ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​អះអាង​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​មុន​ផែនការ

  • ម៉ែន គឹមសេង

ក្នុង​រូបថត​ឯកសារ​​ឆ្នាំ​២០០៩​នេះ ស្ត្រី​កម្ពុជា​មួយ​រូប​ជិះ​កង់​នៅ​ក្បែរ​សំណង់​អាណាធិបតេយ្យ​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ភ្នំពេញ។ (AP Photo/David Longstreath)

ការលុប​បំបាត់ភាព​ក្រីក្រ​និង​ភាព​អត់​ឃ្លាន​ធ្ងន់​ធ្ងរ‍​នៅ​កម្ពុជា​មាន​រូបភាព​ច្របូក​ច្របល់​គ្នា​បើ​ទោះបី​ជា​រដ្ឋាភិបាល​អះអាង​ថា​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​មុន​ពេល​កំណត់ក៏ដោយ។

នេះ​ជា​គោលដៅ​ទីមួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ដែល​មាន​ចំនួន​៩​គោលដៅ​ដែល​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត​នៃ​អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​រាយការណ៍​ពី​សមិទ្ធិផល​ក្នុងការ​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​សម្រេច​បាន​តាម​ការ​សន្យា​កាល​ពី​ឆ្នាំ​២០០០​ថា​នឹង​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំនេះ។

អត្រា​នៃ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​១៨,៩​ភាគរយ​គឺ​មុន​គោលដៅ​កំណត់​ត្រឹម​ខែ​កញ្ញាឆ្នាំ​២០១៥​ដែល​គ្រោង​នឹង​កាត់​ឱ្យ​បាន​នៅ​ត្រឹម​១៩,៥​ភាគរយ។ នេះ​បើ​តាម​ការ​បញ្ជាក់​អះអាង​របស់​រដ្ឋាភិបាល​កម្ពុជា។

​លោក ​ថេង បញ្ញាធន​ អគ្គនាយក​នៃ​ក្រសួង​ផែនការ​និង​ជា​អ្នក​ដែល​ទទួល​បន្ទុក​ខាង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​បាន​បញ្ជាក់​ថា៖

«សរុប​មក​វិញ គឺ​សម្រាប់​គោលដៅ​ទីមួយ​គឺ​អត្រា​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ​គឺ​យើង​សម្រេច​បាន​មុន​ឆ្នាំ​២០១៥​ដោយ​សារ​ថា​ឆ្នាំ​២០១២​យើង​១៨,៩​ភាគរយ​ហើយ​ចំណុច​ដៅ​របស់​យើង​១៩,៥​នៅ​ឆ្នាំ​២០១៥‍»។​

បើ​ទោះ​បី​ជា​មាន​តួលេខ​ល្អ​ប៉ុន្តែ​លោក​ថេង បញ្ញាធន​បាន​សម្តែង​ការ​ប្រយ័ត្ន​ប្រយែងថា​ប្រជាជនមួយចំនួន​នៅ​តែ​អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​នៅ​ឡើយ។

«ការចាក​ផុត​ពី​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង​គឺ​ភាគច្រើន​នៅ​ជិតៗ​នឹង​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ដូច្នេះ​បើ​សិន​ជា​មាន​ហានិភ័យ​ឬ​ក៏​កត្តា​អ្វី​ផ្សេងៗ​ដូច​ជា​គ្រោះ​ធម្មជាតិ​ប៉ះពាល់​មក​គឺ​ប្រជាជន​មួយ​ចំនួន​គឺ​គាត់​នឹង​ធ្លាក់​ទៅ​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​វិញ។ អីចឹង​ហើយ​បាន​ជា​យើង​រៀបចំ គោល​នយោបាយ​ឬ​ផ្តល់​អន្តរាគមន៍​គឺ​យើង​គិត​ច្បាស់​ពី​ចំណុច​ហ្នឹង‍»។​

ការ​ប្រុង​ប្រយ័ត្ន​នេះ​ដោយ​សារ​តួលេខ​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​មាន​ស្ថានភាព​អាក្រក់​នៅ​ឡើយ។

​នៅតាម​បណ្តាខេត្ត​គឺ​មាន​ខេត្ត​ខ្លះ​នៅ​មិន​ទាន់​សម្រេច​បាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រនៅ​ឡើយ​ទេ​ជា​ពិសេស​ខេត្ត​ដែល​ដាច់​ស្រយ៉ាល គឺនៅ​ខ្ពស់​ជាង​គោលដៅ ដូច​ជា​នៅ​ខេត្ត​ឧត្តរមានជ័យ អត្រា​ភាព​ក្រីក្រ​មាន​ចំនួន​២៧,៩​ភាគរយ​ រតនគិរី មាន២៨,៦ ភាគរយ ព្រះវិហារ ២៥,២ និង​មណ្ឌល​គិរី ២៦,១​ជាដើម។

អ្នក​ជំនាញ​មើល​ឃើញ​ថា​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចែក​រំលែក​មិន​ស្មើ​គ្នា​នៃ​របាយ​បាន​មក​ពីការ​អភិវឌ្ឍ​រវាង​តំបន់ដែល​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ល្អ​ដូចទីក្រុង​មួយ​ចំនួន​និង​រាជធានីនិង​តំបន់​ជនបទ។ ឧទាហរណ៍​នៅ​ទីក្រុង​ភ្នំពេញ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​មក​នៅ​តែ​១០,៩​ភាគរយ​ ខេត្ត​ព្រះសីហនុ ១១,៩ភាគរយ ខេត្ត​កណ្តាល​១៥ភាគរយ​និង​ស្វាយរៀង​១៤,៣​ភាគរយ​ជាដើម។

របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍របស់​កម្ពុជា​ចេញ​ផ្សាយ​ដើម​ឆ្នាំ​២០១៤​បង្ហាញ​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​សម្រេច​ឱ្យ​បាន​គោល​ដៅ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រនេះ។ ពោល​គឺ​កម្ពុជា​សម្រេច​បាន​តែ​ការ​កាត់​បន្ថយចំនួន​ពលរដ្ឋ​ដែល​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​និង​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​ហូប​អំបិល​មាន​ជាតិ​អ៊ីយ៉ូដ​កើន​ឡើង​ច្រើន​ប៉ុណ្ណោះ​ ក្រៅ​ពីនោះ​មិន​អាច​ធ្វើ​បាន​ទេ​ ដូច​ជា​ កង្វះ​អាហារូបត្ថម្ភ​កុមារនៅ​តែ​មាន​ច្រើន​ មិន​អាច​កាត់​បន្ថយ​ចំនួន​កុមារ​ខ្វះ​ទម្ងន់ ​នៅ​មាន​ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ និង​ចំនួនស្រ្តី​និង​កុមារដែល​មាន​ជំងឺ​ស្លេក​ស្លាំង​គឺ​នៅ​តែ​ច្រើន​ដដែល។

គោលដៅ​នេះ​កំណត់​ការ​កាត់​បន្ថយ​សមាមាត្រ​កុមារ​ធ្វើ​ការងារ​ដែល​មាន​អាយុ​ពី​៥​ដល់​១៧​ឆ្នាំ​ឱ្យ​ធ្លាក់​មក​នៅ​ត្រឹម​៨​ភាគរយ​ប៉ុន្តែ​គិតត្រឹម​ឆ្នាំ​២០១២​គឺ​អត្រា​នេះ​នៅ​មាន​កម្រិត១៩​ភាគរយនៅ​ឡើយ។ តួលេខ​នេះ​កាន់​តែ​ខ្ពស់​ទៀត​សម្រាប់​កុមារ​ដែល​រស់​នៅ​ទី​ជនបទ។ ក្នុង​ខណៈ​ពេល​ដែល​នៅ​ទីក្រុង​ភ្នំពេញ​អត្រា​នៃ​ពលកម្ម​កុមារ​មាន​តែ​៥,៩​ភាគរយ​ប៉ុណ្ណោះ។

នៅ​លើ​ជ្រុង​នៃ​ការ​ផ្តល់​អាហារូបត្ថម្ភ​ប្រទេស​កម្ពុជា​កំពុង​ជួប​បញ្ហា​ជាច្រើន​ដូច​ជា​ការ​ខិតខំ​ប្រឹងប្រែងកាត់​បន្ថយ​អត្រា​ប្រេវ៉ាឡង់​នៃ​កុមារ​មិន​គ្រប់​ទម្ងន់​ដែល​មាន​អាយុ​ក្រោម​៥ឆ្នាំ​ឱ្យ​បាន​ធ្លាក់​មក​នៅ​២២,៦​ភាគរយនិង​ក្រិន​មក​នៅត្រឹម​២២ភាគរយមិន​មាន​ការ​រីកចម្រើន​ច្រើន​ទេ​ហើយ​តួលេខ​នេះ​កាន់​តែ​អាក្រក់​នៅតាម​តំបន់​មួយ​ចំនួន​ដូច​ជា​ខេត្ត​មណ្ឌលគិរី ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ​និង​ខេត្ត​សៀមរាប​សមាមាត្រ​គឺ​ចំនួនកុមារ​ក្រិន​នៅ​មាន​លើស​ពី​៥០​ភាគរយ​និង​កុមារ​ខ្វះ​ទម្ងន់​មាន​ពី​៣៥​ទៅ​៤០ភាគរយ។ នេះ​ជា​ចំនួន​ដែល​ខ្ពស់​ជាង​តួលេខ​ថ្នាក់​ជាតិ​កាល​ពី​១៥​ឆ្នាំ​មុន​ទៅ​ទៀត។ នេះ​បើ​តាម​របាយការណ៍​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៤។

អង្គការ​យូនីសេហ្វ​ក៏​បាន​រក​ឃើញដែរថា​ប្រទេស​កម្ពុជា​ដើរ​ផ្លូវ​ខុស​លើ​ទិសដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ខាងផ្នែក​កាត់​បន្ថយ​អត្រា​ខ្វះ​ជីវជាតិ​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​នៅ​ទូទាំង​ប្រទេសមាន​កុមារ​រហូត​ដល់​២៨​ភាគ​រយ​មាន​ទម្ងន់​មិន​គ្រប់​៤០​ភាគរយ​ក្រិន​និង​ ១១ភាគរយ​មាន​កាយសម្បទា​មិន​គ្រប់​គ្រាន់​។​ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣របស់​យូនីសេហ្វ។

អង្គការ​នេះ​បាន​បន្ថែម​ថា៖

«កង្វះខាត​ការ​រីកលូតលាស់​ធំធាត់​នេះ​ អាច​ពន្យល់​បាន​ថា​មួយ​ផ្នែក​មក​ពី​អត្រា​បេ្រវ៉ាឡង់​នៃ​ជំងឺ​រាក របប​អាហារ​មិន​ត្រឹមត្រូវ និង​កង្វះ​ទឹក​និង​អនាម័យ​ដែល​ល្អ​ប្រសើរ»។​

លោក​ថេង បញ្ញាធន​ ក៏​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ដែរ៖

«សម្រាប់​គោលដៅ​ទីមួយ​បើ​យើង​មើល​ទៅ​លើ​អត្រា​ភាព​ក្រីក្រ​គឺ​យើង​សម្រេច​បាន​ហើយ​មុន​ឆ្នាំ​២០១៥ក៏ ប៉ុន្តែ​នៅ ក្នុង​គោលដៅ​នោះ វា​មាន​រឿង​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​អាហារូបត្ថម្ភ​នោះ​គឺ​ក្នុង​នោះ​គឺ​យើង​អត់​ទាន់​សម្រេច​បាន​ទេ‍»។​

​លោក​ស្រី​ ធីតា ឃឹះ នាយិការ​ប្រតិបត្តិ​នៃ​អង្គការ​សីលការបាន​បញ្ជាក់​ពី​ការ​សង្កេត​លើ​ការ​ខក​ខាន​ក្នុងការកាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​នាំ​ឱ្យ​មាន​លទ្ធផលមិន​បាន​ស្មើគ្នា​នេះ​ថា៖​

«បញ្ហា​ច្រើន​គឺ​បញ្ហា​សេវា​សាធារណៈ​អត់​ធ្លាក់​ទៅ​ដល់​គាត់​អញ្ចឹង​ទៅ​ការ​អភិវឌ្ឍន៍​ផ្លូវ​ជាតិ​សេវា​ខាង​ផ្នែក​អប់រំ​ក៏​ដូច​ជា​សេវា​ខាង​ផ្នែក​សុខភាព​ក៏​អត់​បាន​ទៅដល់​គាត់​ដែរហើយ​ការ​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​គាត់​យល់​ដឹង​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ វិធីសាស្រ្ត​ក្នុង​ការ​បង្កើត​មុខ​របរ​រកស៊ី​របស់​គាត់​ព្រោះ​បើ​កាល​ណា​យើង​សង្កេត​ឃើញ​ថា​នៅ​កន្លែង​ខេត្ត​ណា​ដែល​ជា​ខេត្ត​ក្រីក្រ​យើង​មើល​ឃើញ​ថា​បញ្ហា​ហ្នឹង​វា​ប៉ះពាល់​ទៅ​ដល់​សុខភាព​របស់​កុមារ​ផង​ដែរ។ ដូច្នេះ​វា​ទៅ​ជាមួយ​គ្នា‍»។​

បន្ទាត់​នៃ​ភាព​ក្រី​ក្រ​កម្ពុជា​ត្រូវ​បាន​វាស់​វែង​ដោយ​ការ​ចំណាយ​លើ​ម្អូប​អាហារ​ស្មើ​នឹង​២២០០​គីឡូកាឡូរី​នៅ​ក្នុង​កញ្ចប់​ម្ហូប​អាហារ​ឬ​ការ​ចំណាយមួយ​ថ្ងៃ១ដុល្លារ​សម្រាប់​អ្នក​នៅ​ជន​បទ​ម្នាក់និង​១,៥​ដុល្លារសម្រាប់​អ្នក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

លោកស្រី ​ធីតា ឃឹះ យល់​ថា​ចំនួន​កាឡូរី​និង​ថវិកា​ចំណាយ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ទេ៖

«ឥឡូវ​នេះ​គេ​រាប់​ដល់​ទៅ​២​ដុល្លារ​ទៅ​ហើយ​ក្នុង​មួយ​ថ្ងៃ​ក្នុង​ម្នាក់​ហើយ​នៅ​ក្នុង​ប្រទេស​យើង​មិន​មែន​ថា​ឥវ៉ាន់​យើង​នៅ​ថោក​ទេ។ សមាហរណកម្ម​សេដ្ឋកិច្ចគឺ​តម្លៃ​ម្អូប​អាហារនៅ​តាមទីផ្សារ​ថ្លៃ​ហើយ​សឹង​តែ​ថ្លៃ​ជាង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ផង​ដូច្នេះ​ការវាស់​វែង​នេះ​ខ្ញុំ​មើល​ឃើញ​ថា​វាមាន​ភាព​ពុំ​សូវ​សុក្រិត​។ បើ​សិន​ណា​ជារាប់​តាម​មែន​ទែន​ដែល​ជា​តម្លៃ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​ប្រហែល​ជា​យើង​នឹង​មើល​ឃើញ​ថា​អត្រា​នៃ​អ្នក​ក្រីក្រ​ប្រហែល​ជា​នៅ​ច្រើន​ជាង​នេះ‍»។​

លោក​ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយបាន​បញ្ជាក់​ថា​កម្ពុជា​មាន​បញ្ហា​លើ​ការ​បែង​ចែក​ផល​ដែល​បាន​មក​ពី​ការ​អភិវឌ្ឍន៍​បើ​ទោះបី​ជា​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​បីឆ្នាំ​ចុងក្រោយ​មាន​លើស​ពី​៧ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក៏ដោយ។

លោក​បាន​បន្ថែម​ថា៖ «បើ​យើង​និយាយ​អំពី​របាយការណ៍​នៃ​ភោគផល​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គឺ​យើង​អាច​សន្និដ្ឋាន​បាន​ថា​គឺ​មិន​ស្មើ​គ្នា​ទេ។ ជាទូទៅ​វា​ជា​រឿង​ធម្មតា​នៅ​ពេល​ដែល​សេដ្ឋកិច្ច​មួយ​កំពុង​តែ​អភិវឌ្ឍន៍​ពី​ដំណាក់កាលដំបូង​គឺ​អ្នក​ដែល​មាន​ចេះ​តែ​មាន​ទៅៗ​ ហើយ​អ្នក​ខ្សត់​ខ្សោយ​មួយ​ចំនួន​អាច​ថា​នៅ​ដដែល​ឬ​ក៏​កើន​ឡើង​បន្តិច​បន្តួច‍»។​

អត្រា​នៃ​ការអត់ការងារនិង​ភាព​ក្រីក្របាន​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ដូច​ជា​ថៃ​ កូរ៉េ និង​ម៉ាឡេស៊ី​ជាដើម។

យ៉ាង​ណា​ក៏ដោយ​ក្នុង​ចំណោម​ចំណុច​ដៅ​ជាច្រើន​នៃ​គោលដៅ​ទីមួយ​នេះ​គឺ​កម្ពុជា​សម្រេចបាន​ជោគជ័យ​នូវ​ចំនួន​ពលរដ្ឋ​ដែល​ទទួល​ទាន​អំបិល​មាន​ជាតិ​អ៊ីយ៉ូដ​ដោយ​បង្កើន​សមាមាត្រ​គ្រួសារ​ដែល​ហូប​អំបិល​នេះ​បាន​ដល់​៩០ភាគរយ។ ​ហើយ​ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា​ជា​ប្រទេស​គំរូ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​លឿន៕

XS
SM
MD
LG