាំ២០០៨ដែល១អឺរ៉ូស្មើនឹង១,៦០ដុល្លារអាមេរិកាំង។
ប្រាក់អឺរ៉ូបានចុះថ្លៃច្រើនសប្តាហ៍មកហើយដោយសារភាពទន់ខ្សោយនៃសេដ្ឋកិច្ចទ្វីបអឺរ៉ុបនិងសេដ្ឋកិច្ចប្រទេសអាមេរិកមានការលូតលាស់ជាងមុន។ ក្រុមអ្នកបណ្តាក់ទុននិងមន្ត្រីអឺរ៉ុបក៏ព្រួយបារម្ភដែរថា កិច្ចចរចាអំពីការជួយស្រោចស្រង់ហិរញ្ញវត្ថុដល់ប្រទេសក្រិកអាចមានការពិបាកដោះស្រាយក្នុងពេលប៉ុន្មានខែខាងមុខនេះ។
កាលពីខែមុន ទីផ្សារការងារអាមេរិកាំងបានបន្ថែមការងារចំនួន២សែន៩ម៉ឺន៥ពាន់កន្លែងដែលជាខែទី១២បន្តបន្ទាប់គ្នាដែលកំណើនការងារមានទាំងអស់ជាង២សែន។ ការកើនឡើងនេះជំរុញឲ្យអត្រាមនុស្សគ្មានការងារធ្វើក្នុងស.រ.អា.ចុះថយមកនៅត្រឹម៥,៥ភាគរយ។ នៅពេលជាមួយគ្នានេះ អត្រាមនុស្សគ្មានការងារធ្វើក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូមានជាង១១ភាគរយ៕