រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានប្រគល់បញ្ជីឈ្មោះជនសមកម្មប្រយុទ្ធអាហ្វហ្គានីស្ថានចំនួន ៧៥ នាក់ ទៅឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ស្របពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធលើប៉ាគីស្ថានឲ្យចាត់វិធានការប្រឆាំងនឹងក្រុមភេរវជនដែលធ្វើប្រតិបត្តិការចេញពីប្រទេសនេះ។
លោក Khawaja Asif រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានប្រាប់សមាជិកសភានានាកាលពីថ្ងៃពុធកន្លងទៅនេះ ដោយយោងទៅលើបញ្ជីដែលរដ្ឋាភិបាលរបស់លោកទទួលបានពីរដ្ឋាភិបាលអាមេរិក ថា៖ «បណ្ដាញក្រុម Haqqani គឺស្ថិតនៅលំដាប់កំពូលគេនៅក្នុងបញ្ជីនេះ ប៉ុន្តែមិនមានជនសកម្មប្រយុទ្ធណាមួយជាជនជាតិប៉ាគីស្ថាននោះទេ»។
បញ្ជីនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាច្រើនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងការវិវត្តទៅរកការអនុវត្តយុទ្ធសាស្ត្រថ្មីរបស់ខ្លួនសម្រាប់តំបន់អាស៊ីខាងត្បូង ដែលបានប្រកាសដោយលោកប្រធានាធិបតី Donald Trump កាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងការប្រកាសនោះ បណ្ដាប្រទេសនានានៅក្នុងតំបន់ត្រូវបានក្រើនរំឭកឲ្យធ្វើយ៉ាងណាកុំឲ្យពួកសកម្មប្រយុទ្ធនានាអាចលាក់ខ្លួននៅក្នុងប្រទេសរបស់ខ្លួនបាន ដែលកន្លងមក ពួកភេរវជនបានធ្វើដូច្នេះដើម្បីបង្អាក់ដល់សន្តិសុខក្នុងតំបន់។
បញ្ជីឈ្មោះពួកសកម្មប្រយុទ្ធនេះត្រូវបានគេរាយការណ៍មកថា ត្រូវបានប្រគល់ជូនមេដឹកនាំស៊ីវិល និងមេដឹកនាំយោធាប៉ាគីស្ថានដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីខាងត្បូង លោក Tillerson បានធ្វើទស្សនកិច្ចនៅក្នុងទីក្រុងឥស្លាម៉ាបាត ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារកន្លងទៅនេះ ដើម្បីជំរុញរដ្ឋាភិបាលប៉ាគីស្ថានកុំឲ្យផ្ដល់កន្លែងលាក់ខ្លួនដល់ក្រុមសកម្មប្រយុទ្ធនានា៕