ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សេដ្ឋកិច្ច៖ ​កម្ពុជា​រីកចម្រើន​តែ​ការ​បែង​ចែក​ភោគ​ផល​មិន​ទាន់​ស្មើ

  • ម៉ែន​ គឹមសេង

លោក ច័ន្ទ សុផល សេដ្ឋវិទូ​និង​ជា​អ្នក​នាំពាក្យ​នៃ​សមាគម​សេដ្ឋកិច្ច​កម្ពុជា ចូល​រួម​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​​​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ឆ្នាំ​២០១៤ ដើម្បី​ពិភាក្សា​អំពី​ផល​ចំណេញ​និង​ការ​ខាត​បង់​ដែល​កម្ពុជា​អាច​ទទួល​ពី​ការ​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច​រួម​របស់​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥។ (លឹម សុធី/វីអូអេ)

កំណត់​និពន្ធ៖ អ្នក​ឯកទេស​មើល​ឃើញ​ថា​ការ​រីកចម្រើន​ផ្នែកសេដ្ឋកិច្ច​នៃប្រទេស​កម្ពុជា​បានកើន​ឡើង​ថេរ​ក្នុង​កម្រិត​ជាង៧ភាគរយ​ក្នុង​មួយ​ឆ្នាំ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ​ឡើងៗ​ដោយសារ​តែ​ការ​បែង​ចែក​ផល​ដែល​បាន​មក​ពី​ ការ​អភិវឌ្ឍ​នេះ​មិន​បាន​ស្មើគ្នា។ ទន្ទឹម​គ្នា​នេះ​ដែរ​បើ​សិន​មាន​ការ​គ្រប់​គ្រងប្រាក់​កម្ចី​មក​ពី​បរទេស​ឱ្យ​បាន​ត្រឹមត្រូវ​វា​រឹត​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​ការ​ចូលរួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច។​

ពី​រដ្ឋធានី​វ៉ាស៊ីនតោន​លោក ​ម៉ែន គឹមសេង​ នៃ​ VOAបាន​សម្ភាស​លោក​ ចាន់​ សុផលនាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​អំពី​ការ​រីកចម្រើន​នេះ៖

​VOA៖បាទ សូម​ជម្រាប​សួរ​លោក ចាន់ សុផល។

លោក សុផល៖ បាទ សូម​ជម្រាប​សួរ​លោក គឹមសេង។

VOA៖ តើ​លោក​អាច​បញ្ជាក់​បាន​ទេ និន្នាការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ហ្នឹង​មាន​ការ​វិវត្តន៍យ៉ាង​ម៉េច​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​?

លោក សុផល៖ បាទ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​យើង​មាន​ដំណើរ​ការ​បាន​ល្អ គឺ​មាន​កំណើន​លើស​ពី​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដែល​គេ​ចាត់​ទុក​ថា​ជា​កំណើនមួយ​ខ្ពស់​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ស្រដៀង​ប្រទេស​កម្ពុជា​យើង​ ហើយ​បើ​តាម​ការ​ព្យាករណ៍​ដោយ​សា្ថប័ន​ធំៗ​ គឺ​មាន​ធនាគារ​ពិភពលោក​ មាន​ IMF​ មាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ឃើញ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​បន្ត​ពីរ​បី​ឆ្នាំ​ទៅ​មុខ​ទៀត​ក្នុង​អត្រា​លើស​ពី​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដែល​ជា​ការ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ជា​កំណើន​មួយ​ខ្ពស់។

VOA៖ បាទ! លោក​អាច​បញ្ជាក់​បាន​ទេ​ថា​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជួយ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បែប​នេះ ​នោះ​បាទ?

លោក សុផល៖ បាទ កត្តា​ធំៗ​ចម្បងចំនួន​៤​នៅ​តែ​មាន​សារៈសំខាន់​ដដែល។ ទី​មួយ​ គឺ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ក្នុង​វិស័យ​កាត់​ដេរ។ ទី​២ កត្តា​ការ​សាងសង់​អគារ ផ្ទះ​សម្បែង​ផ្សេងៗ គេ​ហៅ​ថា​វិស័យ​សំណង់ នៅ​ក្នុង​ គេ​ចាត់​ទុក​ថា​នៅ​ក្នុង​ឧស្សាហកម្ម​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ទី​៣ គឺ​វិស័យ​ទេសចរណ៍។ យើង​ទទួល​បាន​ភ្ញៀវ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺ​មាន​ជាង​៤លាន​នាក់​ហើយ​ក្នុង​ឆ្នាំ​២០១៤​ទៅ​នេះ​ បាទ។ ហើយ ទី​៤ គឺ​វិស័យ​កសិកម្ម​ដែល​មាន​កំណើន​ដែរ​ តែ​មិន​ខ្ពស់​ពេក​ទេ ហើយ​វិស័យ​នេះ​ក៏​នឹង​បន្ត​កើន​ឡើង​នៅ​ពេល​ដែល​មាន​ដំណាំ​ដូចជា​កៅស៊ូ ម្រេច ស្រែ និង​ចម្ការ​ផ្សេងៗ​រួម​ទាំង​ការ​ចិញ្ចឹម​សត្វ​នឹង​កើន​ឡើង​ប្រហែល​ជា​៤​ទៅ​៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

VOA៖ បាទ! យើង​ឃើញ​ថា​មាន​ការ​រីកចម្រើន​សេដ្ឋកិច្ច​ហ្នឹង​ខ្ពស់ គឺ​៧​ភាគរយ​ តែ​ដោយ​ឡែក​ការ​បែងចែក​ផល​ដែល​បាន​មក​ពី​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ហ្នឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​គឺ​របាយហ្នឹង​យ៉ាង​ម៉េច​ដែរ​ បាទ?

លោក សុផល៖ បាទ! បើ​យើង​និយាយ​អំពី​របាយ​នៃ​ភោគផល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គឺ​យើង​អាច​សន្និដ្ឋាន​បាន​ថា​មិន​ស្មើ​គ្នា​ទេ។ ហើយ​ជា​ទូទៅ​ វា​ជា​រឿង​ធម្មតា​នៅ​ពេល​សេដ្ឋកិច្ច​មួយ​កំពុង​តែ​អភិវឌ្ឍ​ពី​ដំណាក់កាល​ដំបូង​ គឺ​អ្នក​ដែល​មាន​ មាន​ ... ចេះ​តែ​មាន​ទៅៗ អ្នក​ដែល​ខ្សត់​ខ្សោយ​មួយ​ចំនួន​អាច​ថា​នៅ​ក្រ​ដដែល​ ឬ​ក៏​កើន​ឡើង​បន្តិច​បន្តួច​ អាច​មាន​ការ​អង្កេត​ថ្នាក់​ជាតិ​ទៅ​លើ​គេ​ហៅ​ថា​គម្លាតអំពីការ​ចំណាយ​ គេ​មិន​អាច​វាស់​បាន​ទេ​អំពី​ចំណូល​ ប៉ុន្តែ​អំពី​ការ​ចំណាយ​ ឬ​ក៏​ការ​បរិភោគ​ យើងឃើញ​ថា​ មិន​សូវ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ទេ​ បើ​ផ្អែក​ទៅ​លើ​ការ​អង្កេត​ក្នុង​ឆ្នាំ​មុនៗ​ដែល​ការ​អង្កេត​ចុង​ក្រោយ​ធំ​មួយ​ក្នុង​ឆ្នាំ​២០០៩។ ក៏​ប៉ុន្តែ​ ប្រសិន​ជា​យើង​គិត​អំពី​ចំណូល​ ឬ​ក៏​ទ្រព្យ​សម្បត្តិ​ដែល​គេ​ឃើញ​ជាក់ស្តែង​ដូចជា​ការ​កាន់កាប់​ផ្ទះ​សម្បែង ការ​មាន​យានយន្ត យាន​ជំនិះ​ប្រើ​បា្រស់​ជាដើម​នោះ​ យើង​ឃើញ​ថា​គម្លាត​ខុស​គ្នា​នៅ​ក្នុង​សង្គម​យើង​កាន់​តែ​កើន​ឡើង។

VOA៖ បាទ! ឃើញ​ថា​អ្វី​ដែល​លោក​បាន​លើក​ឡើង​អម្បាញ់មិញ​នេះ​គឺ​មាន​ដូច​ថា​វិស័យ​ទេសចរណ៍ ឬ​ក៏​កសិកម្ម​ហ្នឹង​ របៀប​ជា​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ ឃើញ​ថា​និន្នាការ​នៃ​ការ​ពឹង​ផ្អែក​ទៅ​ការ​នាំ​ចេញ​តែ​មួយ​មុខ​ហ្នឹង​គឺ​មាន ដូច​ថា​ការ​ប្រែប្រួល​ចរន្ត​ខ្លះ។ ដូច្នេះ តើ​ដើម្បី​ជួយ​ឲ្យ​មាន​ ដូច​ថា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ហ្នឹង​វា​ជា​និរន្ត​ត​ទៅ​មុខ​ទៀត​អញ្ចឹង​ តើ​ប្រទេស​កម្ពុជា​នោះ​គួរ​ធ្វើ​ពិពិធកម្ម​ទៅ​លើ​ផ្នែក​យ៉ាង​ណា​ខ្លះ​ទៀត​ដែរ បាទ?

លោក សុផល៖ បាទ មាន​ការ​ផ្តល់​អនុសាសន៍​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ក៏​ដូច​ជា​ដៃ​គូ​អភិវឌ្ឍន៍ផ្សេងៗ ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​នៅ​ក្នុង​ រាជ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ថា​ប្រទេស​កម្ពុជា​យើង​នៅ​មាន​សក្តានុពល​ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​នៅ​អនុវិស័យ​ផ្សេងៗ​លើស​ពី​៤​វិស័យ​ធំៗ​ដែល​ខ្ញុំ​បាទ​បាន​រៀបរាប់​អម្បាញ់មិញ​ បាទ។ គឺ​ ឧទាហរណ៍​ថា​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​អញ្ចឹង​ យើង​នៅ​មាន​សក្តានុពល​ក្នុង​ការ​បង្កើនការ​កែច្នៃ​ ទំនិញ​ ឬ​ក៏​ផលិតផល​កសិកម្ម ហើយ​អាច​ថា​យើង​មាន​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ ក្រៅ​ពី​កាត់​ដេរ​សម្លៀក​បំពាក់​នេះ​ដែល​កំពុង​តែ​កើត​មាន​ដោយសារ​ការ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​ ដូចជា​ការ​រៀបចំ​បង្កើត​គ្រឿង​អេឡិកត្រូនិកតូចតាច គ្រឿង​យានយន្ត​ផ្សេងៗ​ គ្រឿង​ផ្លាស្ទិកជា​ដើម​ បាទ។ ហើយ​ ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ក៏​មាន​សក្តានុពល​ដែរ​ក្នុង​ការ​បង្កើន​តំបន់​អភិវឌ្ឍន៍ទេសចរណ៍​ក្រៅ​តែ​ពី​ទីក្រុង​សៀមរាប​ហើយ​នឹង​តំបន់​ឆ្នេរ​ខ្លះ​ បាទ​ ប្រទេស​កម្ពុជា​នៅ​មាន​ទីតាំង​ផ្សេងៗ​ទៀត​ដែល​អាច​អភិវឌ្ឍ​បាន​ ហើយ​វិស័យ​កសិកម្ម​ក៏​ឃើញ​ថា​យើង​នៅ​មាន​សក្តានុពល​បង្កើត​ទៅ​ជា​ការ​ចិញ្ចឹម​ត្រី ការ​ដាំ​បន្លែ​ឲ្យ​បាន​ច្រើន​ដើម្បី​ជំនួស​ការ​នាំ​ចូល​ បន្លែ​ពី​ប្រទេស​វៀតណាម​ និង​ពី​ប្រទេស​ថៃ ប៉ុន្តែ​ការ​ពិត​ទៅ​ដំណាក់កាល​ដំបូង​អញ្ចឹង​តែងតែ​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ​ឲ្យ​បាន​គ្រប់​ផ្នែក​ គ្រប់​វិស័យ​ច្រើន​នោះ​ ដោយ​សារ​តែ​យើង​មាន​តម្លៃ​អគ្គិសនី​ខ្ពស់​កន្លង​មក​ ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​ពី​ពីរ​ទៅ​បី​ដង​ ដែល​ជា​ឧបសគ្គ​មួយ​ចម្បង​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ចក្រ ប្រើប្រាស់​ឧស្សាហកម្ម សហគ្រាស​ផ្សេងៗ​ដែល​ត្រូវ​ការ​អគ្គិសនី​ ហើយ​សង្ឃឹម​ថា​ទៅ​អនាគត​រាជរដ្ឋាភិបាល​នឹង​បញ្ចុះ​តម្លៃ​អគ្គិសនី​ដែល​យើង​បាន​មក​ពី​ការ​សាងសង់​វារី​អគ្គិសនី​កន្លង​មក​ ហើយ​ការ​ធ្វើ​ដូច្នេះ​បាន​នឹង​នាំ​មក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ទៅ​ដល់​ការ​ពិពិធកម្ម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ក៏​ដូចជា​វិស័យ​កសិកម្ម​ផង​ដែរ បាទ។​

VOA៖ បាទ! មាន​... ដូច​ថា​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ទាក់ទង​ជាមួយ​នឹង​ការ​ប៉ះពាល់​ទៅ​លើ​ធនធាន​ធម្មជាតិ​ តើ​ការ​អភិវឌ្ឍ​កន្លង​មក​ហ្នឹង​មាន​... ដូច​ថា​ការ​ប៉ះពាល់​យ៉ាង​ម៉េច​ដែរ​ទៅ​ដល់ ទៅ​លើ​ធនធាន​ធម្មជាតិ​ ដូច​យើង​សង្កេត​ឃើញ​មាន​ការ​ផ្តល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម​ហ្នឹង​បាទ។

លោក សុផល៖ បាទ កន្លង​មក​រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​លើស​ពី​មួយ​លាន​ហិកតា​។បើ​តាម​ស្ថិតិ​នៅ​លើ​គេហទំព័រ​ ហើយ​តាម​របាយការណ៍​ផ្សេងៗ​គឺ​អាច​ថា​មាន​លើស​ពី​នោះ​ទៀត​ បូក​ទាំង​សម្បទាន​រុក​រក​ធនធាន​រ៉ែ​ក្រោម​ដី​ គឺ​លើសប្រហែល​ជា​លើស​ពី​ពីរ​លាន​ហិកតា​ ហើយ​សម្បទាន​ទាំង​នោះ​គឺ​ភាគ​ច្រើន​យើង​ធ្វើ​នៅ​តំបន់​ដី​សាធារណៈ​ដែល​ជា​តំបន់​ព្រៃ​ឈើ​ ឬ​ក៏​ព្រៃ​រិច​រិល​ បាទ។ ប្រទេស​កម្ពុជា​យើង​ពី​មុន​ ប្រហែល​៣០​ឆ្នាំ​មុន​ ឬ​ក៏​២០២៥​ឆ្នាំ​មុន​ យើង​មាន​ស្ថិតិ​ដែល​និយាយថាមាន​៧០​ភាគរយ​ជា​គម្រប​ព្រៃ​ឈើ​ ដូច្នោះ​ដី​សាធារណៈ​ដែល​ផ្តល់​ច្រើន​នោះ​ពិបាក​ចៀស​ឲ្យ​ផុត​ពី​ដី​ព្រៃ​ឈើ​ ហើយ​ការ​អភិវឌ្ឍ​ដូច​ជា​ដំណាំ​កៅស៊ូ​ ឬ​ក៏​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទាមទារ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​ដើម្បី​យក​ដី​មក​ដាំ​ដំណាំ។ ហើយ​ការ​ធ្វើ​សម្បទាន​ទាំង​នោះ​ គឺ​ច្រើន​តែ​មាន​រយៈពេល​ពី​៧០ឆ្នាំ​ ជុំ​វិញ​៧០​ឆ្នាំ​ រហូត​ដល់​លើស​នោះ​ទៀត​ក៏​មាន​ដែរ។​ ហើយ​បើ​និយាយ​ពី​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​គឺ​ពិត​ជា​មាន​មែន​ហើយ ព្រោះ​វា​ត្រូវ​តែ​អញ្ចឹង​ បើ​កាល​ណា​យើង​បង្កើន​វិស័យ​ឧស្សាហកម្ម​ កសិកម្ម​ គឺ​ត្រូវ​តែ​ប្រើប្រាស់​ដី​ឲ្យ​បាន​ច្រើន​ដែល​ត្រូវ​តែ​ថយ​ទៅ​ដល់​ព្រៃ​ឈើ។

VOA៖ ៧​ភាគ​រយ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​លោក​បាន​លើក​ឡើង​ពី​ខាង​ដើម​ហ្នឹង​ គឺ​យើង​ឃើញ​មាន​ដូច​ថា​ជំនួយ​បរទេស​ជាមួយ​នឹង​ប្រាក់​កម្ចី​ និង​ជំនួយ​ឥត​សំណង​មួយ​ចំនួន​ហ្នឹង​ គឺ​មាន​រហូត​ទៅ​ដល់​១.៣០០​លាន​ដុល្លារ​ជាង​ក្នុង​មួយ​ឆ្នាំៗ​ បើ​គិត​ពី​ឆ្នាំ​២០១១​មក តើ​កម្រិត​នៃ​ការ​ចាយ​ថវិកា​ដែល​ទទួល​បាន​មក​ ហើយ​នឹង​... ផ្លាស់​ប្តូរ​ទៅ​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ហ្នឹង​ តើ​វា​មាន​តុល្យភាព​គ្នា​ទេ​ ឬ​ក៏​យើង​នឹង​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ​បើ​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​នោះ?

លោក សុផល៖ បើ​តាម​ការ​យល់​ឃើញ​ ឬ​ក៏​ការ​សន្និដ្ឋាន​របស់​ខ្ញុំ​បាទ​ផ្ទាល់​ខ្លួន​ កន្លង​មក​ប្រទេស​កម្ពុជា​យើង​បាន​ប្រើប្រាស់​ទុន​ ពី​ប្រាក់​កម្ចី​បរទេស​ដែល​ដូច​លោក​ជម្រាប​អម្បាញ់មិញ​ ហើយ​ពី​ជំនួស​ឥត​សំណង​ផង​នោះ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺ​កើន​ឡើង​បន្តិច​ម្តងៗ​ ហើយ​នេះ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ជាច្រើន​ដែល​នឹង​ជំរុញ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ចរាចរណ៍​ ការ​ប្រកប​ពាណិជ្ជកម្ម​ អាជីវកម្ម​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាង​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​នេះ​ដែរ​ បាទ។ ហើយ​ បើ​លោក​សួរ​ថា​តើ​វា​មាន​តុល្យភាព​ ឬ​គ្មាន​ទេ​នឹង​អ្វី​ដែល​ភោគផល​ដែល​ទទួល​បាន​មក​ និង​ប្រាក់​កម្ចី​ ឬ​ក៏​ប្រាក់​ជំនួយ​កន្លង​មក​នោះ​ នេះ​ជា​សំណួរ​មួយ​ធំ​ដែល​ខ្ញុំ​បាទ​ពិបាក​ឆ្លើយ​ដែរ​ ប៉ុន្តែ​បើ​តាម​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​គឺ ឃើញ​ថា​វា​បាន​រួម​ចំណែក​ដល់​កំណើន​អញ្ចឹង​មែន​ ហើយ​បើ​សួរ​ថា​តើ​អាច​មាន​ប្រសិទ្ធភាព​ជាង​នេះ​ឬ​ទេ ប្រហែល​ជា​វា​មាន​ ប្រហែល​ជា​អាច​មាន​បាន​ប្រសិន​បើ​រាជរដ្ឋាភិបាល​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​អំពី​គុណភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សាងសង់​ដោយ​ប្រាក់​ជំនួយ​ ឬ​ក៏​ប្រាក់​កម្ចី ហើយ​អំពី​ថ្លៃ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឬ​គម្រោង​ផ្សេងៗ​ទាំង​នោះ​ ប្រសិន​បើ​មាន​ការ​ត្រួត​ពិនិត្យ​ដិត​ដល់​ ប្រហែល​ជា​មាន​ អាច​ថា​យើង​ទាញ​បាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​នេះ​ទៀត។

VOA៖ បាទ សូម​អរគុណ លោក​ ចាន់​ សុផល​ ច្រើន​ដែល​បាន​បទ​សម្ភាសន៍​ខ្លី​ដល់​VOA។​ សូម​ជម្រាប​លា​លោក​ បាទ។

លោក សុផល៖ បាទ សូម​ជម្រាប​លា។

XS
SM
MD
LG