ពួកមន្ត្រីប៉ាគីស្ថានបានច្រានចោលភ្លាមៗថា «មិនមានអ្វីថ្មីទេ» ចំពោះការចោទប្រកាន់ដែលបានធ្វើឡើងដោយឧត្តមសេនីយ៍ John Nicholson ដែលដឹកនាំកង ទ័ពសហរដ្ឋអាមេរិកនិងបេសកកម្មគាំទ្រអាហ្វហ្គានីស្ថានរបស់អង្គការអូតង់។ថ្លែងក្នុងវីដេអូតាមទូរស័ព្ទកាលពីថ្ងៃអង្គារមកពីមូលដ្ឋានកងទ័ពក្នុងរដ្ឋធានីកាប៊ុល លោកឧត្តមសេនីយ៍បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្រសួងការពារប្រទេសសហរដ្ឋអាមេរិកថា ខណៈដែលមេដឹកនាំខាងយុទ្ធសាស្ត្ររបស់ក្រុមតាលីបង់បានស្ថិតនៅក្នុងសមរភូមិក្នុងប្រទេសអាហ្វហ្គានីស្ថាន មេដឹកនាំជាន់ខ្ពស់របស់ពួកបះបោរកំពុងស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាននៅឡើយ។ គេជឿជាក់ថា មេដឹកនាំទាំងនោះបានស្ថិតនៅក្នុងទីក្រុង Quetta និង Peshawar។
លោកឧត្តមសេនីយ៍ Nicholson បានមានប្រសាសន៍ថា «ប៉ាគីស្ថានមានវិធានការជាក់លាក់មួយចំនួនដែលពួកគេនឹងអនុវត្ត។ យើងមិនទាន់បានឃើញវិធានការទាំងនោះអនុវត្តនៅឡើយទេ យើងមិនបានឃើញមានការអនុវត្តការផ្លាស់ប្តូរទាំងនោះនៅឡើយទេ»។ លោកឧត្តមសេនីយ៍បាននិយាយសំដៅដល់ការចរចារបស់មន្ត្រីសហរដ្ឋអាមេរិកដែលបានធ្វើឡើងជាមួយសមភាគីប៉ាគីស្ថានចាប់តាំងពីប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសយុទ្ធសាស្ត្ររបស់លោកសម្រាប់ប្រទេសអាហ្វហ្គានីស្ថាននិងតំបន់អាស៊ីខាងត្បូង។
លោកប្រធានាធិបតីត្រាំបានថ្កោលទោសប្រទេសប៉ាគីស្ថានចំពោះអ្វីដែលលោកបាននិយាយថា ការគាំទ្ររបស់ប៉ាគីស្ថានដល់ក្រុមភេរវកម្មហើយបានជំរុញប៉ាគីស្ថានឲ្យបង្កើនកិច្ចសហប្រតិបត្តិការដល់ការខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថានមានស្ថិរភាព។
អ្នកនាំពាក្យអភិបាលខេត្តក្នុងក្រុង Quetta ដែលជារដ្ឋធានីខេត្ត Baluchistan ភាគនិរតី បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោកឧត្តមសេនីយ៍សហរដ្ឋអាមេរិកដែលបានពោលអះអាងថា ការចោទប្រកាន់ទាំងនេះផ្អែកលើ «ការនិយាយស្មានៗ» ហើយមិនបានជួយក្នុងការធ្វើឲ្យសម្រេចនូវសន្តិភាពនៅក្នុងតំបន់ទេ។
លោក Anwar-ul Haq Kakar បានប្រាប់ VOA ថា «ការស៊ើបការណ៍សម្ងាត់ដែលអាចធ្វើទៅបានណាមួយ ប្រសិនបើត្រូវបានចែករំលែកជាមួយពួកអាជ្ញាធរខាងភាគីប៉ាគីស្ថាន កងកម្លាំងសន្តិសុខរបស់យើងនឹងចាត់វិធានការណ៍ភ្លាមៗ ដោយសារការចាត់វិធានការណ៍នេះមានប្រយោជន៍ដ៏សំខាន់សម្រាប់យើងដើម្បីប្រយុទ្ធប្រឆាំងការគំរាមកំហែងរបស់ភេរវកម្ម»។
លោកឧត្តមសេនីយ៍ Nicholson បានឆ្លើយតបកាលពីថ្ងៃអង្គារនៅពេលដែលគេសួរថាតើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អន្តរសេវាកម្មប៉ាគីស្ថាន (ISI) បានបញ្ចប់ការគាំទ្ររបស់ខ្លួនដល់បណ្តាញភេរវកម្មហាក់កានីដែរឬទេ។
លោកឧត្តមសេនីយ៍បានមានប្រសាសន៍ថា «ប្រធាននាយអគ្គសេនាធិការចម្រុះនិងលោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកបានត្រូវសួរសំណួរទាំងនោះនៅវិមានរដ្ឋសភា Capitol Hillកាលពីពេលថ្មីៗនេះ។ ខ្ញុំគិតថា ពួកអស់លោកបានបញ្ជាក់ថា ទំនាក់ទំនងទាំងនោះនៅតែមាន។ ដូច្នេះ ខ្ញុំយល់ស្របការវាយតម្លៃរបស់អស់លោកទាំងនោះ»។
ពួកអ្នកវិភាគនិយាយថា ការពោលអះអាងទាំងនោះបង្ហាញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនពេញចិត្តការអះអាងរបស់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដពីការរំលាយរចនាសម្ព័ន្ធភេរវកម្មដែលជាប់ទាក់ទិនទៅនឹងសង្គ្រាមអាហ្វហ្គានីស្ថាននៅលើទឹកដីប៉ាគីស្ថានហើយនិងសកម្មភាពរបស់បណ្តាញហាក់កានីត្រូវគេរំពឹងនឹងគ្របដណ្តប់នៅក្នុងការពិភាក្សារបស់លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិក Mattis ជាមួយពួកមេដឹកនាំប៉ាគីស្ថាន។
ពួកមន្ត្រីសហរដ្ឋអាមេរិកមិនទាន់បានប្រកាសនៅឡើយពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោកទេ ក៏ប៉ុន្តែ លោក Khawaja Asif រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបាននិយាយកាលពីសប្តាហ៍មុនថា លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិក Mattis នឹងទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដនៅថ្ងៃទី៣ ខែធ្នូ។
សហរដ្ឋអាមេរិកបានចាត់ទុកបណ្តាញហាក់កានីដែលមានទីតាំងនៅក្នុងប្រទេសប៉ាគីស្ថានជាអង្គការភេរវកម្មនៅឆ្នាំ២០១២ បន្ទាប់ពីឧត្តមនាវីឯក Mike Mullen ដែលកាលនោះជាមន្ត្រីយោធាកំពូលសហរដ្ឋអាមេរិក បានប្រាប់សភាសហរដ្ឋអាមេរិកថា បណ្តាញភេរវកម្មហាក់កានីជាក្រុមប្រដាប់អាវុធពិតប្រាកដដែលជាផ្នែកមួយរបស់ក្រុមភេរវកម្មរដ្ឋឥស្លាម ISIS។
ពួកមន្ត្រីយោធា និងស៊ីវិលប៉ាគីស្ថានបានអះអាងថា ប៉ាគីស្ថានមិនមានចំណងទាក់ទងជាមួយក្រុមបះបោរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានទេ។ ពួកគេនិយាយថា «ទាំងក្រុមហាក់កានី ឬក្រុមតាលីបង់មិនត្រូវការទីជម្រកនៅលើទឹកដីប៉ាគីស្ថានទេនៅពេលដែលទឹកដីអាហ្វហ្គានីស្ថានជាង៤០ភាគរយមិនបានគ្រប់គ្រងបន្ទាប់ពីជនសកម្មប្រយុទ្ធរុលទៅមុខក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកឧត្តមសេនីយ៍ Nicholson បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រួតត្រាពលរដ្ឋប្រហែល៦៤ភាគរយ ក្រុមតាលីបង់ត្រួតត្រាពលរដ្ឋប្រហែល១២ភាគរយហើយពលរដ្ឋ២៤ភាគរយទៀតរស់នៅក្នុងតំបន់ប្រទាញប្រទង់គ្នា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន