ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​ធ្វើបាតុកម្ម​​តាម​សន្តិវិធី​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន


ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ថតរូប​ជុំគ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)
ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ​ថតរូប​ជុំគ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)

គណបក្ស​កម្លាំង​ជាតិ​ និង​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ នឹង​រៀបចំ​ការ​ជួប​ជុំ​សម្តែង​មតិ​ ដោយ​សន្តិ​វិធី​រួម​គ្នា​ ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិចំនួន​២រូប​ រួមមាន​លោក​ អ៊ុំ វីរៈរដ្ឋ និង​លោក​មឺ សេងហ៊ ហៅ​គា វិសាល ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារកាល​ពី​ខែ​មីនា​កន្លង​ទៅ​។

ការរៀបចំ​ការ​ជួប​ជុំ​សម្តែង​មតិ​ ដោយ​សន្តិ​វិធី​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ២២-២៤ ខែ​មេសា ឆ្នាំ​២០២៤ ចាប់​ពី​ម៉ោង​៩.០០ព្រឹក​ដល់​ម៉ោង​ ១១.០០​ព្រឹក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុងខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​គណ​បក្ស​កម្លាំង​ជាតិ​។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការរៀបចំ​ការ​ជួប​ជុំ​សម្តែង​មតិ​ ដោយ​សន្តិ​វិធី​នេះ​ ធ្វើ​ឡើង​ដើម្បី​ ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ ជាក់​ស្តែង​ដូច​ករណី​លោក អ៊ុំ វីរៈរដ្ឋ និង​លោក​ គា វិសាល​។​

លោក ​រ៉ុង ឈុន​ថ្លែង​ថា​៖«យើង​ពិនិត្យ​ឃើញថា​ការ​ឃាត់ខ្លួន​ ការ​ឃុំខ្លួន​គាត់​ទាំង​ពីរ​នាក់​ វាជារឿង​អយុត្តិធម៌ ចំពោះ​គាត់​ ពីព្រោះ​ដូចករណី​ អ៊ុំ វីរៈរដ្ឋ​ ដែល​ជារឿង​ចាស់​តាំង​ពី​ឆ្នាំ​២០១៩ ក៏ត្រូវ​បាន​អតីត​នាយករដ្ឋមន្ត្រី លើកលែង​អស់ហើយ​ អត់មាន​យក កាយ​ មកលើកឡើង​នៅ​ពេល​នេះ​បន្តទៅទៀត​ទេ​។ហើយករណី គា វិសាល យើង អាច​ជជែក​សម្រប​សម្រួល​ វាមិន​មែន​ឈាន​ទៅដល់​នាំយក​ខ្លួន​ទៅដា​ក់ពន្ធនា​គារ​នោះ ទេ​»។

សមាជិក​គណបក្ស​កម្លាំងជាតិ​លោក អ៊ុំ វីរៈរដ្ឋ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន កាលពី​ថ្ងៃទី​៣០​ ខែ មីនា ឆ្នាំ​២០២៤​ ​ពី​បទ​រួមគំនិតក្បត់​ ដែល​ជា​បទ​ចោទ​ពាក់​ព័ន្ធ​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​មេដឹក​នាំ​នយោបាយ​ជំទាស់​លោក​សម រង្ស៊ី​កាល​ពី​ឆ្នាំ​២០១៩។

រីឯ​លោក​ ​ មឺ សេងហ៊ ហៅ​ គា វិសាល អនុ​ប្រធាន​បណ្តោះ​អាសន្ន​នៃ​គណ​បក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់​ចាមត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​ពីបទ​ញុះញង់កាលពី​ពាក់​កណ្តាល​ខែមីនា​ ចំពោះ​ការ​បង្ហោះសារ​លើ​ហ្វេសប៊ុក​ឈ្មោះ​Kea Visal និយាយអំ​ពី​របប​ផ្តាច់​ការ​ឆ្ពោះ​ទៅ​ប្រជាធិបតេយ្យ​។

នៅក្នុង​ការ​រៀបចំ​ការ​សម្តែងមតិ​នៅពេល​ខាង​មុខ​នេះ​ គណបក្ស​កម្លាំង​ជាតិ​បាន​ចេញ​លិខិត​ជូនដំណឹង​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ឃួង ស្រេង ថា​នឹង​មាន​អ្នក​ចូល​រួម​ចំនួន​ប្រមាណ​១៥០​នាក់​។ អ្នកតវ៉ា​នឹង​មានការ​លើកបដា និង​រូបថត​របស់អ្នក​កំពុង​ជាប់​ពន្ធនាគារ​គឺលោក អ៊ុំ វីរៈរដ្ឋ និង​លោក​ ​ មឺ សេងហ៊។​

វីអូអេពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ជា​អក្ស​រ​ថា ​សាលា​រាជធានី​ភ្នំពេញ​ នឹង​អញ្ជើញ​ម្ចាស់​សំណើ​មក​ប្រជុំ​ពិភាក្សា​អំពីការ​ជួបជុំ​នោះ​។

បើ​តាម​លោក​រ៉ុង ឈុន ​ទោះ​បី​ជា​ខាង​អភិបាល​រាជធានី​ភ្នំពេញ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ជូន​ដំណឹង​នេះ​ក៏​ដោយ ក៏​លោក​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់​ដឹក​នាំ​គណបក្ស​កម្លាំង​ជាតិ​រហូត​ទទួល​បាន​ដំណោះ​ស្រាយ​មួយ​សម​ស្រប​ ជាង​ការមិន​ធ្វើ​អ្វី​ទាំង​អស់​។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​បាន​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចូលរួម​ និង​គាំទ្រ​ទាំង​ស្រុង​ ចំពោះ​ការជួប​ជុំ​សម្តែង​មតិ​ដោយ​សន្តិ​វិធី​ របស់​គណបក្ស​កម្លាំង​ជាតិ​ ដោយ​ពួកគេ​ចាត់​ទុក​ថា​ស្រប​តាម​ រដ្ឋធម្មនុញ្ញ​ ច្បាប់​ជាតិ​ និង​អន្តរជាតិ​នានា​។

អ្នក​ស្រី​ព្រុំ ចាន់​ថា ​អាយុ​៤៦​ឆ្នាំ​ តំណាង​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ ប្រាប់​វីអូអេ​ថា ការចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​កន្លង​មកគឺ​ជា រឿង​អយុត្តិធម៌ និងមិន​សម​ហេតុ​ផល​។

អ្នក​ស្រីបន្ថែម​ថា៖«​ខ្ញុំគិត​ថា​បើសិន​មានការ​ប្រមូលផ្តុំ​មួយ ចងក្រង​គ្នា វានឹង​ជាការ​ល្អ​បំផុត​សម្រាប់​អ្នក​ប្រជាធិប​តេយ្យ​ ដោយសារ​យើង​រង​អំពើ​អយុត្តិ​ធម៌រយៈ​ពេល​៤០ឆ្នាំ​ហើយ​ ចង់និយាយ​អ៊ីចឹង​។ឥឡូវ​មានការ​ចាប់ចង​ៗហ្នឹង​ ចាប់ដាក់គុក​ ដាក់​ច្រវ៉ាក់​ដោយ​គ្មាន​កំ​ហុស​សោះ​»។

តំណាងក្រុម​ស្ត្រីថ្ងៃ​សុក្រនេះជឿ​ថា​ បើ​មិន​មាន​ការ​ធ្វើ​បាតុកម្មទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​នយោបាយ​ដែល​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ទាំងអស់​នោះ​ទេ គឺ​នៅ​ថ្ងៃ​ខាង​មុខ​ច្បាស់​ជា​មាន​ការចាប់​ខ្លួន​អ្នកនយោបាយ​ជំទាស់​ដោយ​អយុត្តិធម៌​ជា​បន្ត​ទៀត​ជាក់​ជា​មិន​ខាន​ឡើយ​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG