Hello VOA៖ ប្រធានគណបក្សកម្លាំងជាតិថា ការបង្កើតបក្សថ្មីគឺដោយសារបក្សចាស់ដើរដល់ផ្លូវទាល់
ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី បានលើកឡើងថា លោក និងសហស្ថាបនិកដទៃទៀត បង្កើតគណបក្សជំទាស់ថ្មី ដោយសារតែគណបក្សចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន ដើរដល់ចំណុចទាល់មួយលើផ្នែកបច្ចេកទេសនយោបាយ ដែលជាប់គាំង និងមិនអាចបន្តទៅមុខទៀត ពីព្រោះគណបក្សនេះអាចមិនចូលរួមការបោះឆ្នោតបាន។ លោកបានបន្ថែមថា គណបក្សថ្មីរបស់លោកមិនបានបង្កើតមក បំបែកសំឡេងអ្នកប្រជាធិបតេយ្យនោះទេ ហើយលោកថា សមាជិកគណបក្សថ្មីរបស់លោកស្ទើរតែ ១០០ភាគរយ គឺ«សុទ្ធសឹងតែជាអតីតអ្នកតស៊ូនៅក្នុងគណបក្សភ្លើងទៀន»។ លោកបញ្ជាក់ថា អ្នកចុះចូលគណបក្សលោក«មិនមែនក្បត់នឹងគណបក្សភ្លើងទៀនទេ»៕ (អ្នកនាង ខាន់ សុគុំមនោ, Hello VOA, អូស្ត្រាលី, ២០ វិច្ឆិកា ២០២៣)