ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានគណបក្សកម្លាំងជាតិបដិសេធការចោទប្រកាន់ឆបោកប្រាក់ ខណៈប្រឈមពាក្យបណ្តឹង


រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្ស​កម្លាំង​ជាតិ​ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)
រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្ស​កម្លាំង​ជាតិ​ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)

ប្រធាន​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ចន្ធី បាន​បដិសេធ​ថា ​លោក​មិន​បាន​ឆបោក​លុយ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ឡើយ។

ការ​បដិសេធ​នេះ កើត​ឡើង​បន្ទាប់​ពី​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​ ៨ ​នាក់​ បាន​ប្តឹង​លោក ស៊ុន ចន្ធី អតីត​ប្រធាន​ប្រត្តិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់​ធំ ឱ្យ​សង​ប្រាក់​សរុប​ជាង ​១២​ លាន​រៀល​ដល់​ពួក​គេ​វិញ។ ពួកគេ​ចោទ​លោក ស៊ុន ចន្ធី ពី​បទ​«​ឆបោក​»។

អ្នក​ចូលរួម​ប្តឹង​បានទាមទារ​ឱ្យ​តុលាការ​ផ្តន្ទា​ទោស​លោក ស៊ុន ចន្ធី តាម​ច្បាប់ សង​ប្រាក់​ចំនួន​ ១២​លាន ​៨​សែន​រៀល និង​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​ ៥.០០០​ដុល្លារ ​ដល់​ក្រុម​អ្នក​ប្តឹង។ នេះ​បើ​តាម​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ដែល​មនុស្ស​ទាំង ​៨ ​នាក់ ​ផ្តិត​មេដៃ និង​ឃើញ​មាន​ការ​បោះត្រា​ចូល​ របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ​ ២០២៤។

អ្នក​ប្តឹង​ទាំ​ង​ ៨ ​នាក់​នោះ រួមមាន​លោក ស៊ន ស៊ុន​ហេង​ លោក នេត សៅ ​លោក ពត ធារ៉ា ​អ្នកស្រី សៀង ស៊ីណន លោក អៀវ​ វ៉ាន់សៀង លោក អ៊ិត ចាន់លី លោក កែវ យីន និង​លោក ឃឹម ឈន។ ពួកគេ​គឺជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ​ អាណត្តិទី ៥។

ពាក្យ​បណ្តឹង​ដែល​វីអូអេ​ទទួល​បាន ​បញ្ជាក់​ថា៖ «ក្រោយ​ពី​បាន​ប្រមូល​ថវិកា​ពី​សមាជិក​ចំនួន ​១៩ ​នាក់​ដែល​មាន​ថវិកា​ចំនួន​ ២៨.៤០០.០០០​ រៀល ​ហើយឈ្មោះ ស៊ុន ចន្ធី ក៏​បាន​សន្យា​ថា ​បើ​គណ​បក្ស​ភ្លើង​ទៀន​មិន​បាន​ធ្វើ​ការ​ឃោសនា​ទេ នោះ​លោក​នឹង​ប្រគល់​ប្រាក់​ដែល​បាន​បង់​ទាំង​អស់​នោះ ឱ្យ​សមាជិក​ទាំង​ ១៩ ​នាក់​វិញ។ ក្រោយ​មក​ទៀត ស្រាប់​តែ​ឈ្មោះ ស៊ុន ចន្ធី បាន​លាឈប់​ពី​ប្រធាន​ប្រត្តិបត្តិ​គណបក្ស​ភ្លើង​ទៀន ​ហើយ​បាន​យក​ថវិកា​ដែល​បាន​ប្រមូល​ទាំង​អស់​ទៅ​បង្កើត​គណបក្ស​ផ្សេង​មួយ​ទៀត ដោយ​មិន​បាន​ប្រគល់​ថវិកា​ទាំង​អស់​នោះ​មក​វិញ​ទេ»។

ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ ​លោក ស៊ុន ចន្ធី បដិសេធ​ថា ​លោក​មិន​បាន​យក​លុយ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន ក្នុង​ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ ដើម្បី​បង្កើត​គណបក្ស​ថ្មី​ ដែល​លោក​ទើប​តែ​បង្កើត​ឡើង​នេះ ទេ។

លោក ស៊ុន ចន្ធី ដែល​បាន​លាលែង​ពីសមាជិកភាព​ពី​គណបក្ស​ភ្លើងទៀន កាលពីថ្ងៃ​ទី ១៨ ខែមិថុនា ឆ្នាំ ​២០២៣​ បានការពារ​ខ្លួន​ថា​ ការ​ប្រមូល​លុយ​ពី​សមាជិក​សកម្ម​របស់​គណបក្ស​ភ្លើង​ទៀន​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត ​នៅ​ពេល​ដែលលោក​ធ្វើ​ជា​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​កំពង់ធំ ធ្វើ​ឡើង​តាម​គោល​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​តែ​ប៉ុណ្ណោះ​។​

​លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«មិន​មែន​ខ្ញុំ​ជា​អ្នក​ប្រមូល​លុយ​ហ្នឹង​ទេ ​បាទ។ វា​ជា​ការ​អនុវត្ត​គោល​ការណ៍រួម​របស់​គណ​បក្ស​នយោបាយ មិន​ចំពោះ​អ្នក​ជាប់​ឆ្នោត​ អ្នក​មិន​ជាប់​ទេ ឱ្យ​តែ​ជា​សមា​ជិក​សកម្ម​របស់​គណបក្ស ​ត្រូវ​មាន​កាតព្វ​កិច្ច​ បង់​ចូល ដើម្បី​ទ្រទ្រង់​គណបក្ស​ ទៅ​តាម​ការ​កំណត់​របស់​គណបក្ស ដោយ​ឈរ​លើ​គោល​ការណ៍​ឯក​ភាព​គ្នា​ជា​រួម។ អ៊ីចឹង​កាល​ដែល​ខ្ញុំ​ធ្លាប់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ក៏​ខ្ញុំ​អនុវត្ត​ទៅ​តាម​គោល​ការណ៍​ណែនាំ​របស់​គណបក្ស​ថ្នាក់​ជាតិដែរ គឺ​អនុវត្ត​ការ​ចូលរួម​កាតព្វកិច្ចទ្រទ្រង់​គណបក្ស​ ជា​ទូទាំង​ប្រទេស មិន​មែន​តែ​ខេត្ត​កំពង់ធំ​ទេ»។

បើ​តាម​លោក ស៊ុន ចន្ធី លុយ​ដែល​ប្រមូល​បាន​ពី​សមាជិក​សកម្ម​នៅ​ក្នុង​ខេត្ត​កំពង់ធំ គឺ​បាន​ចំណាយ ដើម្បី​ទ្រទ្រង់​សកម្មភាព​គណបក្ស ​និង​ការ​ចំណាយ​ផ្សេងៗ ​ដូចជា​ការ​ទិញ​អាវ មួក ​សម្រាប់​ត្រៀមការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រឆ្នាំ​ ២០២៣ ​ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ឡើយ។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​យើង​បាន​ចំណាយ​រាប់​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​ជា​អកុសល​ថវិកា​ដែល​យើង​បាន​ចំណាយ ទិញ​សម្ភារៈ​ទាំង​អស់​ហ្នឹង យើង​អត់​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ទេ ដោយ​សារ​គណបក្ស​ត្រូវ​បាន​គេ​ផាត់ចេញ​ពីការ​បោះ​ឆ្នោត អ៊ីចឹង​យើង​ខាត​ទាំង​អស់ សម្ភារៈ អាវ​ មួក ដែល​យើង​បាន​ទិញ​រាប់​ម៉ឺន​ដុល្លារ គឺ​ទុក​ចោល»។

លោក ស៊ុន ចន្ធី ចាត់​ទុក​ការ​ប្តឹង​រូប​លោក​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ធ្វើ​ឡើងក្រោម​ហេតុ​ផល​នយោបាយ ជា​ការ​គំរាម​កំហែង និង​បំបាក់​ទឹក​ចិត្ត​ដល់​អង្គ​បោះឆ្នោត​គណបក្ស​ភ្លើង​ទៀន ​កុំ​បោះ​ឆ្នោត​ឱ្យ​រូប​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​។

លោក​បញ្ជាក់​ថា៖ «វា​អត់​មាន​លើកឡើង​ករណី​ហ្នឹង ​ករណី​បទ​ឆបោក ដូច​ការ​លើក​ឡើង ​ដូច​ក្នុង​ពាក្យ​បណ្តឹង​ដែល​គេ​រៀប​ចំហ្នឹង​ទេ។ ដូច្នេះ​សរុប​មក​វិញ​ ករណី​នេះ វា​ជា​ករណី​ហេតុ​ផល​នយោបាយ ការ​គំរាម​កំហែង​នយោបាយ ដោយ​សារ​ខ្ញុំ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​ព្រឹទ្ធសភា តំណាង​ឱ្យ​គណបក្ស​កម្លាំង​ជាតិ ហើយ​ជា​អតីត​អ្នក​ទទួល​ខុស​ត្រូវ អ្នកដឹកនាំ​គណបក្ស​ភ្លើង​ទៀន ​នៅ​ខេត្ត​កំពង់ធំ​ ដូច្នេះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ច្រើន​លើស​លប់ គេ​មាន​សមាន​ចិត្ត​ជាមួយ​គណបក្ស​ ជាមួយ​ខ្ញុំ​ត្រៀម​បោះ​ឆ្នោត​ឱ្យ​ខ្ញុំ»។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​បន្ថែមថា ប្រសិន​បើ​តុលាការ​ពិត​ជា​កោះ​ហៅ​រូប​លោក​ពិត​មែន នោះ​លោក​នឹង​ចូល​បំភ្លឺ។

លោក ស៊ន ស៊ុន​ហេង ប្រធានប្រតិបត្តិ​ស្តីទី​គណបក្ស​ភ្លើង​ទៀន ស្រុក​សន្ទុក ដែល​ចូលរួម​ដាក់​ពាក្យ​បណ្តឹង​នេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា ​ការ​ប្តឹង​នេះ​ ដោយ​សារ​លោក​ធ្លាប់​ទទួល​បាន​ការ​សន្យា​ថា ​បើ​សិន​ជា​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ កាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០២៣ បាន នោះ​គណបក្ស​នឹង​ផ្តល់​ប្រាក់​ឱ្យ​វិញ ដែល​បុគ្គល​ម្នាក់​ចូលរួម​ថវិកា​ចំនួន​ ១លាន​ ៦០ម៉ឺន​ ឬ​ប្រមាណ​ ៤០០ ​ដុល្លារ​អាមេរិក​ដល់​គណបក្ស​ភ្លើង​ទៀន។

លោក​ថ្លែង​ថា៖ ​«ការ​ឆ​បោក វា​បញ្ហាថវិកា​ហ្នឹង​ ពី​ដើម​ គណបក្ស​ភ្លើង​ទៀន គ្រប់​ឃុំ​ទាំង​អស់​ដែល​ជាប់​ឆ្នោត​ក្នុង​អាណត្តិទី​ ៥ ​នេះ​ គឺ​ឱ្យ​បង់​វិភាគ​ទាន​ក្នុង​ម្នាក់ ​១លាន ​៦០ម៉ឺន ដើម្បី​ឃោសនា​បោះ​ឆ្នោត​ថ្នាក់​ជាតិ។ ដល់​ពេល​ឆ្នាំ ២០២៣ គណបក្ស​ភ្លើង​ទៀន​អត់បាន​បោះ​ គេថា​បើ​មិន​បាន​បោះ​ទេ ​លុយ​ហ្នឹង នឹង​បង្វិល​មក​ឱ្យ​វិញ។ ដល់​ហើយ​មិន​បង្វិល​មក​ឱ្យ​វិញ វា​យក​លុយ​ទៅ​ប្រើ​ការ​គណបក្ស​ផ្សេង​ហ្មង»។

ចំណែក​អ្នកស្រី សៀង ស៊ីណន ជំទប់​ទី ២ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ដែល​ចូលរួម​ដាក់​ពាក្យ​បណ្តឹង​នេះ អះអាងថា​លោក ស៊ុន ចន្ធី និង​បក្សពួក​បាន​សន្យា​ជា​ពាក្យ​សម្តី​ថា​នឹង​បង្វិលប្រាក់​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ជាប់​ឆ្នោត​វិញ ប្រសិន​បើ​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​មុន​បាន។

អ្នកស្រី​ថ្លែង​ថា៖ ​«លុយ​ហ្នឹង​ វា​ពាក់ព័ន្ធ​គណបក្ស​ភ្លើង​ទៀន ដែល​សមាជិក​គណបក្ស​ភ្លើង​ទៀន​បំពេញ​កាតព្វ​កិច្ច​បង់​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ធ្វើ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣។ ហើយ​ខាង​ ស៊ុន ចន្ធី ​បាន​សន្យា​ថា ​នៅ​ពេល​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣ ប្រសិន​បើ​មិន​បាន​បោះឆ្នោត​ឆ្នាំ​ ២០២៣ ​ទេ នឹង​បង្វិល​ថវិកា​ហ្នឹង​មក​ឱ្យពួក​យើង​ខ្ញុំ​វិញ។ ដល់​ពេល​ឆ្នាំ​ ២០២៣ ​គណបក្ស​ភ្លើង​ទៀន ពុំ​បាន​ឃោសនា​បោះ​ឆ្នោត​ទេ​ ដល់​ហើយ​ពួក​ខ្ញុំ​ចាំ​មើល​តើ​ ស៊ុន ចន្ធី ​ហ្នឹង​បាន​បង្វិល​ទឹកប្រាក់​ ឱ្យ​ពួក​ខ្ញុំ​តាម​កិច្ច​សន្យា​ឬ​មួយ​យ៉ាង​ម៉េច? ទី​បំផុត​មាន​តែ​ទារ​ថែម»។

លោក លី សុធារ៉ាយុត្តិ ​អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន ប្រាប់​វីអូអេ​ជា​អក្សរតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គណ​បក្ស​ភ្លើង​ទៀនមិន​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​នេះ​ទេ ​ហើយ​រឿង​នេះគឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោតទាំង​នោះ​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ គណបក្ស​ក៏​មិន​មាន​គោល​ការណ៍ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ បង់​ប្រាក់​ចំនួន​ ១​លាន ​៦សែន​រៀល ​ចូល​គណបក្ស​ខេត្ត​ឡើយ។

លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ដែល​រង​ពាក្យ​បណ្តឹង​នេះ អះអាង​ថា​អំឡុង​ពេល​លោក​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន លោក​ក៏​បាន​ចំណាយ​ប្រាក់រាប់​ម៉ឺន​ដុល្លារ​ផង​ដែរ ដូច្នេះ​ការ​ចូលរួម​ថវិកា គឺ​ជា​ការ​អនុវត្ត​កាតព្វកិច្ច និង​ជាការ​ស្ម័គ្រ​ចិត្តតែ​ប៉ុណ្ណោះ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG