ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុមប្រឆាំង​ហៃទី មិន​គាំទ្រ​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវបាន​តែងតាំង


នាយក​រដ្ឋមន្រ្តី​បណ្តោះ​អាសន្ន​របស់​ប្រទេស​ហៃទី​លោក Claude Joseph បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​​រដ្ឋធានីព័រអូប្រាំង កាលពី​ថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺ​ជាង​១​សប្តាហ៍ ក្រោយពី​ប្រធានាធិបតី​ហៃទី​លោក Jovenel Moïse ត្រូវបាន​​គេ​ធ្វើ​ឃាត ​នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

សមាជិក​ខ្លះ​នៃ​ក្រុម​ប្រឆាំង​នៅ​ប្រទេស​ហៃទី​និយាយ​ថា ពួកគេ​នឹង​មិន​គាំទ្រ​លោក ​Ariel Henry ​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​បាន​តែងតាំង​ ដោយ​លោក​ប្រធានាធិបតី ​Jovenel Moise​ មួយ​ថ្ងៃ​មុន​ពេល​លោក ត្រូវ​បាន​គេ​ធ្វើឃាត​នោះ​ទេ។​ នាយក​រដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​លោក​ Claude Joseph ​បាន​ដឹកនាំ​ប្រទេស​នេះ​ ចាប់​តាំងពី​លោក​ប្រធានាធិបតី​ត្រូវបាន​គេ​សម្លាប់​នៅ​ក្នុង​គេហដ្ឋាន​ឯកជន​របស់​លោក ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី៧ ​ខែ​កក្កដា កន្លង​ទៅ​នេះ។​

កាលពី​ថ្ងៃ​សៅរ៍​ក្រុម ​CORE​ ដែល​មាន​ឥទ្ធិពល ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវនាវ​ឱ្យ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​ការ​ព្រម​ព្រៀង​គ្នា។​ ក្រុម ​CORE ​នេះ​រួម​មាន​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ កាណាដា ​បារាំង​ អាល្លឺម៉ង់​ អេស្ប៉ាញ​ សហភាព​អឺរ៉ុប​ ប្រេស៊ីល​ និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ ហើយ​នឹង​អង្គការ​នៃ​សហ​រដ្ឋ​អាមេរិក។​

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា ​«មកដល់​ពេល​នេះ​ ​យើង​លើក​ទឹកចិត្ត​ឱ្យ​លោក​ Ariel Henry ​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​បាន​តែងតាំង​បន្ត​បេសក​កម្ម​របស់​លោក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ប្រភេទ​នេះ»។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បន្ថែម​ថា​ «ទោះបី​ជា​ប្រទេស​ហៃទី​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ​ សមាជិក​នៃ​ក្រុម​នេះ​ សម្តែង​ក្តី​សង្ឃឹម​ថា​ តួអង្គ​នយោបាយ​ សេដ្ឋកិច្ច ​និង​សង្គម​ស៊ីវិល​រួមគ្នា​របស់​ប្រទេស​ នឹង​គាំទ្រ​មន្ត្រី​របស់​ពួកគេ​នៅពេល​ពួកគេ​បង្កើត​សន្តិសុខ​ឡើង​វិញ»។​

លោក ​Henry​ អាយុ​៧១​ ឆ្នាំ​ជា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​សរសៃ​ប្រសាទ ​បាន​ថ្លែង​ទៅកាន់​ប្រទេស​នេះ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​កំណត់​ខ្លួន​ឯង​ថា​ ជា​នាយក​រដ្ឋមន្រ្តី​ ហើយ​សន្យា​ថា​ នឹង​ប្រកាស​គណៈ​រដ្ឋមន្រ្តី​របស់​លោក​ក្នុង​ពេល​ឆាប់ៗ​នេះ។​

លោក ​Henry​ បាន​និយាយ​ថា ​«ក្នុង​បទបញ្ជា​សង្ខេប ​ខ្ញុំ​នឹង​ប្រកាស​សមាជិក​នៃ​រដ្ឋាភិបាល​ស្រុះស្រួល​គ្នា​ដែល​នឹង​កាន់មុខ​តំណែង​របស់​ពួកគេ​ក្នុង​រយៈ​ពេល​ខ្លី​រហូត​ដល់​យើង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ខាងមុខ​របស់​យើង។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ខ្ញុំបាន​ជួប​ជាមួយ​មេ​ដឹកនាំ​មកពី​គ្រប់​ផ្នែក​នៃ​សង្គម​ស៊ីវិល​ក៏ដូច​ជាអ្នក​នយោបាយ​ និង​សមាជិក​នៃ​វិស័យ​ឯកជន។​ ខ្ញុំមាន​បំណង​បន្ត​ការ​ពិភាក្សា​ទាំង​នេះ​ ពីព្រោះ​វាជា​មធ្យោបាយ​តែមួយ​គត់​ដើម្បី​បង្រួប​បង្រួម​ជា​ក្រុម​គ្រួសារ​ហៃទី»។​

ឆ្លើយ​នឹង​សំណួរ​របស់​វីអូអេ​ភាសា​ក្រេអូល​ក្នុង​អំឡុង​សន្និសីទ​កាសែត​នៅ​រដ្ឋធានីព័រអូប្រាំង ​កាលពី​ថ្ងៃ​សុក្រ​ លោក​ Joseph ​បាន​បដិសេធ​ថា លោក​មិន​ចង់​កាន់​អំណាច​ទេ។​

លោក​ Joseph ប្រាប់​វីអូអេ​ថា​ «ខ្ញុំមិន​មាន​មហិច្ឆតា​ផ្ទាល់​ខ្លួន​ទេ។ ​ខ្ញុំមិន​មែន​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​ណា​មួយ​ទេ។​ លោក​ Jovenel Moise ​បាន​តែងតាំង​ខ្ញុំ​ឱ្យ​ទទួល​បន្ទុក​កិច្ចការ។ ​លោក ​Jovenel Moise​ បាន​តែងតាំង​ខ្ញុំ​ជា​រដ្ឋមន្រ្តី​ការ​បរទេស ​ហើយខ្ញុំ​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ ក្រោម​លោក ​Jovenel Moise។ ​ខ្ញុំ​មិន​មាន​ចំណង​ទាក់ទង​ជា​មួយ​គណបក្ស​នយោបាយ​ណា​ទេ»។

គេ​មិន​ច្បាស់ទេ​ថា​ ពេល​ណា​លោក​ Joseph​ លាឈប់។

អតីត​សមាជិក​ព្រឹទ្ធ​សភា​លោក​ Serge Jean Louis ​នៃ​គណបក្ស​ Fron Nasyonal Demokrasi ​(FND) ​បាន​ច្រានចោល​ទាំងស្រុង​នូវ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម CORE​ កាលពី​ថ្ងៃ​ចន្ទ។ ​លោក​បាន​ប្រាប់ ​VOA​ ថា​ «ខ្ញុំ​សឹង​តែ​ប្រាកដថា​ គ្មាន​នរណា​ម្នាក់​នៅក្នុង​ក្រុម​ប្រឆាំង​គាំទ្រ​រឿង​នេះ​ទេ​ ពីព្រោះ​វាជា​ផ្លូវ​ទាល់ច្រក។ ​នេះ​គ្រាន់តែ​ជា​រដ្ឋាភិបាល​របស់​គណបក្សលោក​ Moise​ មួយទៀត​ដែល​មាន​ទិស​ដៅ​ដូច​គ្នា»៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG